យុគសម័យ - ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា Min Aung Hlaing ត្រូវបានរំពឹងថានឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - មីយ៉ាន់ម៉ា ពង្រឹងទំនុកចិត្តនយោបាយ និងពង្រីកកិច្ចសហប្រតិបត្តិការនៅលើក្របខ័ណ្ឌទាំងទ្វេភាគី និងពហុភាគី។
នោះគឺជាការវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា Nguyen Anh Duc នៅក្នុងជំនួបពិភាក្សាជាមួយអ្នកយកព័ត៌មានកាសែត Nhan Dan អំពីគោលបំណង អត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ដូចជាសក្តានុពលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
តបតាមការអញ្ជើញរបស់អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម To Lam និងលោកជំទាវ ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា Min Aung Hlaing និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦។
យោងតាមឯកអគ្គរដ្ឋទូត Nguyen Anh Duc នេះគឺជាដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមលើកដំបូងរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា Min Aung Hlaing គិតចាប់តាំងពីក្រោយពេលមីយ៉ាន់ម៉ាបានបញ្ចប់ការបោះឆ្នោតសកលនៅខែមករា ឆ្នាំ ២០២៦ និងបង្កើតរដ្ឋាភិបាលថ្មីនៅខែមេសា ឆ្នាំ ២០២៦ ព្រមទាំងជាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូនៅកម្រិតខ្ពស់បំផុតរវាងភាគីទាំងពីរគិតចាប់តាំងពីឆ្នាំ ២០១៩ មក។
«ដំណើរទស្សនកិច្ចនេះមានអត្ថន័យយ៉ាងសំខាន់ក្រៃលែង រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - មីយ៉ាន់ម៉ា បង្កើនទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ ជំរុញការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅលើក្របខ័ណ្ឌទាំងទ្វេភាគី និងពហុភាគី» ឯកអគ្គរដ្ឋទូត Nguyen Anh Duc បានសង្កត់ធ្ងន់។
![]() |
| នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា ធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ១០ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ សមមិត្ត Le Hoai Trung សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស បានមានបណ្តាជំនួបសម្តែងការគួរសមជាមួយប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា Min Aung Hlaing។ |
យោងតាមលោកឯកអគ្គរដ្ឋទូត នៅក្នុងបរិបទដែលអាស៊ានកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួល និងគាំទ្រមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយយូរអង្វែងសម្រាប់បញ្ហាមីយ៉ាន់ម៉ា ការដែលវៀតណាមទទួលស្វាគមន៍ប្រធានាធិបតីមីយ៉ាន់ម៉ាអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ បានបង្ហាញពីតួនាទីម្ចាស់ការ សកម្ម និងប្រកបដោយការទទួលខុសត្រូវរបស់វៀតណាម រួមចំណែកដល់ការខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាពរបស់មីយ៉ាន់ម៉ា និងតំបន់ ព្រមទាំងជំរុញដំណើរការកសាងសហគមន៍អាស៊ាន។
