យុគសម័យ - ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព»។
![]() |
ក្រសួងសុខាភិបាល សម្រេចយករាជធានីភ្នំពេញ និងខេត្តចំនួន ៤ សម្រាប់កំណត់ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ |
ក្រសួងសុខាភិបាល សម្រេចយករាជធានីភ្នំពេញ និងខេត្តចំនួន ៤ សម្រាប់កំណត់ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ នៅតំបន់នៃភូមិសាស្ត្រទាំងនោះមានការរឹតបន្តឹងខ្លាំងដោយតម្រូវឱ្យប្រជាពលរដ្ឋត្រូវតែមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
ពីម្សិលមិញនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងវាយលុកក្នុងសហគមន៍។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីពីភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នៅថ្ងៃទី ២៤ មីនា ក្រសួងគូសបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹង (ពីម្សិលមិញ) នេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព»។
រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១២ ខែមីនា បានចេញអនុក្រឹត្យថ្មីស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតដែលមាន ៩ ជំពូក និង ៣៩ មាត្រាព្រមទាំងបាននិរាករណ៍អនុក្រឹត្យចាស់។ អនុក្រឹត្យនេះចែងលម្អិតអំពីវិធានការនានារាប់ចាប់ពីការធ្វើអនាម័យ ការវាស់កម្ដៅ ការពាក់ម៉ាស់ ការរក្សាគម្លាត ការយកសំណាកទៅពិនិត្យ ការធ្វើចត្តាឡីស័ក ការព្យាបាល ការចាក់វ៉ាក់សាំង ការគ្រប់គ្រង និងការចាត់ចែងសពជាដើម។
តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២ សែនរៀល ទៅ ១ លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី ១។
ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា កន្លងមកក្រុមកម្លាំងសន្តិសុខបានអនុវត្តជាបន្តបន្ទាប់នូវវិធានការរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងសេចក្តីជូនដំណឹងថ្មីនេះលោកថា នឹងដាក់កម្លាំងបន្ថែមដើម្បីឃ្លាំមើលសកម្មភាពមិនប្រក្រតីផ្សេងៗ។
លោកថា៖ «វិធានការទាំងចាស់ ទាំងថ្មី យើងអនុវត្តជាប្រចាំ ហើយវិធានការច្បាប់នេះ យើងនឹងអនុវត្តបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត [ព្រះសីហនុ លោក គួច ចំរើន] ជាប្រធានគណៈបញ្ជាការខេត្ត ដោយប្រើប្រាស់កម្លាំងសរុបដើម្បីអនុវត្តបន្តឹងវិធានការច្បាប់នេះ»។
ដោយឡែក លោក ហ៊ុន សែន បានសរសេរនៅលើបណ្តាញហ្វេសប៊ុករបស់លោកពីម្សិលមិញថា៖ «អរគុណបងប្អូនជនរួមជាតិដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ ១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូនក្នុងពេលដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់»។
baotintuc
មតិពីមិត្តអ្នកអាន