យុគសម័យ - យុទ្ធនាការ ១០០ ថ្ងៃដ៏ក្តៅគគុកដោះស្រាយបណ្តាចំណុចកកស្ទះ កំពុងដាក់ការធ្វើបរិវត្តកម្មឌីជីថលចំពោះមុខតម្រូវការកាន់តែច្បាស់លាស់មួយ៖ លទ្ធផលមិនត្រឹមតែត្រូវបានគិតដោយចំនួនភារកិច្ចដែលបានបំពេញរួចរាល់ ឬប្រព័ន្ធដែលត្រូវបានកសាងឡើងប៉ុណ្ណោះទេ ប៉ុន្តែត្រូវស្តែងចេញតាមរយៈទិន្នន័យដែលត្រូវបានទាញយកផល នីតិវិធីដែលត្រូវបានសម្រួលឱ្យសាមញ្ញ ការចំណាយដែលត្រូវបានសន្សំសំចៃ និងភាពងាយស្រួលជាក់ស្តែងដែលបាននាំមកជូនប្រជាពលរដ្ឋ ព្រមទាំងសហគ្រាស។
បន្ទាប់ពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW អស់រយៈពេលជាងមួយឆ្នាំប្រាំបីខែកន្លងមក ការធ្វើបរិវត្តកម្មឌីជីថលថ្នាក់ជាតិសម្រេចបាននូវបណ្តាជំហានឈានទៅមុខអំពីយន្តការស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាគ្រឹះស្ថានឌីជីថល។ ប៉ុន្តែដំណើរការអនុវត្តក៏បានលាតត្រដាងនូវចំណុចកកស្ទះនានាដែលចាំបាច់ត្រូវបន្តដោះស្រាយ ចាប់ពីទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធ ប្រភពធនធាន រហូតដល់គ្រឹះស្ថានប្រើប្រាស់រួម និងវិធីសាស្ត្រចាត់តាំងការអនុវត្ត។
នៅក្នុងសន្និសីទថ្នាក់ជាតិបូកសរុបបណ្តោះអាសន្នរយៈពេល ១ ឆ្នាំ ៦ ខែ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានតម្រូវឱ្យអនុវត្តផែនការសកម្មភាព ១០០ ថ្ងៃដោះស្រាយបណ្តាចំណុចកកស្ទះស្តីពីការធ្វើបរិវត្តកម្មឌីជីថល បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា នាំការធ្វើបរិវត្តកម្មឌីជីថលឈានចូលភាពជាក់ស្តែង។
ក្នុងការប្រែក្លាយតម្រូវការនេះឱ្យចេញជារូបរាងជាក់ស្តែង ផែនការលេខ 05-KH/BCĐTW បានកំណត់នូវភារកិច្ចគន្លឹះចំនួន ៥០ នៅក្នុងយុទ្ធនាការ ១០០ ថ្ងៃដ៏ក្តៅគគុក។ តម្រូវការមិនត្រឹមតែឈប់ត្រឹមការបំពេញភារកិច្ចឱ្យទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺត្រូវបង្កើតឱ្យបាននូវផលិតផលដែលអាចដំណើរការបាន មានអ្នកប្រើប្រាស់ និងមានលទ្ធផលផ្ទៀងផ្ទាត់នៅលើស្ថានភាពជាក់ស្តែង។
![]() |
| អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងសំណេះសំណាលនៅក្នុងសន្និសីទថ្នាក់ជាតិបូកសរុបបណ្តោះអាសន្នរយៈពេល ១ ឆ្នាំ ៦ ខែ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦។ |
នៅថ្ងៃទី ២៩ ខែកក្កដា នាយករដ្ឋមន្ត្រី Le Minh Hung បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 88/QĐ-BCĐCP ស្តីពីការប្រកាសឱ្យប្រើប្រាស់ផែនការសកម្មភាពរបស់គណៈកម្មាធិការដឹកនាំរដ្ឋាភិបាល។ យុទ្ធនាការដ៏ក្តៅគគុកត្រូវបានអនុវត្តក្នុងរយៈពេល ១០០ ថ្ងៃធ្វើការ ដោយផ្តោតលើការដោះស្រាយភារកិច្ចបន្ទាន់ៗ និងយឺតយ៉ាវជាងកាលកំណត់ ឆ្លងតាមនោះបង្កើតការផ្លាស់ប្តូរនៅក្នុងអភិបាលកិច្ច ការដឹកនាំបញ្ជា និងការលើកកម្ពស់គុណភាពបម្រើប្រជាពលរដ្ឋ ព្រមទាំងសហគ្រាស។
