យុគសម័យ - ចាប់ពីការប្រមូលផ្តុំដីធ្លី ការកសាងផ្ទះសំណាញ់ ផ្ទះកញ្ចក់ រហូតដល់ការអនុវត្តស្តង់ដារគុណភាព ការវិនិយោគលើគ្រឿងម៉ាស៊ីន ការរក្សាទុក និងការកែច្នៃកសិផល ទីក្រុង Hai Phong កំពុងដាក់ឱ្យដំណើរការនូវគោលនយោបាយជាច្រើន សំដៅជំរុញផលិតកម្មកសិកម្មទំនិញប្រមូលផ្តុំ លើកកម្ពស់តម្លៃ និងសមត្ថភាពប្រកួតប្រជែងនៃកសិផល។
| វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ ការបំប្លែងឌីជីថលនៅក្នុងវិស័យកសិកម្ម ត្រូវការកម្លាំងកិច្ចសហប្រតិបត្តិការច្រើនភាគី |
![]() |
| ទីក្រុង Hai Phong បង្កើនការគាំទ្រការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ |
សហករណ៍ Tan Minh Duc ឃុំ Truong Tan ទីក្រុង Hai Phong បច្ចុប្បន្នមានផ្ទៃដីផ្ទះសំណាញ់ និងផ្ទះកញ្ចក់ជិត ៧០ ហិកតា សម្រាប់ដាំដំណាំត្រសក់ផ្អែម និងបន្លែបង្ការគ្រប់ប្រភេទ ស្របតាមទិសដៅនៃការអនុវត្តបច្ចេកវិទ្យាខ្ពស់។
យោងតាមលោក Phung Danh Kien សមាជិកសហករណ៍ Tan Minh Duc ការផលិតនៅក្នុងផ្ទះសំណាញ់ និងផ្ទះកញ្ចក់ បានជួយឱ្យកសិករម្ចាស់ការកាន់តែខ្លាំងពីចំពោះមុខអាកាសធាតុ សត្វល្អិតចង្រៃ ព្រមទាំងលើកកម្ពស់ទិន្នផល និងគុណភាពកសិផល។ ផលិតផលរបស់សហករណ៍បច្ចុប្បន្នត្រូវបានដាក់លក់ និងប្រើប្រាស់នៅតាមបណ្តាផ្សារទំនើប ផ្សារបោះដុំ និងផ្ទះបាយអាហារដ្ឋាននានានៅទូទាំងទីក្រុង Hai Phong។
លោក Kien បានឱ្យដឹងថា៖ «ចំពោះកសិកម្មបច្ចេកវិទ្យាខ្ពស់ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ទីក្រុងនឹងយកចិត្តទុកដាក់ និងអភិវឌ្ឍន៍ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ឥឡូវនេះ កសិកម្មកាន់តែទំនើបឡើងជាលំដាប់ ដូច្នេះប្រព័ន្ធកសិកម្មបច្ចេកវិទ្យាខ្ពស់នេះ នឹងជួយសម្រាលដល់បងប្អូនប្រជាកសិករ។ ទីមួយ គឺត្រូវប្រមូលផ្តុំដីធ្លីឱ្យបាន។ ចំពោះផ្ទៃដីដែលទុកចោលទំនេរ គឺគ្រួសារកសិករដែលធ្វើផ្ទះសំណាញ់ និងផ្ទះកញ្ចក់ ពួកគេត្រៀមជាស្រេចក្នុងការជួលបន្ត ដែលនឹងជួយកាត់បន្ថយផ្ទៃដីទុកចោលទំនេរ។ ពួកយើងសង្ឃឹមយ៉ាងមុតមាំថា ទីក្រុងនឹងយកចិត្តទុកដាក់ និងអភិវឌ្ឍន៍ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត»។
ការគាំទ្រចាប់ពីដីធ្លីរហូតដល់ស្តង់ដារផលិតកម្ម
