សម្រេចក្របខ័ណ្ឌស្ថាបត្យកម្មឌីជីថលយ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៧

08:35 | 17/09/2026 ឌឿងង្វៀន

យុគសម័យ - ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានតម្រូវឱ្យប្រធានបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន ដឹកនាំផ្ទាល់ និងទទួលខុសត្រូវចំពោះវឌ្ឍនភាព គុណភាពនៃការដាក់ពង្រាយក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិឌីជីថល; ព្រមទាំងជ្រួតជ្រាបនូវគោលការណ៍ «៣ មិន»៖ មិនប្រគល់ភារកិច្ចឱ្យអង្គភាពបច្ចេកវិទ្យាព័ត៌មានទាំងស្រុងដោយគ្មានការត្រួតពិនិត្យ មិនធ្វើតាមតែទម្រង់ និងមិនពន្យារការងារទុកធ្វើនៅកៀកថ្ងៃកំណត់។ បណ្តាស្ថាប័ន អង្គការចាត់តាំង ត្រូវតែសម្រេចការកសាងថ្មី ឬត្រួតពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាព និងប្រកាសឱ្យប្រើប្រាស់ក្របខ័ណ្ឌស្ថាបត្យកម្មឌីជីថល យ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៧។

ទីក្រុង Ho Chi Minh ចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការបំប្លែងឌីជីថល ជាមួយថ្នាក់ដឹកនាំវ័យក្មេង វៀតណាម - ឡាវ - កម្ពុជា ការការពារកម្មសិទ្ធិបញ្ញានៅលើបរិស្ថានឌីជីថល៖ ពីការចាត់វិធានការលើការបំពាន រហូតដល់អភិបាលកិច្ចប្រកបដោយភាពម្ចាស់ការ

ព្រឹកថ្ងៃទី ១៥ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានធ្វើជាអធិបតីសន្និសីទផ្សព្វផ្សាយ ជ្រួតជ្រាប និងដាក់ពង្រាយសេចក្តីសម្រេចលេខ 1425/QD-TTg នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រី ស្តីពីការប្រកាសឱ្យប្រើប្រាស់ក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិឌីជីថល កំណែ ១.០។

សន្និសីទនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ; តំណាងខុទ្ទកាល័យមជ្ឈិមបក្ស ខុទ្ទកាល័យរដ្ឋសភា ខុទ្ទកាល័យរដ្ឋាភិបាល ព្រមទាំងបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ និងត្រូវបានតភ្ជាប់តាមប្រព័ន្ធអនឡាញជាមួយបណ្តាមូលដ្ឋាន។

ថ្លែងមតិនៅក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានសង្កត់ធ្ងន់ថា ក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិឌីជីថល គឺជាមូលដ្ឋានដើម្បីឱ្យបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន កសាង ធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌស្ថាបត្យកម្មឌីជីថលរបស់ខ្លួន ព្រមទាំងតម្រង់ទិសការវិនិយោគ ការតភ្ជាប់ ការចែករំលែក និងការប្រើប្រាស់រួមគ្នានូវបណ្តាថ្នាលឌីជីថល។

ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung ធ្វើជាអធិបតីសន្និសីទ។
ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung ធ្វើជាអធិបតីសន្និសីទ។

គោលដៅដែលបានដាក់ចេញ គឺការបង្កើតឡើងនូវលំហឌីជីថលឯកភាពមួយ បន្តវេនជាអតិបរមានូវលទ្ធផលដែលមានស្រាប់ លើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើប្រជាពលរដ្ឋ និងសហគ្រាស។

ក្នុងរយៈពេលកន្លងមក បណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន បានវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថ្នាល មូលដ្ឋានទិន្នន័យ និងប្រព័ន្ធព័ត៌មាន ដោយបានឆ្លើយតបជាជំហានដំបូងចំពោះតម្រូវការផ្លាស់ប្តូរថ្មីនូវរបៀបធ្វើការ និងលើកកម្ពស់គុណភាពបម្រើ។ មូលដ្ឋានទិន្នន័យសំខាន់ៗមួយចំនួនដូចជា ប្រជាជន សហគ្រាស ដីធ្លី ពន្ធដារ គយ ត្រូវបានបង្កើតឡើង និងលើកកម្ពស់ប្រសិទ្ធភាព។

