យុគសម័យ - ៨១ ឆ្នាំក្រោយរដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រឆ្នាំ ១៩៤៥ ស្មារតីអង់អាចនៃបដិវត្តន៍ខែសីហានៅតែជាប្រភពកម្លាំងចិត្តដែលជំរុញឱ្យប្រជាជាតិវៀតណាមបោះជំហានយ៉ាងរឹងមាំលើដំណើរផ្លូវអភិវឌ្ឍន៍ ម្ចាស់ការ ខ្លាំងមាំមួន និងវិបុលភាព។
![]() |
| រថយន្តគំរូប្លង់និមិត្តសញ្ញាខួប ៨០ ឆ្នាំនៃទិវាជោគជ័យបដិវត្តន៍ខែសីហា និងបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ |
ពីរដូវស្លឹកឈើជ្រុះឯករាជ្យ…
នារដូវស្លឹកឈើជ្រុះឆ្នាំ ១៩៤៥ Ha Noi បានគ្របដណ្តប់ទៅដោយពណ៌ទង់ក្រហមផ្កាយមាស។ ចេញពីបណ្តាដងវិថីដូចជា Hang Dao, Hang Ngang, Hang Duong... ជួរមនុស្សបានបន្តគ្នាយ៉ាងវែងអន្លាយក្នុងសូរសំឡេងស្គរ សូរសំឡេងស្រែកហ៊ោ ក្លាយជាសេចក្តីប្រាថ្នារួមក្នុងការដណ្តើមយកឯករាជ្យ និងសេរីភាព។
ចេញពី Ha Noi ស្មារតីបដិវត្តន៍បានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ Hue, Sai Gon និងតាមបណ្តាមូលដ្ឋានជាច្រើននៅទូទាំងប្រទេស។ ត្រឹមតែក្នុងរយៈពេលដ៏ខ្លី រដ្ឋអំណាចនៅស្ទើរតែគ្រប់មូលដ្ឋានត្រូវបានធ្លាក់មកក្នុងកណ្តាប់ដៃរបស់ប្រជាជន។ បដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ បានកម្ទេចនឹមត្រួតត្រារបស់អាណានិគមនិយម និងហ្វាស៊ីស ដោយនាំយកប្រជាជាតិវៀតណាមពីស្ថានភាពជាប្រទេសអាណានិគម ឱ្យក្លាយជាប្រទេសជាតិឯករាជ្យមួយ។
នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលាន Ba Dinh លោកប្រធាន Ho Chi Minh បានអានសេចក្តីប្រកាសឯករាជ្យ ដោយបង្កើតឡើងនូវប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ដែលជារដ្ឋរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។
ប៉ុន្តែ ឯករាជ្យភាពដ៏ក្មេងខ្ចីភ្លាមៗនោះ ត្រូវប្រឈមមុខនឹងការសាកល្បងរាប់មិនអស់។ គ្រោះទុរភិក្ស ភាពមិនចេះអក្សរ ការលំបាកផ្នែកហិរញ្ញវត្ថុ ការបំផ្លិចបំផ្លាញពីកម្លាំងខាងក្រៅ និងហានិភ័យនៃសង្គ្រាមបានគំរាមកំហែងដល់ជោគវាសនារបស់ប្រទេសជាតិ។ ជាមួយនឹងស្មារតី «សុខចិត្តលះបង់អ្វីៗទាំងអស់ ជាជាងបាត់បង់ប្រទេសជាតិ ជាជាងធ្វើជាខ្ញុំកញ្ជះគេ» ប្រជាជនទាំងមូលបានឈានចូលក្នុងសមរភូមិតស៊ូដ៏យូរអង្វែង។
នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៤៦ ការតស៊ូទូទាំងប្រទេសប្រឆាំងនឹងអាណានិគមនិយមបារាំងបានផ្ទុះឡើង។ ការតស៊ូរយៈពេលប្រាំបួនឆ្នាំ គឺជាប្រាំបួនឆ្នាំនៃឆន្ទៈ សេចក្តីក្លាហាន និងកម្លាំងមហាសាមគ្គីជាតិទាំងមូល។ ចាប់តាំងពីបណ្តាថ្ងៃដំបូងដ៏លំបាកវេទនា កងទ័ព និងប្រជាជនវៀតណាមបានប្តូរជាបណ្តើរៗពីជំហរការពារទៅជាការវាយបកវិញ ដោយបង្កើតបាននូវជ័យជម្នះសំខាន់ៗជាច្រើន ដែលកំពូលគឺមហាជ័យជម្នះ Dien Bien Phu «ល្បីរន្ទឺពេញទ្វីបទាំងប្រាំ ញាប់ញ័ររញ្ជួយពិភពលោក» នាថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤។
ជ័យជម្នះនេះបានបង្ខំឱ្យអាណានិគមនិយមបារាំងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ក្នុងខែកក្កដា ឆ្នាំ ១៩៥៤ ដោយបញ្ចប់សង្គ្រាម និងស្តារសន្តិភាពឡើងវិញនៅឥណ្ឌូចិន។ ភាគខាងជើងត្រូវបានរំដោះទាំងស្រុង ដោយឈានចូលដំណាក់កាលស្តារឡើងវិញ កសាង និងក្លាយជាសមរភូមិក្រោយដ៏ធំធេងសម្រាប់បុព្វហេតុនៃការតស៊ូបង្រួបបង្រួមប្រទេសជាតិ។
ប៉ុន្តែ ទឹកដីមាតុភូមិនៅតែត្រូវបានបែងចែកជាបណ្តោះអាសន្ន។ ចាប់ពីឆ្នាំ ១៩៥៤ ប្រជាជនវៀតណាមបានបន្តការតស៊ូថ្មីមួយជាមួយនឹងគោលដៅបង្រួបបង្រួមប្រទេសជាតិ។ ភាគខាងជើងទាំងកសាងសង្គមនិយម ទាំងជួយឧបត្ថម្ភកម្លាំងមនុស្ស និងកម្លាំងទ្រព្យសម្បត្តិដល់ភាគខាងត្បូង ចំណែកភាគខាងត្បូងបានតស៊ូយ៉ាងអង់អាចប្រឆាំងនឹងអាមេរិក និងរដ្ឋអំណាច Sai Gon។
សង្គ្រាមជាងពីរទសវត្សរ៍បានបន្តសាកល្បងភាពស៊ូទ្រាំ និងឆន្ទៈរបស់ប្រជាជាតិ។ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន។ យុទ្ធនាការ Ho Chi Minh ទទួលបានជ័យជម្នះទាំងស្រុង ភាគខាងត្បូងត្រូវបានរំដោះ សង្គ្រាមត្រូវបានបញ្ចប់ ហើយទឹកដីមាតុភូមិត្រូវបានបង្រួបបង្រួមតែមួយ។ ប្រទេសជាតិបានឈានចូលជាផ្លូវការនូវដំណាក់កាលនៃការកសាងប្រទេសវៀតណាមឯកភាពមួយ។
សន្តិភាពបានបើកចេញនូវកាលានុវត្តភាពដ៏ធំធេង ប៉ុន្តែការលំបាកនៃសម័យក្រោយសង្គ្រាមក៏មានភាពធ្ងន់ធ្ងរខ្លាំងផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តត្រូវបានបំផ្លិចបំផ្លាញ សេដ្ឋកិច្ចអសន្តុល ជីវភាពរស់នៅរបស់ប្រជាជននៅតែខ្វះខាត រួមជាមួយផលប៉ះពាល់ដ៏ស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ។ នៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ និងដើមទសវត្សរ៍ឆ្នាំ ១៩៨០ ប្រទេសជាតិត្រូវប្រឈមមុខនឹងការសាកល្បងដ៏តានតឹងជាច្រើន។
ក្នុងកាលៈទេសៈនោះ តម្រូវការនៃការផ្លាស់ប្តូរថ្មីខាងផ្នត់គំនិត និងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដ៏សមស្របមួយ បានក្លាយជាការបន្ទាន់យ៉ាងខ្លាំង។