«នៅក្នុងបរិបទដែលប្រទេសទាំងពីរ វៀតណាម និងមីយ៉ាន់ម៉ា កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បង្កើតកម្លាំងចលករថ្មីនាំយកទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - មីយ៉ាន់ម៉ា ឱ្យកាន់តែអភិវឌ្ឍជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ» ឯកអគ្គរដ្ឋទូត Nguyen Anh Duc រំពឹងទុកដូច្នេះ។
គ្រឹះស្ថានមិត្តភាពសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មី
ឯកអគ្គរដ្ឋទូត Nguyen Anh Duc បានឱ្យដឹងថា វៀតណាម និងមីយ៉ាន់ម៉ា គឺជាប្រទេសអាស៊ីអាគ្នេយ៍ដីគោកពីរដែលមានទំនាក់ទំនងមិត្តភាពប្រពៃណី បច្ចុប្បន្នសុទ្ធតែជាសមាជិកអាស៊ាន និងជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់គ្នាទៅវិញទៅមក។ ប្រជាជននៃប្រទេសទាំងពីរបានផ្តល់មនោសញ្ចេតនាដ៏ល្អប្រសើរ និងការគាំទ្រ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកនៅក្នុងដំណាក់កាលតស៊ូរំដោះជាតិពីមុន ក៏ដូចជានៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។
មីយ៉ាន់ម៉ាគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលមានទំនាក់ទំនងយ៉ាងឆាប់រហ័សជាមួយវៀតណាម។ នៅឆ្នាំ ១៩៤៧ វៀតណាមបានបង្កើតស្ថាប័នតំណាងអចិន្ត្រៃយ៍នៅ Yangon បន្ទាប់មកគឺជាស្ថាប័នតំណាងរដ្ឋាភិបាលនៅឆ្នាំ ១៩៤៨ អគ្គកុងស៊ុលនៅឆ្នាំ ១៩៥៧ និងបានដំឡើងជាផ្លូវការនូវទំនាក់ទំនងការទូតកម្រិតឯកអគ្គរដ្ឋទូតនៅឆ្នាំ ១៩៧៥។
ឆ្លងកាត់ជាង ៥០ ឆ្នាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រេចបានជំហានអភិវឌ្ឍន៍ជាវិជ្ជមានជាច្រើននៅលើបណ្តាវិស័យ។ មុនពេលកើតមានបម្រែបម្រួលនយោបាយនៅមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០២១ កិច្ចសហប្រតិបត្តិការទ្វេភាគីបានអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យនយោបាយ សេដ្ឋកិច្ច - វិនិយោគ ការពារជាតិ - សន្តិសុខ វប្បធម៌ - អប់រំ និងការសម្របសម្រួលនៅឯវេទិកាតំបន់ និងអន្តរជាតិនានា។
សេដ្ឋកិច្ច - ពាណិជ្ជកម្ម ធ្លាប់ជាចំណុចលេចធ្លោមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅឆ្នាំ ២០២០ វៀតណាមបានឈានឡើងក្លាយជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៩ និងជាអ្នកវិនិយោគបរទេសធំលំដាប់ទី ៧ របស់មីយ៉ាន់ម៉ា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ១ ពាន់លានដុល្លារអាមេរិក និងគម្រោងចំនួន ២៥ ដែលមានទុនវិនិយោគសរុបជិត ២,២ ពាន់លានដុល្លារអាមេរិក។
សហគ្រាសធំៗមួយចំនួនរបស់វៀតណាមដំណើរការអាជីវកម្មទទួលបានជោគជ័យ ដោយរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា ជាក់ស្តែងដូចជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Viettel/Mytel, THACO, BIDV...។
ប្រទេសទាំងពីរក៏បានបង្កើតសមាគមមិត្តភាពវៀតណាម - មីយ៉ាន់ម៉ា និងសមាគមមិត្តភាពមីយ៉ាន់ម៉ា - វៀតណាម បង្កើតជាស្ពានតភ្ជាប់សម្រាប់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
