វៀតណាម - កម្ពុជា បង្កើតកម្លាំងចលករសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មី

09:40 | 13/10/2026 ឌឿងង្វៀន

យុគសម័យ - នៅក្នុងបរិបទដែលប្រទេសទាំងពីរឆ្ពោះទៅរកការប្រារព្ធខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ២០២៧ ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ ត្រូវបានរំពឹងថានឹងបង្កើតបន្ថែមនូវកម្លាំងចលករ ដើម្បីឱ្យទំនាក់ទំនង វៀតណាម - កម្ពុជា បន្តឈានចូលកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។

វៀតណាម - កម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការសាងសង់សាលាមិត្តភាព នៅរាជធានីភ្នំពេញ ពីទំនុកចិត្តផ្នែកនយោបាយ ទៅជាកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការថ្មី វៀតណាម - កម្ពុជា

នាយករដ្ឋមន្ត្រី Le Minh Hung បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី Hun Manet។

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រី Le Minh Hung មកកាន់កម្ពុជា ដែលប្រព្រឹត្តទៅនៅក្នុងបរិបទដែលទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង» រវាងប្រទេសទាំងពីរ បន្តត្រូវបានពង្រឹង។

វៀតណាម និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧។ ក្នុងរយៈពេលជិត ៦០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពូនជ្រំឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន ចាប់ពីដំណើរការតស៊ូដណ្តើមឯករាជ្យជាតិ រហូតដល់ការកសាង និងអភិវឌ្ឍប្រទេសជាតិ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនុកចិត្តនយោបាយបន្តត្រូវបានពង្រឹង តាមរយៈដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការទ្វេភាគីជាច្រើន។

ជាពិសេស ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់អគ្គលេខាបក្ស To Lam ការធ្វើជាសហប្រធាននៃជំនួបជាន់ខ្ពស់រវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងជំនួបរវាងប្រមុខដឹកនាំនៃគណបក្សទាំងបី វៀតណាម - កម្ពុជា - ឡាវ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៦; ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី Hun Manet នៅក្នុងខែមិថុនា ឆ្នាំ ២០២៦ និងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅក្នុងខែកក្កដា ឆ្នាំ ២០២៦។

ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រ ពីភាគឦសាននៃរាជធានីភ្នំពេញ និងជាប់ព្រំប្រទល់ជាមួយខេត្តដាក់ណុង និងខេត្តដាក់ឡាក់ តំបន់ខ្ពង់រាបកណ្តាលតាយង្វៀន នៃប្រទេសវៀតណាម។
ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រ ពីភាគឦសាននៃរាជធានីភ្នំពេញ និងជាប់ព្រំប្រទល់ជាមួយខេត្តដាក់ណុង និងខេត្តដាក់ឡាក់ តំបន់ខ្ពង់រាបកណ្តាលតាយង្វៀន នៃប្រទេសវៀតណាម។

កិច្ចសហប្រតិបត្តិការតាមច្រកបក្សបន្តដើរតួនាទីតម្រង់ទិស។ បណ្តាយន្តការសហប្រតិបត្តិការរវាងរដ្ឋាភិបាល រដ្ឋសភា ព្រមទាំងក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរត្រូវបានរក្សាជាប្រចាំ រួមចំណែកពង្រឹងទំនុកចិត្តនយោបាយ និងឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការយូរអង្វែង។

វិស័យការពារជាតិ - សន្តិសុខ បន្តជាសសរស្តម្ភដ៏សំខាន់មួយក្នុងចំណោមសសរស្តម្ភសំខាន់ៗ។ ភាគីទាំងពីរបានបង្កើនការសម្របសម្រួលក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសបច្ចេកវិទ្យា គ្រឿងញៀន ការជួញដូរមនុស្ស និងអំពើឆបោកតាមប្រព័ន្ធអនឡាញ; ព្រមទាំងរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបរិយាកាសសន្តិភាព ស្ថិរភាពនៅតំបន់ព្រំដែន។

សេដ្ឋកិច្ច និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតនូវកាលានុវត្តភាពថ្មី

ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ បន្តជាចំណុចលេចធ្លោនៅក្នុងទំនាក់ទំនងទ្វេភាគី។

ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១១,៣៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,៧% ធៀបនឹងឆ្នាំ ២០២៤។ ក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០២៦ តួលេខនេះសម្រេចបានប្រមាណ ៨,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា ឈរនៅលំដាប់ទីពីរក្នុងចំណោមប្រទេសដែលនាំចេញទំនិញចូលមកកម្ពុជា និងជាប្រទេសដែលនាំចូលទំនិញពីកម្ពុជាធំជាងគេលំដាប់ទីពីរផងដែរ។

ភាគីទាំងពីរកំពុងសហការគ្នាឆ្ពោះទៅរកគោលដៅជំរុញឱ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិក ក្នុងពេលឆាប់ៗ។