ដោះស្រាយចំណុចកកស្ទះចេញពីទិន្នន័យ និងគ្រឹះស្ថានប្រើប្រាស់រួម
ទិន្នន័យគឺជាខ្លឹមសារសំខាន់មួយក្នុងចំណោមខ្លឹមសារគន្លឹះនានានៃយុទ្ធនាការដ៏ក្តៅគគុក។
ឆ្លងតាមដំណើរការអនុវត្តការធ្វើបរិវត្តកម្មឌីជីថល ស្ថានភាពទិន្នន័យនៅរាយប៉ាយ ខ្វះការតភ្ជាប់ ការចែករំលែក និងការទាញយកផលប្រកបដោយប្រសិទ្ធភាព នៅតែជាបញ្ហាមួយដែលចាំបាច់ត្រូវដោះស្រាយ។ ទន្ទឹមនឹងនោះ ប្រព័ន្ធមួយចំនួនត្រូវបានវិនិយោគដោយដាច់ដោយឡែក មានមុខងារត្រួតស៊ីគ្នា បង្កការលំបាកដល់ការតភ្ជាប់អន្តរកម្ម និងធ្វើឱ្យកើនឡើងនូវការចំណាយលើការវិនិយោគ ព្រមទាំងការប្រតិបត្តិការ។
នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 1132/QĐ-TTg ស្តីពីការប្រកាសឱ្យប្រើប្រាស់លក្ខណៈវិនិច្ឆ័យ បញ្ជីគ្រឹះស្ថានឌីជីថលប្រើប្រាស់រួមថ្នាក់ជាតិ នៅក្នុងបណ្តាស្ថាប័នចំណុះប្រព័ន្ធនយោបាយ។
បញ្ជីនេះរួមមាន ៧៩ គ្រឹះស្ថាន ដែលក្នុងនោះមាន ១៧ គ្រឹះស្ថានប្រើប្រាស់រួមសម្រាប់បណ្តាផ្នែក និងវិស័យ។ បណ្តាគ្រឹះស្ថានត្រូវធានាបាននូវសមត្ថភាពតភ្ជាប់ អន្តរកម្ម ចែករំលែកទិន្នន័យ និងផ្តល់ទិន្នន័យ សន្ទស្សន៍បម្រើការងារត្រួតពិនិត្យ តាមដាន វាស់វែង វាយតម្លៃសកម្មភាព ក៏ដូចជាប្រសិទ្ធភាពនៃការប្រើប្រាស់។
សេចក្តីសម្រេចក៏បានកំណត់ផងដែរថា បន្ទាប់ពីគ្រឹះស្ថានឌីជីថលប្រើប្រាស់រួមថ្នាក់ជាតិត្រូវបានដាក់ឱ្យដំណើរការ បណ្តាស្ថាប័ន អង្គការ មិនត្រូវធ្វើការវិនិយោគ កសាង ទិញលទ្ធកម្ម ជួលសេវា ឬពង្រីកបណ្តាប្រព័ន្ធដែលមានមុខងារ គោលដៅ និងវិសាលភាពប្រើប្រាស់ស្រដៀងគ្នានោះឡើយ លើកលែងតែករណីពិសេស។
របៀបទាក់ទងនេះបង្ហាញឱ្យឃើញថា តម្រូវការនៅក្នុងដំណាក់កាលបច្ចុប្បន្ន មិនគ្រាន់តែជាការកសាងបន្ថែមនូវប្រព័ន្ធឌីជីថលនោះទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការរៀបចំឡើងវិញនូវរបៀបដែលប្រព័ន្ធនានាតភ្ជាប់ អន្តរកម្ម ចែករំលែក និងទាញយកផលទិន្នន័យ ឆ្លងតាមនោះកម្រិតស្ថានភាពវិនិយោគនៅរាយប៉ាយ និងត្រួតស៊ីគ្នា។
ប្រសិទ្ធភាពនៃទិន្នន័យក៏ត្រូវបានស្តែងចេញយ៉ាងច្បាស់លាស់ផងដែរ លុះត្រាតែវាឈានចូលក្នុងបណ្តានីតិវិធីជំនាញជាក់ស្តែង។
![]() |
| ប្រព័ន្ធ kiosk ជីវមាត្របានរួមចំណែកកាត់បន្ថយសម្ពាធនៅតំបន់បំពេញបែបបទ និងលើកកម្ពស់ល្បឿននៃការបំពេញបែបបទជូនអ្នកដំណើរនៅអាកាសយានដ្ឋាន Noi Bai។ |
នៅស្ថានីយរថភ្លើង Ha Noi ប្រព័ន្ធត្រួតពិនិត្យសំបុត្រតាមរយៈជីវមាត្រត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដោយតភ្ជាប់ជាមួយប្រព័ន្ធលក់សំបុត្រអេឡិចត្រូនិក និងមូលដ្ឋានទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិ។
