យុគសម័យ - នារសៀលថ្ងៃទី ២ ខែមិថុនា នៅរដ្ឋធានី Ha Noi ក្រសួងនគរបាលវៀតណាម បានរៀបចំសន្និសីទដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការទ្រង់ទ្រាយធំស្តីពីការឃោសនា និងសម្របសម្រួលវាយប្រហារ បង្ក្រាបបទល្មើសគ្រឿងញៀនរួមគ្នារវាងប្រទេសទាំងបួន រួមមាន វៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា។ យុទ្ធនាការអន្តរជាតិនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ ដោយផ្តោតសំខាន់លើតំបន់ខ្សែបន្ទាត់ព្រំដែន និងភូមិសាស្ត្រគន្លឹះនៃប្រទេសទាំងបួន។
| យុវជន វៀតណាម – ឡាវ – កម្ពុជា ផ្សព្វផ្សាយនូវស្មារតីទទួលខុសត្រូវ និងការលះបង់ដើម្បីសហគមន៍ នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី |
ក្នុងបរិបទដែលបទល្មើសគ្រឿងញៀនឆ្លងដែននៅក្នុងតំបន់បន្តមានការវិវត្តយ៉ាងស្មុគស្មាញ និងគ្រោះថ្នាក់ ការដាក់ឱ្យអនុវត្តយុទ្ធនាការរួមគ្នានេះត្រូវបានវាយតម្លៃជាជំហានលោតផ្លោះដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រ សំដៅពង្រឹងកិច្ចសហការប្រតិបត្តិការជាក់ស្តែងរវាងកងកម្លាំងអនុវត្តច្បាប់ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តនយោបាយយ៉ាងមុតមាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងបួន ក្នុងការឆ្លើយតបទៅនឹងបណ្តាបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។
![]() |
| សន្និសីទដាក់ឱ្យអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំក្នុងការឃោសនា និងសម្របសម្រួលវាយប្រហារ បង្ក្រាបបទល្មើសគ្រឿងញៀន រវាងវៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា។ |
ថ្លែងមតិដឹកនាំនៅក្នុងអង្គសន្និសីទ នាយឧត្តមសេនីយ៍ទោ Nguyen Van Long អនុរដ្ឋមន្ត្រីក្រសួងនគរបាល បានគូសបញ្ជាក់ថា ជាមួយនឹងភូមិសាស្ត្រជាបណ្តាប្រទេសជិតខាងដែលមានខ្សែបន្ទាត់ព្រំដែនជាប់គ្នា និងដើរតួនាទីយុទ្ធសាស្ត្រសំខាន់ក្នុងតំបន់ វៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា កំពុងទទួលរងនូវឥទ្ធិពល និងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពឧក្រិដ្ឋកម្មរបស់បណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន។
អនុរដ្ឋមន្ត្រី Nguyen Van Long បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមតែងតែកំណត់ការងារបង្ការ និងទប់ស្កាត់គ្រឿងញៀនជាភារកិច្ចនយោបាយអាទិភាពពិសេស ទាំងក្នុងរយៈពេលបន្ទាន់ និងយូរអង្វែង ដែលជាការទទួលខុសត្រូវរួមរបស់ប្រព័ន្ធនយោបាយ និងសង្គមទាំងមូល។ ជាមួយគ្នានោះ វៀតណាមជានិច្ចកាលតែងតែផ្តល់តម្លៃខ្ពស់ដល់ទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយ ចិន ឡាវ និង មីយ៉ាន់ម៉ា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការជួយជ្រោមជ្រែងយ៉ាងសកម្មរបស់ប្រទេសជាមិត្តក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក។
លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «ជាមួយការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់រដ្ឋាភិបាល និងកម្លាំងអនុវត្តច្បាប់នៃបណ្តាប្រទេស រួមជាមួយស្មារតីទទួលខុសត្រូវ ភាពជឿជាក់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីនានា យុទ្ធនាការទ្រង់ទ្រាយធំឆ្នាំ ២០២៦ នឹងសម្រេចបាននូវលទ្ធផលជាក់ស្តែងជាច្រើន រួមចំណែករក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ និងការពារជីវភាពរស់នៅប្រកបដោយសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»។
ផែនការសកម្មភាពគន្លឹះ និងយន្តការសម្របសម្រួលស៊ីជម្រៅ
នៅក្នុងសន្និសីទ ប្រតិភូតំណាងនៃប្រទេសទាំងបួនបានឯកភាពគ្នាជាឯកច្ឆន្ទអនុម័តលើផែនការសកម្មភាពរួមសម្រាប់យុទ្ធនាការឆ្នាំ ២០២៦ ដោយផ្តោតលើវិធានការសំខាន់ៗ៖
រឹតបន្តឹងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន៖ បង្កើនការត្រួតពិនិត្យ វាយតម្លៃស្ថានភាពផលិត ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់នៅតាមតំបន់ព្រំដែន ច្រកទ្វារអន្តរជាតិ ផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងផ្លូវអាកាស ព្រមទាំងរួមគ្នាវាយប្រហារបំបែកសំណុំរឿងជំនាញរួមលើបណ្តាញឆ្លងកាត់ព្រំដែន។
តាមប្រមាញ់ និងផ្ទេរប្រគល់មុខសញ្ញាល្មើសច្បាប់៖ ពិនិត្យបញ្ជីឈ្មោះមុខសញ្ញាដែលត្រូវតាមចាប់ខ្លួនតាមដីកា ហើយសង្ស័យថាកំពុងលាក់ខ្លួនលើទឹកដីនៃប្រទេសជាសមាជិក ដើម្បីផ្ទៀងផ្ទាត់ ចាប់ខ្លួន និងប្រគល់ជូនគ្នាទៅវិញទៅមកស្របតាមច្បាប់។
យន្តការស៊ើបអង្កេតឆ្លងដែន៖ សិក្សាស្រាវជ្រាវយន្តការចាត់បញ្ជូនមន្ត្រីជំនាញទៅកាន់ប្រទេសម្ចាស់ផ្ទះ ក្រោមការឯកភាពរបស់ប្រទេសទទួល ដើម្បីសម្របសម្រួលពង្រីកការស៊ើបអង្កេត ស្វែងរកមុខសញ្ញាមេខ្លោង និងកម្ទេចបណ្តាញឧក្រិដ្ឋកម្មទាំងមូល។
គ្រប់គ្រងសារធាតុគីមីផ្សំស្របច្បាប់៖ ពង្រឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើបណ្តាសហគ្រាសនាំចេញ-នាំចូលសារធាតុគីមី ដើម្បីទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនសំយោគ។
យុទ្ធនាការនេះនឹងត្រូវដាក់ឱ្យអនុវត្តជាក់ស្តែងនៅតាមបណ្តាខេត្ត-ក្រុងជាប់ព្រំដែនរវាង វៀតណាម - ឡាវ, វៀតណាម - ចិន, ចិន - ឡាវ, ឡាវ - មីយ៉ាន់ម៉ា, ចិន - មីយ៉ាន់ម៉ា និងបណ្តាតំបន់ភូមិសាស្ត្រគន្លឹះក្នុងប្រទេសទាំងបួន។
តថភាពគ្រោះថ្នាក់នៃបទល្មើសគ្រឿងញៀនក្នុងតំបន់ និងលទ្ធផលបង្ក្រាបរបស់វៀតណាម