… ដល់សេចក្តីប្រាថ្នានៃការឈានឡើង
មហាសន្និបាតលើកទី ៦ របស់បក្ស នាខែធ្នូ ឆ្នាំ ១៩៨៦ បានបើកចេញនូវបុព្វហេតុផ្លាស់ប្តូរថ្មី។ ចាប់ពីពេលនេះ ប្រទេសវៀតណាមបានដោះស្រាយជាបណ្តើរៗនូវបណ្តារបាំងឧបសគ្គ ផ្លាស់ប្តូរផ្នត់គំនិតនៃការអភិវឌ្ឍ លើកកម្ពស់កម្លាំងផ្ទៃក្នុង និងធ្វើសមាហរណកម្មជាមួយពិភពលោកប្រកបដោយភាពម្ចាស់ការ។
សែសិបឆ្នាំនៃការផ្លាស់ប្តូរថ្មី គឺជាដំណាក់កាលមួយដែលមានអត្ថន័យដ៏ពិសេសក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ចេញពីខឿនសេដ្ឋកិច្ចមួយដ៏ក្រីក្រ និងយឺតយ៉ាវ ប្រទេសវៀតណាមបានឈានឡើងជាបណ្តើរៗ ក្លាយជាខឿនសេដ្ឋកិច្ចមួយប្រកបដោយភាពរស់រវើក មានភាពបើកចំហខ្ពស់ និងកាន់តែផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចពិភពលោក។
ការផ្លាស់ប្តូរទាំងនេះ មិនត្រឹមតែបង្ហាញតាមរយៈទំហំនៃខឿនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈគុណភាពជីវភាពរស់នៅរបស់ប្រជាជនទៀតផង។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់បានកើនឡើងយ៉ាងខ្លាំង រចនាសម្ព័ន្ធសេដ្ឋកិច្ចមានការផ្លាស់ប្តូរតាមទិសដៅទំនើប អត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងគំហុក លទ្ធភាពទទួលបានអគ្គិសនី ទឹកស្អាត ការអប់រំ និងសេវាសុខាភិបាល ត្រូវបានកែលម្អយ៉ាងច្បាស់ក្រឡែត។
ប្រសិនបើក្នុងឆ្នាំ ១៩៨៦ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់របស់វៀតណាម ស្ថិតក្នុងកម្រិតជាង ១០០ ដុល្លារអាមេរិកប៉ុណ្ណោះ នោះរហូតដល់ឆ្នាំ ២០២៥ បានកើនឡើងដល់ប្រមាណ ៥.០០០ ដុល្លារអាមេរិក។ អត្រាភាពក្រីក្រពីជាង ៥៨% នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ១,១% ក្នុងឆ្នាំ ២០២៥។
តួលេខទាំងនោះ មិនត្រឹមតែជាសូចនាករសេដ្ឋកិច្ចប៉ុណ្ណោះទេ។ នៅពីក្រោយនោះ គឺជាការផ្លាស់ប្តូរអំពីជីវភាពរស់នៅ ឱកាស និងជំនឿទុកចិត្តរបស់ប្រជាជនរាប់សិបលាននាក់។
ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច ការអប់រំ សុខាភិបាល និងការធានាសិទ្ធិមនុស្ស បានបន្តមានជំហានរីកចម្រើនទៅមុខ។ ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម កាន់តែត្រូវបានលើកកម្ពស់ជាលំដាប់។
