យុគសម័យ - យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា ត្រូវបានរំពឹងថានឹងប្រែក្លាយទំនុកចិត្តនយោបាយទៅជាយុទ្ធសាស្ត្រ ការប្តេជ្ញាចិត្ត និងសកម្មភាពជាក់ស្តែង សំដៅជំរុញការកកើតឡើងនូវប្រព័ន្ធអេកូឡូស៊ីផ្សារភ្ជាប់សេដ្ឋកិច្ចកាន់តែគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
| ពីទំនាក់ទំនងភាពជាអ្នកជិតខាង ឆ្ពោះទៅកាន់លំហអភិវឌ្ឍន៍រួម វៀតណាម - ឡាវ - កម្ពុជា សេដ្ឋកិច្ចបង្កើតកម្លាំងរុញច្រានបន្ថែមសម្រាប់ទំនាក់ទំនងវៀតណាម - កម្ពុជា |
![]() |
| ឯកអគ្គរដ្ឋទូត Nguyen Minh Vu។ |
ឆ្លើយតបនឹងបទសម្ភាសន៍របស់កាសែតពិភពលោក និងវៀតណាម ស្តីពីដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា តាមការអញ្ជើញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី Hun Manet ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu បានយល់ឃើញថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតបន្ថែមនូវកម្លាំងចលករ ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តឈានចូលកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។
សូមឯកអគ្គរដ្ឋទូតមេត្តាចែករំលែកអំពីគោលដៅ អត្ថន័យ ក៏ដូចជាការរំពឹងទុកចំពោះដំណើរទស្សនកិច្ចនេះ?
ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា គឺស្ថិតនៅក្នុងដំណើរទស្សនកិច្ចទ្វេភាគីទៅក្រៅប្រទេសជាលើកដំបូងរបស់សមមិត្ត Le Minh Hung ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ដែលបង្ហាញពីការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់របស់វៀតណាម ចំពោះការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាមួយកម្ពុជា។
នៅក្នុងបរិបទដែលស្ថានភាពអន្តរជាតិ និងតំបន់បន្តមានការវិវត្តយ៉ាងស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ដំណើរទស្សនកិច្ចនេះបានអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាម រួមជាមួយកម្ពុជាក្នុងការថែរក្សាពូនជ្រុំបរិយាកាសសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួម ព្រមទាំងជំរុញគ្រប់ជ្រុងជ្រោយនូវបណ្តាវិស័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នេះក៏ជាឱកាសដើម្បីពង្រឹងនូវការជឿទុកចិត្ត ភាពស្និទ្ធស្នាល និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងនាយករដ្ឋមន្ត្រី Le Minh Hung ជាមួយបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាផងដែរ។
ចាប់តាំងពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ ភាគីទាំងពីរមានសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាច្រើន ឯកភាពលើទិសដៅសំខាន់ៗ និងសម្រេចបាននូវការឯកភាពរួមជាច្រើនប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។ ភាពលេចធ្លោរួមមាន ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជា និងការចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងបក្សទាំងពីរ បក្សទាំងបី របស់អគ្គលេខាបក្ស To Lam ក្នុងខែកុម្ភៈ ឆ្នាំ ២០២៦; ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម ព្រមទាំងការចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាអនាគតអាស៊ានលើកទី ៣ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី Hun Manet ក្នុងខែមិថុនា ឆ្នាំ ២០២៦; ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់សម្តេចប្រធានរដ្ឋសភា Khuon Sudary ក្នុងខែកក្កដា ឆ្នាំ ២០២៦។
នៅក្នុងជំនួបពិភាក្សា និងការផ្លាស់ប្តូរយោបល់នានាក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ ខ្ញុំជឿជាក់ថានាយករដ្ឋមន្ត្រី Le Minh Hung និងបណ្តាថ្នាក់ដឹកនាំកម្ពុជា នឹងរួមគ្នាបូកសរុប ត្រួតពិនិត្យ និងដោះស្រាយបញ្ហាសេសសល់ និងការជាប់គាំងនានា ធ្វើឱ្យជាក់ស្តែងនូវរាល់ការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលសម្រេចបាន ព្រមទាំងកំណត់បន្ថែមនូវទិសដៅ និងអាទិភាពសហប្រតិបត្តិការប្រកបដោយលក្ខណៈយុទ្ធសាស្ត្រនាពេលខាងមុខ។
ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសវៀតណាមជាច្រើនរូប នឹងអមដំណើរនាយករដ្ឋមន្ត្រី។ ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន។
ខ្ញុំរំពឹងថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបន្តពង្រឹងទំនុកចិត្តនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបន្ថែមនូវកម្លាំងចលករ ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពជាងមុន។
ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ចាំបាច់ត្រូវបន្តលើកកម្ពស់លក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងខឿនសេដ្ឋកិច្ចទាំងពីរ ឆ្ពោះទៅកាន់គោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិក ក្នុងពេលឆាប់ៗ។
តើឯកអគ្គរដ្ឋទូតមើលឃើញយ៉ាងណាចំពោះលទ្ធភាពនៃការកកើតឡើងនូវ «ប្រព័ន្ធអេកូឡូស៊ីតភ្ជាប់» វៀតណាម-កម្ពុជា ក្នុងដំណាក់កាលខាងមុខ ដែលក្នុងនោះមិនត្រឹមតែមានពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលទាំងភស្តុភារកម្ម ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការផ្សារភ្ជាប់រវាងបណ្តាមូលដ្ឋាន និងសហគ្រាស? តើដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអាចបង្កើតកម្លាំងរុញច្រានជាក់ស្តែងអ្វីខ្លះសម្រាប់ដំណើរការនេះ?
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ កំពុងជាចំណុចលេចធ្លោ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពជារួមនៃទំនាក់ទំនង វៀតណាម - កម្ពុជា។
ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រចំនួន ១១,៣ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មសម្រេចបានប្រមាណ ៨,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។
បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា ឈរនៅលំដាប់ទីពីរក្នុងចំណោមបណ្តាប្រទេសនាំចេញទំនិញចូលមកកម្ពុជា និងជាប្រទេសនាំចូលទំនិញពីកម្ពុជាធំជាងគេទីពីរផងដែរ។
វៀតណាមមានគម្រោងវិនិយោគចំនួន ២២៣ នៅកម្ពុជា ជាមួយនឹងដើមទុនចុះបញ្ជីសរុបជិត ៣,៤ ពាន់លានដុល្លារអាមេរិក។ គម្រោងទាំងឡាយមិនត្រឹមតែដំណើរការអាជីវកម្មប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារធ្វើជូនពលកររាប់ម៉ឺននាក់ រួមចំណែកដល់ថវិការដ្ឋ និងចូលរួមក្នុងកិច្ចការសន្តិសុខសង្គមនៅកម្ពុជា។
នៅក្នុងវិស័យទេសចរណ៍ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៦ វៀតណាមគឺជាប្រភពទេសចរអន្តរជាតិឈានមុខគេរបស់កម្ពុជា ដែលមានចំនួនជាង ៥៨៥.០០០ លើកនាក់។ ក្នុងទិសដៅផ្ទុយមកវិញ ក្នុងរយៈពេល ៩ ខែដំបូង ភ្ញៀវទេសចរកម្ពុជាដែលមកកាន់ប្រទេសវៀតណាមសម្រេចបានប្រមាណ ៦៣០.០០០ លើកនាក់ កើនឡើង ៤០,៥% ដោយក្លាយជាទីផ្សារបញ្ជូនភ្ញៀវទេសចរធំលំដាប់ទីប្រាំមួយរបស់វៀតណាម។ តួលេខទាំងនេះបង្ហាញពីកម្រិតនៃការផ្លាស់ប្តូរ និងភាពស្អិតរមួតកាន់តែស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។
ខ្ញុំយល់ឃើញថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Le Minh Hung នឹងមិនត្រឹមតែពង្រឹងការតភ្ជាប់ និងលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងខឿនសេដ្ឋកិច្ចទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសបង្កើតនូវប្រព័ន្ធអេកូឡូស៊ីផ្សារភ្ជាប់សេដ្ឋកិច្ចកាន់តែគ្រប់ជ្រុងជ្រោយជាងមុន។
ជាបឋម គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចតភ្ជាប់ខ្សែផ្លូវល្បឿនលឿន ទីក្រុងហូជីមិញ - Moc Bai - Bavet - ភ្នំពេញ សំដៅដាក់ឱ្យដំណើរការខ្សែផ្លូវសរសៃឈាមដ៏សំខាន់នេះតាមផែនការនៅចុងឆ្នាំ ២០២៧ បង្កើតភាពងាយស្រួលដល់ការធ្វើដំណើរ ចរាចរណ៍ទំនិញ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ទន្ទឹមនឹងផ្លូវគោក ប្រទេសទាំងពីរបានបង្កើតបណ្តាញផ្លូវអាកាសជាមួយនឹងជើងហោះហើរត្រង់ជាច្រើនរវាងទីក្រុងធំៗ និងទីតាំងទេសចរណ៍នានា ព្រមទាំងជំរុញការតភ្ជាប់ផ្លូវទឹក រួមមានទាំងផ្លូវទន្លេ និងផ្លូវសមុទ្រផងដែរ។
ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល ក៏ត្រូវបានផ្តល់អាទិភាពផងដែរ តាមរយៈការតភ្ជាប់ប្រព័ន្ធបញ្ជូនអគ្គិសនី បង្កើតជាបណ្តើរៗនូវយន្តការទិញលក់ប្រេងសាំង ប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ និងធានាសន្តិសុខថាមពលរបស់ប្រទេសទាំងពីរ។
មិនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប៉ុណ្ណោះទេ វៀតណាម និងកម្ពុជាកំពុងផ្សារភ្ជាប់គ្នាកាន់តែជិតស្និទ្ធលើផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍។ បញ្ហាស្ទះផ្នែកគោលនយោបាយ និងស្ថាប័ន ត្រូវបានសម្របសម្រួលដោះស្រាយជាបណ្តើរៗ រួមចំណែកបង្កើតច្រករបៀងគតិយុត្តកាន់តែបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរក៏កំពុងផ្លាស់ប្តូរយោបល់ដើម្បីបង្កើតយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចថ្មី សំដៅជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
ការដែលសហគ្រាសធំៗជាច្រើនរបស់វៀតណាមអមដំណើរនាយករដ្ឋមន្ត្រីក្នុងដំណើរទស្សនកិច្ចលើកនេះ នឹងបង្កើតលក្ខខណ្ឌអំណោយផលដល់សហគ្រាសនៃប្រទេសទាំងពីរក្នុងការជួបប្រាស្រ័យ ស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការ ព្រមទាំងស្នើដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំភាគីទាំងពីរ អំពីបញ្ហានានាដែលត្រូវដោះស្រាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគ និងធុរកិច្ច។
វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ក៏កំពុងបើកចេញនូវលំហសហប្រតិបត្តិការថ្មីមួយផងដែរ។
សេចក្តីសម្រេចចិត្ត និងឯកសារនានានៃមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនីស្តវៀតណាម បានដាក់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល នៅចំចំណុចកណ្តាលនៃគំរូកំណើនសេដ្ឋកិច្ច។ កម្ពុជាក៏បានកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកម្លាំងចលករអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ផងដែរ។
ភាពស្រដៀងគ្នានៃទិសដៅនេះ បានបង្កើតជាលក្ខខណ្ឌអំណោយផលពីធម្មជាតិ ដើម្បីឱ្យប្រទេសទាំងពីរបង្កើនការតភ្ជាប់នៅក្នុងបណ្តាវិស័យថ្មីៗ។
ជាមួយនឹងគុណសម្បត្តិ និងបទពិសោធន៍ឈានមុខ បណ្តាសហគ្រាសវៀតណាម ក្នុងនោះរួមមានក្រុមហ៊ុន Metfone (ដែលជាការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន Viettel នៅកម្ពុជា) អាចជួយគាំទ្រ ជំរុញ និងដើរតួនាទីជាស្ពានចម្លងនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ការផ្លាស់ប្តូរឌីជីថល និងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា។
ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីប្រែក្លាយទំនុកចិត្តនយោបាយទៅជាយុទ្ធសាស្ត្រ ការប្តេជ្ញាចិត្ត និងសកម្មភាពជាក់ស្តែង បង្កើតជាបណ្តើរៗនូវគ្រឹះស្ថានសម្រាប់ប្រព័ន្ធអេកូឡូស៊ីផ្សារភ្ជាប់សេដ្ឋកិច្ចកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា។
ជម្រាបសួរឯកអគ្គរដ្ឋទូត នាពេលកន្លងមក ការងារការទូតប្រជាជនតែងតែទទួលបានការយកចិត្តទុកដាក់ជាពិសេសពីថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ សូមឯកអគ្គរដ្ឋទូតមេត្តាចែករំលែកការវាយតម្លៃអំពីតួនាទីរបស់យុវជនជំនាន់ក្រោយ (ជាពិសេសកម្លាំងយុវជន ជួរកម្មាភិបាលបន្តវេន និងការងារបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់...) ក្នុងការបន្តវេន ថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី វៀតណាម-កម្ពុជា ឱ្យកាន់តែរីកចម្រើនលូតលាស់? នាពេលខាងមុខ តើស្ថានទូតមានផែនការអ្វីខ្លះដើម្បីជួយបង្កើនការផ្លាស់ប្តូរប្រជាជននិងប្រជាជន ជាពិសេសគឺការលើកកម្ពស់ការយល់ដឹងរបស់យុវជនជំនាន់ក្រោយអំពីចំណងមិត្តភាពទ្វេភាគី?
ការទូតប្រជាជនតែងតែជាមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំ ជាខ្សែចំណងតភ្ជាប់ពីធម្មជាតិ និងយូរអង្វែង នៅក្នុងទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» រវាងវៀតណាម និងកម្ពុជា។
នាពេលកន្លងមក ភាគីទាំងពីរបានអនុវត្តសកម្មភាពជាច្រើនដើម្បីជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន ចាប់ពីការឃោសនា លើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រហូតដល់ការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌នានា ដូចជា សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ក្នុងខែឧសភា ឆ្នាំ ២០២៦ និងមហោស្រពវប្បធម៌ពិភពលោកលើកទី ២ នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៦។
សកម្មភាពផ្លាស់ប្តូររវាងសមាជិកសភាវ័យក្មេង សមាគមមិត្តភាព អង្គការយុវជន និងវិទ្យាស្ថានស្រាវជ្រាវនានា ក៏ត្រូវបានពង្រឹងផងដែរ។ ក្រសួង ស្ថាប័ន មូលដ្ឋាន ជាពិសេសបណ្តាមូលដ្ឋានជាប់ព្រំដែន និងអង្គភាពចងសម្ព័ន្ធមេត្រីភាព បានរៀបចំជាប្រចាំនូវសកម្មភាពតភ្ជាប់រវាងអាជ្ញាធរ ប្រជាជន និងសហគ្រាសនៃភាគីទាំងពីរ។
នៅក្នុងបរិបទដែលប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ខ្ញុំយកចិត្តទុកដាក់ជាពិសេសចំពោះតួនាទីរបស់យុវជន បញ្ញវន្តវ័យក្មេង និងជួរកម្មាភិបាលបន្តវេន។ ទាំងនេះគឺជាកម្លាំងដែលនឹងបន្តចរន្តនៃមិត្តភាព វៀតណាម - កម្ពុជា ថែរក្សាការចងចាំប្រវត្តិសាស្ត្រ និងបន្តសរសេរទំព័រទំនាក់ទំនងនៃប្រទេសទាំងពីរ ដោយស្មារតីសាមគ្គីភាព ចែករំលែក ការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក។
ជួរកម្មាភិបាលវ័យក្មេង គឺជាកម្លាំងផ្ទាល់ក្នុងការសម្របសម្រួល អនុវត្ត និងធ្វើឱ្យជាក់ស្តែងនូវរាល់ការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោយធានាបាននូវការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលារវាងភាគីទាំងពីរ ចំពោះមុខតម្រូវការថ្មីៗ។
និស្សិត និងសិក្ខាកាមកម្ពុជារាប់ពាន់នាក់ដែលបាននិងកំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសវៀតណាម និងច្រាសមកវិញ ក៏ដើរតួនាទីពិសេសផងដែរ។ ប្អូនៗមិនត្រឹមតែក្រេបជញ្ជក់ចំណេះដឹងជំនាញដើម្បីបម្រើប្រទេសជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជា «ទូតសុឆន្ទៈ» ពីធម្មជាតិ បង្កើតនូវភាពស្អិតរមួតខាងភាសា វប្បធម៌ និងមនុស្សរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ យុវជនគឺជាកម្លាំងដែលមានភាពរហ័សរហួនក្នុងការបង្កើតធុរកិច្ចថ្មី នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង តាមរយៈនោះ អាចបើកបន្ថែមវិស័យសហប្រតិបត្តិការថ្មីៗ បន្ថែមលើក្របខ័ណ្ឌប្រពៃណីដែលមានស្រាប់។
នាពេលខាងមុខ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា នឹងផ្តោតលើទិសដៅចំនួនបួន៖
