ទីក្រុងហូជីមិញស្វែងរកដំណោះស្រាយបង្កើនការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យ

10:30 | 03/11/2026 ឌឿងង្វៀន

យុគសម័យ - នៅចំពោះមុខស្ថានភាពជាក់ស្តែងដែលតម្លៃអចលនទ្រព្យនៅតែហួសពីលទ្ធភាពទូទាត់របស់ប្រជាពលរដ្ឋជាច្រើនរូប ទីក្រុងហូជីមិញកំពុងជំរុញការដោះស្រាយបញ្ហាស្មុគស្មាញខាងគតិយុត្ត អភិវឌ្ឍលំនៅឋានសង្គមកិច្ច ផ្ទះជួល និងលំនៅឋានពាណិជ្ជកម្មតម្លៃសមរម្យ សំដៅធ្វើឱ្យទីផ្សារមានតុល្យភាព និងឆ្លើយតបនឹងតម្រូវការស្នាក់នៅប្រកបដោយស្ថិរភាព។

វិស័យគ្រាប់ស្វាយចន្ទីវៀតណាមចំពោះមុខតម្រូវការលើកកម្ពស់តម្លៃនាំចេញ វិស័យគ្រាប់ស្វាយចន្ទីវៀតណាមស្វែងរកទិសដៅលើកកម្ពស់តម្លៃនាំចេញ
គម្រោងលំនៅឋានសង្គមកិច្ចមួយដែលកំពុងត្រូវបានដាក់ឱ្យអនុវត្តនៅតំបន់ Binh Duong។
គម្រោងលំនៅឋានសង្គមកិច្ចមួយដែលកំពុងត្រូវបានដាក់ឱ្យអនុវត្តនៅតំបន់ Binh Duong។

ការផ្គត់ផ្គង់ខ្វះតុល្យភាព តម្លៃផ្ទះនៅតែស្ថិតក្នុងកម្រិតខ្ពស់

ទោះបីជាទីផ្សារអចលនទ្រព្យទីក្រុងហូជីមិញ បានកត់ត្រានូវការកែសម្រួលតម្លៃជាច្រើនលើកក៏ដោយ ការស្វែងរកទិញផ្ទះនៅតែជាបញ្ហាលំបាកមួយសម្រាប់គ្រួសារជាច្រើនដែលមានប្រាក់ចំណូលមធ្យម។

លោក Phan Ngo បុគ្គលិកការិយាល័យម្នាក់ បានចំណាយពេលជាច្រើនខែស្វែងរកខុនដូក្បែរកណ្តាលទីក្រុង ប៉ុន្តែមិនទាន់អាចទិញបាន ដោយសារកម្រិតតម្លៃហួសពីលទ្ធភាពហិរញ្ញវត្ថុ។ យោងតាមលោក ម្ចាស់ផ្ទះមួយចំនួននាពេលបច្ចុប្បន្នបានយល់ព្រមបញ្ចុះតម្លៃជាង ១០០ លានដុង ជំនួសឱ្យការបញ្ចុះតម្លៃជានិមិត្តរូបដូចពីមុន។ ទោះជាយ៉ាងណា តម្លៃខុនដូជាទូទៅចាប់ពី ៧០ ដល់ ១០០ លានដុងក្នុងមួយម៉ែត្រការ៉េ នៅតែខ្ពស់ខ្លាំងបើធៀបនឹងប្រាក់ចំណូលគ្រួសារ។

ស្ថានភាពនេះឆ្លុះបញ្ចាំងពីគម្លាតរវាងតម្លៃលក់អចលនទ្រព្យ និងលទ្ធភាពទូទាត់របស់ប្រជាពលរដ្ឋ។ ទោះបីជាតំបន់មួយចំនួនបានលេចចេញនូវកម្រិតនៃការបញ្ចុះតម្លៃប្រមាណពី ១០ ដល់ ២០ ភាគរយក៏ដោយ ឱកាសទទួលបានលំនៅឋានរបស់អ្នកដែលមានតម្រូវការជាក់ស្តែងនៅតែមានកម្រិត។

លោក Le Hoang Chau ប្រធានសមាគមអចលនទ្រព្យទីក្រុងហូជីមិញ បានឱ្យដឹងថា នៅលើទីផ្សារបឋម ម្ចាស់គម្រោងមួយចំនួនបានកែសម្រួលបញ្ចុះតម្លៃត្រឹមតែប្រមាណ ៥ ភាគរយប៉ុណ្ណោះ។ ខណៈពេលនោះ នៅលើទីផ្សារបន្ទាប់បន្សំ មានវិនិយោគិនយល់ព្រមបញ្ចុះតម្លៃពី ២០ ដល់ ៣០ ភាគរយ ដើម្បីកាត់បន្ថយការខាតបង់ ប៉ុន្តែនៅតែពិបាកស្វែងរកអ្នកទិញ។