ក្រឡេកមើលឡើងវិញនូវដំណាក់កាលនោះ អ្វីដែលគួរឱ្យកោតសរសើរ មិនត្រឹមតែជាសមិទ្ធផលខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភាពចាស់ទុំខាងភាពអង់អាច ឆន្ទៈរឹងមាំម្ចាស់ការលើខ្លួនឯង និងសេចក្តីប្រាថ្នានៃការឈានឡើងរបស់ប្រជាជាតិទាំងមូល។
ដំណើរផ្លូវខាងមុខ កំពុងដាក់ចេញនូវតម្រូវការថ្មីៗ។ ការប្រកួតប្រជែងអន្តរជាតិកាន់តែមានភាពតានតឹង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ការប្រែប្រួលអាកាសធាតុបង្កើតនូវបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក។ គំរូនៃកំណើន សមត្ថភាពអភិបាលកិច្ច គុណភាពធនធានមនុស្ស និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច សុទ្ធតែត្រូវការបន្តការផ្លាស់ប្តូរថ្មី។
ក្នុងបរិបទនោះ ស្មារតីអង់អាចនៃបដិវត្តន៍ខែសីហា មិនត្រឹមតែជាអនុស្សាវរីយ៍ដ៏អង់អាចក្លាហានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវប្រែក្លាយទៅជាសកម្មភាពជាក់ស្តែងក្នុងពេលបច្ចុប្បន្ន។
នោះគឺជាស្មារតីធ្វើការងារប្រកបដោយការទទួលខុសត្រូវ និងភាពច្នៃប្រឌិតរបស់ពលករ ជាសេចក្តីប្រាថ្នានៃការឈានឡើងរបស់សហគ្រាស ជាសមត្ថភាពផ្លាស់ប្តូរថ្មី ហ៊ានគិត ហ៊ានធ្វើរបស់ជួរកម្មាភិបាល និងជាភាពម្ចាស់ការរបស់យុវជនជំនាន់ក្រោយចំពោះមុខបណ្តាកាលានុវត្តភាពដែលនាំមកដោយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសមាហរណកម្ម។
ប្រសិនបើជំនាន់បុព្វការីជនបានដណ្តើមយកឯករាជ្យ នោះជំនាន់សព្វថ្ងៃនេះមានទំនួលខុសត្រូវក្នុងការកសាងឋានៈដ៏សក្តិសមមួយសម្រាប់វៀតណាមនៅក្នុងសហគមន៍អន្តរជាតិ។
សេចក្តីប្រាថ្នាវៀតណាមខ្លាំងមាំមួន ហេតុដូច្នេះហើយ មិនមែនជាពាក្យស្លោកដ៏ឆ្ងាយដាច់ស្រយាលនោះឡើយ។ នោះគឺជាសេចក្តីប្រាថ្នាអំពីប្រទេសជាតិមួយដែលអភិវឌ្ឍ ជាទីកន្លែងដែលប្រជាជនមានជីវភាពរស់នៅប្រកបដោយភាពកក់ក្តៅ ឆ្អែតឆ្អន់ សុភមង្គល កុមារទទួលបានការរៀនសូត្រ ប្រជាជនទទួលបានសេវាសុខាភិបាលល្អៗ អ្នកវិទ្យាសាស្ត្រមានបរិយាកាសច្នៃប្រឌិត ពាណិជ្ជករមានលក្ខខណ្ឌធ្វើអាជីវកម្ម និងលះបង់ ហើយជនងាយរងគ្រោះត្រូវបានយកចិត្តទុកដាក់ និងមិនត្រូវបានទុកចោលនៅពីក្រោយ។
នោះក៏ជាប្រទេសវៀតណាមមួយដែលចេះថែរក្សាអត្តសញ្ញាណវប្បធម៌ ការពារបរិស្ថាន អភិវឌ្ឍប្រកបដោយចីរភាព និងមានទំនួលខុសត្រូវចំពោះសន្តិភាព និងវិបុលភាពរួមរបស់មនុស្សជាតិ។