នៅក្នុងដំណាក់កាលសាកល្បង ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥ ល្បឿននៃការត្រួតពិនិត្យសំបុត្រជាមធ្យមសម្រេចបានពី ៣ ដល់ ៥ វិនាទីក្នុងអ្នកដំណើរម្នាក់ ដែលលឿនជាងប្រមាណ ៥០% បើប្រៀបធៀបនឹងការស្កេនកូដ QR អត្រាកំណត់អត្តសញ្ញាណជោគជ័យសម្រេចបានជាង ៩៨% និងជាង ៩២% នៃអ្នកដំណើរដែលត្រូវបានស្ទង់មតិ បានវាយតម្លៃថាប្រព័ន្ធនេះមានភាពងាយស្រួល ឬងាយស្រួលបំផុត។
ចាប់ពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ ប្រព័ន្ធនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅស្ថានីយរថភ្លើង Ha Noi។
នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ចាប់ពីខែកក្កដា ឆ្នាំ ២០២៦ kiosk ជីវមាត្រនៅស្ថានីយអ្នកដំណើរ T1 បានអនុញ្ញាតឱ្យអ្នកដំណើរដែលធ្វើដំណើរតាមជើងហោះហើរក្នុងស្រុក បញ្ចប់ការផ្ទៀងផ្ទាត់ក្នុងរយៈពេលប្រមាណ ១០ វិនាទី តាមរយៈប្រតិបត្តិការចំនួន ៣៖ ការស្កេនប័ណ្ណឡើងយន្តហោះ ការស្កេនអត្តសញ្ញាណប័ណ្ណសញ្ជាតិមានបង្កប់បន្ទះឈីប និងការកំណត់អត្តសញ្ញាណផ្ទៃមុខ។
បន្ទាប់ពីការផ្ទៀងផ្ទាត់រួចរាល់ ទិន្នន័យជីវមាត្រត្រូវបានធ្វើសមកាលកម្មនៅលើប្រព័ន្ធ ដើម្បីឱ្យអ្នកដំណើរបន្តប្រើប្រាស់គន្លងស្វ័យប្រវត្តិនានានៅតំបន់ត្រួតពិនិត្យសន្តិសុខ និងច្រកទ្វារឡើងយន្តហោះ។ ជារៀងរាល់ថ្ងៃ ប្រព័ន្ធនេះបម្រើដោយជោគជ័យជូនអ្នកដំណើរប្រមាណពី ២.០០០ ដល់ ៣.០០០ នាក់។
ករណីទាំងនេះបង្ហាញឱ្យឃើញថា ទិន្នន័យអត្តសញ្ញាណកម្ម និងជីវមាត្រ មិនត្រឹមតែស្ថិតនៅក្នុងបណ្តាមូលដ្ឋានទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានដាក់បញ្ចូលទៅក្នុងនីតិវិធីជំនាញជាក់ស្តែងរួចហើយ។
ចំពោះអ្នកដំណើរ ប្រសិទ្ធភាពអាចកត់សម្គាល់ឃើញតាមរយៈរយៈពេល និងចំនួនជំហានដែលត្រូវអនុវត្ត។ ចំពោះអង្គភាពប្រតិបត្តិការ ទិន្នន័យបានក្លាយជាផ្នែកមួយនៃដំណើរការត្រួតពិនិត្យ និងបម្រើអ្នកដំណើរ។
ឆ្លងតាមនោះ តម្លៃនៃទិន្នន័យមិនត្រឹមតែត្រូវបានវាស់វែងដោយសមត្ថភាពតភ្ជាប់រវាងប្រព័ន្ធនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយការដែលថាតើទិន្នន័យពិតជាត្រូវបានទាញយកផល ដើម្បីផ្លាស់ប្តូរនីតិវិធីមួយ កាត់បន្ថយពេលវេលា និងលើកកម្ពស់គុណភាពបម្រើការងារឬអត់នោះផងដែរ។
សេវាសាធារណៈត្រូវតែវាស់វែងដោយពេលវេលា និងការចំណាយ
នៅក្នុងវិស័យសេវាសាធារណៈ ប្រសិទ្ធភាពនៃការធ្វើបរិវត្តកម្មឌីជីថល អាចត្រូវបានមើលឃើញដោយផ្ទាល់តាមរយៈរយៈពេលនៃការដោះស្រាយនីតិវិធី ការចំណាយលើការអនុវត្តតាម និងកម្រិតនៃភាពងាយស្រួលចំពោះប្រជាពលរដ្ឋ ព្រមទាំងសហគ្រាស។
