ការបង្រួមគម្លាតអប់រំ៖ គោលនយោបាយត្រូវតែចំចំណុចកកស្ទះ

20:23 | 07/09/2026 ឌឿងង្វៀន

យុគសម័យ - ការធានាឱកាសសិក្សាប្រកបដោយសមធម៌សម្រាប់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល តំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំ និងតំបន់ព្រំដែន មិនអាចគ្រាន់តែផ្អែកលើគំរូវិនិយោគរួមមួយមុខប៉ុណ្ណោះទេ។ ស្ថានភាពជាក់ស្តែងនៅ Lam Dong, Dien Bien, Da Nang ឬ Quang Ninh បង្ហាញឱ្យឃើញថាមូលដ្ឋាននីមួយៗកំពុងប្រឈមមុខនឹងឧបសគ្គខុសៗគ្នា ចាប់ពីកង្វះខាតគ្រូបង្រៀន សាលារៀន បន្ទប់រៀន កន្លែងហូបចុកស្នាក់នៅ រហូតដល់ការចំណាយលើការធ្វើដំណើរ និងវិសាលភាពនៃការទទួលបានផលប្រយោជន៍ពីគោលនយោបាយ។

ខេត្ត Quang Ninh លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសាលារៀន បំពេញបន្ថែមបន្ទប់ចំនួន ១១៦ បម្រើឱ្យភាសាអង់គ្លេស AI STEM សិស្សចំណេះទូទៅទូទាំងប្រទេសនឹងរៀនខ្លឹមសារ AI ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧

មូលដ្ឋាននីមួយៗមានចំណុចកកស្ទះមួយ

បន្ទាប់ពីការរៀបចំអង្គភាពរដ្ឋបាលឡើងវិញ ខេត្ត Lam Dong មាន ១០០/១០៤ អង្គភាពថ្នាក់ឃុំ ចំណុះតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដែលក្នុងនោះមាន ២៧ ឃុំជួបការលំបាកពិសេស ៥ ឃុំព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេស Phu Quy។ ទូទាំងខេត្តបច្ចុប្បន្នមានសិស្សានុសិស្សជនជាតិភាគតិចជាង ១៨២.០០០ នាក់។

ទំហំភូមិសាស្ត្រធំធេង រួមជាមួយចំនួនសិស្សានុសិស្សច្រើន បានធ្វើឱ្យកម្រិតកំហិតជាយូរយារណាស់មកហើយនៅតំបន់ដាច់ស្រយាល ក្លាយជាបញ្ហាប្រឈមផ្ទាល់ចំពោះគោលដៅលើកកម្ពស់គុណភាពអប់រំ និងការធានាឱកាសសិក្សារវាងបណ្តាតំបន់។

យោងតាមលោក Ho Van Muoi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong មូលដ្ឋានបច្ចុប្បន្នកំពុងផ្តោតលើការដោះស្រាយចំណុចកកស្ទះចម្បងចំនួន ៣។

នោះគឺគម្លាតអំពីគុណភាពបង្រៀន និងឧបករណ៍បរិក្ខាររវាងតំបន់អំណោយផល ជាមួយតំបន់ដាច់ស្រយាល តំបន់ព្រំដែន ស្ថានភាពខ្វះខាតគ្រូបង្រៀនលើមុខវិជ្ជាមួយចំនួន ដូចជា ភាសាអង់គ្លេស ព័ត៌មានវិទ្យា តន្ត្រី វិចិត្រសិល្បៈ និងបណ្តាមុខវិជ្ជាសមាហរណកម្ម ព្រមទាំងមូលដ្ឋានសម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធមិនទាន់ឆ្លើយតបនឹងតម្រូវការចាត់តាំងការបង្រៀន ២ ពេលក្នុងមួយថ្ងៃ។

ដើម្បីដោះស្រាយការលំបាកទាំងនេះ ខេត្ត Lam Dong បានអនុវត្តដំណោះស្រាយព្រមៗគ្នាជាច្រើនអំពីកងជួរគ្រូបង្រៀន ដូចជា ការជ្រើសរើស ការចុះកិច្ចសន្យា ការចាត់ចែង ការចាត់បញ្ជូនបណ្តោះអាសន្ន ការចាត់តាំងការបង្រៀនអន្តរសាលា ការលើកកម្ពស់តួនាទីកងជួរគ្រូបង្រៀនស្នូល និងការទាញយកផលពីឯកសារសិក្សាឌីជីថលប្រើប្រាស់រួម។

