យុគសម័យ - ទោះបីជាបន្តរក្សាជំហរឈានមុខគេលើពិភពលោកក្នុងការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ជាមួយនឹងទំហំទឹកប្រាក់ក្នុងឆ្នាំ ២០២៥ លើសពី ៥,៤ ពាន់លានដុល្លារអាមេរិកក៏ដោយ វិស័យគ្រាប់ស្វាយចន្ទីវៀតណាមនៅតែប្រឈមមុខនឹងសម្ពាធចំណាយវត្ថុធាតុដើម ប្រាក់ចំណេញទាប និងការប្រកួតប្រជែងកាន់តែកើនឡើង។ ការផ្សារភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ការកែច្នៃស៊ីជម្រៅ និងការអភិវឌ្ឍម៉ាកយីហោ គឺជាដំណោះស្រាយទាំងឡាយដែលត្រូវបានបណ្តាសហគ្រាសស្នើឡើង។
| កម្ពុជារកចំណូលបានជាង ១,៥ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី វិស័យគ្រាប់ស្វាយចន្ទីវៀតណាមចំពោះមុខតម្រូវការលើកកម្ពស់តម្លៃនាំចេញ |
![]() |
| វិស័យគ្រាប់ស្វាយចន្ទីវៀតណាមស្វែងរកទិសដៅលើកកម្ពស់តម្លៃនាំចេញ។ |
ការនាំចេញកើនឡើង សហគ្រាសរងសម្ពាធប្រាក់ចំណេញ
ក្រោយរយៈពេលជិតពីរទសវត្សរ៍នៃការរក្សាជំហរឈានមុខគេលើទីផ្សារពិភពលោក វិស័យគ្រាប់ស្វាយចន្ទីវៀតណាមបន្តកត់ត្រានូវលទ្ធផលនាំចេញគួរឱ្យកត់សម្គាល់។ ក្នុងឆ្នាំ ២០២៥ បរិមាណគ្រាប់ស្វាយចន្ទីកែច្នៃនាំចេញសម្រេចបានប្រមាណ ៧៩៨.០០០ តោន ដោយនាំមកនូវចំណូលជាង ៥,៤ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ នេះក៏ជាឆ្នាំទី ១៩ ជាប់ៗគ្នាដែលវៀតណាមរក្សាឋានៈជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃធំជាងគេលើពិភពលោក ដោយកាន់កាប់ជាង ៨០% នៃបរិមាណគ្រាប់ស្វាយចន្ទីកែច្នៃនាំចេញសរុបនៅលើសកលលោក។
ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦ វៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃចំនួន ៥៩៤.៤១២ តោន សម្រេចបានទំហំទឹកប្រាក់ជិត ៤,១៩ ពាន់លានដុល្លារអាមេរិក។ ប្រទេសចិន និងសហរដ្ឋអាមេរិក បន្តជាទីផ្សារប្រើប្រាស់ធំជាងគេទាំងពីរ ដោយកាន់កាប់រៀងគ្នា ២១,៦១% និង ១៥,២១% នៃតម្លៃនាំចេញសរុប។ ជាមួយនឹងលទ្ធផលនេះ វិស័យគ្រាប់ស្វាយចន្ទីកំពុងតម្រង់ទិសដៅឆ្ពោះទៅរកគោលដៅនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃចំនួន ៨០០.០០០ តោន ជាមួយនឹងទំហំទឹកប្រាក់លើសពី ៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៦។
ទោះជាយ៉ាងណាក៏ដោយ កំណើននៃបរិមាណ និងប្រាក់ចំណូល មិនទាន់មានន័យថាទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចសមស្របនោះឡើយ។ បណ្តាសហគ្រាសកែច្នៃកំពុងរងសម្ពាធយ៉ាងខ្លាំងពីតម្លៃវត្ថុធាតុដើមនាំចូល ខណៈដែលតម្លៃលក់គ្រាប់ស្វាយចន្ទីកែច្នៃនាំចេញមិនបានកើនឡើងក្នុងល្បឿនដូចគ្នានោះទេ។