ចាប់ពីឆ្នាំ ២០២៦ ទីក្រុង Hai Phong ដាក់ឱ្យដំណើរការបន្ថែមនូវគោលនយោបាយជាក់លាក់នានា សំដៅគាំទ្រការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់។
សេចក្តីសម្រេចចិត្តលេខ 51/2025/NQ-HDND របស់ក្រុមប្រឹក្សាប្រជាជនទីក្រុង ស្តីពីការលើកទឹកចិត្តដល់ការអភិវឌ្ឍផលិតកម្មកសិកម្មទំនិញប្រមូលផ្តុំ ដំណាក់កាល ២០២៦-២០៣០ បានកំណត់ការគាំទ្រតែម្តងគត់នូវថវិកាចំនួន ១០ លានដុង/ហិកតា ចំពោះការជួលដីដើម្បីផលិតកម្មដាំដុះទំនិញទ្រង់ទ្រាយធំ ជាមួយនឹងតំបន់ផលិតកម្មអប្បបរមាចំនួន ៥ ហិកតា។
ចំពោះការកសាងថ្មីនូវផ្ទះសំណាញ់ និងផ្ទះកញ្ចក់ កម្រិតគាំទ្រគឺ ១០០.០០០ ដុង/ម៉ែត្រការ៉េ ដោយអនុវត្តចំពោះផ្ទៃដីអប្បបរមា ១.០០០ ម៉ែត្រការ៉េ។
ទីក្រុងក៏គាំទ្រដល់ផលិតកម្មស្របតាមស្តង់ដារ VietGAP សរីរាង្គ GlobalGAP និង Halal ផងដែរ។
ក្នុងនោះ ការចំណាយលើការពិគ្រោះយោបល់ វគ្គបណ្តុះបណ្តាល ការវាយតម្លៃ និងការផ្តល់វិញ្ញាបនបត្រ ត្រូវបានគាំទ្រចំនួន ៥ លានដុង/ហិកតា សម្រាប់ VietGAP និង ១៥ លានដុង/ហិកតា សម្រាប់សរីរាង្គ GlobalGAP និង Halal។
បណ្តាមូលដ្ឋានផលិតកម្មក៏ទទួលបានការគាំទ្របន្ថែមចំនួន ៥ លានដុង/ហិកតា ដើម្បីទិញជីសរីរាង្គ ឬថ្នាំការពាររុក្ខជាតិ។
ចំពោះការវិនិយោគលើគ្រឿងម៉ាស៊ីន និងបរិក្ខារបម្រើឱ្យផលិតកម្ម ការរក្សាទុក និងការកែច្នៃកសិផល កម្រិតគាំទ្រអតិបរមាស្មើនឹង ៣០% នៃថវិកាចំណាយ ដោយមិនលើសពី ២០០ លានដុង/គ្រឿងម៉ាស៊ីន ឬបរិក្ខារមួយ ហើយកម្រិតគាំទ្រសរុបមិនលើសពី ១ ពាន់លានដុង សម្រាប់អង្គការ ឬបុគ្គលម្នាក់ៗឡើយ។
បញ្ហាពាណិជ្ជកម្មឌីជីថល និងភស្តុភារកម្ម
លោក Ho Viet Hoan នាយកសហករណ៍ Hoang Nam Phat សង្កាត់ Thach Khoi ទីក្រុង Hai Phong បានចាត់ទុកថា គោលនយោបាយគាំទ្រជាក់ស្តែងទាំងឡាយរបស់ទីក្រុង នឹងជួយឱ្យគ្រួសារប្រជាកសិករ និងសហករណ៍មានប្រភពធនធានបន្ថែមទៀត ដើម្បីវិនិយោគលើបច្ចេកវិទ្យា ពង្រីកតំបន់ផលិតកម្ម និងលើកកម្ពស់គុណភាពកសិផល។
សហករណ៍ Hoang Nam Phat បច្ចុប្បន្នមានសមាជិកចំនួន ១៥០ នាក់ ជំនាញខាងដាំដុះបន្លែបង្ការ និងកសិផលគ្រប់ប្រភេទ ដើម្បីបម្រើការនាំចេញ ព្រមទាំងផ្គត់ផ្គង់ដល់ប្រព័ន្ធផ្សារទំនើប សាលារៀន សហគ្រាស និងបណ្តាមូលដ្ឋានកែច្នៃស៊ីជម្រៅ។