បណ្តាមូលដ្ឋានចំណុះតំបន់ជួបការលំបាកនៅមានរបាំងជាច្រើនក្នុងការទទួលបានការអប់រំ។
បណ្តាមូលដ្ឋានចំណុះតំបន់ជួបការលំបាកនៅមានរបាំងជាច្រើនក្នុងការទទួលបានការអប់រំ។

នៅក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តគ្រោងនឹងបែងចែកថវិកាជិត ៧.០០០ ពាន់លានដុង ដើម្បីវិនិយោគសាលារៀនអន្តេវាសិក សាលារៀនពាក់កណ្តាលអន្តេវាសិក ឧបករណ៍បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលក្នុងនោះផ្តល់អាទិភាពដល់តំបន់ជនជាតិភាគតិច តំបន់ដាច់ស្រយាល។

ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គចំពោះសិស្សានុសិស្សនៅតំបន់ខ្ពង់រាប មិនគ្រាន់តែស្ថិតនៅក្នុងបន្ទប់រៀនប៉ុណ្ណោះទេ។

ខេត្ត Lam Dong មានស្រះ បឹង ទន្លេ ស្ទឹង និងអាងស្តុកទឹកបម្រើការផលិតជាច្រើន ខណៈពេលដែលមានសាលារៀនប្រមាណតែ ១% ប៉ុណ្ណោះដែលមានអាងហែលទឹក។ ចេញពីស្ថានភាពជាក់ស្តែងនេះ មូលដ្ឋានបានស្នើឱ្យរដ្ឋាភិបាលកសាងគម្រោងបង្ការ និងទប់ស្កាត់ការលង់ទឹកសម្រាប់សិស្សានុសិស្ស ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច។

ប្រសិនបើនៅខេត្ត Lam Dong ការលំបាកបានលេចធ្លោឡើងត្រង់កងជួរគ្រូបង្រៀន ហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌសិក្សា នោះរឿងរ៉ាវនៅខេត្ត Dien Bien បង្ហាញឱ្យឃើញនូវបញ្ហាមួយផ្សេងទៀត៖ មូលដ្ឋានដែលជួបការលំបាកជាក់ស្តែង មិនមែនតែងតែត្រូវគ្នាយ៉ាងពេញលេញជាមួយវិសាលភាពដែលត្រូវបានកំណត់តាមព្រំប្រទល់រដ្ឋបាលនោះឡើយ។

ខេត្ត Dien Bien កំពុងផ្តោតលើការអភិវឌ្ឍប្រព័ន្ធសាលាវិទ្យាល័យជនជាតិអន្តេវាសិកអន្តរកម្រិត សំដៅកែលម្អលក្ខខណ្ឌសិក្សាសម្រាប់សិស្សានុសិស្សនៅតំបន់ខ្ពង់រាប និងតំបន់ព្រំដែន។

ខេត្តត្រូវបានកំណត់ផែនការវិនិយោគសាលារៀនចំនួន ១៥ ដែលក្នុងនោះដំណាក់កាលដំបូងផ្តោតលើការអនុវត្តចំនួន ១០ សាលា។ នៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ Si Pa Phin គំរូចាត់តាំងការសិក្សា និងការហូបចុកស្នាក់នៅរួម បានរួមចំណែកកាត់បន្ថយឧបសគ្គដោយសារចម្ងាយភូមិសាស្ត្រ ព្រមទាំងបង្កើតលក្ខខណ្ឌកាន់តែងាយស្រួលសម្រាប់គ្រូបង្រៀនបំពេញការងារ។

ចំណុចគួរកត់សម្គាល់នោះគឺ ការលំបាករបស់ខេត្ត Dien Bien មិនគ្រាន់តែស្ថិតនៅលើ ១៥ ឃុំព្រំដែនប៉ុណ្ណោះទេ។