បច្ចុប្បន្ន ប្រមាណ ៨៥% នៃវត្ថុធាតុដើមគ្រាប់ស្វាយចន្ទីឆៅបម្រើដល់ការកែច្នៃក្នុងស្រុក គឺត្រូវនាំចូលពីអាហ្វ្រិក កម្ពុជា និងឥណ្ឌូណេស៊ី។ ដោយឡែកក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦ វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីឆៅជាង ២,៧៧ លានតោន ជាមួយនឹងតម្លៃសរុបជាង ៤,៤៣ ពាន់លានដុល្លារអាមេរិក។
តម្លៃនាំចូលជាមធ្យមក្នុងដំណាក់កាលនេះ សម្រេចបាន ១.៥៨២,៥៦ ដុល្លារអាមេរិកក្នុងមួយតោន ដោយឡែកក្នុងខែមេសា មានពេលខ្លះបានកើនឡើងដល់ ១.៦៨៩,៦៦ ដុល្លារអាមេរិកក្នុងមួយតោន។ ចំណាយធាតុចូលកើនឡើង ខណៈដែលតម្លៃនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃមិនត្រូវបានកែសម្រួលឱ្យសមស្រប បានធ្វើឱ្យប្រាក់ចំណេញរបស់សហគ្រាសជាច្រើនត្រូវរួមតូច។
ការលំបាកខាងលើត្រូវបានបណ្តាប្រតិភូផ្តោតលើការពិភាក្សានៅក្នុងសន្និសីទគ្រាប់ស្វាយចន្ទីអន្តរជាតិវៀតណាមលើកទី ១៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧ ខែតុលា ក្រោមប្រធានបទ «ពីវត្ថុធាតុដើមដល់តម្លៃបន្ថែម - ការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងការកំណត់អនាគតខ្សែច្រវាក់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសកល»។
នៅក្នុងសន្និសីទនេះ បញ្ហាធំៗចំនួនបីត្រូវបានកំណត់ថាកំពុងជះឥទ្ធិពលដល់សមត្ថភាពអភិវឌ្ឍន៍នៃវិស័យគ្រាប់ស្វាយចន្ទីវៀតណាម។
ជាបឋម គឺការពឹងផ្អែកលើគំរូប្រកួតប្រជែងដោយបរិមាណ និងតម្លៃលក់។ ទោះបីជាជាម្ចាស់បច្ចេកវិទ្យា និងសមត្ថភាពកែច្នៃឈានមុខគេលើពិភពលោកក៏ដោយ ភាគច្រើននៃផលិតផលនាំចេញរបស់វៀតណាមនៅតែជាគ្រាប់ស្វាយចន្ទីកែច្នៃបឋម ដែលធ្វើឱ្យតម្លៃបន្ថែមទទួលបានលើផលិតផលមួយឯកតានៅមានកម្រិតនៅឡើយ។
បញ្ហាប្រឈមបន្ទាប់ គឺកើតចេញពីការផ្លាស់ប្តូរគោលនយោបាយរបស់បណ្តាប្រទេសផ្គត់ផ្គង់វត្ថុធាតុដើម។ ប្រទេសដាំស្វាយចន្ទីជាច្រើននៅអាហ្វ្រិក និងកម្ពុជា កំពុងលើកទឹកចិត្តដល់ការកែច្នៃក្នុងស្រុក តាមរយៈវិធានការពន្ធគយ ឬការរឹតបន្តឹងការនាំចេញគ្រាប់ស្វាយចន្ទីឆៅ។ និន្នាការនេះប្រឈមនឹងហានិភ័យនៃការរួមតូចប្រភពផ្គត់ផ្គង់សម្រាប់សហគ្រាសវៀតណាម ព្រមទាំងបង្កើនចំណាយផលិតកម្មផងដែរ។
ទន្ទឹមនឹងនោះ ការផ្សារភ្ជាប់គ្នារវាងអ្នកដាំស្វាយចន្ទី ពាណិជ្ជករ និងសហគ្រាសកែច្នៃ នៅមិនទាន់ស្អិតរមួតនៅឡើយ ជាពិសេសក្នុងការចែករំលែកហានិភ័យ។ ជាមួយគ្នានេះដែរ តម្រូវការកាន់តែខ្ពស់របស់ទីផ្សារសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក ស្តីពីការតាមដានប្រភពដើម ការកាត់បន្ថយការបំភាយឧស្ម័នកាបូន និងទំនួលខុសត្រូវសង្គម កំពុងដាក់សម្ពាធបន្ថែមលើខ្សែច្រវាក់ផ្គត់ផ្គង់។
ការផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ជំរុញខ្លាំងការកែច្នៃស៊ីជម្រៅ
ចំពោះមុខកម្រិតកំណត់នៃគំរូកំណើនបច្ចុប្បន្ន លោក Pham Van Cong ប្រធានសមាគមគ្រាប់ស្វាយចន្ទីវៀតណាម (VINACAS) បានចាត់ទុកថា វិស័យគ្រាប់ស្វាយចន្ទីត្រូវផ្លាស់ប្តូរវិធីសាស្ត្រអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់តម្លៃជាក់ស្តែងពីសកម្មភាពផលិតកម្ម និងការនាំចេញ។
«ប្រសិនបើយើងគ្រាន់តែលក់ផលិតផលកែច្នៃធម្មតា នោះតម្លៃដែលត្រូវបានបង្កើតឡើងនឹងត្រូវកំណត់ ហើយតែងតែរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលនៃទីផ្សារ។ ប្រសិនបើចង់អភិវឌ្ឍប្រកបដោយចីរភាព យើងត្រូវតែផ្លាស់ប្តូរជាដាច់ខាត» លោក Pham Van Cong បានសង្កត់ធ្ងន់បែបនេះ នៅពេលសម្លឹងមើលឡើងវិញនូវដំណើរការអភិវឌ្ឍន៍ជាងបីទសវត្សរ៍នៃវិស័យនេះ។
យោងតាមប្រធាន VINACAS ដំណើរការផ្លាស់ប្តូរចាំបាច់ត្រូវផ្តោតលើទិសដៅសំខាន់ៗចំនួនបី ដោយចាប់ផ្តើមពីការលើកកម្ពស់តម្លៃផលិតផល ជាជាងបន្តយកតម្លៃលក់ និងបរិមាណធ្វើជាប្រៀបខ្លាំងប្រកួតប្រជែងចម្បង។
សហគ្រាសត្រូវបង្កើនការវិនិយោគលើបច្ចេកវិទ្យា អភិវឌ្ឍផលិតផលកែច្នៃស៊ីជម្រៅ ដូចជា គ្រាប់ស្វាយចន្ទីបំពងលីង គ្រាប់ស្វាយចន្ទីប្រឡាក់គ្រឿងទេស គ្រាប់ធញ្ញជាតិចម្រុះ ចំណីសម្រន់ និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មចំណីអាហារ។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់លើគុណភាព និងការកសាងម៉ាកយីហោ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។
ទិសដៅទីពីរ គឺការពង្រឹងទំនាក់ទំនងរវាងសមាសភាពនានានៅក្នុងខ្សែច្រវាក់តម្លៃ។ យោងតាមនោះ អ្នកដាំស្វាយចន្ទីត្រូវមានប្រាក់ចំណូលស្ថិរភាព មូលដ្ឋានកែច្នៃទទួលបានប្រភពវត្ថុធាតុដើមធានាគុណភាពក្នុងតម្លៃសមរម្យ រីឯសហគ្រាសនាំចេញរក្សាបាននូវសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
តម្លាភាពនៃព័ត៌មានទីផ្សារ ការបង្កើតយន្តការចែករំលែកហានិភ័យ និងកាលានុវត្តភាព ត្រូវបានចាត់ទុកថាជាតម្រូវការដ៏សំខាន់ ដើម្បីធានាផលប្រយោជន៍ប្រកបដោយសុខដុមរមនារវាងគ្រប់ភាគី។
ជាមួយគ្នានេះដែរ វិស័យគ្រាប់ស្វាយចន្ទីត្រូវជំរុញផលិតកម្មបៃតង លើកកម្ពស់សមត្ថភាពតាមដានប្រភពដើម កាត់បន្ថយការបំភាយឧស្ម័ន និងប្រើប្រាស់ថាមពលប្រកបដោយការសន្សំសំចៃ និងប្រសិទ្ធភាព។ ទាំងនេះគឺជាដំណោះស្រាយដែលជួយឱ្យសហគ្រាសឆ្លើយតបទៅនឹងស្តង់ដារបច្ចេកទេស និងបរិស្ថានកាន់តែតឹងរ៉ឹងនៃទីផ្សារនាំចូល។
