យុគសម័យ - ទឹកចិត្តស្នេហាជាតិ គឺជាតម្លៃស្មារតីមួយក្នុងចំណោមតម្លៃស្មារតីប្រកបដោយចីរភាពរបស់ប្រជាជាតិវៀតណាម ដែលត្រូវបានពូនជ្រុំតាមរយៈប្រវត្តិសាស្ត្រ និងបានក្លាយជាប្រភពកម្លាំងដើម្បីឱ្យប្រទេសជាតិឆ្លងកាត់រាល់បញ្ហាប្រឈម ការពារឯករាជ្យ អធិបតេយ្យភាព ថែរក្សាអត្តសញ្ញាណវប្បធម៌ និងការអភិវឌ្ឍ។ នៅក្នុងមជ្ឈដ្ឋានព័ត៌មានដែលកាន់តែមានភាពស្មុគស្មាញ មនោសញ្ចេតនាដ៏ពិសិដ្ឋនោះ រឹតតែត្រូវការការចិញ្ចឹមបីបាច់ដោយការយល់ដឹងត្រឹមត្រូវ ការគិតឯករាជ្យ ការទទួលខុសត្រូវរបស់ពលរដ្ឋ និងសកម្មភាពជាក់ស្តែងនានា។
![]() |
| ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។ |
ទឹកចិត្តស្នេហាជាតិ មិនចាំបាច់ចាប់ផ្តើមចេញពីរឿងរ៉ាវធំដុំនោះឡើយ។
នោះអាចជាសេចក្តីស្រឡាញ់ចំពោះក្រុមគ្រួសារ ស្រុកកំណើត ភាសាវៀតណាម និងគុណតម្លៃវប្បធម៌ដ៏ជិតស្និទ្ធ; ជាមោទនភាពចំពោះសមិទ្ធផលនានារបស់ប្រទេសជាតិ; ជាអារម្មណ៍រំជួលចិត្តចំពោះរឿងរ៉ាវនានាស្តីពីមនុស្សជំនាន់មុនៗដែលបានពលីជីវិតដើម្បីការពារមាតុភូមិ។
ប៉ុន្តែមនោសញ្ចេតនា អាចក្លាយជាកម្លាំងយ៉ាងពិតប្រាកដ លុះត្រាតែត្រូវបានបំប្លែងឱ្យទៅជាសកម្មភាព។ សិស្សានុសិស្សម្នាក់ដែលខិតខំរៀនសូត្រ ពលករម្នាក់ដែលលះបង់អស់ពីចិត្តចំពោះការងារ វិស្វករម្នាក់ដែលព្យាយាមច្នៃប្រឌិត សហគ្រិនម្នាក់ដែលបង្កើតការងារបន្ថែម ឬយុវជនម្នាក់ដែលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ សុទ្ធសឹងតែកំពុងរួមចំណែកដល់ការអភិវឌ្ឍរួមរបស់ប្រទេសជាតិ។
កម្លាំងរបស់ប្រទេសជាតិមួយ មិនត្រឹមតែត្រូវបានបង្កើតឡើងដោយការងារធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានពូនជ្រុំជារៀងរាល់ថ្ងៃចេញពីគុណភាពពលកម្ម ស្មារតីពលរដ្ឋ និងការទទួលខុសត្រូវរបស់មនុស្សរាប់លាននាក់។
មិនទុកឱ្យអារម្មណ៍មកជំនួសការពិត
នៅក្នុងយុគសម័យឌីជីថល ប្រជាពលរដ្ឋមានលក្ខខណ្ឌទទួលបានចំណេះដឹង វប្បធម៌ និងសមិទ្ធផលនានារបស់មនុស្សជាតិយ៉ាងឆាប់រហ័សជាងពេលណាៗទាំងអស់។ ក៏ប៉ុន្តែ ទន្ទឹមនឹងឱកាសនោះ គឺមជ្ឈដ្ឋានព័ត៌មានដ៏ស្មុគស្មាញមួយ ដែលការពិត-ការក្លែងបន្លំ ភាពត្រឹមត្រូវ-ភាពខុសឆ្គង ជាច្រើនលើកច្រើនសារមានការលាយឡំគ្នា និងពិបាកក្នុងការកត់សម្គាល់ ប្រសិនបើអ្នកទទួលព័ត៌មានខ្វះខាតចំណេះដឹង ជំនាញ និងភាពរឹងប៉ឹង។
លំហអ៊ីនធឺណិត ក៏កំពុងត្រូវបានបុគ្គល និងអង្គការមួយចំនួនឆ្លៀតឱកាសកេងចំណេញ ដើម្បីទាញយកផលពីបញ្ហារសើបនានាពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ អធិបតេយ្យភាព វប្បធម៌ និងសង្គម អាស្រ័យហេតុនោះ ជំរុញអារម្មណ៍ បង្កើតអារម្មណ៍ប្រឈមមុខ បែកបាក់ ឬដឹកនាំអ្នកចូលរួមឱ្យឈានទៅរកការយល់ដឹងជ្រុលនិយម។