ក្រុមនីតិវិធីមួយចំនួនត្រូវបានកាត់បន្ថយរយៈពេលអនុវត្តយ៉ាងគួរឱ្យកត់សម្គាល់។
ក្រុមនីតិវិធីចុះសំបុត្រកំណើត ចុះឈ្មោះស្នាក់នៅអចិន្ត្រៃយ៍ ផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលសម្រាប់កុមារអាយុក្រោម ៦ ឆ្នាំ ត្រូវបានកាត់បន្ថយពី ២១ ថ្ងៃ មកនៅត្រឹម ៤ ថ្ងៃ។
ក្រុមនីតិវិធីចុះសំបុត្រមរណភាព លុបឈ្មោះចេញពីការចុះឈ្មោះស្នាក់នៅអចិន្ត្រៃយ៍ ឧបត្ថម្ភបុណ្យសព គាំទ្រការចំណាយបុណ្យសព ត្រូវបានកាត់បន្ថយពី ២៥ ថ្ងៃ មកនៅត្រឹម ១០ ថ្ងៃ។
លទ្ធផលទាំងនេះក៏បានដាក់ចេញនូវតម្រូវការកាន់តែច្បាស់លាស់មួយចំពោះសេវាសាធារណៈតាមប្រព័ន្ធអនឡាញ៖ មិនអាចគ្រាន់តែឈប់ត្រឹមការនាំយកនីតិវិធីពីបរិស្ថានក្រដាសទៅកាន់បរិស្ថានឌីជីថលនោះឡើយ។
សេវាមួយពិតជាមានភាពងាយស្រួល លុះត្រាតែនីតិវិធីត្រូវបានសម្រួលឱ្យសាមញ្ញ ទិន្នន័យដែលមានស្រាប់ត្រូវបានទាញយកផលដើម្បីកាត់បន្ថយចំនួនប្រតិបត្តិការ កាត់បន្ថយការតម្រូវឱ្យផ្តល់ព័ត៌មានឡើងវិញ និងរយៈពេលដំណើរការត្រូវបានកាត់បន្ថយ។
ចេញពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន លោក Cu Ngoc Trang ប្រធានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Ha Noi បានឱ្យដឹងថា ទីក្រុងកំពុងអនុវត្តយុទ្ធនាការបង្កើនល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងរយៈពេល ១០០ ថ្ងៃ។ ខ្លឹមសារសំខាន់មួយក្នុងចំណោមខ្លឹមសារគន្លឹះនានា គឺក្រុមនីតិវិធីទាំង ៥ ស្តីពីប្រតិបត្តិការធានាដោយសិទ្ធិប្រើប្រាស់ដីធ្លី។
ក្រុមនីតិវិធីនេះមានភាពញឹកញាប់ប្រមាណ ៣០០.០០០ សំណុំឯកសារក្នុងមួយឆ្នាំៗ។
ការនាំយកដំណើរការទាំងមូលឡើងទៅកាន់បរិស្ថានអនឡាញពេញលេញ មានគោលដៅកាត់បន្ថយរយៈពេលអនុវត្ត កាត់បន្ថយការចំណាយលើការអនុវត្តតាមសម្រាប់ប្រជាពលរដ្ឋ សហគ្រាស និងបណ្តាគ្រឹះស្ថានឥណទាន។
មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានព្យាករណ៍ថា នៅពេលដែលត្រូវបានដាក់ឱ្យអនុវត្តព្រមៗគ្នានៅទូទាំងទីក្រុង ដំណោះស្រាយនេះអាចជួយសន្សំសំចៃបានប្រមាណ ៦៥១,៥៧ ពាន់លានដុង នៃការចំណាយលើការអនុវត្តតាមនីតិវិធីរដ្ឋបាលក្នុងមួយឆ្នាំៗ។
តួលេខនេះបង្ហាញឱ្យឃើញថា ការធ្វើបរិវត្តកម្មឌីជីថលអាចត្រូវបានគណនាជាបរិមាណតាមរយៈផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង ជំនួសឱ្យការគ្រាន់តែវាយតម្លៃតាមរយៈចំនួនប្រព័ន្ធ ឬសេវាដែលត្រូវបាននាំយកឡើងទៅកាន់បរិស្ថានឌីជីថល។
យោងតាមលោក Cu Ngoc Trang ផងដែរ Ha Noi បានកំណត់ថា ទិន្នន័យគឺជាធនធានដ៏សំខាន់មួយ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្នបង្ហាញឱ្យឃើញថា ទិន្នន័យនៅតែស្ថិតនៅរាយប៉ាយតាមប្រព័ន្ធជាច្រើន និងទម្រង់ខុសៗគ្នាជាច្រើន។