យោងតាមលោក Le Van Luong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien នៅលើភូមិសាស្ត្រខេត្តនៅមានឃុំតំបន់ដាច់ស្រយាលជាច្រើន ដែលមានលក្ខខណ្ឌសេដ្ឋកិច្ច-សង្គមជួបការលំបាកពិសេស ប៉ុន្តែមិនស្ថិតនៅលើខ្សែបន្ទាត់ព្រំដែនដោយផ្ទាល់។

ហេតុដូច្នេះហើយ មូលដ្ឋានបានស្នើឱ្យមជ្ឈិម រដ្ឋាភិបាល និងបណ្តាក្រសួង ស្ថាប័ន ពិចារណាគាំទ្រការវិនិយោគសាលាវិទ្យាល័យអន្តេវាសិកអន្តរកម្រិតនៅតំបន់ទាំងនេះ។

ស្ថានភាពជាក់ស្តែងនោះបង្ហាញឱ្យឃើញថា នៅពេលកំណត់មូលដ្ឋានអាទិភាពវិនិយោគ បន្ថែមលើលក្ខណៈវិនិច្ឆ័យអំពីទីតាំងភូមិសាស្ត្រ ចាំបាច់ត្រូវគិតគូរដល់កម្រិតលំបាកជាក់ស្តែង និងសមត្ថភាពទទួលបានការអប់រំរបស់សិស្សានុសិស្ស។

ប្រសិនបើគ្រាន់តែផ្អែកលើព្រំប្រទល់រដ្ឋបាល តំបន់មួយចំនួនដែលមានលក្ខខណ្ឌប្រហាក់ប្រហែល ឬថែមទាំងលំបាកជាង ក៏នៅតែអាចស្ថិតនៅក្រៅវិសាលភាពនៃគោលនយោបាយគាំទ្រផងដែរ។

គោលនយោបាយចាំបាច់ត្រូវរៀបចំឡើងតាមតម្រូវការនីមួយៗ

បន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយខេត្ត Quang Nam ទីក្រុង Da Nang ត្រូវដោះស្រាយបញ្ហាគម្លាតអប់រំនៅក្នុងដែនគ្រប់គ្រងមួយដែលធំទូលាយជាងមុនយ៉ាងគួរឱ្យកត់សម្គាល់។

នៅក្នុងទីក្រុងតែមួយនាពេលបច្ចុប្បន្ន មានទាំងតំបន់ទីប្រជុំជនអភិវឌ្ឍ និងតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល ដែលមានលក្ខខណ្ឌសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពទទួលបានការអប់រំខុសគ្នាស្រឡះ។

យោងតាមលោក Nguyen Manh Hung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ទីក្រុងបានប្រកាសឱ្យប្រើប្រាស់សេចក្តីសម្រេចចិត្តឯកទេសថ្មីចំនួន ១៣ ស្តីពីការអប់រំ និងបណ្តុះបណ្តាល។

ជំនួសឱ្យការផ្តោតលើគោលនយោបាយរួមមួយមុខ ប្រភពធនធានត្រូវបានបែងចែកទៅតាមក្រុមតម្រូវការជាក់ស្តែងនីមួយៗ។

ក្នុងនោះ ថវិកាជាង ១៥០ ពាន់លានដុង ត្រូវបានបម្រុងទុកដើម្បីគាំទ្រសៀវភៅពុម្ព ប្រមាណ ៥០ ពាន់លានដុង គាំទ្រការអភិវឌ្ឍការអប់រំកុមារតូចនៅតំបន់ឧស្សាហកម្ម តំបន់កែច្នៃនាំចេញ ប្រមាណ ៧០ ពាន់លានដុង គាំទ្រទឹកដោះគោសម្រាប់កុមារតូច និងសិស្សបឋមសិក្សានៅតំបន់ជួបការលំបាក តំបន់ជនជាតិភាគតិច។

ទីក្រុងក៏បានបម្រុងទុកថវិកាប្រមាណ ៦០ ពាន់លានដុង ដើម្បីគាំទ្រកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន បុគ្គលិក និងពលករនៅតាមបណ្តាសាលាវិទ្យាល័យជនជាតិអន្តេវាសិក និងបណ្តាឃុំព្រំដែន។