បន្ទាប់ពីឆ្នាំ ២០២១ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរត្រូវបានរំខានជាបណ្តោះអាសន្ន ប៉ុន្តែវិស័យមួយចំនួននៅតែត្រូវបានរក្សាទុក។ ទោះបីជាជួបការលំបាកជាច្រើនក៏ដោយ ក៏សហគ្រាសវៀតណាមមួយចំនួននៅតែបន្តឈរជើង ដំណើរការអាជីវកម្មនៅមីយ៉ាន់ម៉ា ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីត្រូវបានរក្សាក្នុងកម្រិតប្រមាណ ៥០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
វៀតណាមក៏មានសកម្មភាពជាច្រើនគាំទ្រមីយ៉ាន់ម៉ាក្នុងគ្រាលំបាកនានា។ ភ្លាមៗបន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ វៀតណាមបានបញ្ជូនយ៉ាងឆាប់រហ័សនូវក្រុមជួយសង្គ្រោះជាង ១០០ នាក់ រួមជាមួយសម្ភារបរិក្ខារ ឧបករណ៍ពេទ្យ សម្ភារចាំបាច់ និងបានផ្តល់ជំនួយ ៣០០.០០០ ដុល្លារអាមេរិក ដើម្បីជួយគាំទ្រមីយ៉ាន់ម៉ាក្នុងការដោះស្រាយផលវិបាក។
មុននោះ នៅខែសីហា ឆ្នាំ ២០២៤ កាកបាទក្រហមវៀតណាមបានឧបត្ថម្ភដល់កាកបាទក្រហមមីយ៉ាន់ម៉ា ចំនួន ២០០.០០០ ដុល្លារអាមេរិក ដើម្បីដោះស្រាយផលវិបាកដោយសារព្យុះ Mocha។
នៅឯវេទិកាពហុភាគីតំបន់ និងអន្តរជាតិនានា វៀតណាមបន្តរួមចំណែកប្រកបដោយការទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ ក្នុងតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលក្នុងនោះមានរយៈពេលកាន់តំណែងជាប្រធានប្តូរវេនកាលពីឆ្នាំ ២០២១ វៀតណាមបានលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់ ពាំនាំនូវទស្សនៈ និងសំឡេងរបស់បណ្តាប្រទេសអាស៊ានទៅកាន់ក្រុមប្រឹក្សាសន្តិសុខ។
នៅឯអាស៊ាន វៀតណាមបានចូលរួមយ៉ាងសកម្ម រួមជាមួយបណ្តាប្រទេសជាសមាជិកលើកទឹកចិត្ត គាំទ្រមីយ៉ាន់ម៉ាក្នុងការសន្ទនា ដោះស្រាយវិវាទនៅលើមូលដ្ឋាននៃធម្មនុញ្ញអាស៊ាន និងការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ព្រមទាំងជួយគាំទ្រមីយ៉ាន់ម៉ាក្នុងការធ្វើសមាហរណកម្មឡើងវិញជាមួយគ្រួសារអាស៊ាន។
![]() |
| ឯកអគ្គរដ្ឋទូត Nguyen Anh Duc ថ្វាយសារតាំងចំពោះប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា Min Aung Hlaing។ |
យោងតាមឯកអគ្គរដ្ឋទូត Nguyen Anh Duc ទំនាក់ទំនងវៀតណាម - មីយ៉ាន់ម៉ា បច្ចុប្បន្នកំពុងឈានចូលដំណាក់កាលថ្មីមួយ។ ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការបរទេស Le Hoai Trung បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ា និងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ១០ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - មីយ៉ាន់ម៉ា ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៥-២៦ ខែសីហា។
ដំណើរទស្សនកិច្ចនេះបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងបរិបទថ្មី រក្សាផ្លូវទំនាក់ទំនងជួបប្រាស្រ័យកម្រិតខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅលើវិស័យជាច្រើន ឆ្លងតាមនោះបន្តលើកកម្ពស់តួនាទី និងការរួមចំណែករបស់វៀតណាមចំពោះស្ថិរភាពក្នុងតំបន់។
ទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន
យោងតាមឯកអគ្គរដ្ឋទូត Nguyen Anh Duc នៅក្នុងពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវបន្តពង្រឹងទំនុកចិត្តនយោបាយ តាមរយៈការពង្រឹងការជួបប្រាស្រ័យ ការផ្លាស់ប្តូរគណៈប្រតិភូនានាគ្រប់កម្រិត រវាងបណ្តាក្រសួង ស្ថាប័ន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការតាមច្រកបក្ស សភា និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
សេដ្ឋកិច្ចចាំបាច់ត្រូវបន្តចាត់ទុកជាសសរស្តម្ភដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ វិស័យនានាដែលសម្បូរសក្តានុពល រួមមាន កសិកម្ម ការចិញ្ចឹមសត្វ ជលផល ការកែច្នៃកសិផល និងទំនិញចាំបាច់ ទូរគមនាគមន៍ ការផលិតរថយន្តអគ្គិសនី។
ភាគីទាំងពីរក៏ចាំបាច់ត្រូវរៀបចំវេទិកាសហគ្រាស ពិព័រណ៍ពាណិជ្ជកម្ម ដើម្បីឱ្យសហគ្រាសនៃប្រទេសទាំងពីរស្រាវជ្រាវទីផ្សារ ស្វែងយល់ពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ព្រមទាំងបង្កើតលក្ខខណ្ឌកាន់តែអំណោយផលអំពីនីតិវិធីផ្តល់អាជ្ញាបណ្ណ ការវិនិយោគ ការទូទាត់អន្តរជាតិ និងការនាំចេញ នាំចូល។
ទន្ទឹមនឹងសេដ្ឋកិច្ច វៀតណាម និងមីយ៉ាន់ម៉ា ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការចងសម្ព័ន្ធមេត្រីភាពរវាងមូលដ្ឋាន និងមូលដ្ឋាន ការអប់រំ - បណ្តុះបណ្តាល និងការបើកជើងហោះហើរត្រង់បន្ថែមទៀតរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏ចាំបាច់ត្រូវបន្តការពិគ្រោះយោបល់ សម្របសម្រួលយ៉ាងជិតស្និទ្ធនៅឯវេទិកាតំបន់ និងអន្តរជាតិនានា ជាពិសេសគឺយន្តការអនុតំបន់មេគង្គ និងអាស៊ាន។
មីយ៉ាន់ម៉ានៅតែជាទីផ្សារប្រកបដោយសក្តានុពលជាច្រើន
ឯកអគ្គរដ្ឋទូត Nguyen Anh Duc បានឱ្យដឹងថា បន្ទាប់ពីដំណាក់កាលបម្រែបម្រួលនយោបាយដែលអូសបន្លាយអស់រយៈពេល ៥ ឆ្នាំ មីយ៉ាន់ម៉ាបានរៀបចំការបោះឆ្នោតសកល ចាប់ពីខែធ្នូ ឆ្នាំ ២០២៥ ដល់ខែមករា ឆ្នាំ ២០២៦ និងបានបង្កើតរដ្ឋាភិបាលថ្មី។
![]() |
| ឯកអគ្គរដ្ឋទូត Nguyen Anh Duc ទី ២ ពីស្តាំទៅ និងប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា - វៀតណាម Thet Win បានមានជំនួបការងារ សំដៅរឹតបន្តឹងបន្ថែមទៀតនូវមនោសញ្ចេតនាមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ |
រដ្ឋាភិបាលបច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងជំរុញដំណើរការសន្តិភាព ការផ្សះផ្សាជាតិ ស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ជំរុញទំនាក់ទំនងកិច្ចការបរទេស ធ្វើសមាហរណកម្មឡើងវិញជាមួយតំបន់ និងអន្តរជាតិ។ ក្នុងការអនុវត្តផែនការ ១០០ ថ្ងៃដំបូងរបស់រដ្ឋាភិបាលថ្មី មីយ៉ាន់ម៉ាសម្រេចបានលទ្ធផលវិជ្ជមានមួយចំនួន ដោយរួមចំណែករក្សាស្ថិរភាព និងជំរុញការអភិវឌ្ឍនៅក្នុងពេលខាងមុខ។
យោងតាមលោកឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ានៅតែជាទីផ្សារប្រកបដោយសក្តានុពលខាងពាណិជ្ជកម្ម និងការវិនិយោគចំពោះសហគ្រាសវៀតណាម។
ជាមួយនឹងផ្ទៃដីដ៏ធំទូលាយ ប្រភពធនធានធម្មជាតិដ៏សម្បូរបែប រួមមាន ព្រៃឈើ សមុទ្រ រ៉ែ ប្រជាជនជាង ៥១ លាននាក់ និងកម្លាំងពលកម្មវ័យក្មេង មីយ៉ាន់ម៉ាមានសក្តានុពលជាច្រើនអំពីធម្មជាតិ និងប្រភពធនធានមនុស្ស។