ទីមួយ សម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដើម្បីកែលម្អរបៀបវារៈនៃការឃោសនា និងការអប់រំប្រវត្តិសាស្ត្រតម្រង់ទិសដៅទៅកាន់យុវជន; បង្កើនការប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយរឿងរ៉ាវប្រវត្តិសាស្ត្រ គំរូនានានៃសាមគ្គីភាព និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមវិធីសាស្ត្រដ៏ជិតស្និទ្ធ និងរស់រវើក; ព្រមទាំងរៀបចំការប្រកួតប្រជែងស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ វៀតណាម - កម្ពុជា។
ទីពីរ សម្របសម្រួលជាមួយស្ថាប័នយុវជននៃប្រទេសទាំងពីរ ដើម្បីជំរុញកម្មវិធីផ្លាស់ប្តូរយោបល់ រៀបចំវេទិកាអនឡាញ និងដោយផ្ទាល់ ដើម្បីឱ្យយុវជនភាគីទាំងពីរផ្លាស់ប្តូរទស្សនៈ និងស្នើគំនិតផ្តួចផ្តើមសហប្រតិបត្តិការ។
ទីបី ពង្រឹងការតភ្ជាប់បណ្តាញអតីតនិស្សិត និងនិស្សិតនៃប្រទេសទាំងពីរ។ ស្ថានទូតនឹងរួមដំណើរ និងជួយគាំទ្រនិស្សិតវៀតណាមដែលកំពុងសិក្សានៅកម្ពុជា ព្រមទាំងកសាង និងលើកកម្ពស់តួនាទីរបស់សមាគមអតីតនិស្សិតកម្ពុជាដែលធ្លាប់បានសិក្សានៅប្រទេសវៀតណាម ដើម្បីឱ្យអ្នកដែលធ្លាប់ផ្សារភ្ជាប់ជាមួយវៀតណាម បន្តផ្សព្វផ្សាយនូវមនោសញ្ចេតនាដ៏ល្អប្រសើរអំពីប្រទេស និងប្រជាជនវៀតណាម។
ទីបួន ពង្រឹងការតភ្ជាប់យុវជនជំនាន់ក្រោយជាមួយសហគមន៍ធុរកិច្ច; លើកទឹកចិត្តសហគ្រាសវៀតណាមនៅកម្ពុជា ឱ្យផ្តល់អាហារូបករណ៍ ឱកាសហាត់ការ និងការងារធ្វើដល់យុវជន និងនិស្សិតកម្ពុជា; បង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យយុវជននៃប្រទេសទាំងពីររួមគ្នាចូលរួមក្នុងគម្រោងបង្កើតធុរកិច្ចបច្ចេកវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិក និងសកម្មភាពស្ម័គ្រចិត្តនៅតំបន់ព្រំដែន។
ចំណងមិត្តភាពជាប្រពៃណី វៀតណាម - កម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។ ជាមួយនឹងចំណេះដឹង ទឹកចិត្តដ៏មុតមាំ និងភាពម្ចាស់ការរបស់យុវជនជំនាន់ក្រោយ ខ្ញុំជឿជាក់ថា ជួរអ្នកបន្តវេននៃប្រទេសទាំងពីរ នឹងបន្តពូនជ្រុំទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំឡើងជាលំដាប់ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រជាជាតិទាំងពីរ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឯកអគ្គរដ្ឋទូត!
យុគសម័យ - កម្ពុជាបន្តត្រូវបានប្រកាសឈ្មោះក្នុងប្រភេទទាន «គោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ីសម្រាប់យុវវ័យប្រចាំឆ្នាំ ២០២៦» នៅក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក លើកទី ៣៣ ដែលត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះនៅ Maldives។ |
យុគសម័យ - ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល Le Minh Hung នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា។ |

មតិពីមិត្តអ្នកអាន