ទីក្រុង Da Nang មានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន

10:43 | 02/11/2026 ឌឹកអាញ់

យុគសម័យ - ថ្ងៃទី ២៩ ខែតុលា ក្នុងពិធីទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំទីក្រុង Da Nang បានសម្តែងនូវបំណងប្រាថ្នាចង់ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ ការតភ្ជាប់កម្មាភិបាលវ័យក្មេង និងជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស បរិវត្តកម្មឌីជីថល ទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរប្រជាជន។

ខេត្ត Lam Dong - Mondulkiri ពង្រឹងការសម្របសម្រួលការពារព្រំដែន វៀតណាម - កម្ពុជា៖ ៦០ ឆ្នាំនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង Da Nang លោក Nguyen Khac Toan ទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងគណបក្សប្រជាជនកម្ពុជា។
អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង Da Nang លោក Nguyen Khac Toan ទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងគណបក្សប្រជាជនកម្ពុជា។

រសៀលថ្ងៃទី ២៩ ខែតុលា សមមិត្ត Nguyen Khac Toan សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង Da Nang បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងគណបក្សប្រជាជនកម្ពុជា ដែលបានមកបំពេញទស្សនកិច្ច សិក្សាស្រាវជ្រាវ និងផ្លាស់ប្តូរប្រធានបទនៅទីក្រុង។ គណៈប្រតិភូនាំមុខដោយសមមិត្ត កែម សម្បត្តិ សមាជិកគណៈកម្មាធិការកណ្តាលបក្ស អនុប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទីប្រឹក្សាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន។

ចូលរួមក្នុងពិធីទទួលជួប មានប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សទីក្រុង Da Nang លោក Doan Duy Tan និងអនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Ho Ky Minh។

ថ្លែងនៅក្នុងជំនួបការងារ សមមិត្ត Nguyen Khac Toan បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូកម្ពុជា ដែលបានមកស្វែងយល់ការអនុវត្តជាក់ស្តែង និងផ្លាស់ប្តូរបទពិសោធន៍នៅ Da Nang។ សមមិត្តបានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជា មានទំនាក់ទំនងអ្នកជិតខាងជិតស្និទ្ធ ប្រពៃណីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង។

គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជន Da Nang តែងតែចាត់ទុកជាសំខាន់ការរួមចំណែកពង្រឹងទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនវៀតណាម - កម្ពុជា។

យោងតាមសមមិត្ត Nguyen Khac Toan ការរក្សាការជួបប្រាស្រ័យទាក់ទង ការផ្លាស់ប្តូររវាងកម្មាភិបាលជំនាន់នានា ជាពិសេសគឺជួរកម្មាភិបាលវ័យក្មេង ដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តវេនប្រពៃណី និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវគ្រឹះនយោបាយ - សង្គម នៃទំនាក់ទំនងទ្វេភាគី។

ចែករំលែកអំពីស្ថានភាពនៃការអភិវឌ្ឍមូលដ្ឋាន អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង Da Nang បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ទីក្រុងមានលំហអភិវឌ្ឍន៍ត្រូវបានពង្រីក ដោយមានផ្ទៃដីជិត ១២.០០០ គីឡូម៉ែត្រការ៉េ ចំនួនប្រជាជនជាង ៣ លាននាក់ និងមានអង្គភាពរដ្ឋបាលថ្នាក់ឃុំចំនួន ៩៤។

នៅលើមូលដ្ឋាននោះ Da Nang កំពុងផ្តោតលើការដាក់ឱ្យអនុវត្តគំរូរដ្ឋបាលមូលដ្ឋានពីរថ្នាក់ ការរៀបចំក្បាលម៉ាស៊ីនតាមទិសដៅបង្រួមឱ្យកាន់តែរលូន លើកកម្ពស់គុណភាពកម្មាភិបាល និងជំរុញកំណែទម្រង់រដ្ឋបាល។ ទីក្រុងក៏យកចិត្តទុកដាក់ក្នុងពេលជាមួយគ្នានេះដែរ លើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងការទាក់ទាញធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

ក្នុងដំណើរការអភិវឌ្ឍ Da Nang កំណត់ការកសាងបក្សជាភារកិច្ចគន្លឹះ ក្នុងនោះការងារកម្មាភិបាលដើរតួនាទីជា «គន្លឹះនៃគន្លឹះ»។

