ពង្រឹងមូលដ្ឋានគ្រឹះនយោបាយ គតិយុត្ត និងសង្គម សម្រាប់ទំនាក់ទំនង វៀតណាម - ចិន

14:57 | 19/10/2026 សុវណ្ណា

យុគសម័យ - ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន របស់ប្រធានរដ្ឋសភា Tran Thanh Man បានរួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ បង្កើតបរិយាកាសគតិយុត្តអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង និងពង្រឹងមូលដ្ឋានគ្រឹះសង្គមនៃទំនាក់ទំនង វៀតណាម - ចិន។

រួមប្រយោជន៍រួមចិត្ត រួមសុខទុក្ខជាមួយគ្នា រក្សាជំហានទៅមុខ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងនៃសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន ចិនអនុម័តបន្ថែមតំបន់ដាំដុះចំនួន ៤០១ កន្លែង និងគ្រឹះស្ថានវេចខ្ចប់ផ្លែទុរេនវៀតណាមចំនួន ១៦៦ កន្លែង
តំណាងភាគីចិនជូនដំណើរប្រធានរដ្ឋសភា Tran Thanh Man នៅអាកាសយានដ្ឋានអន្តរជាតិ Xianyang ទីក្រុង Xi'an ខេត្ត Shaanxi។
តំណាងភាគីចិនជូនដំណើរប្រធានរដ្ឋសភា Tran Thanh Man នៅអាកាសយានដ្ឋានអន្តរជាតិ Xianyang ទីក្រុង Xi'an ខេត្ត Shaanxi។

កាលពីថ្ងៃទី ១៥ ខែតុលា ប្រធានរដ្ឋសភា Tran Thanh Man រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទីពីរ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន តបតាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រធានរដ្ឋសភា Tran Thanh Man បានជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋ លោក Li Qiang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning; ជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស; ធ្វើជាសហប្រធាននៃសម័យប្រជុំលើកទីពីរ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និងជួបសំណេះសំណាលជាមួយឥស្សរជនមិត្តភាពចិន។

នៅក្នុងជំនួបសម្តែងការគួរសម និងកិច្ចពិភាក្សាការងារនានា ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនង វៀតណាម - ចិន នាពេលកន្លងមកបន្តមានជំហានអភិវឌ្ឍន៍យ៉ាងសំខាន់ និងគ្រប់ជ្រុងជ្រោយ។ ទំនុកចិត្តខាងនយោបាយត្រូវបានពង្រឹង; ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ រណសិរ្សមាតុភូមិ និងសភាប្រឹក្សានយោបាយនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ; កិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រេចបាននូវលទ្ធផលថ្មីៗបន្ថែមទៀត; ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបន្តត្រូវបានពង្រីក។

ប្រធានរដ្ឋសភា Tran Thanh Man បានបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន គឺជាគោលជំហរឥតងាករេ តម្រូវការប្រកបដោយបរានុម័ត ជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងនៅក្នុងមាគ៌ានយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មរបស់វៀតណាម។

ថ្នាក់ដឹកនាំចិនបានបញ្ជាក់ថា តែងតែយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាទិសដៅអាទិភាពនៅក្នុងគោលនយោបាយការទូតអ្នកជិតខាងជារួម; ត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមក្នុងការអនុវត្តការយល់ដឹងរួមជាន់ខ្ពស់ ជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ និងជាក់ស្តែង។

ការបង្កើតលក្ខខណ្ឌគតិយុត្តសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង

សំដៅបន្តធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរបានឯកភាពគ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ លើកកម្ពស់ទំនុកចិត្តជាយុទ្ធសាស្ត្រ និងពង្រឹងមូលដ្ឋានគ្រឹះនយោបាយសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់ច្រក និងគ្រប់វិស័យ។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមទិសដៅមានតុល្យភាព និងចីរភាព; បង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់; តភ្ជាប់ប្រព័ន្ធផ្លូវដែកឱ្យមានសង្គតិភាព និងទំនើបកម្ម; ពង្រីកកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; បង្កើនកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ការអប់រំ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។

ប្រទេសទាំងពីរក៏បានឯកភាពសម្របសម្រួលគ្នាកាន់តែជិតស្និទ្ធនៅតាមវេទិកាពហុភាគីនានា រួមគ្នាគ្រប់គ្រងព្រំដែនគោកប្រកបដោយប្រសិទ្ធភាព គ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាកាន់តែល្អប្រសើរ រក្សាសន្តិភាព និងស្ថិរភាពនៅលើសមុទ្រ។