ពីការអនុវត្តជាក់ស្តែងនៃសកម្មភាពសហគ្រាស លោក Vu Thai Son អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Long Son ប្រធានសមាគមគ្រាប់ស្វាយចន្ទី Dong Nai បានចង្អុលបង្ហាញថា ប្រៀបខ្លាំងដ៏ធំលើបរិមាណនាំចេញមិនទាន់បានជួយឱ្យសហគ្រាសវៀតណាមម្ចាស់ការក្នុងការកំណត់តម្លៃលក់នៅឡើយទេ។
«បច្ចុប្បន្ន បរិមាណនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់វៀតណាមកាន់កាប់ប្រមាណ ៧០% នៃបរិមាណនាំចេញរបស់ពិភពលោក ដែលស្ទើរតែអាចឱ្យវៀតណាមសម្រេចលើតម្លៃលក់បាន។ ក៏ប៉ុន្តែ ភាពផ្ទុយគ្នាយ៉ាងចម្លែកជាយូរមកហើយនោះ គឺសហគ្រាសវៀតណាមបែរជាកំពុងរងការបង្ខិតបង្ខំទម្លាក់ថ្លៃ ដែលនាំឱ្យតម្លៃគ្រាប់ស្វាយចន្ទីកែច្នៃមានការកើនឡើងដែរ ប៉ុន្តែមិនកើនឡើងច្រើនទេ ហើយគម្លាតប្រាក់ចំណេញគឺទាបណាស់។ ថែមទាំងមានសហគ្រាសជាច្រើនត្រូវរងការខាតបង់ ដោយសារតែតម្លៃទិញគ្រាប់ស្វាយចន្ទីឆៅឡើងខ្ពស់ ខណៈពេលដែលតម្លៃលក់គ្រាប់ស្វាយចន្ទីកែច្នៃចេញទៅវិញមិនមានតុល្យភាព» លោក Vu Thai Son បានឱ្យដឹងបែបនេះ។
យោងតាមលោក Son បញ្ហាមួយក្នុងចំណោមបញ្ហាដែលចាំបាច់ត្រូវដោះស្រាយ គឺស្ថានភាពដែលបណ្តាសហគ្រាសក្នុងស្រុកទម្លាក់តម្លៃដោយខ្លួនឯងដើម្បីប្រកួតប្រជែងដណ្តើមកិច្ចសន្យានាំចេញ។ ជាជាងការប្រកួតប្រជែងគ្នាទៅវិញទៅមកដោយតម្លៃទាប បណ្តាសហគ្រាសត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ចូលរួមកាន់តែស៊ីជម្រៅទៅក្នុងបណ្តាញចែកចាយអន្តរជាតិ និងអភិវឌ្ឍម៉ាកយីហោផ្ទាល់ខ្លួន សំដៅឈានទៅរកអ្នកប្រើប្រាស់ដោយផ្ទាល់។
សំណើគោលនយោបាយគាំទ្រប្រភពវត្ថុធាតុដើម និងទីផ្សារ
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូររបស់សហគ្រាស បណ្តាប្រតិភូនៅក្នុងសន្និសីទក៏បានស្នើឱ្យមានការជួយគាំទ្រពីរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា សំដៅលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម ធានាប្រភពផ្គត់ផ្គង់វត្ថុធាតុដើម និងអភិវឌ្ឍទីផ្សារនាំចេញ។
ចំពោះតំបន់វត្ថុធាតុដើម បណ្តាសហគ្រាសបានស្នើឱ្យក្រសួងកសិកម្ម និងបរិស្ថាន សហការជាមួយមូលដ្ឋានជំរុញការរៀបចំរចនាសម្ព័ន្ធតំបន់ដាំដុះគ្រាប់ស្វាយចន្ទីក្នុងស្រុកឡើងវិញ ពង្រឹងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកទេស ដើម្បីកែលម្អទិន្នផល និងគុណភាពគ្រាប់ស្វាយចន្ទី។
ទន្ទឹមនឹងការអភិវឌ្ឍប្រភពផ្គត់ផ្គង់ក្នុងស្រុក ចាំបាច់ត្រូវពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មទ្វេភាគីជាមួយកម្ពុជា និងបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីបង្កើតតំបន់ផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយស្ថិរភាព ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍យូរអង្វែងនៃវិស័យកែច្នៃ។
