ក្រុមអ្នកជំនាញឯករាជ្យ UN អំពាវនាវឲ្យបណ្តាប្រទេស និងបណ្តាញសង្គមនានា ទប់ស្កាត់ការប្រើភាសារើសអើង និងអុជអាលនាំឲ្យស្អប់ខ្ពើមគ្នា។
ក្រុមជំនាញ UN ក៏បានឱ្យដឹងដែរថា ពួកគេទទួលបានរបាយការណ៍ជាច្រើន ពាក់ព័ន្ធនឹងការកើនឡើងនៃការរើសអើងពូជសាសន៍ ឬភាសារើសអើង ការញុះញង់ អំពើហិង្សា និងភាសាបង្កជម្លោះ ហើយដែលនេះគឺជាពេលដែលយើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់។ ការប្រើប្រាស់ភាសាទាំងនេះត្រូវបានគេមើលឃើញថា បានកើតមានឡើងកាន់តែច្រើន នៅតាមបណ្តាញសង្គមធំៗរបស់ពិភពលោកដូចជា Facebook, Twitter និង YouTube ជាដើម ដែលសុទ្ធសឹងតែជាវេទិកាអាចឲ្យមានការបញ្ចេញមតិដោយសេរី និងជាលក្ខណៈកំបាំងមុខក៏មាន។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ UN ការចាត់ទុក ឬការពិពណ៌នាលើមនុស្សមួយក្រុម ឬជាតិសាសន៍មួយជាក្រុមបង្កគ្រោះថ្នាក់ គឺជារឿងមួយដែលអាចនឹងបង្កឱ្យសោកនាដកម្មកើនឡើង រីឯក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមនានា គួរតែធានាឱ្យបានច្បាស់លាស់ថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ភាសា ឬសកម្មភាពរើសអើងពូជសាសន៍ ព្រមទាំងការអុជអាល ឬញុះញង់បង្កអំពើហិង្សា កើតឡើងលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនជាដាច់ខាត៕
(ប្រភពព័ត៌មាន:
freshnews)