ទីក្រុងយកចិត្តទុកដាក់ស្វែងរក បណ្តុះបណ្តាល បំប៉ន គ្រោងទុក និងចាត់តាំងកម្មាភិបាលវ័យក្មេង បង្កើតលក្ខខណ្ឌឱ្យជួរកម្មាភិបាលនេះហ្វឹកហាត់ សន្សំពិសោធន៍តាមរយៈការអនុវត្តជាក់ស្តែង ជាពិសេសនៅថ្នាក់មូលដ្ឋាន លើវិស័យថ្មីៗ និងភារកិច្ចលំបាកៗ។

គោលដៅដែលបានដាក់ចេញ គឺកសាងជួរកម្មាភិបាលប្រកបដោយភាពរឹងមាំខាងនយោបាយ គុណធម៌ ផ្នត់គំនិតផ្លាស់ប្តូរថ្មី សមត្ថភាពរៀបចំអនុវត្តភារកិច្ច ការប្រើប្រាស់បច្ចេកវិទ្យា ភាសាបរទេស និងជំនាញការងារក្នុងមជ្ឈដ្ឋានអន្តរជាតិ។

នៅលើស្មារតីនោះ សមមិត្ត Nguyen Khac Toan បានស្នើឱ្យភាគីទាំងពីរផ្លាស់ប្តូរយោបល់ដោយបើកចំហ ជាក់ស្តែង អំពីបទពិសោធន៍កសាងអង្គការបក្ស ប្រព័ន្ធនយោបាយ ការងារកម្មាភិបាលវ័យក្មេង ការរៀបចំ និងដំណើរការរដ្ឋបាលមូលដ្ឋាន កំណែទម្រង់រដ្ឋបាល បរិវត្តកម្មឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងការទាក់ទាញការវិនិយោគ។

ថ្នាក់ដឹកនាំទីក្រុងក៏បានសម្តែងនូវបំណងប្រាថ្នាបន្តពង្រីកសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូររវាងកម្មាភិបាលវ័យក្មេង និងយុវជននៃប្រទេសទាំងពីរ ពង្រឹងការតភ្ជាប់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម ព្រមទាំងវិស័យទាំងឡាយដែលសមស្របទៅនឹងសក្តានុពល និងតម្រូវការរបស់ភាគីនីមួយៗ។

សមមិត្ត Nguyen Khac Toan ជឿជាក់ថា ជំនួបប្រាស្រ័យទាក់ទងដោយផ្ទាល់នឹងជួយឱ្យកម្មាភិបាលវ័យក្មេងវៀតណាម និងកម្ពុជា យល់កាន់តែច្បាស់អំពីប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ចែករំលែកបទពិសោធន៍ការងារ និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការបន្តវេន ពង្រីកចំណងសាមគ្គីភាព មិត្តភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការក្រោយដំណើរទស្សនកិច្ច Da Nang មានបំណងឱ្យបណ្តាស្ថាប័ន មូលដ្ឋាន និងជួរកម្មាភិបាលវ័យក្មេងនៃភាគីទាំងពីររក្សាទំនាក់ទំនង បង្កើនការផ្លាស់ប្តូរបទពិសោធន៍ស្តីពីការកសាងបក្ស ការរៀបចំក្បាលម៉ាស៊ីន ការងារកម្មាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស កំណែទម្រង់រដ្ឋបាល និងបរិវត្តកម្មឌីជីថល។

ទន្ទឹមនឹងនោះ ទីក្រុងបានស្នើជំរុញសកម្មភាពសហប្រតិបត្តិការសមស្របនានា នៅក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ ឡូជីស្ទីក វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។

ទីក្រុង Da Nang បានអះអាងពីការត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីជាស្ពានចម្លង សម្របសម្រួលក្នុងដែនសមត្ថភាព និងសិទ្ធិអំណាចរបស់ខ្លួន ដើម្បីបោះជំហានបញ្ជាក់ជាក់ស្តែងនូវខ្លឹមសារផ្លាស់ប្តូរនានា ឱ្យក្លាយទៅជាកម្មវិធីសហប្រតិបត្តិការជាក់ស្តែង។

តាងនាមគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងគណបក្សប្រជាជនកម្ពុជា សមមិត្ត សៅ វ៉ាន់ដេត អនុប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់កិត្តិយសពីសំណាក់ថ្នាក់ដឹកនាំទីក្រុង Da Nang ព្រមទាំងបានអបអរសាទរចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ដែលមូលដ្ឋានសម្រេចបានក្នុងរយៈពេលកន្លងមក។