នៅក្នុងកិច្ចសហប្រតិបត្តិការរវាងសភា ប្រធានរដ្ឋសភា Tran Thanh Man បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរបទពិសោធន៍ស្តីពីសកម្មភាពនីតិប្បញ្ញត្តិ រួមគ្នាកសាងបរិយាកាសគតិយុត្តអំណោយផលសម្រាប់បណ្តាវិស័យសហប្រតិបត្តិការសំខាន់ៗ និងបង្កើនការត្រួតពិនិត្យការអនុវត្តការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងទ្វេភាគីនានា។

ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរក៏ចាំបាច់ត្រូវលើកកម្ពស់តួនាទីជាស្ថាប័នតំណាងរាស្ត្រ រួមចំណែកបង្កើតមតិសាធារណៈជាវិជ្ជមានសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ និងបង្កើនការសម្របសម្រួលគ្នានៅតាមវេទិកាសភាប្រជាជាតិពហុភាគីនានា។

លោកប្រធាន Zhao Leji បានសង្កត់ធ្ងន់លើតម្រូវការពង្រឹងទំនុកចិត្តទៅវិញទៅមក រក្សាជំហាននៃការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ។

សភាតំណាងប្រជាជនទូទាំងប្រទេសចិន ត្រៀមខ្លួនជាស្រេចសហការជាមួយរដ្ឋសភាវៀតណាម ដោយផ្អែកលើមុខងារភារកិច្ចរបស់ស្ថាប័ននីមួយៗ ដើម្បីអនុវត្តការឯកភាពគ្នាយ៉ាងសំខាន់ៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ដែលតាមរយៈនោះ បម្រើដល់ការអភិវឌ្ឍជារួមនៃទំនាក់ទំនងទ្វេភាគី។

យោងតាមសាស្ត្រាចារ្យ Cui Shoujun មកពីបណ្ឌិត្យសភាទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យប្រជាជនចិន លទ្ធផលនៃដំណើរទស្សនកិច្ចនេះបានរួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយ បង្កើតក្របខ័ណ្ឌគតិយុត្តសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនមូលដ្ឋានគ្រឹះនៃការគាំទ្រពីសំណាក់ប្រជាជន និងរក្សាផលប្រយោជន៍រួមនៅកម្រិតតំបន់ និងអន្តរជាតិ។

អ្នកស្រាវជ្រាវ Liu Ying នៃវិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុ Chongyang នៃសាកលវិទ្យាល័យប្រជាជនចិន បានយល់ឃើញថា ការផ្លាស់ប្តូរជាន់ខ្ពស់រវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ បានរួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយ និងបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ។

យោងតាមលោកស្រី ការបន្តអភិវឌ្ឍយន្តការសហប្រតិបត្តិការនីតិប្បញ្ញត្តិ ក៏បានជួយប្រែក្លាយទិសដៅកិច្ចសហប្រតិបត្តិការនានាឱ្យទៅជាបទប្បញ្ញត្តិច្បាប់ ផែនការ និងសកម្មភាពជាក់ស្តែងផងដែរ។

សម័យប្រជុំលើកទីពីរ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន ត្រូវបានវាយតម្លៃថាជាកាលានុវត្តភាពមួយដើម្បីឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការនីតិប្បញ្ញត្តិឱ្យកាន់តែទៀងទាត់ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពខ្ពស់ជាងមុន។

ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពង្រឹងមូលដ្ឋានគ្រឹះសង្គម

នៅក្នុងជំនួបសំណេះសំណាលជាមួយឥស្សរជនមិត្តភាពចិន ប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃទំនាក់ទំនង វៀតណាម - ចិន។

លោកប្រធានរដ្ឋសភាមានបំណងចង់ឱ្យសមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន សមាគមមិត្តភាព ចិន - វៀតណាម និងបណ្តាអង្គការមិត្តភាពវៀតណាម បន្តលើកកម្ពស់តួនាទីជាស្ពានមេ ថែរក្សា និងធ្វើឱ្យចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។

លោកបានស្នើឱ្យភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនានា ដូចជា ដំណើរក្រហមស្រាវជ្រាវ និងសិក្សារបស់យុវជនវៀតណាមនៅប្រទេសចិន វេទិកាប្រជាជន វៀតណាម - ចិន និងមហោស្រពមិត្តភាពប្រជាជនព្រំដែន វៀតណាម - ចិន។