ដំណាក់កាល ២០២៦-២០៣០ ទីក្រុង Da Nang គ្រោងនឹងកៀរគរថវិកាជាង ២៨.០០០ ពាន់លានដុង ដើម្បីលើកកម្ពស់កម្រិត ពង្រីកបណ្តាញសាលារៀន បន្ទប់រៀន និងឧបករណ៍បរិក្ខារ ដោយខិតខំប្រឹងប្រែងឱ្យសម្រេចបានយ៉ាងហោចណាស់ ៨០% នៃគ្រឹះស្ថានអប់រំចំណេះទូទៅសម្រេចបានស្តង់ដារជាតិ នៅត្រឹមឆ្នាំ ២០៣០។

មូលដ្ឋាននីមួយៗចាំបាច់ត្រូវមានរូបមន្តដោយឡែករៀងៗខ្លួន ដើម្បីបង្រួមគម្លាតនៅក្នុងវិស័យអប់រំ។
មូលដ្ឋាននីមួយៗចាំបាច់ត្រូវមានរូបមន្តដោយឡែករៀងៗខ្លួន ដើម្បីបង្រួមគម្លាតនៅក្នុងវិស័យអប់រំ។

នៅក្នុងការបែងចែកប្រភពធនធាន ទីក្រុងបានកំណត់អាទិភាពសម្រាប់តំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល និងបណ្តាមូលដ្ឋានដែលមានលក្ខខណ្ឌជួបការលំបាកពិសេស ព្រមទាំងវិនិយោគបន្ទប់រៀនឯកទេស បណ្ណាល័យវៃឆ្លាត ហេដ្ឋារចនាសម្ព័ន្ធសាលារៀនឌីជីថល និងបន្តដោះស្រាយស្ថានភាពខ្វះខាតគ្រូបង្រៀនជាលក្ខណៈមូលដ្ឋាន។

រួមទិសដៅឆ្ពោះទៅកាន់ការនាំយកប្រភពធនធានដោយផ្ទាល់ដល់ក្រុមដែលជួបការលំបាកខ្លាំង ខេត្ត Quang Ninh បានជ្រើសរើសវិធីសាស្ត្រគាំទ្រឱ្យកាន់តែកៀកជិតនឹងការចំណាយនានាដែលផ្សារភ្ជាប់ដោយផ្ទាល់ជាមួយការទៅរៀន។

យោងតាមលោក Bui Van Khang ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ក្នុងឆ្នាំសិក្សានីមួយៗ ខេត្តបានបែងចែកថវិកាជិត ១.០០០ ពាន់លានដុង សម្រាប់បណ្តាគោលនយោបាយអប់រំជាក់លាក់។

កុមារតូច និងសិស្សានុសិស្សប្រមាណ ៣៦.៩០០ នាក់ នៅតាមគ្រឹះស្ថានអប់រំចំនួន ១១៦ ចំណុះតំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំ ព្រំដែន និងកោះសមុទ្រ ត្រូវបានគាំទ្រប្រាក់អាហារថ្ងៃត្រង់។

សិស្សានុសិស្ស និងសិក្ខាកាមប្រមាណ ៨.១០០ នាក់ ដែលមានលក្ខខណ្ឌធ្វើដំណើរជួបការលំបាក ត្រូវបានគាំទ្រការចំណាយលើការហូបចុក ស្នាក់នៅរួម និងមធ្យោបាយធ្វើដំណើរជូនដំណើរ។

ខេត្តក៏បានបម្រុងទុកបណ្តាគោលនយោបាយគាំទ្រសម្រាប់សិស្សដែលមានកាលៈទេសៈពិសេស សិស្សជួបវិបត្តិ និងកងជួរអ្នកកំពុងបំពេញការងារនៅតាមគ្រឹះស្ថានអប់រំនានា។

ប្រសិនបើយើងមើលក្រោមមុំនៃគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធធំមួយ ខ្ទង់ចំណាយគាំទ្រសម្រាប់អាហារ កន្លែងស្នាក់នៅ ឬមធ្យោបាយដឹកជញ្ជូន ប្រហែលជាមិនមែនជាប្រភពថវិកាធំធេងពេកនោះទេ។ ប៉ុន្តែសម្រាប់សិស្សានុសិស្សនៅតំបន់ឆ្ងាយពីសាលារៀន គមនាគមន៍ជួបការលំបាក ឬក្រុមគ្រួសារនៅមានការខ្វះខាតច្រើន ទាំងនេះបែរជាកត្តាដែលជះឥទ្ធិពលដោយផ្ទាល់ដល់លទ្ធភាពបន្តការសិក្សាទៅវិញ។