យោងតាមទិន្នន័យ ៩ ខែដំបូងនៃឆ្នាំ ២០២៦ ផ្ទះខុនដូមានចំនួន ៧៣,៦ ភាគរយនៃចំនួនខុនដូដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការកៀរគរទុន។ ទោះជាយ៉ាងណា ចំណែកទីផ្សារកម្រិតមធ្យមមានត្រឹមតែ ៧,១ ភាគរយប៉ុណ្ណោះ ខណៈពេលដែលមិនទាន់លេចចេញនូវផលិតផលលំនៅឋានតម្លៃទាបនៅឡើយ។ រចនាសម្ព័ន្ធនេះបង្ហាញពីការខ្វះតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការជាក់ស្តែង ជាពិសេសសម្រាប់ក្រុមអ្នកដែលមានប្រាក់ចំណូលទាប និងមធ្យម។

ដើម្បីកែលម្អស្ថានភាពនេះ ទីក្រុងហូជីមិញកំពុងផ្តោតលើការដោះស្រាយបញ្ហាស្មុគស្មាញនានាក្នុងការដាក់ឱ្យអនុវត្តគម្រោង ព្រមទាំងជំរុញការអភិវឌ្ឍលំនៅឋានសង្គមកិច្ច សំដៅបំពេញបន្ថែមផលិតផលសម្រាប់ទីផ្សារ។

យោងតាមមន្ទីរសំណង់ទីក្រុង ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៦ ផ្ទៃក្រឡាកម្រាលលំនៅឋានសរុបដែលត្រូវបានអភិវឌ្ឍ សម្រេចបានប្រមាណ ១២,២៧ លានម៉ែត្រការ៉េ។ ទីក្រុងបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ២៧.៩៥២ ច្បាប់ កើនឡើង ៥៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំពោះលំនៅឋានសង្គមកិច្ច មានគម្រោងថ្មីចំនួន ១០ ត្រូវបានបើកការដ្ឋានសាងសង់ ដោយផ្គត់ផ្គង់ក្នុងទំហំ ១១.៣៦២ ខុនដូ។ គិតជាបូកយោង ទូទាំងទីក្រុងបច្ចុប្បន្នមានគម្រោងចំនួន ២២ កំពុងដំណើរការសាងសង់ ដោយមានប្រមាណ ១៩.៨៧៨ ខុនដូ។

ការជំរុញវឌ្ឍនភាពនៃសំណង់នានា ត្រូវបានរំពឹងថានឹងរួមចំណែកបង្កើនការផ្គត់ផ្គង់ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍លំនៅឋានសង្គមកិច្ចចំនួន ១៩៩.៤០០ ខុនដូត្រឹមឆ្នាំ ២០៣០ តាមទិសដៅដែលរដ្ឋាភិបាលប្រគល់ជូន។

ក្រោយការរួមបញ្ចូលគ្នា មូលនិធិដីធ្លីដែលគ្រោងទុកសម្រាប់ការអភិវឌ្ឍលំនៅឋានសង្គមកិច្ចនៅលើភូមិសាស្ត្រទីក្រុងរហូតដល់ឆ្នាំ ២០៤០ សម្រេចបានប្រមាណ ១.៧៤០ ហិកតា។ នេះគឺជាប្រភពធនធានដ៏សំខាន់ដើម្បីពង្រីកលទ្ធភាពឆ្លើយតបនឹងតម្រូវការលំនៅឋាននៅក្នុងបណ្តាឆ្នាំខាងមុខ។

អភិវឌ្ឍផ្ទះជួល កាត់បន្ថយការចំណាយក្នុងការបង្កើតលំនៅឋាន

ទន្ទឹមនឹងការពង្រីកការផ្គត់ផ្គង់ខុនដូពាណិជ្ជកម្ម និងលំនៅឋានសង្គមកិច្ច បណ្តាអ្នកជំនាញយល់ឃើញថា ទីក្រុងហូជីមិញចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើចំណែកទីផ្សារផ្ទះជួល។ នេះគឺជាជម្រើសដ៏សមស្របសម្រាប់ផ្នែកមួយនៃប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម ដែលមិនទាន់មានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិលំនៅឋាន។