ចេញពីមូលដ្ឋានគ្រឹះនោះ សន្និសីទបានផ្តោតលើការឯកភាពការយល់ដឹង បំភ្លឺច្បាស់ពីរបៀបរៀបចំចាត់តាំងការដាក់ពង្រាយក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិឌីជីថល ស្របតាមទិសដៅជាក់ស្តែង ព្រមៗគ្នា និងមានប្រសិទ្ធភាព។

បង្កើតស្ថាបត្យកម្មរួម កាត់បន្ថយការវិនិយោគរាយប៉ាយ

រាយការណ៍នៅក្នុងសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Bui Hoang Phuong បានឱ្យដឹងថា ការដាក់ពង្រាយក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិឌីជីថល ផ្តោតសំខាន់លើក្រុមខ្លឹមសារស្នូលចំនួន ៤។

នោះគឺការបង្កើតឡើងនូវស្ថាបត្យកម្មរួមថ្នាក់ជាតិ; តម្រង់ទិសអាទិភាពប្រើប្រាស់រួមគ្នា កាត់បន្ថយជាអតិបរមានូវការវិនិយោគតូចតាចរាយប៉ាយ; ផ្លាស់ប្តូរថ្មីរបៀបរៀបចំប្រព័ន្ធឌីជីថលនានា; និងកសាងប្រព័ន្ធគ្រប់គ្រងស្ថាបត្យកម្មឌីជីថលជាតិ។

យោងតាមអនុរដ្ឋមន្ត្រី Bui Hoang Phuong ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងប្រកាសឱ្យប្រើប្រាស់សំណុំសូចនាករវាស់វែង ដែលអនុញ្ញាតឱ្យមានការវាយតម្លៃតាមពេលវេលាជាក់ស្តែង ដើម្បីកែសម្រួលឱ្យសមស្របតាមដំណាក់កាលនីមួយៗបានទាន់ពេលវេលា។

ទិន្នន័យបម្រើឱ្យការវាយតម្លៃ នឹងត្រូវបានប្រមូលដោយស្វ័យប្រវត្តិចេញពីប្រព័ន្ធនានាដែលមានស្រាប់របស់ក្រសួង ស្ថាប័ន មូលដ្ឋាន អាស្រ័យហេតុនោះ កាត់បន្ថយស្ថានភាពដែលត្រូវបញ្ចូលទិន្នន័យឡើងវិញ និងការធ្វើរបាយការណ៍ដោយដៃ។

ក្នុងពេលខាងមុខនេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផ្តោតលើការណែនាំបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន ក្នុងការកសាង ធ្វើបច្ចុប្បន្នភាព និងរក្សាទុកក្របខ័ណ្ឌស្ថាបត្យកម្មឌីជីថល; ព្រមទាំងរៀបចំការផ្សព្វផ្សាយ តាមដាន ជំរុញ និងត្រួតពិនិត្យការអនុវត្ត។

ក្រសួងក៏ណែនាំអំពីជម្រើសនៃការកសាងថ្មី ការបន្តវេនពីបណ្តាក្របខ័ណ្ឌស្ថាបត្យកម្មដែលបានប្រកាសឱ្យប្រើប្រាស់រួចហើយ និងកំណត់ផែនទីបង្ហាញផ្លូវសម្រាប់ដោះស្រាយឱ្យបានសមស្របផងដែរ។

ស្របពេលជាមួយគ្នានោះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហការជាមួយក្រសួងនគរបាល និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ កសាងក្របខ័ណ្ឌស្តង់ដារ បទដ្ឋានបច្ចេកទេស ការណែនាំបច្ចេកទេសរួម; ប្រកាសឱ្យប្រើប្រាស់វិធីសាស្ត្រវាយតម្លៃ ត្រួតពិនិត្យកម្រិតអនុលោមភាព និងសំណុំសូចនាករវាស់វែង; កសាង គ្រប់គ្រង ដំណើរការប្រព័ន្ធគ្រប់គ្រងស្ថាបត្យកម្មឌីជីថលជាតិ។

ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung ថ្លែងមតិនៅក្នុងសន្និសីទ។
ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung ថ្លែងមតិនៅក្នុងសន្និសីទ។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទន្ទឹមនឹងនោះ មានការទទួលខុសត្រូវក្នុងការបូកសរុប រាយការណ៍ជូនរដ្ឋាភិបាលអំពីស្ថានភាពនៃការដាក់ពង្រាយ ផ្តល់យោបល់ទាន់ពេលវេលានូវដំណោះស្រាយដោះបន្ទុកការលំបាក ឧបសគ្គនានាជូនបណ្តាមូលដ្ឋាន។

