មូលនីធិ ជែក ម៉ា និងមូលនីធិ អាលីបាបា មកដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ ១៩

15:23 2020/03/29

កញ្ចប់ធ្វើតេស្តដែលជាអំណោយប្រគល់ជូនដោយមូលនីធិ ជែកម៉ា (Jack Ma) និងមូលនីធិ អាលីបាបា (Alibaba Foundation) បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃនេះ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតកូវីដ ១៩។

មូលនីធិ ជែក ម៉ា និងមូលនីធិ អាលីបាបា មកដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ ១៩

មហាសេដ្ឋីចិន លោក ជែកម៉ា (Jack Ma) 

ពិធីប្រគល់ និងទទួលធ្វើឡើងនៅឯទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះដោយ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានិងឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មានប្រសាសន៍ថា “យើងកំពុងចាត់គ្រប់វិធានការដែលចាំបាច់ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវិដ ១៩ និងបង្ការមិនឲ្យឆ្លងបន្តទៀត។ សម្ភារវេជ្ជសាស្រ្តដែលទើបតែមកដល់នេះ គឺជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីទប់ស្កាត់ និងបង្ការមេរោគនេះបានយ៉ាងទាន់ពេលវេលា ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនីធិ ជែក ម៉ា និងមូលនីធិ អាលីបាបាបា ចំពោះការជួយឧបត្ថម្ភនេះ។”

តំណាងមូលនីធិ ជែក ម៉ា បានថ្លែងថា “កិច្ចសហប្រតិបត្តិការគឺជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ     កូវីដ ១៩ នេះ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា អំណោយនេះនឹងជួយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារសហគមន៍របស់ខ្លួន។ ជាមួយនឹងកិច្ចគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យយើងមានលទ្ធភាពនាំចូល និងដឹកជញ្ជូនឧបករណ៍ធ្វើតេស្តដែលគេកំពុងតែត្រូវការទាំងនេះបានយ៉ាងឆាប់រហ័ស។”

អំណោយប្រគល់ជូនប្រទេសកម្ពុជាលើកនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តពីសំណាក់មូលនីធិទាំងនេះក្នុងការផ្តល់ជូននូវសម្ភារវេជ្ជសាស្រ្តទៅដល់ប្រទេសនៅអាស៊ីចំនួន ១០ប្រទេស ដែលទើបបានប្រកាសនៅថ្ងៃទី ២១ ខែមីនា ថ្មីៗនេះ។ ប្រទេសទាំង ១០នោះរួមមាន កម្ពុជា អាហ្គានីស្ថាន បង់ក្លាដេស ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្ការ។ ជារួមប្រទេសទាំង ១០នេះនឹងទទួលម៉ាសសរុបចំនួន ១,៨ លានបន្ទះ, កញ្ចប់ធ្វើតេស្តចំនួន ២១០ ០០០ កញ្ចប់, និងសំលៀកបំពាក់ការពារខ្លួនចំនួន ៣៦ ០០០ សម្រាប់ ក៏ដូចជាឧបករណ៍វេជ្ជសាស្រ្តសំខាន់ៗដ៏ទៃទៀតដូចជា កង្ហារខ្យល់ និងទែរម៉ូម៉ែត្រវាស់កម្តៅថ្ងាស់។
អំណោយទាំងនេះគឺជាកិច្ចផ្តួចផ្តើមផ្តល់ជំនួយពីមូលនីធិ ជែក ម៉ា និងមូលនីធិ អាលីបាបា ដើម្បីគាំទ្រដល់តំបន់នានានៅលើពិភពលោកដែលរងគ្រោះខ្លាំងបំផុតពីវិបត្តិកូវីដ ១៩។ អំណោយទាំងនេះរួមមានការយក និងប្រគល់សម្ភារវេជ្ជសាស្ត្រផ្សេងៗឲ្យទៅប្រទេស និងតំបន់នានានៅអាស៊ី, អាមេរិកខាងជើង, អាមេរិកឡាទីន, អ៊ឺរ៉ុប, និងអាហ្រ្វិក។

មហាសេដ្ឋីចិន លោក ជែកម៉ា (Jack Ma) 

គួរជម្រាបថា លោក ជែក ម៉ា បានសន្យាផ្តល់ជំនួយថ្មីបំផុតតាមរយៈគណនីបណ្តាញសង្គមទ្វីទ័រ (Twitter) របស់លោក។ “ការផ្តល់ជូនឲ្យបានលឿន គឺមិនមែនជាការងារងាយស្រួលទេ ប៉ុន្តែយើងនឹងអាចធ្វើបាន!” ការដឹកជញ្ជូនជំនួយនេះនឹងប្រើប្រាស់សមត្ថភាពដ៏ខ្លាំងក្លានៃវេទិកាពាណិជ្ជកម្មពិភពលោកអេឡិចត្រូនិក (eWTP) ដើម្បីជំនះនូវបញ្ហាប្រឈមផ្នែកភស្តុភា និងគមនាគមន៍នៅតាមបណ្តាប្រទេសដែលទទួលក៏ដូចជាភាពដាច់ស្រយាលភូមិសាស្រ្តនៃប្រទេសទាំងនោះ។

លោក ជុនតាវ សុង ដែលជាអគ្គលេខាធិការនៃ eWTP មានប្រសាសន៍ថា “ជំងឺរាតត្បាតនេះបានធ្វើឲ្យការដឹកជញ្ជូនរបស់ពិភពលោកមានភាពកកស្ទះ។ ដោយមានជំនួយពី eWTP នេះ យើងកំពុងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីពន្លឿនការដឹកជញ្ជូន និងផ្តល់នូវការផ្គត់ផ្គង់បន្ថែមទៀតដល់សហគមន៍ដាច់ស្រយាលដែលពួកគាត់មានសេចក្តីត្រូវបរិក្ខារពេទ្យខ្លាំងបំផុត។”

នាដើមសប្តាហ៍នេះ មូលនីធិទាំងពីរបានប្រកាសផ្តល់សម្ភារបរិក្ខារពេទ្យដល់ប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន ដែលនឹងត្រូវប្រើប្រាស់សមត្ថភាពដ៏ខ្លាំងរបស់វេទិកា eWTP ផងដែរ ដើម្បីធ្វើឲ្យការដឹកជញ្ជូនរហ័ស និងអាចទុកចិត្តបាន។ វេទិកា eWTP នេះ មានអាណត្តិផ្តល់ភាពអង់អាចដល់សហគ្រាសធុនតូច និងមធ្យមសាកលលោកឲ្យសម្រេចបាននូវសក្តានុពលពេញលេញតាមរយៈការកាត់បន្ថយរនាំងពាណិជ្ជកម្ម និងធ្វើឲ្យងាយស្រួល៕

(សរុបដោយ ហេង វុធ្ធ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll