ចិន​និង​ជប៉ុន ឯកភាពគ្នាបន្ត​ជជែក​លើជម្លោះដែនសមុទ្រ

10:44 2020/11/25

​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង​ទីប្រឹក្សា​រដ្ឋ​ចិន បានធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន និង​បាន​ជួប​ជជែក​ជាមួយ​សម​ភាគី​ជប៉ុន លោក Toshimitsu Motegi នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​។ ក្នុងជំនួប​ទ្វេភាគី​នេះ ភាគី​ទាំងពីរ បាន​ជជែក​លើ​បញ្ហា​ការបើក​ការធ្វើដំណើរ​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ និង​បញ្ហា​សមុទ្រ​ចិន​ខាងកើត​ជាដើម​។

ចិន​និង​ជប៉ុន ឯកភាពគ្នាបន្ត​ជជែក​លើជម្លោះដែនសមុទ្រ
ប្រមុខការទូតចិន លោក វ៉ាង យី (ខាងឆ្វេង) ជាមួយសមភាគីជប៉ុន លោក Toshimitsu Motegi នៅទីក្រុងតូក្យូ ជប៉ុន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព Xinhua

ចិន និង​ជប៉ុន នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា បាន​ឯកភាពគ្នា​បើក​ការធ្វើដំណើរ​របស់​អ្នកជំនួញ​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារតែ​កូ​វីដ​-១៩ ឡើងវិញ​។ មិនតែប៉ុណ្ណោះ ប្រទេសជិតខាង​ទាំងពីរ ក៏បាន​យល់ព្រម​បន្ត​ជជែក​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងកើត​ផងដែរ​។

​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង​ទីប្រឹក្សា​រដ្ឋ​ចិន បានធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន និង​បាន​ជួប​ជជែក​ជាមួយ​សម​ភាគី​ជប៉ុន លោក Toshimitsu Motegi  នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​។ ក្នុងជំនួប​ទ្វេភាគី​នេះ ភាគី​ទាំងពីរ បាន​ជជែក​លើ​បញ្ហា​ការបើក​ការធ្វើដំណើរ​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ និង​បញ្ហា​សមុទ្រ​ចិន​ខាងកើត​ជាដើម​។ 
 
​ទាក់ទិន​នឹង​ការបើក​ការធ្វើដំណើរ​ឡើងវិញ​នេះ រដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​មិន​ឲ្យ​មានការ​ដាក់​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ លើ​អ្នកជំនួញ ឬ​បុគ្គលិក​ក្រុមហ៊ុន​ដែលមាន​មុខ​ជំនួញ​នៅក្នុង​ប្រទេស​ទាំងពីរ​ឡើយ​។ «​ខ្ញុំ​សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ នឹង​ជួយ​ស្តារ​សេដ្ឋកិច្ច​ចិន និង​ជប៉ុន​ឡើយ​វិញ និង​ពង្រឹង​ការយោគយល់​គ្នា​ទៅវិញទៅមក​»​។ ប្រមុខ​ការទូត​ជប៉ុន លោក Motegi បានលើកឡើង​បែបនេះ បន្ទាប់ពី​ជំនួប​ជាមួយ​លោក វ៉ាង ។ 
 
​ការបើក​ការធ្វើដំណើរ​របស់​ធុរជន​នៅក្នុង​ខែវិច្ឆិកា​នេះ នឹង​ជួយសង្គ្រោះ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ ដែល​កំពុងតែ​រងគ្រោះ​ដោយសារតែ​កូ​វីដ​-១៩ ។ ចំណាត់ការ​បែបនេះ បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មួយចំនួន ដែល​រកស៊ី​នៅក្នុង​ប្រទេស​ចិន សាទរ​យ៉ាងខ្លាំង ព្រោះ​វា​ជួយ​កាត់បន្ថយ​ការរាំងស្ទះ​នៃ​ការធ្វើដំណើរ​របស់​បុគ្គ​លិ​ក​ក្រុមហ៊ុន​។​
 
​ក្រៅពី​បញ្ហា​មុខ​ជំនួញ​ទ្វេភាគី រដ្ឋមន្ត្រីការបរទេស​ចិន និង​ជប៉ុន ក៏បាន​ជជែក​គ្នា​ពី​បញ្ហា​សមុទ្រ​ចិន​ខាងកើត​ផងដែរ​ជុំវិញ​ប្រជុំ​កោះ Senkaku ក្នុង​ភាសា​ជប៉ុន ឬ​Diaoyu ជា​ភាសា​ចិន​។ ក្នុង​ប្រធានបទ​នេះ ភាគី​ទាំងពីរ សុទ្ធតែ​អះអាងថា ប្រជុំ​កោះ​ខាងលើ គឺជា​កម្មសិទ្ធិ​របស់ខ្លួន ប៉ុន្តែ​ក្រុង​ប៉េកាំង និង​ក្រុង​តូ​ក្យូ ក៏បាន​ថយ​មួយ​ជំហាន​ដែរ តាមរយៈ​ការបន្ត​ជជែក​ពិភាក្សាគ្នា​ដោយ​សន្តិវិធី​។ 
 
​បើតាម​ការលើកឡើងរ​ប​ស់លោក Motegi ជប៉ុន ទទូច​ឲ្យ​ភាគី​ចិន បង្ហាញ​កាយវិការ​ជា​វិជ្ជមាន ខណៈ កន្លងមក នាវា​ល្បាត​ចិន តែងតែ​ចូលមកក្នុង​តំបន់​ដែនទឹក​ដែល​ជប៉ុន​អះអាងថា ជា​កម្មសិទ្ធិ​របស់ខ្លួន​។ ចំណែក​លោក វ៉ាង អះអាងថា ចិន​នឹង​បន្ត​ការពារ​ទឹកដី និង​អធិបតេយ្យ​របស់ខ្លួន ប៉ុន្តែ​ចិន ក៏​បន្ត​ជជែក​ជាមួយ​ជប៉ុន​ដោយ​សន្តិវិធី​ផងដែរ​។ 
​បើតាម​ប្រមុខ​ការទូត​ចិន ការខិតខំ​រួមគ្នា​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​តូ​ក្យូ នឹងធ្វើ​ឲ្យ​តំបន់​សមុទ្រ​ចិន​ខាងកើត ក្លាយជា​សមុទ្រ​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ទន្ទឹមនេះ ប្រមុខ​ការទូត​ជប៉ុន ក៏បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​មួយចំនួន​ជុំវិញ​ការវិវឌ្ឍ​នៃ​សកម្មភាព​នយោបាយ​នៅក្នុង​ទីក្រុង​ហុងកុង​ផងដែរ​។ 
 
​ទស្សនកិច្ច​របស់លោក វ៉ាង ជាការ​ផ្លាស់ប្ដូរ​កម្រិត​ខ្ពស់​ដំបូង​បំផុត​រវាង​ចិន និង​ជប៉ុន ក្រោយ​លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ចូលកាន់​តំណែង​មក​។ ប្រធានបទ​សំខាន់​មួយទៀត​របស់លោក វ៉ាង គឺ​ការរៀបចំ​ជំនួប​កំពូល​មេដឹកនាំ​ចិន ជប៉ុន កូរ៉េខាងត្បូង នៅពេល​ខាងមុខ​៕
តាម thmeythmey
;

同类别新闻