ធ្វើសមកាលកម្មទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត

ពាក់ព័ន្ធនឹងបណ្តាភារកិច្ចដែលក្រសួងនគរបាលដាក់ពង្រាយ អនុប្រធានការិយាល័យក្រសួងនគរបាល Nguyen The Tuan បានឱ្យដឹងថា ក្រសួងអនុវត្តភារកិច្ចចំនួន ១៦ ស្ថិតក្នុង ៥ ក្រុម ដោយផ្តោតសំខាន់លើការបំពេញបន្ថែមឱ្យកាន់តែល្អឥតខ្ចោះនូវរបបយន្តការ គោលនយោបាយស្តីពីទិន្នន័យ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត; អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រើប្រាស់រួមគ្នា និងធានាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។

ក្នុងនោះ ក្រសួងនគរបាល កសាង ធ្វើបច្ចុប្បន្នភាព និងត្រួតពិនិត្យការដាក់ពង្រាយក្របខ័ណ្ឌស្ថាបត្យកម្មទិន្នន័យជាតិ ក្របខ័ណ្ឌអភិបាលកិច្ច ការគ្រប់គ្រងទិន្នន័យ និងវចនានុក្រមទិន្នន័យប្រើប្រាស់រួមគ្នា; ព្រមទាំងកសាងក្របខ័ណ្ឌស្ថាបត្យកម្មសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាតិ។

បណ្តាភារកិច្ចផ្សេងទៀត រួមមានការដាក់ពង្រាយថ្នាលបច្ចេកវិទ្យាកុំព្យូទ័រលើពពក (Cloud Computing) មជ្ឈមណ្ឌលគណនាសមត្ថភាពខ្ពស់ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យជាតិ ការកសាងថ្នាលប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាតិជំនាន់ថ្មី និងប្រព័ន្ធការពារបណ្តាញជាតិ។

អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Bui Hoang Phuong រាយការណ៍អំពីចំណុចផ្លាស់ប្តូរថ្មីមួយចំនួននៅក្នុងក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិឌីជីថល។
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Bui Hoang Phuong រាយការណ៍អំពីចំណុចផ្លាស់ប្តូរថ្មីមួយចំនួននៅក្នុងក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិឌីជីថល។

យោងតាមលោក Nguyen The Tuan បណ្តាថ្នាលទាំងឡាយកំពុងត្រូវបានដាក់ពង្រាយស្របតាមវឌ្ឍនភាពត្រឹមត្រូវរហូតដល់ឆ្នាំ ២០៣០។ ថ្នាលមួយចំនួនត្រូវបានដំឡើងជាជំហានដំបូង និងផ្តល់សេវាកម្មជាក់ស្តែងរួចហើយ ក្នុងនោះមានថ្នាលបច្ចេកវិទ្យាកុំព្យូទ័រលើពពក និងថ្នាលប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាតិ។

ក្នុងពេលខាងមុខនេះ ក្រសួងនគរបាលបន្តលើកកម្ពស់ច្រកចេញចូលសេវាសាធារណៈជាតិ តាមគំរូ និងស្ថាបត្យកម្មទំនើប សំដៅក្លាយជាច្រកចេញចូលតែមួយឌីជីថលតែមួយគត់ នៅក្នុងទិដ្ឋភាពរួមនៃគម្រោងថ្នាលប្រតិបត្តិការឌីជីថលជាតិ។

VNeID ក៏ត្រូវបានតម្រង់ទិសអភិវឌ្ឍឱ្យក្លាយជាកំពូលកម្មវិធី (Super App) ដោយដើរតួនាទីជាមជ្ឈមណ្ឌលនៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលជាតិ មានសមត្ថភាពដោះស្រាយបរិមាណទិន្នន័យដ៏ធំធេង និងពង្រីកវិសាលភាពបានយ៉ាងបត់បែន។

បណ្តាក្រសួង មូលដ្ឋាន កសាងស្ថាបត្យកម្មឱ្យសមស្របនឹងមុខងារ

នៅក្នុងសន្និសីទ តំណាងបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាន បានឡើងថ្លែងបទអន្តរាគមន៍ស្តីពីវិធីសាស្ត្រដាក់ពង្រាយក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិឌីជីថល ឱ្យសមស្របនឹងមុខងារ ភារកិច្ច និងសមត្ថកិច្ច; ព្រមទាំងលើកឡើងនូវការលំបាក ឧបសគ្គ និងផ្តល់អនុសាសន៍ដំណោះស្រាយនានា នៅក្នុងដំណើរការអនុវត្ត។