បញ្ហានេះគួរឱ្យកត់សម្គាល់ជាពិសេសចំពោះយុវជន ពីព្រោះដំណើរការទទួលព័ត៌មានភាគច្រើនរបស់ពួកគេ គឺប្រព្រឹត្តទៅនៅលើបណ្តាថ្នាលឌីជីថល ដែលជាទីកន្លែងមានល្បឿននៃការរីករាលដាលជាទូទៅលឿនជាងល្បឿននៃការផ្ទៀងផ្ទាត់យ៉ាងច្រើន។
ខ្លឹមសារមួយដែលមានការចុចចូលចិត្ត ឬចែករំលែករាប់ពាន់ដង មិនមែនមានន័យថា នោះជាព័ត៌មានត្រឹមត្រូវនោះឡើយ។ គណនីមួយដែលមានអ្នកតាមដានយ៉ាងច្រើន ក៏មិនមានន័យស្មើនឹងគ្រប់ការវាយតម្លៃទាំងអស់សុទ្ធតែត្រឹមត្រូវនោះដែរ។ វីដេអូមួយដែលត្រូវបានកាត់តផ្គុំឡើងដោយរូបភាពរំជួលចិត្ត រឹតតែមិនអាចជំនួសឱ្យភស្តុតាងបានឡើយ។
ហេតុដូច្នេះហើយ ចំពោះមុខខ្លឹមសារទាំងឡាយដែលជះឥទ្ធិពលខ្លាំងដល់អារម្មណ៍ អ្វីដែលចាំបាច់នោះគឺត្រូវរក្សាភាពស្ងប់ស្ងាត់ដើម្បីត្រួតពិនិត្យប្រភពព័ត៌មាន ពេលវេលាកើតឡើងនៃហេតុការណ៍ បរិបទនៃរូបភាព ឬការថ្លែងមតិ ព្រមទាំងផ្ទៀងផ្ទាត់ជាមួយប្រភពឯករាជ្យជាច្រើន មុនពេលទាញការសន្និដ្ឋាន ឬបន្តចែករំលែក។
គោលការណ៍ដ៏សាមញ្ញមួយ ប៉ុន្តែមានសារប្រយោជន៍ គឺ «ពន្យឺតល្បឿនមុនពេលចែករំលែក»។
ការបង្អង់ដើម្បីស្វែងរកប្រភពដើម អានខ្លឹមសារឱ្យបានពេញលេញ និងផ្ទៀងផ្ទាត់តាមរយៈប្រភពជាច្រើន ជួយកាត់បន្ថយហានិភ័យនៃការត្រូវគេដឹកនាំដោយព័ត៌មានដែលមិនទាន់មានការបញ្ជាក់ច្បាស់លាស់។ ការគិតបែបស៊ីជម្រៅ តាមទស្សនវិស័យនេះ គឺពិតជាសមត្ថភាពក្នុងការចោទសួរចំពេល ទាមទារភស្តុតាងសមស្រប និងត្រៀមខ្លួនជាស្រេចក្នុងការកែតម្រូវការយល់ដឹង នៅពេលលេចចេញព័ត៌មានថ្មីដែលអាចទុកចិត្តបាន។
នៅក្នុងសង្គមមួយដែលមានបរិមាណព័ត៌មានកាន់តែច្រើនឡើងៗ ប្រៀបខ្លាំងមិនមែនស្ថិតនៅលើការដឹងព័ត៌មានច្រើនជាងគេបំផុតនោះឡើយ ប៉ុន្តែគឺស្ថិតនៅលើសមត្ថភាពកំណត់សម្គាល់ព័ត៌មានណាគួរឱ្យទុកចិត្ត ព័ត៌មានណាត្រូវបន្តផ្ទៀងផ្ទាត់ និងខ្លឹមសារណាដែលមិនគួរចែកចាយបន្ត។
ពូនជ្រុំទឹកចិត្តស្នេហាជាតិដោយការយល់ដឹង និងការទទួលខុសត្រូវ
នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ តាងនាមការិយាល័យនយោបាយ អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានចុះហត្ថលេខាប្រកាសឱ្យប្រើប្រាស់សេចក្តីសម្រេចចិត្តលេខ 25-NQ/TW ស្តីពីយុទ្ធសាស្ត្រការងារសតិអារម្មណ៍ក្នុងបរិបទថ្មី។