ប្រទេសនេះក៏កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃដំណើរការធ្វើសមាហរណកម្មឡើងវិញចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។ វិស័យផលិតកម្មជាច្រើនមិនទាន់មានការអភិវឌ្ឍនៅឡើយ មិនទាន់អាចផលិតដោយខ្លួនឯងនូវទំនិញប្រើប្រាស់ចាំបាច់ជាច្រើនប្រភេទ ខណៈពេលដែលទំនិញវៀតណាមមានភាពសមស្របគួរឱ្យកត់សម្គាល់ទៅនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់មីយ៉ាន់ម៉ា។
បន្ទាប់ពីដំណាក់កាលបម្រែបម្រួលនយោបាយ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃគ្រោះរញ្ជួយដីកាលពីឆ្នាំ ២០២៥ មីយ៉ាន់ម៉ាមានតម្រូវការយ៉ាងធំធេងអំពីការកសាងឡើងវិញ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ឆ្លងតាមនោះត្រូវការប្រភពទុនវិនិយោគបន្ថែមពីខាងក្រៅ។
ភាពងាយស្រួលមួយទៀតនោះគឺ រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ មានមនោសញ្ចេតនាល្អចំពោះមនុស្សជាតិ និងទំនិញវៀតណាម។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្នបន្តយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងមិត្តភាព និងមានបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគជាមួយវៀតណាម។
ទោះជាយ៉ាងណាក៏ដោយ យោងតាមឯកអគ្គរដ្ឋទូត Nguyen Anh Duc សហគ្រាសវៀតណាមដែលវិនិយោគ និងធ្វើអាជីវកម្មនៅមីយ៉ាន់ម៉ា ក៏ត្រូវប្រឈមមុខនឹងការលំបាកមិនតិចនោះដែរ ដែលក្នុងនោះមានបញ្ហាសន្តិសុខ សុវត្ថិភាព កម្រិតកំហិតនៃខឿនសេដ្ឋកិច្ច រួមទាំងចំណុចអសកម្មនានាពាក់ព័ន្ធនឹងគោលនយោបាយនាំចូល ការទូទាត់ ការផ្ទេរប្រាក់ចំណេញ និងនីតិវិធីរដ្ឋបាល។
អាស្រ័យហេតុនេះ សហគ្រាសវៀតណាមចាំបាច់ត្រូវឆ្លៀតយកកាលានុវត្តភាព ភាពអំណោយផលនាពេលបច្ចុប្បន្ន ដើម្បីស្វែងរកលទ្ធភាពវិនិយោគ កិច្ចសហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ា ព្រមទាំងស្រាវជ្រាវ ស្វែងយល់ទីផ្សារឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅធានាផលប្រយោជន៍ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព យូរអង្វែង៕
ជាក់ស្តែង ថ្លែទិដ្ឋាការសម្រាប់ពលករមកពីប្រទេសទាំងបួនខាងលើត្រូវបានកាត់បន្ថយពី ២០០០ បាត ចុះត្រឹម ៥០០ បាត ហើយថ្លៃស្នាក់នៅបណ្តោះអាសន្ន (ថ្លៃពន្យាទិដ្ឋាការជារៀងរាល់ឆ្នាំ) ក៏ត្រូវបានកាត់បន្ថយពី ១៩០០ បាត ចុះ ៥០០ បាតផងដែរ។ អនុក្រឹត្យនេះមានសុពលភាពរយៈពេល ៤ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយអនុវត្តចំពោះពលករបរទេសមកពីប្រទេសទាំង ៤ នេះដែលចូលមកប្រទេសថៃដើម្បីធ្វើការដោយឈរលើមូលដ្ឋានកិច្ចសន្យាការងារ ឬអនុស្សរណៈនៃការយោគយល់គ្នា (MoU) ទាក់ទងនឹងការជ្រើសរើសពលករ។ |
វេទិកាធុរកិច្ចវៀតណាម - ឡាវ - ថៃ - កម្ពុជា - មីយ៉ាន់ម៉ាឆ្នាំ ២០២៣ បានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៩ ខែវិច្ឆិកា នៅខេត្ត Udon Thani ភាគពាយព្យនៃប្រទេសថៃ ក្រោមការគាំពាររបស់ស្ថានទូតវៀតណាមប្រចាំនៅថៃ។ វេទិកានេះត្រូវបានរៀបចំឡើងដោយសមាគមធុរកិច្ចថៃ - វៀតណាមទូទាំងប្រទេសថៃ សហកការជាមួយសមាគមធុរកិច្ចវៀតណាមនៅឯបរទេស។ |



មតិពីមិត្តអ្នកអាន