សមមិត្ត សៅ វ៉ាន់ដេត បានវាយតម្លៃខ្ពស់ចំពោះសក្តានុពល កាលានុវត្តភាពអភិវឌ្ឍន៍របស់ Da Nang និងបទពិសោធន៍ជាក់ស្តែងនានាដែលទីក្រុងបានចែករំលែក ស្តីពីការកសាងបក្ស ការអភិវឌ្ឍជួរកម្មាភិបាល ការទាក់ទាញការវិនិយោគ ការរៀបចំក្បាលម៉ាស៊ីន និងដំណើរការគំរូរដ្ឋបាលមូលដ្ឋានពីរថ្នាក់។

យោងតាមតំណាងគណៈប្រតិភូ Da Nang គឺជាមូលដ្ឋានដែលមានផ្នត់គំនិតផ្លាស់ប្តូរថ្មី ស្មារតីសកម្មរហ័សរហួន និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍។ បទពិសោធន៍ទាំងឡាយរបស់ទីក្រុង គឺជាប្រភពឯកសារយោងដ៏មានតម្លៃសម្រាប់ជួរថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា ក្នុងការអនុវត្តភារកិច្ចកសាងបក្ស និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

គណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវជំនឿជាក់ថា សកម្មភាពផ្លាស់ប្តូរនេះនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា បង្កើនការផ្លាស់ប្តូរប្រជាជន ជាពិសេសគឺយុវជនជំនាន់ក្រោយ តាមរយៈនោះ បន្តពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំយូរអង្វែងរវាងវៀតណាម និងកម្ពុជា៕

ទីក្រុង Dong Nai ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១២០ នៅកម្ពុជា ទីក្រុង Dong Nai ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១២០ នៅកម្ពុជា
យុគសម័យ - នាថ្ងៃទី ២៧ ខែតុលា នៅក្នុងសន្និសីទបូកសរុបភារកិច្ចស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីប្រចាំឆ្នាំ ២០២៦ ទីក្រុង Dong Nai បានឱ្យដឹងថា បានប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២២០ គិតចាប់តាំងពីដើមឆ្នាំរហូតដល់ថ្ងៃទី ២១ ខែតុលា ក្នុងនោះមានអដ្ឋិធាតុចំនួន ១២០ ត្រូវបានរកឃើញនៅលើទឹកដីកម្ពុជា។
ឃុំ Long Thuan ឃោសនាផ្សព្វផ្សាយអំពីការខណ្ឌសីមា និងបោះបង្គោលព្រំដែន វៀតណាម - កម្ពុជា ឃុំ Long Thuan ឃោសនាផ្សព្វផ្សាយអំពីការខណ្ឌសីមា និងបោះបង្គោលព្រំដែន វៀតណាម - កម្ពុជា
យុគសម័យ - នាថ្ងៃទី ២៣ ខែតុលា ឃុំ Long Thuan ខេត្ត Tay Ninh បានរៀបចំសន្និសីទឃោសនាផ្សព្វផ្សាយអំពីលទ្ធផលនៃការខណ្ឌសីមា និងបោះបង្គោលព្រំដែន ការងារគ្រប់គ្រង និងការពារព្រំដែន ព្រមទាំងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ វៀតណាម - កម្ពុជា ដោយរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល សមាជិកបក្ស និងប្រជាពលរដ្ឋនៅតំបន់ព្រំដែន។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំវ័យក្មេងកម្ពុជាស្វែងយល់គំរូរដ្ឋបាលនៅទីក្រុង Da Nang
ទីក្រុង Da Nang មានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន
វៀតណាម - កម្ពុជា៖ ៦០ ឆ្នាំនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
ខេត្ត Lam Dong - Mondulkiri ពង្រឹងការសម្របសម្រួលការពារព្រំដែន
គយវៀតណាម - កម្ពុជា ជំរុញការសម្របសម្រួលប្រឆាំងការរត់ពន្ធ បង្កលក្ខណៈងាយស្រួលដល់ពាណិជ្ជកម្ម

អានច្រើនបំផុត

បើកចំហយន្តការដើម្បីឱ្យបញ្ញវន្តអាណិកជនចូលរួមកាន់តែស៊ីជម្រៅក្នុងបណ្តាគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ពង្រឹងមូលដ្ឋានគ្រឹះនយោបាយ គតិយុត្ត និងសង្គម សម្រាប់ទំនាក់ទំនង វៀតណាម - ចិន
លើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស វៀតណាម - កម្ពុជា
ខេត្ត Lam Dong - ខេត្ត Mondulkiri ពង្រឹងការសម្របសម្រួលការពារព្រំដែន
ខេត្ត Dak Lak ស្នើស្ថិរភាពប្រជាពលរដ្ឋផ្សារភ្ជាប់ជាមួយការការពារព្រំដែន វៀតណាម - កម្ពុជា