ផលវិបាកនោះគឺ កម្មាភិបាល ជាពិសេសនៅថ្នាក់មូលដ្ឋាន អាចត្រូវអនុវត្តប្រតិបត្តិការត្រួតស៊ីគ្នានៅលើកម្មវិធីជាច្រើន ដែលមួយផ្នែកធ្វើឱ្យកើនឡើងនូវទំហំការងារ និងមួយផ្នែកទៀតបានកម្រិតសមត្ថភាពទាញយកផលទិន្នន័យប្រើប្រាស់រួម។
ដើម្បីដោះស្រាយបញ្ហានេះ ទីក្រុងបានអនុវត្តផែនការផ្ទេរទីតាំង និងធ្វើស្តង់ដារូបនីយកម្មទិន្នន័យត្រឡប់មកកាន់ឃ្លាំងទិន្នន័យប្រើប្រាស់រួម។ យោងតាមផែនទីបង្ហាញផ្លូវ រហូតដល់ដំណាច់ឆ្នាំ ២០២៦ ទីក្រុងគ្រោងនឹងបញ្ចប់ក្រុមទិន្នន័យចំនួន ៩៣។
នៅតំបន់គ្រួសារអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម Ha Noi បានកំណត់គោលដៅគាំទ្រយ៉ាងហោចណាស់ ១០.០០០ គ្រួសារអាជីវកម្ម និង ១០០ ភូមិរបរ ឱ្យអនុវត្តបណ្តាគ្រឹះស្ថានឌីជីថលនៅក្នុងយុទ្ធនាការ ១០០ ថ្ងៃ។
![]() |
| ប្រជាពលរដ្ឋអាចអនុវត្តនីតិវិធីរដ្ឋបាលតាមប្រព័ន្ធអនឡាញតាមរយៈ VNeID។ |
គោលដៅទាំងនេះត្រូវបានដាក់ចេញរួមជាមួយតម្រូវការក្នុងការនាំយកទិន្នន័យ គ្រឹះស្ថាន និងសេវានានាចូលទៅក្នុងការដំណើរការជាក់ស្តែង ជំនួសឱ្យការគ្រាន់តែបំពេញរួចរាល់នូវការកសាងប្រព័ន្ធលើទិដ្ឋភាពបច្ចេកទេស។
ដូចនេះ ចាប់ពីសេវាសាធារណៈរហូតដល់អភិបាលកិច្ចមូលដ្ឋាន លទ្ធផលចុងក្រោយសុទ្ធតែត្រូវត្រឡប់មកវិញជាមួយសំណួរមួយថា៖ តើអ្នកប្រើប្រាស់ទទួលបានផលប្រយោជន៍អ្វីខ្លះពីដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល។
ប្រភពធនធានកើនឡើង តម្រូវការអំពីប្រសិទ្ធភាពក៏ត្រូវខ្ពស់ជាងមុនដែរ
យោងតាមលោក Le Anh Tuan អនុប្រធានរដ្ឋបាលបរិវត្តកម្មឌីជីថលជាតិ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ ច្បាប់ស្តីពីការធ្វើបរិវត្តកម្មឌីជីថលបានចូលជាធរមានជាផ្លូវការ។
ទន្ទឹមនឹងនោះ ឯកសារសំខាន់ៗជាច្រើនត្រូវបានប្រកាសឱ្យប្រើប្រាស់ ដូចជា អនុក្រឹត្យលេខ 224/2026/NĐ-CP កំណត់លម្អិតមាត្រាមួយចំនួន និងវិធានការអនុវត្តច្បាប់ស្តីពីការធ្វើបរិវត្តកម្មឌីជីថល យុទ្ធសាស្ត្រជាតិស្តីពីការធ្វើបរិវត្តកម្មឌីជីថលដំណាក់កាល ២០២៦-២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥ ក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិឌីជីថល។
ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក៏បានប្រកាសឱ្យប្រើប្រាស់នូវបទប្បញ្ញត្តិនានាស្តីពីការគ្រប់គ្រងការវិនិយោគ ការគ្រប់គ្រងគុណភាពគម្រោងបរិវត្តកម្មឌីជីថល និងសំណុំលក្ខណៈវិនិច្ឆ័យវាយតម្លៃកម្រិតត្រៀមខ្លួនជាស្រេចនៃនីតិវិធីរដ្ឋបាលផងដែរ។