អនុប្រធានការិយាល័យក្រសួងនគរបាល Nguyen The Tuan ថ្លែងមតិនៅក្នុងសន្និសីទ។
អនុប្រធានការិយាល័យក្រសួងនគរបាល Nguyen The Tuan ថ្លែងមតិនៅក្នុងសន្និសីទ។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Nguyen Huy Dung បានឱ្យដឹងថា ក្រសួងកសាងក្របខ័ណ្ឌស្ថាបត្យកម្មតាម ៥ ស្រទាប់ រួមមាន របបបទបញ្ញត្តិ និងធនធានមនុស្ស; ឧបករណ៍ស្រាវជ្រាវស្វែងរក; បណ្តាញតភ្ជាប់; ការបណ្តុះបណ្តាល បំប៉នសមត្ថភាព និងសមាសភាគពាក់ព័ន្ធនានា។

ក្រសួងបានប្រកាសឱ្យប្រើប្រាស់បទបញ្ញត្តិ អនុវត្តការជ្រើសរើស និងប្រើប្រាស់ស្ថាបត្យករប្រធានទទួលបន្ទុកវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល; បង្កើតទំព័រជំនាញស្តីពីស្ថាបត្យកម្ម ដោយពិពណ៌នាអំពីសមាសភាគនានាក្រោមទម្រង់ជាឯកសារឌីជីថល និងអន្តរកម្ម ដើម្បីឱ្យបណ្តាស្ថាប័ន អង្គភាពធ្វើជាឯកសារយោង និងវាយតម្លៃកម្រិតអនុលោមភាព។

ទន្ទឹមនឹងនោះ គឺការរៀបចំបណ្តាញស្ថាបត្យកម្មជំនាញ និងការបណ្តុះបណ្តាល បំប៉នសមត្ថភាពជាប្រចាំ។

តំណាងទីក្រុង Ha Noi បានឱ្យដឹងថា ទីក្រុងកំពុងបន្ទាន់ដាក់ពង្រាយសមាសភាគសំខាន់ៗនៃក្របខ័ណ្ឌស្ថាបត្យកម្ម រួមមាន មជ្ឈមណ្ឌលទិន្នន័យ ថ្នាលសមាហរណកម្ម និងចែករំលែកទិន្នន័យ ប្រព័ន្ធឧបករណ៍ IoT មជ្ឈមណ្ឌលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ឃ្លាំងទិន្នន័យប្រើប្រាស់រួមគ្នា លំហការងារឌីជីថល គំរូចម្លងឌីជីថលរបស់ទីក្រុង (Digital Twin) មជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃ (IOC) និងបណ្តាមូលដ្ឋានទិន្នន័យជំនាញ។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Nguyen Huy Dung ថ្លែងមតិនៅក្នុងសន្និសីទ។
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Nguyen Huy Dung ថ្លែងមតិនៅក្នុងសន្និសីទ។

ទីក្រុង Ha Noi ក៏កំពុងបោះជំហានធ្វើសមាហរណកម្មទិន្នន័យទៅក្នុងឃ្លាំងទិន្នន័យប្រើប្រាស់រួមគ្នារបស់ទីក្រុង ដើម្បីបម្រើដល់ការចែករំលែក និងការទាញយកផលរវាងបណ្តាស្ថាប័នរដ្ឋ។

ជ្រួតជ្រាបគោលការណ៍ «៣ មិន» មិនទុកឱ្យមានការវិនិយោគត្រួតស៊ីគ្នា

បន្ទាប់ពីបានស្តាប់មតិយោបល់របស់បណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានវាយតម្លៃថា បណ្តារបាយការណ៍ និងបទអន្តរាគមន៍នៅក្នុងសន្និសីទ បានបង្ហាញពីការឯកភាពគ្នាយ៉ាងខ្ពស់ចំពោះតម្រូវការគ្រប់គ្រងបរិវត្តកម្មឌីជីថល ស្របតាមស្ថាបត្យកម្មឯកភាពមួយ។

ទន្ទឹមនឹងនោះ ការអនុវត្តជាក់ស្តែងក៏បានចោទជាបញ្ហាជាច្រើន ដែលទាមទារឱ្យបន្តមានការណែនាំ និងការសម្របសម្រួលដោះស្រាយ។