ទន្ទឹមនឹងការគាំទ្រដល់ផលិតកម្ម លោក Ho Viet Hoan មានបំណងចង់ឱ្យទីក្រុង Hai Phong មានបន្ថែមនូវគោលនយោបាយនានា ដើម្បីជួយសហករណ៍ក្នុងការទទួលបាននូវពាណិជ្ជកម្មឌីជីថល និងពង្រីកទីផ្សារប្រើប្រាស់។
លោកបានឱ្យដឹងថា៖ «បច្ចុប្បន្ន ពួកយើងក៏ជួបការលំបាកក្នុងការលក់ទំនិញនៅលើបណ្តាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក និងការលក់ទំនិញនៅលើថ្នាលបច្ចេកវិទ្យាឌីជីថលផងដែរ។ លក្ខណៈពិសេសនៃមុខទំនិញកសិផល គឺមានកាលបរិច្ឆេទប្រើប្រាស់ខ្លីខ្លាំងណាស់ ការប្រមូលផល និងការដឹកជញ្ជូនត្រូវការពេលវេលាយូរ ដូច្នេះកសិផលមួយចំនួនរងផលប៉ះពាល់ដល់រូបរាងខាងក្រៅ ក៏ដូចជាគុណភាពផលិតផល។ ពួកយើងអាចទទួលបានការបញ្ជាទិញយ៉ាងងាយស្រួល ប៉ុន្តែការរក្សាទុក ការវេចខ្ចប់ ក៏ដូចជាប្រតិបត្តិការភស្តុភារកម្ម និងការដឹកជញ្ជូនប្រគល់ទំនិញ គឺជារបាំងរារាំង»។
បច្ចុប្បន្ន ទីក្រុង Hai Phong មាន ៣៦ ឃុំ-សង្កាត់ ដែលបានអភិវឌ្ឍផ្ទះសំណាញ់ និងផ្ទះកញ្ចក់ ដោយមានផ្ទៃដីសរុបជិត ១៤០ ហិកតា។
ការអភិវឌ្ឍនៃកសិកម្មបច្ចេកវិទ្យាខ្ពស់កំពុងកំណត់នូវតម្រូវការឱ្យមានភាពព្រមគ្នា ចាប់ពីការផលិត ការរក្សាទុក រហូតដល់ភស្តុភារកម្ម និងការប្រើប្រាស់។ ទន្ទឹមនឹងការគាំទ្រដល់ការវិនិយោគផលិតកម្ម ការជំរុញពាណិជ្ជកម្មឌីជីថលត្រូវបានរំពឹងទុកថានឹងជួយឱ្យកសិផល Hai Phong ពង្រីកទីផ្សារ លើកកម្ពស់តម្លៃ និងសមត្ថភាពប្រកួតប្រជែង៕
យុគសម័យ - ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៧ ខែមិថុនា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Do Duc Duy បានដឹកនាំគណៈប្រតិភូស្ថាប័ន សហគ្រាស និងសមាគមជិត ៥០ នៃកសិផលវៀតណាមទៅទស្សនា ធ្វើការ និងស្វែងរកឱកាសជំរុញពាណិជ្ជកម្ម និងនាំចូលផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពីសហរដ្ឋអាមេរិក។ |
យុគសម័យ - Phan Bon Ca Mau (PVCFC) ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ប្រភពជីដែលមានគុណភាពខ្ពស់ មានស្ថេរភាព និងតម្លាភាពសម្រាប់កសិករកម្ពុជា។ មិនត្រឹមតែឈប់នៅផលិតផលនោះទេ ក្រុមហ៊ុនក៏ផ្តល់នូវដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់បច្ចេកទេសកសិកម្ម។ |

មតិពីមិត្តអ្នកអាន