នៅកន្លែងជាច្រើន គម្លាតអប់រំមិនមែនចាប់ផ្តើមពីគុណភាពកម្មវិធី ឬឧបករណ៍បរិក្ខារទំនើបនោះទេ ប៉ុន្តែចាប់ផ្តើមពីរឿងរ៉ាវដ៏សាមញ្ញបំផុត៖ តើសិស្សានុសិស្សមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទៅសាលារៀនឬអត់ មានកន្លែងហូបចុកស្នាក់នៅសមស្របឬអត់ ក្រុមគ្រួសារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរ៉ាប់រងបណ្តាការចំណាយដែលផ្សារភ្ជាប់នឹងការរៀនសូត្រឬអត់។

ស្ថានភាពជាក់ស្តែងនៅបណ្តាមូលដ្ឋានបង្ហាញឱ្យឃើញថា ទោះបីជាមានគោលដៅរួមគ្នាក្នុងការបង្រួមគម្លាតអប់រំក៏ដោយ ប៉ុន្តែមិនអាចអនុវត្តរូបមន្តរួមមួយសម្រាប់គ្រប់ទីកន្លែងបានឡើយ។

នៅខេត្ត Lam Dong បញ្ហាដែលលេចធ្លោឡើង គឺកងជួរគ្រូបង្រៀន មូលដ្ឋានសម្ភារៈ និងលក្ខខណ្ឌចាត់តាំងការបង្រៀន។ នៅខេត្ត Dien Bien បញ្ហានៅស្ថិតត្រង់ការកំណត់ឱ្យចំមុខសញ្ញា មូលដ្ឋានដែលត្រូវផ្តល់អាទិភាពវិនិយោគ។ នៅទីក្រុង Da Nang បញ្ហាប្រឈម គឺការបែងចែកប្រភពធនធាននៅក្នុងដែនគ្រប់គ្រងមួយដែលមានកម្រិតអភិវឌ្ឍខុសគ្នាស្រឡះ។ រីឯនៅខេត្ត Quang Ninh គោលនយោបាយបែរជាឈានចូលកាន់តែស៊ីជម្រៅទៅលើការចំណាយហូបចុក ស្នាក់នៅ និងការធ្វើដំណើររបស់ក្រុមសិស្សនីមួយៗ។

ប្រភពធនធាននៅតែជាលក្ខខណ្ឌដ៏សំខាន់ដើម្បីបង្រួមគម្លាត ប៉ុន្តែប្រសិទ្ធភាពចុងក្រោយអាស្រ័យលើការដែលថាតើគោលនយោបាយកំណត់បានចំចំណុចកកស្ទះឬអត់។

នៅពេលដែលលក្ខខណ្ឌសេដ្ឋកិច្ច-សង្គម ភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពទទួលបានការអប់រំរវាងបណ្តាតំបន់នៅតែមានភាពខុសគ្នា នោះវិធីសាស្ត្រវិនិយោគ និងការគាំទ្រក៏ចាំបាច់ត្រូវតែមានភាពបត់បែនគ្រប់គ្រាន់ ដើម្បីសមស្របទៅនឹងក្រុមសិស្សនីមួយៗ និងមូលដ្ឋាននីមួយៗ។

ការបង្រួមគម្លាតអប់រំ ហេតុដូច្នេះហើយ មិនគ្រាន់តែជាការនាំយកបន្ថែមនូវប្រភពធនធានទៅកាន់តំបន់លំបាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរៀបចំគោលនយោបាយយ៉ាងណាឱ្យប្រភពធនធាននោះដោះស្រាយបានចំនូវឧបសគ្គដែលកំពុងរារាំងសិស្សានុសិស្សមិនឱ្យទទួលបានឱកាសរៀនសូត្រ។