ដើម្បីឱ្យសេចក្តីសម្រេចលេខ 1425/QD-TTg ត្រូវបានដាក់ពង្រាយស្របតាមវឌ្ឍនភាពត្រឹមត្រូវ ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន បន្តជ្រួតជ្រាបឱ្យបានពេញលេញនូវអត្ថន័យ និងវិធីសាស្ត្រអភិក្រមនៃក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិឌីជីថល; ដោយចាត់ទុកនេះជាភារកិច្ចសំខាន់ ដែលត្រូវតែអនុវត្តឱ្យបានព្រមៗគ្នា មានប្រសិទ្ធភាព មិនធ្វើតាមតែទម្រង់ ឬធ្វើឱ្យតែរួចពីដៃឡើយ។

អនុប្រធានខុទ្ទកាល័យរដ្ឋាភិបាល Tran Anh Tien ថ្លែងមតិនៅក្នុងសន្និសីទ។
អនុប្រធានខុទ្ទកាល័យរដ្ឋាភិបាល Tran Anh Tien ថ្លែងមតិនៅក្នុងសន្និសីទ។

បណ្តាស្ថាប័ននៅក្នុងប្រព័ន្ធនយោបាយ ត្រូវតែកំណត់ច្បាស់នូវការទទួលខុសត្រូវ ធានាការតភ្ជាប់ ភាពប្រទាក់ក្រឡា ការចែករំលែកទិន្នន័យ និងការប្រើប្រាស់រួមគ្នានូវបណ្តាសមាសភាគ ស្របតាមក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិឌីជីថល; ព្រមទាំងឆ្លើយតបចំពោះតម្រូវការស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត សុវត្ថិភាព និងការការពារទិន្នន័យ។

ក្របខ័ណ្ឌស្ថាបត្យកម្មត្រូវតែត្រូវបានប្រើប្រាស់ជាឧបករណ៍អភិបាលកិច្ចបរិវត្តកម្មឌីជីថល។ ប្រសិទ្ធភាពមិនត្រឹមតែត្រូវបានវាយតម្លៃតាមរយៈការប្រកាសឱ្យប្រើប្រាស់ឯកសារប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្ហាញឱ្យឃើញនូវសមត្ថភាពតភ្ជាប់ ចែករំលែក និងប្រើប្រាស់រួមគ្នា; កាត់បន្ថយការវិនិយោគត្រួតស៊ីគ្នា សន្សំសំចៃធនធាន ធានាសុវត្ថិភាព និងលើកកម្ពស់គុណភាពនៃការបម្រើប្រជាពលរដ្ឋ សហគ្រាស។

ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យប្រធានបណ្តាក្រសួង ស្ថាប័ន អង្គភាពមជ្ឈិម និងប្រធានគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុង ដឹកនាំផ្ទាល់ ទទួលខុសត្រូវចំពោះវឌ្ឍនភាព និងគុណភាពនៃការដាក់ពង្រាយបណ្តាភារកិច្ចដែលត្រូវបានប្រគល់ជូន។

ទន្ទឹមនឹងនោះ បណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវតម្រូវការ «៣ មិន»៖ «មិនប្រគល់ភារកិច្ចឱ្យអង្គភាពបច្ចេកវិទ្យាព័ត៌មានទាំងស្រុងដោយគ្មានការត្រួតពិនិត្យ មិនធ្វើតាមតែទម្រង់ មិនពន្យារការងារទុកធ្វើនៅកៀកថ្ងៃកំណត់»។

ដំណើរការអនុវត្ត ត្រូវតែប្រកាន់ខ្ជាប់នូវការអនុវត្តជាក់ស្តែង បន្តវេនជាអតិបរមានូវលទ្ធផលទាំងឡាយដែលកំពុងតែលើកកម្ពស់ប្រសិទ្ធភាព។ រាល់ការវិនិយោគថ្មីទាំងអស់ ត្រូវតែពិតជាចាំបាច់ សមស្របនឹងស្ថាបត្យកម្ម និងមិនមានភាពត្រួតស៊ីគ្នាឡើយ។

បណ្តាប្រតិភូចូលរួមសន្និសីទ។
បណ្តាប្រតិភូចូលរួមសន្និសីទ។

សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការការពារទិន្នន័យ ទិន្នន័យបុគ្គល សិទ្ធិឯកជនភាព និងការសម្ងាត់របស់រដ្ឋ ត្រូវតែគិតគូរតាំងតែពីដំណាក់កាលរៀបចំរចនា និងធានាឱ្យបានពេញមួយដំណើរការនៃការដាក់ពង្រាយ។