បទប្បញ្ញត្តិទាំងនេះបានបង្កើតមូលដ្ឋានដើម្បីធ្វើស្តង់ដារូបនីយកម្មដំណើរការអនុវត្ត ព្រមទាំងបង្កើនសមត្ថភាពវាយតម្លៃប្រសិទ្ធភាពនៃបណ្តាភារកិច្ចបរិវត្តកម្មឌីជីថល។
ទន្ទឹមនឹងការសុក្រឹតយន្តការស្ថាប័ន ប្រភពធនធានសម្រាប់បរិវត្តកម្មឌីជីថលក៏ត្រូវបានពង្រឹងផងដែរ។
អនុក្រឹត្យលេខ 224/2026/NĐ-CP បានកំណត់នូវបណ្តាភារកិច្ចចំណាយថវិការដ្ឋសម្រាប់បរិវត្តកម្មឌីជីថល និងបណ្តាយន្តការដែលពាក់ព័ន្ធនឹងការវិនិយោគ លទ្ធកម្ម ការជួលសេវា ការសាកល្បងនៅក្នុងបរិវត្តកម្មឌីជីថល។
គោលនយោបាយបម្រុងទុកយ៉ាងតិច ១% នៃការចំណាយថវិការដ្ឋសម្រាប់បរិវត្តកម្មឌីជីថល បន្តបង្កើតបន្ថែមនូវប្រភពធនធានសម្រាប់បណ្តាភារកិច្ចក្នុងវិស័យនេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រភពធនធានដែលត្រូវបានបែងចែកកាន់តែធំ មានន័យថាតម្រូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពក៏ត្រូវតែខ្ពស់ជាងមុនដែរ។
ប្រព័ន្ធមួយដែលត្រូវបានវិនិយោគ ប៉ុន្តែមានអ្នកប្រើប្រាស់តិច មូលដ្ឋានទិន្នន័យមួយដែលមិនត្រូវបានធ្វើបច្ចុប្បន្នភាព ឬគ្រឹះស្ថានមួយដែលមានមុខងារត្រួតស៊ីគ្នាជាមួយប្រព័ន្ធផ្សេងទៀត នឹងពិបាកលើកកម្ពស់តម្លៃសមស្របទៅនឹងទំហំនៃការវិនិយោគណាស់។
ការកំណត់គ្រឹះស្ថានឌីជីថលប្រើប្រាស់រួមថ្នាក់ជាតិចំនួន ៧៩ ហេតុដូច្នេះហើយ មិនត្រឹមតែមានអត្ថន័យផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយមួយដើម្បីកម្រិតការវិនិយោគត្រួតស៊ីគ្នា បង្កើនសមត្ថភាពតភ្ជាប់ និងការទាញយកផលរួមគ្នារវាងបណ្តាស្ថាប័នផងដែរ។
ផែនការ ១០០ ថ្ងៃ ទន្ទឹមនឹងនេះក៏ផ្តោតលើការដោះស្រាយបណ្តាភារកិច្ចដែលត្រូវបានបែងចែកប្រភពធនធានរួចហើយ ប៉ុន្តែការអនុវត្ត ឬការបើកផ្តល់ថវិកានៅមានភាពយឺតយ៉ាវ ឆ្លងតាមនោះជំរុញការនាំយកប្រភពធនធានដែលមានស្រាប់ឱ្យក្លាយជាផលិតផល និងលទ្ធផលជាក់ស្តែង។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Bui Hoang Phuong ប្រព័ន្ធយន្តការស្ថាប័ន គោលនយោបាយ និងច្រករបៀងគតិយុត្តស្តីពីបរិវត្តកម្មឌីជីថល ជាមូលដ្ឋានត្រូវបានសុក្រឹតរួចរាល់ហើយ។ បញ្ហាដែលចោទឡើងនាពេលបច្ចុប្បន្ន គឺការចាត់តាំងអនុវត្តឱ្យបានព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យគោលនយោបាយនានាពិតជាឈានចូលក្នុងជីវភាពជាក់ស្តែង។
ផ្អែកលើមូលដ្ឋាននៃផែនការសកម្មភាព ១០០ ថ្ងៃរបស់គណៈកម្មាធិការដឹកនាំមជ្ឈិម ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានផ្តោតលើការដោះស្រាយការលំបាក និងបញ្ហាស្មុគស្មាញនានានៅក្នុងដំណើរការអនុវត្ត ជំរុញការនាំយកគ្រឹះស្ថានឌីជីថល និងមូលដ្ឋានទិន្នន័យប្រើប្រាស់រួមចូលក្នុងការដំណើរការ ពង្រឹងការតភ្ជាប់ ការចែករំលែកទិន្នន័យ និងគាំទ្របណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងការដឹកនាំបញ្ជា។