ចេញពីស្មារតីអង់អាចនៃរដូវស្លឹកឈើជ្រុះឆ្នាំ ១៩៤៥ ប្រជាជាតិវៀតណាមបានឆ្លងកាត់ដំណើរផ្លូវដ៏វែងឆ្ងាយមួយ ជាមួយនឹងការសាកល្បងជាច្រើន និងសមិទ្ធផលដ៏ធំធេង។ ដំណាក់កាលនីមួយៗសុទ្ធតែបានបន្សល់ទុកនូវមេរៀនអំពីឆន្ទៈ ស្មារតីស្នេហាជាតិ ស្មារតីសាមគ្គីភាព និងសមត្ថភាពជំនះពុះពារលើឧបសគ្គ។
ថ្ងៃនេះ នៅពេលដែលប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ បណ្តាតម្លៃទាំងនោះកាន់តែត្រូវការត្រូវបានដាស់តឿនឡើងយ៉ាងខ្លាំងក្លា។
យុគសម័យថ្មីត្រូវបានកំណត់ថាជាយុគសម័យអភិវឌ្ឍន៍របស់ប្រជាជាតិ ជាមួយនឹងគោលដៅរហូតដល់ឆ្នាំ ២០៣០ វៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ មានឧស្សាហកម្មទំនើប ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងរហូតដល់ឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់។ នោះគឺជាគោលដៅដ៏ធំធេង ដែលទាមទារមិនត្រឹមតែប្រភពធនធានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេចក្តីប្រាថ្នាដ៏ធំធេងផងដែរ។
កាលពី ៨១ ឆ្នាំមុន ប្រជាជាតិទាំងមូលបានក្រោកឈរឡើងព្រមៗគ្នាដើម្បីដណ្តើមយកឯករាជ្យក្នុងរដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រមួយ។ ថ្ងៃនេះ ក៏ចេញពីកម្លាំងមហាសាមគ្គីនោះដែរ វៀតណាមកំពុងឈរនៅចំពោះមុខរដូវស្លឹកឈើជ្រុះថ្មីមួយនៃសេចក្តីប្រាថ្នាអភិវឌ្ឍន៍។
ស្មារតីអង់អាចនៃបដិវត្តន៍ខែសីហានឹងបន្តជាប្រភពថាមពលខាងផ្លូវចិត្តដែលត្រូវបានផ្ទេរតវេនឆ្លងកាត់បណ្តាជំនាន់ ដើម្បីឱ្យជនជាតិវៀតណាមម្នាក់ៗកាន់តែមានទំនុកចិត្ត ភាពម្ចាស់ការ ភាពខ្លួនទីពឹងខ្លួន រឹងមាំលើខ្លួនឯង រួមគ្នារួមចំណែកកម្លាំងកាយចិត្តដើម្បីនាំយកប្រទេសជាតិបោះជំហានទៅមុខឱ្យកាន់តែលឿន កាន់តែឆ្ងាយ នៅលើដំណើរផ្លូវនៃការកសាងប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន សម្បូរសប្បាយ ស៊ីវិល័យ និងវិបុលភាព៕
យុគសម័យ - ចាប់ផ្តើមសកម្មភាពនានាក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសយើង បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងស្តូបមិត្តភាព កម្ពុជា - វៀតណាម។ |
យុគសម័យ - ទើបតែត្រឡប់មកពីទីក្រុងញូវយ៉កវិញ ក្រោយពេលចូលរួមមហាសន្និបាតបណ្តាប្រទេសជាសមាជិកអនុសញ្ញាច្បាប់សមុទ្រលើកទី ៣៦ ព្រមទាំងត្រូវបានបោះឆ្នោតជ្រើសរើសជាចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh បានចែករំលែកជាមួយកាសែតពិភពលោកនិងវៀតណាម (TG&VN) នូវចំណាប់អារម្មណ៍ និងការទទួលខុសត្រូវនៅពេលទទួលរ៉ាប់រងភារកិច្ចថ្មី។ |

មតិពីមិត្តអ្នកអាន