នៅក្នុងវិស័យវិនិយោគ បច្ចុប្បន្ន វៀតណាមមានគម្រោងចំនួន ២២៣ ដែលមានសុពលភាពនៅកម្ពុជា ជាមួយនឹងទុនចុះបញ្ជីសរុបជិត ៣,៤ ពាន់លានដុល្លារអាមេរិក ឈរនៅលំដាប់ទីពីរក្នុងចំណោមទីតាំងដែលវៀតណាមវិនិយោគនៅក្រៅប្រទេស។

វិស័យទេសចរណ៍ក៏កត់ត្រានូវកម្រិតនៃការផ្លាស់ប្តូរកាន់តែខ្ពស់ផងដែរ។ ក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០២៦ វៀតណាមគឺជាប្រភពទេសចរអន្តរជាតិឈានមុខគេរបស់កម្ពុជា ដោយមានភ្ញៀវទេសចរជាង ៥៨៥.០០០ នាក់។ ក្នុងរយៈពេល ៩ ខែ នៃឆ្នាំ ២០២៦ ភ្ញៀវទេសចរកម្ពុជាដែលមកកាន់ប្រទេសវៀតណាមសម្រេចបានប្រមាណ ៦៣០.០០០ នាក់ កើនឡើង ៤០,៥% ធៀបនឹងរយៈពេលដូចគ្នា ដោយក្លាយជាទីផ្សារបញ្ជូនភ្ញៀវទេសចរធំជាងគេលំដាប់ទីប្រាំមួយរបស់វៀតណាម។

ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម - កម្ពុជា ឆ្នាំ ២០២៦ (VIDEX CAMBODIA 2026) គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ទន្ទឹមនឹងពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកំណត់ថាជាវិស័យមួយក្នុងចំណោមវិស័យនានាដែលមានសមត្ថភាពបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

យោងតាមអត្ថបទរបស់លោក អ៊ុច លាង ប្រធានស្តីទីមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ដែលបានចុះផ្សាយលើកាសែត Khmer Times អាទិភាពដ៏សំខាន់មួយនៃទំនាក់ទំនង កម្ពុជា - វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

នៅក្នុងកិច្ចប្រជុំកាលពីខែមិថុនា ឆ្នាំ ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា Hun Manet បានគូសបញ្ជាក់ពីតម្រូវការក្នុងការពន្លឿនការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ - Bavet របស់កម្ពុជា ជាមួយផ្លូវល្បឿនលឿន ទីក្រុងហូជីមិញ - Moc Bai របស់វៀតណាម ព្រមទាំងពង្រឹងការតភ្ជាប់ផ្លូវទឹក ពង្រីកជើងហោះហើរត្រង់ និងសម្រួលនីតិវិធីដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។

យោងតាមលោក អ៊ុច លាង ការតភ្ជាប់ផ្លូវគោកឆ្លងដែនអាចរួមចំណែកបង្កើតជាច្រករបៀងសេដ្ឋកិច្ច ភ្នំពេញ - Bavet - Moc Bai - ទីក្រុងហូជីមិញ។

ប្រសិនបើត្រូវបានអនុវត្តដោយស៊ីសង្វាក់គ្នាជាមួយប្រព័ន្ធភស្តុភារកម្ម ច្រកទ្វារព្រំដែន ឃ្លាំងស្តុក និងនីតិវិធីគយអេឡិចត្រូនិក ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាចជួយកាត់បន្ថយការចំណាយលើពាណិជ្ជកម្ម តាមរយៈនោះ ប្រែក្លាយគុណសម្បត្តិខាងទីតាំងភូមិសាស្ត្រជិតស្និទ្ធឱ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង។

ពង្រឹងមូលដ្ឋានគ្រឹះសង្គមសម្រាប់ទំនាក់ទំនងយូរអង្វែង

ទន្ទឹមនឹងសេដ្ឋកិច្ច វិស័យអប់រំ-បណ្តុះបណ្តាល គមនាគមន៍-ដឹកជញ្ជូន វប្បធម៌ សុខាភិបាល ទូរគមនាគមន៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន បន្តត្រូវបានភាគីទាំងពីរជំរុញយ៉ាងសកម្ម។

តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ ការអប់រំ ការចងសម្ព័ន្ធមេត្រីភាពរវាងមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការរវាងអង្គការមហាជននានា ការយល់ដឹងនិងភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវបានពង្រឹងកាន់តែខ្លាំងឡើងជាលំដាប់។

យោងតាមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា ទទួលបន្ទុកកិច្ចការអាស៊ាន ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី Le Minh Hung គឺជាឱកាសមួយដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរ នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម មុនដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រី Le Minh Hung។
ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម មុនដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រី Le Minh Hung។

លោកបានយល់ឃើញថា ដំណើរទស្សនកិច្ចនេះក៏រួមចំណែកធ្វើឱ្យលេចចេញជារូបរាងនូវស្មារតីចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរនៅក្នុងជំនួបកាលពីខែកុម្ភៈ ឆ្នាំ ២០២៦ ព្រមទាំងបង្កលក្ខខណ្ឌអំណោយផលដើម្បីឱ្យនាយករដ្ឋមន្ត្រីទាំងពីរផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម។