«គោលដៅចុងក្រោយ គឺនាំយកការធ្វើបរិវត្តកម្មឌីជីថលថ្នាក់ជាតិឈានចូលភាពជាក់ស្តែង លើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច ការដឹកនាំបញ្ជា និងគុណភាពបម្រើប្រជាពលរដ្ឋ ព្រមទាំងសហគ្រាស» អនុរដ្ឋមន្ត្រី Bui Hoang Phuong បានសង្កត់ធ្ងន់បែបនេះ។
ការផ្លាស់ប្តូរពីការវាស់វែងវឌ្ឍនភាពទៅជាការវាស់វែងលទ្ធផល
ចាប់ពីផ្លូវដែក ផ្លូវអាកាស រហូតដល់សេវាសាធារណៈ និងសកម្មភាពបរិវត្តកម្មឌីជីថលនៅមូលដ្ឋាន ប្រសិទ្ធភាពនៃបរិវត្តកម្មឌីជីថលសុទ្ធតែអាចត្រូវបានស្តែងចេញតាមរយៈសន្ទស្សន៍ជាក់ស្តែងនានា។
នៅផ្នែកផ្លូវដែក និងផ្លូវអាកាស នោះគឺជារយៈពេលនៃការត្រួតពិនិត្យ ការផ្ទៀងផ្ទាត់ ចំនួនជំហានដែលអ្នកដំណើរត្រូវអនុវត្ត និងចំនួនអ្នកប្រើប្រាស់ដោយជោគជ័យ។
នៅផ្នែកសេវាសាធារណៈ នោះគឺជារយៈពេលនៃការដោះស្រាយនីតិវិធី ចំនួនដងដែលប្រជាពលរដ្ឋត្រូវផ្តល់ព័ត៌មាន និងការចំណាយលើការអនុវត្តតាមដែលត្រូវបានកាត់បន្ថយ។
នៅមូលដ្ឋាន នោះគឺជាបរិមាណទិន្នន័យដែលត្រូវបានធ្វើស្តង់ដារូបនីយកម្ម ការតភ្ជាប់ ចំនួនអ្នកប្រើប្រាស់ ចំនួននីតិវិធីដែលត្រូវបានផ្លាស់ប្តូរ និងបណ្តាការចំណាយសង្គមដែលត្រូវបានសន្សំសំចៃ។
សន្ទស្សន៍ទាំងនេះបានជួយផ្លាស់ប្តូរការផ្តោតសំខាន់នៃការវាយតម្លៃ ចេញពីសំណួរថា «តើបានអនុវត្តឬនៅ» ទៅជា «តើការអនុវត្តបានបង្កើតការផ្លាស់ប្តូរឬអត់»។
នេះក៏ជាតម្រូវការដ៏សំខាន់មួយនៃផែនការ ១០០ ថ្ងៃផងដែរ៖ អភិបាលកិច្ចផ្អែកលើផលិតផលសម្រេចចេញ កម្រិតនៃការប្រើប្រាស់ជាក់ស្តែង និងតម្លៃដែលបាននាំមក ជំនួសឱ្យការគ្រាន់តែផ្អែកលើវឌ្ឍនភាពនៃការបំពេញភារកិច្ចនៅលើផែនការតែប៉ុណ្ណោះ។
អាស្រ័យហេតុនេះ នៅពេលដែលយុទ្ធនាការដ៏ក្តៅគគុកបានបញ្ចប់ អត្រានៃការបំពេញរួចរាល់នូវភារកិច្ចទាំង ៥០ គឺជាសន្ទស្សន៍ចាំបាច់មួយ ប៉ុន្តែមិនទាន់អាចជាបន្ទាត់រង្វាស់តែមួយគត់បានឡើយ។
លទ្ធផលនៅតែត្រូវដាក់នៅក្នុងបណ្តាសំណួរជាក់ស្តែងជាងនេះ៖ តើផលិតផលត្រូវបានដាក់ឱ្យដំណើរការហើយឬនៅ តើទិន្នន័យពិតជាត្រូវបានតភ្ជាប់ ទាញយកផល និងប្រើប្រាស់ឡើងវិញឬអត់ តើមានមនុស្សប៉ុន្មាននាក់កំពុងប្រើប្រាស់ តើនីតិវិធីបានផ្លាស់ប្តូរយ៉ាងដូចម្តេច តើរយៈពេល និងការចំណាយលើការអនុវត្តការងារពិតជាបានកាត់បន្ថយឬទេ។
ប្រសិនបើគ្រឹះស្ថានមួយត្រូវបានបំពេញរួចរាល់ ប៉ុន្តែមិនទាន់មានអ្នកប្រើប្រាស់ ទិន្នន័យត្រូវបានតភ្ជាប់ ប៉ុន្តែមិនទាន់ត្រូវបានទាញយកផល ឬនីតិវិធីមួយត្រូវបាននាំយកឡើងទៅកាន់ប្រព័ន្ធអនឡាញ ប៉ុន្តែប្រជាពលរដ្ឋនៅតែត្រូវអនុវត្តស្ទើរតែពេញលេញនូវបណ្តាជំហានដូចមុននោះ កម្រិតនៃការផ្លាស់ប្តូរនៅតែត្រូវបន្តពិចារណា។