ក្នុងនោះ ការផ្លាស់ប្តូររវាងយុវជនចាំបាច់ត្រូវតែយកចិត្តទុកដាក់ជាពិសេស ដើម្បីជួយឱ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរយល់ដឹងកាន់តែពេញលេញ ស៊ីជម្រៅ និងសត្យានុម័ត អំពីប្រពៃណីទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ព្រមទាំងមនោសញ្ចេតនារបស់យុវជនជំនាន់មុនៗ ដែលពីចំណុចនោះ នាំឱ្យចេះឱ្យតម្លៃលើគុណតម្លៃនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

ប្រធានរដ្ឋសភា Tran Thanh Man ក៏មានបំណងឱ្យបណ្តាឥស្សរជនមិត្តភាពបន្តរួមចំណែកថែរក្សាមិត្តភាព តភ្ជាប់ប្រជាជន និងបើកទូលាយនូវទម្រង់កិច្ចសហប្រតិបត្តិការថ្មីៗរវាងប្រទេសទាំងពីរ។

លោក Yang Wanming ប្រធានសមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន បានបញ្ជាក់ថានឹងបន្តកសាងស្ពានមេតភ្ជាប់ការផ្លាស់ប្តូរប្រជាជនបន្ថែមទៀត ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ពង្រឹងការយល់ដឹង និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ដែលតាមរយៈនោះ ពង្រឹងមូលដ្ឋានគ្រឹះសង្គមសម្រាប់ទំនាក់ទំនង វៀតណាម - ចិន។

លោកប្រធាន Zhao Leji ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមូលដ្ឋានគ្រឹះមតិសាធារណៈ ដោយស្នើឱ្យបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ សុខាភិបាល កាយវប្បកម្ម-កីឡា និងអនុវត្តឱ្យបានល្អនូវបណ្តាកម្មវិធីផ្លាស់ប្តូរមនុស្សសាស្ត្រ ជាពិសេសគឺក្នុងចំណោមយុវជនជំនាន់ក្រោយ។

យោងតាមក្រុមអ្នកជំនាញចិន ការរួមបញ្ចូលគ្នារវាងការផ្លាស់ប្តូរនយោបាយ ការសម្របសម្រួលនីតិប្បញ្ញត្តិ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន នឹងរួមចំណែកបង្កើតមូលដ្ឋានគ្រឹះកាន់តែរឹងមាំសម្រាប់ទំនាក់ទំនង វៀតណាម - ចិន ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្តែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕

វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន
យុគសម័យ - នារសៀលថ្ងៃទី ២ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានចាត់តាំងសន្និសីទដាក់ឱ្យអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំក្នុងការឃោសនា និងសម្របសម្រួលវាយប្រហារ បង្ក្រាបបទល្មើសគ្រឿងញៀន រវាងវៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា។ កម្មវិធីយុទ្ធនាការនេះនឹងមានរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ ដោយផ្តោតសំខាន់លើបណ្តាភូមិសាស្ត្រព្រំដែន និងតំបន់គន្លឹះស្តីពីគ្រឿងញៀននៃប្រទេសទាំងបួន។
រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
យុគសម័យ - នាថ្ងៃទី ៨ មិថុនា នៅទីក្រុងហាណូយ លោកស្រី Bui Thị Minh Hoai សមាជិកការិយាល័យនយោបាយ លេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការកណ្តាលរណសិរ្សមាតុភូមិវៀតណាម បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Xian Hui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ក្នុងឱកាសដែលគណៈប្រតិភូមកបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងនិងពង្រីកតួនាទីជាស្ពានចម្លងរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញការដាក់ឱ្យអនុវត្តបណ្តាខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-ចិន និងធ្វើឱ្យជាក់ស្តែងកម្មនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ។

សុវណ្ណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen
បំផុសយុទ្ធនាការ "ដឹងគុណយុទ្ធជន Truong Son" ឆ្នាំ ២០២៦
Videx Cambodia 2026 ជំរុញការតភ្ជាប់សហគ្រាស សំដៅឆ្ពោះទៅកាន់ទំហំពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លានដុល្លារអាមេរិក

អានច្រើនបំផុត

ច្រកទ្វារព្រំដែន Chrey Thom - Khanh Binh បើកបន្ថែមលំហតភ្ជាប់រវាងវៀតណាម និងកម្ពុជា
នាយករដ្ឋមន្ត្រី Le Minh Hung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងកម្ពុជា
នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងកម្ពុជា
នាំយកទំនាក់ទំនងវៀតណាម - កម្ពុជា ពីមូលដ្ឋានគ្រឹះប្រពៃណី ទៅជាកម្លាំងចលករនៃការអភិវឌ្ឍ
វៀតណាម - កម្ពុជា បង្កើតកម្លាំងចលករសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មី