ក្នុងដំណាក់កាល ២០២៦ - ២០៣០ ទីក្រុងត្រូវបានប្រគល់ភារកិច្ចឱ្យអភិវឌ្ឍលំនៅឋានសង្គមកិច្ច និងផ្ទះជួលចំនួន ១៨១.២៥៧ ខុនដូ។ ក្នុងនោះ ប្រមាណពី ៥០.០០០ ដល់ ៥២.០០០ ខុនដូ ត្រូវបានតម្រង់ទិសដើម្បីបម្រើតម្រូវការជួល។

សូចនាករផ្ទះជួលត្រូវបានបែងចែកកើនឡើងជាលំដាប់តាមបណ្តាឆ្នាំ ចាប់ពី ២.០០០ ខុនដូក្នុងឆ្នាំ ២០២៦ ដល់ ៥.០០០ ខុនដូក្នុងឆ្នាំ ២០២៧ ១០.០០០ ខុនដូក្នុងឆ្នាំ ២០២៨ ១៥.០០០ ខុនដូក្នុងឆ្នាំ ២០២៩ និង ២០.០០០ ខុនដូក្នុងឆ្នាំ ២០៣០។

ដើម្បីពង្រីកការផ្គត់ផ្គង់ផលិតផលដែលសមស្របនឹងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ សមាគមអចលនទ្រព្យទីក្រុងហូជីមិញបានស្នើបន្ថែមយន្តការអភិវឌ្ឍលំនៅឋានពាណិជ្ជកម្មតម្លៃសមរម្យ ទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីលំនៅឋានធ្វើវិសោធនកម្ម។

យោងតាមការប៉ាន់ប្រមាណ តម្លៃលក់នៃចំណែកទីផ្សារនេះអាចស្ថិតក្នុងកម្រិតពី ២៥ ដល់ ៣០ លានដុងក្នុងមួយម៉ែត្រការ៉េ ខណៈពេលដែលនៅតាមបណ្តាមូលដ្ឋានឆ្ងាយៗ កម្រិតតម្លៃអាចប្រែប្រួលពី ៦០ ដល់ ៧០ លានដុងក្នុងមួយម៉ែត្រការ៉េ។

ទោះជាយ៉ាងណា ការដាក់ឱ្យអនុវត្តបណ្តាគម្រោងផ្ទះជួលកំពុងជួបឧបសគ្គអំពីលទ្ធភាពទទួលបានប្រភពទុន។

ក្នុងជំនួបការងារជាមួយក្រសួងសំណង់កាលពីថ្ងៃទី ២៩ ខែតុលា លោក Le Huu Nghia អគ្គនាយកក្រុមហ៊ុន Le Thanh បានឱ្យដឹងថា សហគ្រាសបានស្នើគម្រោង Le Thanh Tan Kien 2 ដោយមានផ្ទះជួលប្រមាណ ២.០០០ ខុនដូ។ ទោះជាយ៉ាងនេះក្តី ដោយសារដីធ្លីមានលក្ខណៈពាណិជ្ជកម្ម និងសេវាកម្មចម្រុះ សហគ្រាសមិនទាន់អាចខ្ចីទុនពីធនាគារដើម្បីដាក់ឱ្យអនុវត្តបាននៅឡើយ។

ករណីនេះបង្ហាញថា ក្រៅពីមូលនិធិដីធ្លី យន្តការហិរញ្ញវត្ថុក៏ជាកត្តាកំណត់លទ្ធភាពអភិវឌ្ឍផ្ទះជួលផងដែរ។ គម្រោងទាំងឡាយដែលតម្រង់ទិសចំពោះអ្នកមានប្រាក់ចំណូលទាប តែងតែជួបការលំបាក ប្រសិនបើគោលនយោបាយឥណទានមិនទាន់សមស្របនឹងរយៈពេលនៃការប្រមូលទុនត្រឡប់មកវិញ។

លោក Ma Xuan Tuan នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងប្រឹក្សាការវិនិយោគអចលនទ្រព្យទីក្រុងហូជីមិញ បានវាយតម្លៃថា សម្ពាធអត្រាការប្រាក់កម្ចីទិញផ្ទះនាពេលបច្ចុប្បន្ននៅតែជាឧបសគ្គសម្រាប់ប្រជាពលរដ្ឋ។ ហេតុដូច្នេះ រដ្ឋាភិបាលចាំបាច់ត្រូវណែនាំឱ្យដោះស្រាយការកកស្ទះទាំងឡាយឱ្យបានឆាប់រហ័ស និងកាត់បន្ថយពេលវេលាដាក់ឱ្យអនុវត្តគម្រោងលំនៅឋានសង្គមកិច្ច និងផ្ទះជួល។