យោងតាមសេចក្តីសម្រេចលេខ 1425/QD-TTg បណ្តាស្ថាប័ន អង្គការចាត់តាំង ត្រូវតែសម្រេចការកសាងថ្មី ឬត្រួតពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាព និងប្រកាសឱ្យប្រើប្រាស់ក្របខ័ណ្ឌស្ថាបត្យកម្មឌីជីថល យ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៧។

ប្រធានស្ថាប័នដឹកនាំផ្ទាល់ ចាត់តាំងអង្គភាពបង្គោលទទួលបន្ទុកអភិបាលកិច្ច

ចេញពីតម្រូវការខាងលើ ឧបនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឱ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទទួលយកមតិយោបល់នៅក្នុងសន្និសីទ បំពេញបន្ថែមឱ្យកាន់តែល្អឥតខ្ចោះ និងប្រកាសឱ្យប្រើប្រាស់ស្របតាមសមត្ថកិច្ចនូវឯកសារណែនាំការកសាង ធ្វើបច្ចុប្បន្នភាព និងរក្សាទុកក្របខ័ណ្ឌស្ថាបត្យកម្មឌីជីថលរបស់បណ្តាស្ថាប័ន អង្គការចាត់តាំង។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ធ្វើជាអធិបតី សហការជាមួយក្រសួងនគរបាល និងស្ថាប័នពាក់ព័ន្ធនានា បំពេញបន្ថែមឱ្យកាន់តែល្អឥតខ្ចោះ និងប្រកាសឱ្យប្រើប្រាស់ស្របតាមសមត្ថកិច្ចនូវវិធីសាស្ត្រវាយតម្លៃ ត្រួតពិនិត្យកម្រិតអនុលោមភាព; សំណុំសូចនាករវាស់វែងលទ្ធផលការងារ (KPI) លក្ខណៈវិនិច្ឆ័យវាយតម្លៃ យន្តការរាយការណ៍ បញ្ជីត្រួតពិនិត្យ និងទម្រង់គំរូនានាដែលចាំបាច់។

ក្រសួងក៏ត្រូវបានប្រគល់ភារកិច្ចកសាង និងប្រកាសឱ្យប្រើប្រាស់ស្របតាមសមត្ថកិច្ចនូវក្របខ័ណ្ឌស្តង់ដារ បទដ្ឋានបច្ចេកទេស ការណែនាំបច្ចេកទេសរួម ធានាសមត្ថភាពតភ្ជាប់ប្រទាក់ក្រឡា សមាហរណកម្ម និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនៅលើទូទាំងប្រទេស។

ចំពោះក្រសួងនគរបាលវិញ ឧបនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឱ្យធ្វើជាអធិបតីក្នុងការកសាង ធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌស្ថាបត្យកម្មទិន្នន័យជាតិ ក្របខ័ណ្ឌអភិបាលកិច្ច ការគ្រប់គ្រងទិន្នន័យជាតិ វចនានុក្រមទិន្នន័យប្រើប្រាស់រួមគ្នា និងក្របខ័ណ្ឌស្ថាបត្យកម្មសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាតិ ធានាឱ្យមានសមកាលកម្មជាមួយក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិឌីជីថល និងសមស្របតាមបទប្បញ្ញត្តិនៃច្បាប់។

សន្និសីទត្រូវបានតភ្ជាប់តាមប្រព័ន្ធអនឡាញជាមួយបណ្តាមូលដ្ឋាន។
សន្និសីទត្រូវបានតភ្ជាប់តាមប្រព័ន្ធអនឡាញជាមួយបណ្តាមូលដ្ឋាន។

ក្រសួងនគរបាល ទន្ទឹមនឹងនោះ ធ្វើការត្រួតពិនិត្យឡើងវិញ ផ្តល់នូវរាល់ខ្លឹមសារណែនាំ និងឯកសារយោងទាំងឡាយណាដែលមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីឱ្យបណ្តាស្ថាប័នដាក់ពង្រាយអនុវត្ត; កំណត់ផែនទីបង្ហាញផ្លូវនៃការបំពេញបន្ថែមឱ្យបានពេញលេញចំពោះខ្លឹមសារណាដែលនៅខ្វះខាត។