សេចក្តីសម្រេចចិត្ត បានកំណត់គោលដៅនៃការងារសតិអារម្មណ៍ គឺត្រូវតែដំណើរការប្រកបដោយឯកភាព និងរលូនតាំងពីមជ្ឈិមដល់មូលដ្ឋាន ទាំងនៅលើលំហពិត និងលំហឌីជីថល ទាំងក្នុងប្រទេស និងក្រៅប្រទេស; បក្សទាំងមូល និងប្រព័ន្ធនយោបាយត្រូវទប់ស្កាត់ និងរុញច្រានឱ្យថយក្រោយនូវការធ្លាក់ចុះគុណភាពខាងសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ «ការវិវត្តដោយខ្លួនឯង» «ការប្រែប្រួលដោយខ្លួនឯង»; ធានាសន្តិសុខសតិអារម្មណ៍ក្នុងគ្រប់ស្ថានការណ៍ទាំងអស់។
ទន្ទឹមនឹងនោះ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ជំនឿទុកចិត្តរបស់ប្រជាជន និងការឯកភាពគ្នាក្នុងសង្គម ត្រូវបានពង្រឹងយ៉ាងរឹងមាំ; ទឹកចិត្តស្នេហាជាតិ ស្មារតីមហាសាមគ្គីទូទាំងប្រជាជាតិ ឆន្ទៈម្ចាស់ការ ទំនុកចិត្ត ស្វ័យពឹងពាក់ខ្លួនឯង ពង្រឹងកម្លាំងដោយខ្លួនឯង មោទនភាពជាតិ ភាពស៊ាំការពារខ្លួនខាងសតិអារម្មណ៍របស់សង្គមទាំងមូល និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យសម្បូរសប្បាយ ស៊ីវិល័យ និងសុភមង្គល នឹងក្លាយជាធនធានផ្ទៃក្នុងដ៏សំខាន់ ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវទម្រង់អភិវឌ្ឍន៍ថ្មី កសាង និងការពារមាតុភូមិឱ្យបានរឹងមាំនៅក្នុងយុគសម័យថ្មី។
ចេញពីតម្រូវការដែលត្រូវបានដាក់ចេញនៅក្នុងសេចក្តីសម្រេចចិត្តលេខ 25-NQ/TW ការអប់រំទឹកចិត្តស្នេហាជាតិ និងមោទនភាពជាតិសម្រាប់យុវជនជំនាន់ក្រោយ ចាំបាច់ត្រូវតែផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា។
គោលដៅមិនត្រឹមតែជាការបំផុសអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្កើតឱ្យបាននូវការយល់ដឹងត្រឹមត្រូវ សមត្ថភាពគិតឯករាជ្យ ការបែងចែកព័ត៌មាន និងស្មារតីទទួលខុសត្រូវ អាស្រ័យហេតុនោះ ជួយឱ្យបុគ្គលម្នាក់ៗចេះបង្ហាញនូវទឹកចិត្តស្រឡាញ់ប្រទេសជាតិតាមរយៈសកម្មភាពជាក់ស្តែងនានា។
ក្នុងបរិបទបច្ចុប្បន្ន ការអប់រំទឹកចិត្តស្នេហាជាតិ ក៏មិនអាចកាត់ផ្តាច់ចេញពីការបំពាក់បំប៉នជំនាញប្រើប្រាស់បណ្តាញសង្គម និងសមត្ថភាពវាយតម្លៃព័ត៌មានបានឡើយ។
យុវជនត្រូវចេះវិធីកំណត់សម្គាល់ប្រភពព័ត៌មានដែលអាចទុកចិត្តបាន ត្រួតពិនិត្យរូបភាព និងវីដេអូ បែងចែកព័ត៌មានចេញពីមតិផ្ទាល់ខ្លួន កត់សម្គាល់ខ្លឹមសារទាំងឡាយដែលចេតនាបង្កការភ្ញាក់ផ្អើលដើម្បីទាក់ទាញអន្តរកម្ម។ ទន្ទឹមនឹងនោះ មនុស្សម្នាក់ៗត្រូវមានស្មារតីដឹងថា ការចែករំលែកមួយដែលហាក់ដូចជាតូចតាចបំផុត ក៏អាចធ្វើឱ្យព័ត៌មានរីករាលដាលយ៉ាងទូលំទូលាយ និងបង្កើតផលប៉ះពាល់ដល់សហគមន៍ផងដែរ។