យោងតាមលោក Tuan នីតិវិធីនៃការអនុវត្តគម្រោងលំនៅឋានសង្គមកិច្ចបច្ចុប្បន្ន រួមមាន ៧ ជំហានសម្រាប់គម្រោងឯកជន ដោយចំណាយពេល ១៣២ ថ្ងៃ ចំណែកគម្រោងប្រើប្រាស់ទុនវិនិយោគសាធារណៈ រួមមាន ៨ ជំហាន ដោយចំណាយពេល ១២២ ថ្ងៃ។

ការដែលគម្រោងមួយត្រូវឆ្លងកាត់រយៈពេលជាច្រើនឆ្នាំដើម្បីបំពេញបែបបទនីតិវិធីស្តីពីដីធ្លី ផែនការរៀបចំដែនដី និងការវិនិយោគសាងសង់ អាចធ្វើឱ្យកើនឡើងនូវថ្លៃដើមទុន ថ្លៃដើមគ្រប់គ្រង ហើយតាមរយៈនោះ ជំរុញឱ្យតម្លៃលក់លំនៅឋានឡើងខ្ពស់។

ហេតុដូច្នេះ ដំណោះស្រាយបញ្ចុះតម្លៃផ្ទះរយៈពេលវែង ចាំបាច់ត្រូវផ្តោតលើការកាត់បន្ថយការចំណាយតាំងពីដំណើរការកកើតគម្រោង ជំនួសឱ្យការពឹងផ្អែកតែលើកម្មវិធីឥណទានគាំទ្រអ្នកទិញ។

លោក Tuan បានស្នើឱ្យជំរុញការកែទម្រង់នីតិវិធីវិនិយោគ ផែនការរៀបចំដែនដី និងដីធ្លី បំពេញបន្ថែមការផ្គត់ផ្គង់ដីធ្លីដែលបានបញ្ចប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ បង្កើនតម្លាភាពព័ត៌មានគម្រោង និងគ្រប់គ្រងសកម្មភាពស្តុកទុកកេងចំណេញ ព្រមទាំងការបំប៉ោងតម្លៃអចលនទ្រព្យ។

ទិសដៅមួយទៀតដែលត្រូវបានបណ្តាអ្នកជំនាញលើកឡើង គឺការរួមបញ្ចូលគ្នារវាងការរៀបចំផែនការលំនៅឋាន ជាមួយហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជាពិសេសនៅតាមតំបន់ក្បែរស្ថានីយ និងអ័ក្សគមនាគមន៍សាធារណៈធំៗ។

យោងតាមនោះ ទីក្រុងហូជីមិញចាំបាច់ត្រូវសិក្សាស្រាវជ្រាវរៀបចំលំនៅឋានសង្គមកិច្ច ផ្ទះជួល និងលំនៅឋានពាណិជ្ជកម្មតម្លៃសមរម្យ នៅតាមបណ្តោយខ្សែរថភ្លើងក្រោមដី (Metro) ផ្លូវក្រវាត់ក្រុង ដោយផ្សារភ្ជាប់នឹងគំរូអភិវឌ្ឍន៍ទីក្រុងតាមទិសដៅដឹកជញ្ជូនសាធារណៈ (TOD)។

អំពីការគាំទ្រដល់អ្នកទិញ សមាគមអចលនទ្រព្យទីក្រុងហូជីមិញបានស្នើឱ្យពិចារណាអនុញ្ញាតឱ្យអតិថិជនទិញលំនៅឋានពាណិជ្ជកម្មតម្លៃសមរម្យ អាចទទួលបានកញ្ចប់ឥណទាន ១៥៣.០០០ ពាន់លានដុង ជាមួយអត្រាការប្រាក់សមរម្យ ស្រដៀងគ្នានឹងក្រុមមុខសញ្ញាមួយចំនួនដែលទិញលំនៅឋានសង្គមកិច្ច។

ទោះជាយ៉ាងណា គោលនយោបាយផ្តល់ប្រាក់កម្ចីចាំបាច់ត្រូវរៀបចំឱ្យស្របតាមលក្ខខណ្ឌជាក់ស្តែង និងលទ្ធភាពសងបំណុលរបស់ប្រជាពលរដ្ឋ ដើម្បីចៀសវាងការធ្វើឱ្យអ្នកទិញរងសម្ពាធហិរញ្ញវត្ថុបន្ថែម។