ចំពោះមូលដ្ឋានទិន្នន័យជាតិ ថ្នាលឌីជីថលប្រើប្រាស់រួមគ្នា និងបណ្តាសមាសភាគដែលក្រសួងនគរបាលត្រូវបានប្រគល់ភារកិច្ចឱ្យគ្រប់គ្រង ឬធ្វើជាអធិបតី ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យប្រកាស ឬផ្តល់ជូននៅក្នុងវិសាលភាពដែលត្រូវបានអនុញ្ញាត នូវសំណុំព័ត៌មានយោងជាផ្លូវការ។

ព័ត៌មានទាំងនោះរួមមាន ឈ្មោះ លេខកូដសម្គាល់ ស្ថាប័នគ្រប់គ្រង វិសាលភាពទិន្នន័យ សេវាកម្ម ស្ថានភាព តម្រូវការតភ្ជាប់ បញ្ជី API និងឯកសារសមាហរណកម្មចាំបាច់នានា; ព្រមទាំងត្រូវតែរក្សាទុក និងធ្វើបច្ចុប្បន្នភាពឱ្យបានទាន់ពេលវេលានៅពេលមានការផ្លាស់ប្តូរ។

ចំពោះបណ្តាក្រសួង ស្ថាប័នប្រហាក់ប្រហែលក្រសួង ប្រធានស្ថាប័នត្រូវតែដឹកនាំផ្ទាល់ ចាត់តាំងអង្គភាពបង្គោលមួយទទួលបន្ទុកអភិបាលកិច្ចស្ថាបត្យកម្ម និងកៀរគរឱ្យបានពេញលេញនូវបណ្តាអង្គភាពជំនាញ ទិន្នន័យ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ប្រតិបត្តិការ ផែនការ-ហិរញ្ញវត្ថុ វិនិយោគ និងនីតិកម្ម ឱ្យចូលរួមទាំងអស់គ្នា។

ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung៖ ដាក់ពង្រាយក្របខ័ណ្ឌស្ថាបត្យកម្មជាតិឌីជីថលប្រកបដោយលក្ខណៈជាក់ស្តែង ព្រមៗគ្នា និងមានប្រសិទ្ធភាព។
ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung៖ ដាក់ពង្រាយក្របខ័ណ្ឌស្ថាបត្យកម្មជាតិឌីជីថលប្រកបដោយលក្ខណៈជាក់ស្តែង ព្រមៗគ្នា និងមានប្រសិទ្ធភាព។

បណ្តាក្រសួង ស្ថាប័នប្រហាក់ប្រហែលក្រសួង មានការទទួលខុសត្រូវក្នុងការកសាង ដាក់ឱ្យដំណើរការទាញយកផលនូវបណ្តាថ្នាលឌីជីថលប្រើប្រាស់រួមគ្នាថ្នាក់ជាតិ ដែលត្រូវបានប្រគល់ជូនស្របតាមផែនការ ផែនទីបង្ហាញផ្លូវ; ព្រមទាំងប្រកាស ឬផ្តល់ជូននៅក្នុងវិសាលភាពដែលត្រូវបានអនុញ្ញាត នូវព័ត៌មានអំពីវិសាលភាពនៃការផ្តល់សេវា មុខងារ ស្តង់ដារបច្ចេកទេស សមត្ថភាពតភ្ជាប់ និងការទទួលខុសត្រូវលើអភិបាលកិច្ចនៃថ្នាលនីមួយៗ។

នេះនឹងក្លាយជាមូលដ្ឋានដើម្បីឱ្យបណ្តាមូលដ្ឋានរៀបចំផែនការវិនិយោគ និងដាក់ពង្រាយអនុវត្ត។ ក្របខ័ណ្ឌស្ថាបត្យកម្មរដ្ឋាភិបាលឌីជីថលថ្នាក់ក្រសួង ត្រូវតែកសាងថ្មី ឬត្រួតពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាព និងប្រកាសឱ្យប្រើប្រាស់យ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៧។

ចំពោះគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុងចំណុះមជ្ឈិម ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យសម្រេចការកសាងថ្មី ឬត្រួតពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាព និងប្រកាសឱ្យប្រើប្រាស់ក្របខ័ណ្ឌស្ថាបត្យកម្មរដ្ឋអំណាចឌីជីថលថ្នាក់ខេត្ត យ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៧ ដូចគ្នាផងដែរ។