អំពីប្រភពទុន បណ្តាសហគ្រាសបានស្នើឱ្យធនាគាររដ្ឋ និងបណ្តាស្ថាប័នឥណទានពិចារណាយន្តការគាំទ្រទុនបង្វិល គោលនយោបាយអត្រាការប្រាក់អនុគ្រោះសម្រាប់សកម្មភាពវិនិយោគកែច្នៃស៊ីជម្រៅ ការផ្លាស់ប្តូរខ្សែច្រវាក់ផលិតកម្មឆ្ពោះទៅរកភាពបៃតង និងការស្តុកទុកវត្ថុធាតុដើមក្នុងរដូវកាល។
ក្នុងវិស័យពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងនាយកដ្ឋានជំរុញពាណិជ្ជកម្ម ត្រូវបានស្នើឱ្យបង្កើនការគាំទ្រផ្សព្វផ្សាយម៉ាកយីហោ «គ្រាប់ស្វាយចន្ទីវៀតណាម» នៅទីផ្សារក្រៅប្រទេស។
បណ្តាសហគ្រាសក៏មានបំណងទទួលបានការគាំទ្រក្នុងការឆ្លើយតបទៅនឹងបណ្តឹងពាណិជ្ជកម្ម ការជម្នះរនាំងបច្ចេកទេស និងការអភិវឌ្ឍប្រព័ន្ធចែកចាយដោយផ្ទាល់នៅតាមបណ្តាទីផ្សារនាំចេញធំៗ។
ដំណោះស្រាយទាំងឡាយដែលត្រូវបានស្នើឡើងនៅក្នុងសន្និសីទ បានផ្តោតលើការកាត់បន្ថយសម្ពាធពីប្រភពវត្ថុធាតុដើមនាំចូល ការលើកកម្ពស់ប្រសិទ្ធភាពកែច្នៃ និងការពង្រីកសមត្ថភាពឈានទៅរកអ្នកប្រើប្រាស់អន្តរជាតិ។ តាមរយៈនោះ វិស័យគ្រាប់ស្វាយចន្ទីវៀតណាមតម្រង់ទិសដៅឆ្ពោះទៅរកការរក្សាទំហំទឹកប្រាក់នាំចេញលើសពី ៥ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ព្រមទាំងលើកកម្ពស់ចំណែកតម្លៃបន្ថែមដែលត្រូវបានរក្សាទុកនៅក្នុងសេដ្ឋកិច្ចជាតិ៕
គាំទ្រអាជីវកម្មនាំចេញរបស់ទីក្រុងហូជីមិញ ដើម្បីអភិក្រម និងពង្រីកទីផ្សារក្នុងប្រទេសកាណាដា យុគសម័យ - នាថ្ងៃទី ៩ សីហា សមាគមពាណិជ្ជករវៀតណាមកាណាដា (VCBA) និងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ (ITPC) បានបើកសម័យប្រជុំដើម្បីគាំទ្រអាជីវកម្មនាំចេញរបស់ទីក្រុងហូជីមិញ ដើម្បីបន្អភិក្រមដំណើរការ និងពង្រីកទីផ្សារនៅកាណាដា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងទម្រង់ទល់មុខ និងតាមអ៊ីនធឺណិត។ |
ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា យុគសម័យ - តំណាងនាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានអត្ថាធិប្បាយថា វៀតណាមមានចំណុចខ្លាំងលើផ្លែឈើត្រូពិច និងអាហារសមុទ្រ ខណៈដែលកម្ពុជាមានគុណសម្បត្តិលើគ្រាប់ស្វាយចន្ទី និងកៅស៊ូ។ រចនាសម្ព័ននៃទំនិញបំពេញគ្នាទៅវិញទៅមក ប៉ុន្តែឱនភាពពាណិជ្ជកម្មដ៏ធំបង្ហាញថា វៀតណាមត្រូវការប្រើប្រាស់ទីផ្សារនេះឱ្យកាន់តែប្រសើរឡើង ដើម្បីរក្សាតុល្យភាព។ |

មតិពីមិត្តអ្នកអាន