ចំពោះទីក្រុងហូជីមិញ ការអភិវឌ្ឍទីផ្សារលំនៅឋានប្រកបដោយតុល្យភាព មិនត្រឹមតែសំដៅឆ្លើយតបនឹងតម្រូវការអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់នឹងគោលដៅធានាសុខុមាលភាពសង្គម ធ្វើឱ្យជីវភាពរស់នៅរបស់ពលករមានស្ថិរភាព និងទាក់ទាញធនធានមនុស្សដើម្បីបម្រើការអភិវឌ្ឍទីក្រុងផងដែរ។

ការដោះស្រាយការលំបាកខាងគតិយុត្ត ការជំរុញវឌ្ឍនភាពគម្រោង ការបង្កើនការផ្គត់ផ្គង់ និងការគ្រប់គ្រងការចំណាយ ចាំបាច់ត្រូវដាក់ឱ្យអនុវត្តជាមួយការទទួលខុសត្រូវ ផែនទីបង្ហាញផ្លូវ និងលទ្ធផលជាក់ស្តែង តាមរយៈនោះ បោះជំហានកែលម្អលទ្ធភាពទទួលបានលំនៅឋានរបស់ប្រជាពលរដ្ឋជាបណ្តើរៗ៕

ការត្រួតពិនិត្យច្បាប់ឡើងវិញត្រូវតែឆ្ពោះទៅរកការដោះស្រាយចំណុចស្ទះនៃការអភិវឌ្ឍ ការត្រួតពិនិត្យច្បាប់ឡើងវិញត្រូវតែឆ្ពោះទៅរកការដោះស្រាយចំណុចស្ទះនៃការអភិវឌ្ឍ
យុគសម័យ - ព្រឹកថ្ងៃទី ៩ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី Le Tien Chau បានដឹកនាំកិច្ចប្រជុំស្តីពីស្ថានភាពនៃការអនុវត្តការត្រួតពិនិត្យឡើងវិញជាទូទៅនូវប្រព័ន្ធឯកសារលិខិតបទដ្ឋានគតិយុត្ត ដោយបានសង្កត់ធ្ងន់លើតម្រូវការកំណត់អត្តសញ្ញាណ និងដោះស្រាយចំណុចស្ទះទាំងឡាយដែលកំពុងរារាំងដល់ការអភិវឌ្ឍ តាមរយៈនោះ បង្កើតបរិយាកាសគតិយុត្តឱ្យមានភាពច្បាស់លាស់ ងាយស្រួល និងស៊ីសង្វាក់គ្នា។
ឆ្ពោះទៅកាន់ប្រព័ន្ធអេកូឡូស៊ីផ្សារភ្ជាប់សេដ្ឋកិច្ច វៀតណាម - កម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធអេកូឡូស៊ីផ្សារភ្ជាប់សេដ្ឋកិច្ច វៀតណាម - កម្ពុជា
យុគសម័យ - យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា ត្រូវបានរំពឹងថានឹងប្រែក្លាយទំនុកចិត្តនយោបាយទៅជាយុទ្ធសាស្ត្រ ការប្តេជ្ញាចិត្ត និងសកម្មភាពជាក់ស្តែង សំដៅជំរុញការកកើតឡើងនូវប្រព័ន្ធអេកូឡូស៊ីផ្សារភ្ជាប់សេដ្ឋកិច្ចកាន់តែគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភូមិ Bom Bo អភិវឌ្ឍទេសចរណ៍ចេញពីអត្តសញ្ញាណវប្បធម៌ Xtieng
ទីក្រុងហូជីមិញស្វែងរកដំណោះស្រាយបង្កើនការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យ
ខេត្ត Mondulkiri មានបំណងទាក់ទាញការវិនិយោគបន្ថែមពីវៀតណាម
ថ្នាក់ដឹកនាំវ័យក្មេងកម្ពុជាស្វែងយល់គំរូរដ្ឋបាលនៅទីក្រុង Da Nang
ទីក្រុង Da Nang មានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន

អានច្រើនបំផុត

នាំយកចំណេះដឹងវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ មកបម្រើដល់ការអភិវឌ្ឍមនុស្សជាតិ
ការផ្លាស់ប្តូរថ្មីត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ និងសុចរិតភាព
ការឯកភាពគ្នលើវិធីសាស្ត្រវាស់វែងការរួមចំណែកនៃសេដ្ឋកិច្ចឌីជីថលទៅក្នុង GDP
សិស្សានុសិស្សជាង ៩០០ នាក់នៅ Tuyen Quang អនុវត្តរបៀបរស់នៅបៃតង
សេចក្តីសម្រេចចិត្តលេខ ៥៧ ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងលើកកម្ពស់ប្រសិទ្ធភាពបម្រើប្រជាជន