លោកវរសេនីយ៍ឯក Tran Van Thong អនុប្រធានគណៈទាក់ទង និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមមិត្តភាពវៀតណាម - កម្ពុជា បានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយដើម្បីឱ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ បង្កើនការផ្លាស់ប្តូរជាន់ខ្ពស់ និងធ្វើឱ្យការយល់ឃើញរួមដែលសម្រេចបានប្រែក្លាយជាការអនុវត្តជាក់ស្តែង។

យោងតាមលោក អ៊ុច លាង ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Le Minh Hung មកកាន់កម្ពុជា ក៏បើកចេញនូវឱកាសដើម្បីឱ្យប្រទេសទាំងពីរកំណត់កាន់តែច្បាស់នូវអាទិភាពនៃកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី ប្រែក្លាយទំនុកចិត្តនយោបាយទៅជាកម្មវិធី និងសកម្មភាពជាក់ស្តែង ព្រមទាំងបង្កើតបន្ថែមនូវកាលានុវត្តភាពអភិវឌ្ឍន៍សម្រាប់ភាគីទាំងពីរ។

ទន្ទឹមនឹងនោះ ការអប់រំយុវជនជំនាន់ក្រោយអំពីចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងវៀតណាម ចាំបាច់ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីធានាឱ្យទំនាក់ទំនងនេះត្រូវបានបន្តវេន និងអភិវឌ្ឍប្រកបដោយចីរភាព។

ក្រៅពីក្របខ័ណ្ឌទ្វេភាគី វៀតណាម និងកម្ពុជា បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គនានា ដោយរួមចំណែករក្សាសន្តិភាព ស្ថិរភាព សាមគ្គីភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

នៅក្នុងបរិបទដែលតំបន់មានបម្រែបម្រួលជាច្រើន ការរក្សាទំនាក់ទំនងអ្នកជិតខាងប្រកបដោយសន្តិភាព ស្ថិរភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា មិនត្រឹមតែបម្រើដល់ផលប្រយោជន៍នៃប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមរបស់អាស៊ានទៀតផង៕

វៀតណាម - កម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការសាងសង់សាលាមិត្តភាព នៅរាជធានីភ្នំពេញ វៀតណាម - កម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការសាងសង់សាលាមិត្តភាព នៅរាជធានីភ្នំពេញ
យុគសម័យ - នាថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៦ តំណាងរដ្ឋាភិបាលវៀតណាម និងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា - វៀតណាម» នៅរាជធានីភ្នំពេញ។ សំណង់នេះមានថវិកាសរុបចំនួន ៨ លានដុល្លារអាមេរិក ដោយរំពឹងថានឹងបម្រើដល់សិស្សានុសិស្សប្រមាណ ៥.៥០០ នាក់។
ពីទំនុកចិត្តផ្នែកនយោបាយ ទៅជាកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការថ្មី វៀតណាម - កម្ពុជា ពីទំនុកចិត្តផ្នែកនយោបាយ ទៅជាកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការថ្មី វៀតណាម - កម្ពុជា
យុគសម័យ - ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ ត្រូវបានរំពឹងថានឹងបង្កើតកម្លាំងចលករបន្ថែមទៀត ដើម្បីឱ្យប្រទេសទាំងពីរប្រែក្លាយមូលដ្ឋានគ្រឹះនៃទំនុកចិត្តផ្នែកនយោបាយ ទៅជាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរប្រជាជន និងវិស័យថ្មីៗជាច្រើនទៀត។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - កម្ពុជា បង្កើតកម្លាំងចលករសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មី
ឆ្ពោះទៅរកគោលដៅប្រជាពលរដ្ឋបំពេញព័ត៌មានតែម្តងគត់
ពីទីក្រុងឆ្លាតវៃ ឈានទៅរកទីក្រុងប្រតិបត្តិការដោយភ្នាក់ងារបញ្ញាសិប្បនិម្មិត
ការតភ្ជាប់បញ្ញវន្តវៀតណាមនៅ Kansai ជាមួយបណ្តាគ្រឹះស្ថានស្រាវជ្រាវក្នុងប្រទេស
វៀតណាម - កម្ពុជា ឆ្ពោះទៅកាន់ដំណាក់កាលសហប្រតិបត្តិការជាក់ស្តែងជាងមុន

អានច្រើនបំផុត

វៀតណាម - កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅកាន់ការរំលឹកខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូត
ច្រកទ្វារព្រំដែន Chrey Thom - Khanh Binh បើកបន្ថែមលំហតភ្ជាប់រវាងវៀតណាម និងកម្ពុជា
អគ្គកុងស៊ុលវៀតណាមប្រចាំនៅក្រុងព្រះសីហនុជូនសារតាំងកុងស៊ុល
វៀតណាម - កូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ AI និងបច្ចេកវិទ្យាខ្ពស់
នាយករដ្ឋមន្ត្រី Le Minh Hung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងកម្ពុជា