ជាពិសេស នៅពេលដែលបញ្ញាសិប្បនិម្មិតកាន់តែមានសមត្ថភាពបង្កើតរូបភាព សំឡេង និងវីដេអូក្លែងក្លាយប្រកបដោយកម្រិតទំនើប ស្មុគស្មាញខ្ពស់នោះ ការលុបបំបាត់ទាំងស្រុងនូវព័ត៌មានមិនត្រឹមត្រូវចេញពីលំហអ៊ីនធឺណិត គឺជារឿងពិបាកនឹងអនុវត្តបាន។
ដំណោះស្រាយជាឫសគល់ជាងនេះ គឺការកសាងយុវជនជំនាន់មួយដែលមាន «ភាពស៊ាំការពារខ្លួន» គ្រប់គ្រាន់ចំពោះព័ត៌មានបំពុល។ ចំណេះដឹងប្រវត្តិសាស្ត្រ ការយល់ដឹងអំពីច្បាប់ សមត្ថភាពប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការគិតបែបស៊ីជម្រៅ វប្បធម៌ជជែកដេញដោល និងភាពរឹងប៉ឹងផ្ទាល់ខ្លួន ចាំបាច់ត្រូវតែពូនជ្រុំទន្ទឹមគ្នា។
បញ្ចូលទឹកចិត្តស្រឡាញ់មាតុភូមិទៅក្នុងការងារជាក់ស្តែងនីមួយៗ
រឿងរ៉ាវដ៏សំខាន់ក្នុងការអប់រំទឹកចិត្តស្នេហាជាតិសម្រាប់យុវជនជំនាន់ក្រោយ គឺការនាំយកមនោសញ្ចេតនានោះចេញពីពាក្យស្លោកនានា ហើយបង្ហាញឱ្យឃើញតាមរយៈសកម្មភាពនៅក្នុងជីវភាពរស់នៅ។
នោះអាចជាការរៀនសូត្រយ៉ាងម៉ឺងម៉ាត់ ការហ្វឹកហាត់វិជ្ជាជីវៈ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការច្នៃប្រឌិតបច្ចេកវិទ្យា ការបង្កើតមុខរបរអាជីវកម្ម ការពារបរិស្ថាន ការថែរក្សាវប្បធម៌ ការគោរពប្រតិបត្តិច្បាប់ ឬការចូលរួមក្នុងសកម្មភាពសហគមន៍នានា។
និស្សិតម្នាក់ដែលខិតខំប្រឹងប្រែងដើម្បីក្លាយជាពលករដែលមានជំនាញវិជ្ជាជីវៈខ្ពស់; អ្នកវិទ្យាសាស្ត្រម្នាក់ដែលស្វែងរកដំណោះស្រាយសម្រាប់បញ្ហានានារបស់សង្គម; យុវជនម្នាក់ដែលឧទ្ទេសនាមវប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ; ឬសាមញ្ញត្រឹមតែជាពលរដ្ឋម្នាក់ដែលមិនចែកចាយបន្តនូវព័ត៌មានក្លែងក្លាយ មិនប្រមាថមើលងាយអ្នកដទៃ មិនឃុបឃិតជួយផ្សព្វផ្សាយខ្លឹមសារបង្កការបែកបាក់ - សុទ្ធសឹងតែជាសកម្មភាពប្រកបដោយអត្ថន័យចំពោះសហគមន៍។
ទឹកចិត្តស្នេហាជាតិ ហេតុដូច្នេះហើយ មិនមែនជាស្ថានភាពអារម្មណ៍មួយភ្លែតនោះឡើយ។ នោះគឺជាដំណើរការមួយដែលត្រូវបានបង្កើតឡើងចេញពីការយល់ដឹង ត្រូវបានពង្រឹងដោយការទទួលខុសត្រូវ ហើយចុងក្រោយបំផុតគឺត្រូវតែបញ្ជាក់ឱ្យឃើញតាមរយៈសកម្មភាព។
នៅក្នុងអត្ថបទ «យុវជនជាមួយនឹងអនាគតប្រទេសជាតិ» អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ធ្លាប់បានអះអាងថា៖ «ខ្ញុំសង្ឃឹមថា យុវជនវៀតណាមនាពេលបច្ចុប្បន្ន តែងតែចងចាំជានិច្ចថា៖ ការស្នេហាជាតិនៅក្នុងយុគសម័យថ្មី មិនត្រឹមតែបង្ហាញឱ្យឃើញតាមរយៈអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្ហាញឱ្យឃើញតាមរយៈចំណេះដឹង សមត្ថភាពធ្វើសកម្មភាព