យោងតាមរបាយការណ៍ឆ្នាំ ២០២៥ របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទល្មើស (UNODC) បរិមាណគ្រឿងញៀនសំយោគដែលត្រូវបានរឹបអូសនៅតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានកើនឡើង ១៨% បើធៀបនឹងឆ្នាំ ២០២៤ ដោយតំបន់ត្រីកោណមាសនៅតែជាប្រភពផ្គត់ផ្គង់ដ៏ធំបំផុត។
នៅប្រទេសវៀតណាម ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រេចបានលទ្ធផលលេចធ្លោជាច្រើន៖
ក្នុងឆ្នាំ ២០២៥៖ កម្លាំងនគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀនទូទាំងប្រទេស បានបង្ក្រាបករណីល្មើសចំនួន ២១.៩៩៨ ករណី ចាប់ខ្លួនជនសង្ស័យចំនួន ៤៤.៣៥៤ នាក់ រឹបអូសហេរ៉ូអ៊ីនចំនួន ២៧៦ គីឡូក្រាម, កញ្ឆាចំនួន ១.២៨០ គីឡូក្រាម, គ្រឿងញៀនសំយោគចំនួន ៤.៣៩៦ គីឡូក្រាម និងគ្រាប់គ្រឿងញៀនសំយោគចំនួន ២.០៩៦.២៥៩ គ្រាប់។ ក្នុងនោះ មាន ៧៧ ករណីជាប់ពាក់ព័ន្ធនឹងជនបរទេស ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ៩៨ នាក់។
ត្រីមាសទី ១ ឆ្នាំ ២០២៦៖ កម្លាំងសមត្ថកិច្ចបានរកឃើញ និងចាត់ការចំនួន ៧.៤២៤ ករណី ឃាត់ខ្លួនមុខសញ្ញាចំនួន ១៤.៨១៣ នាក់ រឹបអូសហេរ៉ូអ៊ីនជាង ៥២ គីឡូក្រាម, កញ្ឆាចំនួន ១២៥,៩ គីឡូក្រាម, គ្រឿងញៀនសំយោគចំនួន ៤២៥,៩ គីឡូក្រាម, គ្រាប់គ្រឿងញៀនសំយោគជាង ៣៤៥.០០០ គ្រាប់ និងគ្រឿងញៀនប្រភេទផ្សេងទៀតចំនួន ៥១,៣ គីឡូក្រាម។
ជាពិសេស សំណុំរឿងជំនាញ ១៣៥VL ដឹកនាំដោយនាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន សហការជាមួយសមត្ថកិច្ចនៃប្រទេសវៀតណាម និងឡាវ ត្រូវបានចាត់ទុកជាគំរូជោគជ័យដ៏លេចធ្លោក្នុងការទប់ស្កាត់សារធាតុគីមីផ្សំពីដើមទី។ កងកម្លាំងបានបង្ក្រាបបណ្តាញរត់ពន្ធសារធាតុគីមីផ្សំពីប្រទេសចិន ឆ្លងកាត់វៀតណាម និងឡាវ ឆ្ពោះទៅកាន់មីយ៉ាន់ម៉ា ដើម្បីផលិតគ្រឿងញៀន ដោយបានចាប់ខ្លួនជនសង្ស័យចំនួន ១០ នាក់នៅវៀតណាម, ៦ នាក់នៅឡាវ និងរឹបអូសសារធាតុកាហ្វេអ៊ីនបានចំនួន ៥០,៧ តោន។ បរិមាណសារធាតុគីមីផ្សំដ៏ច្រើនលើសលប់នេះ ប្រសិនបើមិនត្រូវបានទប់ស្កាត់ទាន់ពេលទេ អាចត្រូវបានក្រុមឧក្រិដ្ឋជនយកទៅផលិតជាគ្រាប់គ្រឿងញៀនសំយោគបានរហូតដល់ជាង ១៥០ តោន៕
|
យុគសម័យ - នៅថ្ងៃទី ១៧ ខែមេសា នៅទីក្រុងហាណូយ គណៈប្រតិភូសមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ា (សមាគម) ដឹកនាំដោយឯកឧត្តម Chu Cong Phung ប្រធានសមាគម បានអញ្ជើញទៅកាន់ស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅវៀតណាម ដើម្បីប្រគល់ជូនទឹកប្រាក់ចំនួន ៣៩២,៣៧២,០៨៤ ដុង ក្នុងគោលបំណងជួយប្រជាជនមីយ៉ាន់ម៉ាស្តារឡើងវិញពីផលវិបាកនៃគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរដែលបានកើតឡើងនៅថ្ងៃទី ២៨ ខែមីនា កន្លងទៅ។ |
|
នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ |
thoidai.com.vn

មតិពីមិត្តអ្នកអាន