ផ្ទុយទៅវិញ នៅពេលដែលទិន្នន័យត្រូវបានប្រើប្រាស់ដើម្បីកាត់បន្ថយប្រតិបត្តិការ នៅពេលដែលនីតិវិធីមួយត្រូវបានកាត់បន្ថយពីប៉ុន្មានសិបថ្ងៃមកនៅត្រឹមប៉ុន្មានថ្ងៃ នៅពេលដែលប្រព័ន្ធមួយបានជួយសន្សំសំចៃការចំណាយលើការអនុវត្តតាមរាប់រយពាន់លានដុង ឬនៅពេលដែលមនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃប្រើប្រាស់សេវាថ្មីមួយដោយភាពងាយស្រួល ការធ្វើបរិវត្តកម្មឌីជីថលបានបង្កើតនូវលទ្ធផលដែលអាចមើលឃើញ និងផ្ទៀងផ្ទាត់បាន។
១០០ ថ្ងៃ គឺជាដំណាក់កាលជាក់ស្តែងមួយនៅក្នុងដំណើរការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ប៉ុន្តែអត្ថន័យនៃយុទ្ធនាការដ៏ក្តៅគគុក មិនគ្រាន់តែស្ថិតនៅលើកាលកំណត់ ១០០ ថ្ងៃនោះឡើយ។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការបង្កើតនូវរបៀបធ្វើការថ្មីមួយ៖ ចំណុចកកស្ទះត្រូវតែកំណត់ឱ្យបានច្បាស់លាស់ ភារកិច្ចត្រូវតែផ្សារភ្ជាប់ជាមួយផលិតផលសម្រេចចេញ ប្រភពធនធានត្រូវតែបង្កើតឱ្យចេញជាផលិតផល ផលិតផលត្រូវតែមានអ្នកប្រើប្រាស់ និងលទ្ធផលចុងក្រោយត្រូវតែអាចវាស់វែងបាន។
លទ្ធផលនៃ ១០០ ថ្ងៃ ហេតុដូច្នេះហើយ នឹងត្រូវបានស្តែងចេញតាមរយៈបណ្តាគ្រឹះស្ថានដែលពិតជាឈានចូលដំណើរការ បណ្តាមូលដ្ឋានទិន្នន័យដែលត្រូវបានតភ្ជាប់ និងទាញយកផល បណ្តានីតិវិធីដែលត្រូវបានកាត់បន្ថយ បណ្តាខ្ទង់ចំណាយដែលត្រូវបានសន្សំសំចៃ និងការផ្លាស់ប្តូរទាំងឡាយដែលប្រជាពលរដ្ឋ ព្រមទាំងសហគ្រាសអាចមានអារម្មណ៍ដឹងបាននៅក្នុងការអនុវត្តជាក់ស្តែង។
នៅពេលដែលលទ្ធផលទាំងនោះក្លាយជាបន្ទាត់រង្វាស់ជាប្រចាំ ជំនួសឱ្យរបៀបវាយតម្លៃជាចម្បងដោយផ្អែកលើចំនួនភារកិច្ចដែលបានបំពេញរួចរាល់ ទើបការធ្វើបរិវត្តកម្មឌីជីថលពិតជាផ្លាស់ប្តូរចេញពីការកសាងគ្រឹះស្ថាន ទៅជាការបង្កើតតម្លៃសម្រាប់អភិបាលកិច្ចថ្នាក់ជាតិ សកម្មភាពរបស់សហគ្រាស និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
យុគសម័យ - នាថ្ងៃទី ៧ ខែកក្កដា នៅទីក្រុង Hanoi គណបក្សភាគនៃរណសិរ្សមាតុភូមិ (MTTQ) និងបណ្តាអង្គការមហាជនមជ្ឈិម បានចាត់តាំងសន្និសីទគណៈកម្មាធិការប្រតិបត្តិគណបក្សភាគពង្រីក សន្និសីទបានកំណត់បណ្តាភារកិច្ចគន្លឹះនាពេលខាងមុខគឺការបន្តរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ធ្វើឱ្យបង្រួមបណ្តាអង្គភាពអាជីពនិងស្ថាប័នសារព័ត៌មាន ជម្រុញខ្លាំងការបំប្លែងឌីជីថល និងធ្វើស្តង់ដារភាវូបនីយកម្មមូលដ្ឋានទិន្នន័យតាមការណែនាំរបស់មជ្ឈិម។ |
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។ |



មតិពីមិត្តអ្នកអាន