ស្មារតីដណ្តើមយកកំពូលខ្ពស់ថ្មីៗនៃវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងឆន្ទៈធ្វើជាម្ចាស់លើអនាគតរបស់ប្រទេសជាតិ។ ភាពជោគជ័យចាប់ផ្តើមចេញពីស្មារតីមិនឈប់ឈររៀនសូត្រ មិនឈប់ឈរបំពេញបន្ថែមឱ្យកាន់តែល្អឥតខ្ចោះ មិនឈប់ឈរដាក់ចេញនូវតម្រូវការកាន់តែខ្ពស់ចំពោះខ្លួនឯង។ មិនមានភាពជោគជ័យប្រកបដោយចីរភាពនោះឡើយ ប្រសិនបើខ្វះខាតនូវការពលកម្មយ៉ាងម៉ឺងម៉ាត់; មិនមានសំណង់ការងារធំធេងនោះឡើយ ប្រសិនបើខ្វះខាតនូវការសន្សំសំចុកម្លាំងប្រកបដោយការតស៊ូអត់ធ្មត់; មិនមានសមិទ្ធផលពិតប្រាកដនោះឡើយ ប្រសិនបើគ្រាន់តែផ្អែកលើសំណាង ឬការបំផុសអារម្មណ៍មួយភ្លែតប៉ុណ្ណោះ។ វិថីឈានទៅរកភាពជោគជ័យ ទាមទារទាំងទេពកោសល្យនិងវិន័យ ទាំងភាពក្លៀវក្លានិងភាពស៊ីជម្រៅ ទាំងសេចក្តីប្រាថ្នាដ៏ធំធេងនិងភាពសុភាពរាបសារ ស្មារតីចង់រៀនសូត្រ»។
សារនោះបង្ហាញឱ្យឃើញថា ការស្នេហាជាតិនៅក្នុងយុគសម័យថ្មី គឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងចំណេះដឹង សមត្ថភាពធ្វើសកម្មភាព និងការទទួលខុសត្រូវចំពោះអនាគតរបស់ប្រទេសជាតិ។
ការរក្សាទឹកចិត្តស្រឡាញ់មាតុភូមិឱ្យនៅតែបរិសុទ្ធជានិច្ច ហេតុដូច្នេះហើយ មិនត្រឹមតែជាការថែរក្សាមនោសញ្ចេតនាដ៏ពិសិដ្ឋមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចេះការពារមនោសញ្ចេតនានោះចំពោះមុខការបំភ្លៃ ការឆ្លៀតឱកាសកេងចំណេញ និងផលប៉ះពាល់អវិជ្ជមាននានានៃមជ្ឈដ្ឋានព័ត៌មានទៀតផង។
នៅពេលដែលមនុស្សម្នាក់ៗមានចំណេះដឹងគ្រប់គ្រាន់ដើម្បីកំណត់សម្គាល់ត្រូវ-ខុស មានភាពរឹងប៉ឹងគ្រប់គ្រាន់ដើម្បីកុំឱ្យត្រូវគេដឹកនាំដោយអារម្មណ៍មួយភ្លែត និងមានការទទួលខុសត្រូវគ្រប់គ្រាន់ដើម្បីប្រែក្លាយទឹកចិត្តស្រឡាញ់ប្រទេសជាតិឱ្យទៅជាការងារដ៏មានប្រយោជន៍នានា នោះទឹកចិត្តស្នេហាជាតិនឹងបន្តក្លាយជាប្រភពកម្លាំងស្មារតីប្រកបដោយចីរភាព រួមចំណែកថែរក្សានូវគុណតម្លៃដ៏ល្អផូរផង់របស់ប្រជាជាតិ ព្រមទាំងកសាង និងការពារមាតុភូមិនៅក្នុងយុគសម័យថ្មី៕
ដោយប្រធានបទ “វិន័យ-ទំនួលខុសត្រូវ-សាមគ្គីភាព-អភិវឌ្ឍន៍” មហាសន្និបាតព្រះពុទ្ធសាសនាជាតិលើកទី៩ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅទីក្រុងហាណូយ ដោយមានការចូលរួមពីតំណាងជិត ១.១០០នាក់។ |
មហាសន្និបាតមានភារកិច្ចបូកសរុប និងវាយតម្លៃលើលទ្ធផលរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី៧ អាណត្តិ ២០១៨ - ២០២៣; កសាងទិសដៅ និងភារកិច្ចសម្រាប់ចលនាប្រឡង់ប្រណាំងស្នេហាជាតិក្នុងចំណោមសាសនិក កាតូលិក ក្នុងដំណាក់កាល ២០២៣-២០២៨។ |

មតិពីមិត្តអ្នកអាន