បណ្តាមូលដ្ឋានដែលត្រូវបានបង្កើតឡើងក្រោយការរៀបចំ បង្រួបបង្រួមអង្គភាពរដ្ឋបាល ចាំបាច់ត្រូវផ្តល់អាទិភាពដល់ការបង្រួបបង្រួម សមាហរណកម្ម និងបន្តវេននូវបណ្តាប្រព័ន្ធដែលមានស្រាប់; ត្រួតពិនិត្យឡើងវិញនូវការធ្វើសមកាលកម្មទិន្នន័យ គណនី ការតភ្ជាប់ កិច្ចសន្យា ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងជម្រើសអន្តរកាល ធានាថាសកម្មភាព និងសេវាកម្មនានាមិនត្រូវរអាក់រអួលឡើយ។

ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យស្ថាប័នទាំងឡាយ ដាក់ពង្រាយអនុវត្តជាបន្ទាន់នូវបណ្តាភារកិច្ចដែលត្រូវបានប្រគល់ជូន ម្ចាស់ការដោះស្រាយការងារទាំងឡាយដែលស្ថិតក្នុងសមត្ថកិច្ច និងរាយការណ៍ទាន់ពេលវេលានូវបញ្ហាដែលហួសពីសមត្ថកិច្ច។

ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានសម្តែងនូវជំនឿជាក់ថា បណ្តាស្ថាប័ននឹងអនុវត្តសេចក្តីសម្រេចលេខ 1425/QD-TTg ស្របតាមវឌ្ឍនភាពត្រឹមត្រូវ ព្រមៗគ្នា និងមានប្រសិទ្ធភាព រួមចំណែកកសាងប្រទេសជាតិឌីជីថលវៀតណាមប្រកបដោយសុវត្ថិភាព និងចីរភាព៕

វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។
VPBank ធ្វើឌីជីថលរូបនីយកម្មដំណើរការកម្ចី៖ ទទួលបានលទ្ធផលអនុម័តបឋមត្រឹមតែក្នុងរយៈពេល ១ នាទី VPBank ធ្វើឌីជីថលរូបនីយកម្មដំណើរការកម្ចី៖ ទទួលបានលទ្ធផលអនុម័តបឋមត្រឹមតែក្នុងរយៈពេល ១ នាទី
យុគសម័យ - ជាមួយដំណើរការធ្វើឌីជីថលរូបនីយកម្ម ១០០% នៅលើកម្មវិធី VPBank Race ធនាគារកំពុងតែកាត់បន្ថយពេលវេលាដោះស្រាយសំណុំលិខិតកម្ចីហ៊ីប៉ូតែចរបស់អតិថិជនយ៉ាងខ្លាំង។ ជាមួយលទ្ធផលអនុម័តបឋមត្រឹមតែក្នុងរយៈពេលប្រហែល ១ នាទី ជំនួសឱ្យការរង់ចាំច្រើនថ្ងៃដូចពីមុន VPBank បានក្លាយជាធនាគារត្រួសត្រាយផ្លូវនៅលើទីផ្សារដែលផ្តល់ជូននូវខ្សែចរន្តអនុម័តកម្ចីហ៊ីប៉ូតែចលឿនបំផុត បើកនូវបទដ្ឋានថ្មីអំពីបទពិសោធន៍ហិរញ្ញវត្ថុទំនើប។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - JINR ឆ្ពោះទៅកាន់ដំណាក់កាលរួមគ្នាកសាងសមត្ថភាពវិទ្យាសាស្ត្រថ្មី
សម្រេចក្របខ័ណ្ឌស្ថាបត្យកម្មឌីជីថលយ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៧
ខេត្ត Phu Tho សម្រេចបាន ១០០% ការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីដំណាក់កាលទី ១
យកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន នៅឃុំ Hoa Phu
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ធ្វើការជាមួយសហភាពបណ្តាអង្គការមិត្តភាពវៀតណាម

អានច្រើនបំផុត

វៀតណាមកំពុងឆ្ពោះទៅរកកំណើនប្រកបដោយគុណភាព និងនិរន្តរភាព
ដើម្បីឱ្យការរៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញក្លាយជាកម្លាំងផ្ទៃក្នុង
ខ្ញុំមកកាន់វៀតណាមដោយសារតួលេខ ១១
ឆាកជីវិត… "យ៉ាងជ្រាលជ្រៅបែបវៀតណាម" នៅលើទឹកដីថៃ
ទិសដៅរបស់បក្សស្តីពីការងារកិច្ចការបរទេសប្រជាជន