លុះត្រាតែភាពជួបការលំបាកអំពីកន្លែងស្នាក់នៅ ភូមិសាស្ត្រ លក្ខខណ្ឌសេដ្ឋកិច្ច សាលារៀន បន្ទប់រៀន និងកងជួរគ្រូបង្រៀន ត្រូវបានដោះស្រាយស្របតាមតម្រូវការជាក់ស្តែង ទើបគម្លាតអំពីឱកាសអប់រំរវាងបណ្តាតំបន់អាចត្រូវបានបង្រួមជាបណ្តើរៗ៕

សំណើ​អត្រា​ប្រាក់ឧបត្ថម្ភ​អនុគ្រោះ​សម្រាប់​សមាជិក​សាស្ត្រាចារ្យ​ពេញម៉ោង សំណើ​អត្រា​ប្រាក់ឧបត្ថម្ភ​អនុគ្រោះ​សម្រាប់​សមាជិក​សាស្ត្រាចារ្យ​ពេញម៉ោង
យុគសម័យ - ក្រសួងអប់រំ និងបណ្តុះបណ្តាលកំពុងស្វែងរកមតិយោបល់លើសេចក្តីព្រាងក្រឹត្យស្តីពីការគ្រប់គ្រងសាស្ត្រាចារ្យពេញម៉ោងនៅក្នុងស្ថាប័នអប់រំវិជ្ជាជីវៈ និងស្ថាប័នឧត្តមសិក្សា។
នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន
យុគសម័យ - ចលនា “ផែនការតូច” បានចាប់កំណើតឡើងតាំងពីឆ្នាំ ១៩៥៨ ក្រោមការបំផុសឡើងដោយអង្គការក្រុមយុវជនវៀតណាមវ័យក្មេងហូជីមិញ ដែលចេញមកពីគំនិតផ្ដួចផ្ដើមរបស់កុមារនៅទីក្រុង ហាយហ្វុង (Hai Phong) និងទីរួមខេត្ត សើនតី (Son Tay)។ កាលពីដំបូងឡើយ ប្អូនៗបានប្រមូលសំណល់ក្រដាស អេតចាយ និងបង្កបង្កើនផលតូចតាច... ដើម្បីបង្កើតមូលនិធិសម្រាប់បម្រើដល់សំណង់រួមនានា និងជួយដល់កុមារដែលមានជីវភាពខ្វះខាត។ ចលនានេះបានរីកសុះសាយយ៉ាងឆាប់រហ័ស និងក្លាយជាវិធីសាស្ត្រអប់រំដ៏មានអត្ថន័យ ដែលត្រូវបានរក្សាជានិរន្តរភាពឆ្លងកាត់ច្រើនជំនាន់។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ចេញពីការចងចាំរបស់សាក្សី តាមរកដានស្នាមយុទ្ធជនពលី
ខេត្ត An Giang ចេញដំណើរស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា
ការបង្រួមគម្លាតអប់រំ៖ គោលនយោបាយត្រូវតែចំចំណុចកកស្ទះ
ការធ្វើបរិវត្តកម្មឌីជីថលឈានចូលការសាកល្បងនៃប្រសិទ្ធភាពជាក់ស្តែង
ការពិនិត្យព្យាបាលជំងឺ និងជូនអំណោយដល់បងប្អូនដើមកំណើតវៀតណាម និងប្រជាជនក្រីក្រចំនួន ៥០០ នាក់ នៅខេត្ត Siem Reap

អានច្រើនបំផុត

ការទាក់ទាញធនធានមនុស្សឆ្នើមផ្នែកបច្ចេកវិទ្យាយុទ្ធសាស្ត្រ៖ មិនត្រឹមតែតាមរយៈប្រាក់បៀវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសិទ្ធិអំណាច និងបរិយាកាសការងារ
ពីរដូវស្លឹកឈើជ្រុះឯករាជ្យ ដល់សេចក្តីប្រាថ្នាវៀតណាមខ្លាំងមាំមួន
វាយតម្លៃកម្មាភិបាលរៀងរាល់ត្រីមាស ដើម្បីត្រួតពិនិត្យសម្រិតសម្រាំងតាមរយៈប្រសិទ្ធភាពជាក់ស្តែង
ទីក្រុង Hai Phong បង្កើនការគាំទ្រការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់
ដោះស្រាយការស្ទះស្ទះនៃស្ថាប័ន បើកច្រកប្រភពធនធានសម្រាប់ការអភិវឌ្ឍ