បុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ផ្សព្វផ្សាយចេញពីបណ្តាទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស

00:59 | 02/09/2026 ឌឿងង្វៀន

យុគសម័យ - ចាប់ពីថ្ងៃទី ២០-៣០ ខែសីហា ឆ្នាំ ២០២៦ ស្ថានទូត និងស្ថានអគ្គកុងស៊ុលវៀតណាមជាច្រើននៅឯបរទេស បានរៀបចំនូវសកម្មភាពនានារំលឹកខួប ៨១ ឆ្នាំនៃបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ដោយទាក់ទាញការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសសាមី តំណាងការទូត មិត្តភក្តិអន្តរជាតិ និងសហគមន៍ជនជាតិវៀតណាមយ៉ាងច្រើនកុះករ។

ទីក្រុង Ho Chi Minh ប្រគល់ផ្លាកសញ្ញាបក្សជូនចំពោះបណ្តាសមាជិកបក្សជើងចាស់ ក្នុងឱកាសបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ប្រធានាធិបតី Donald Trump ផ្ញើសារអបអរសាទរវៀតណាមក្នុងឱកាសបុណ្យជាតិថ្ងៃទី ២​ ខែកញ្ញា

មិត្តភាព ការរួមដំណើរជាមួយវៀតណាម

នៅរាជធានីភ្នំពេញ នាថ្ងៃទី ២០ សីហា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំពិធីរំលឹកខួប ៨១ ឆ្នាំនៃបុណ្យជាតិ ដោយមានការចូលរួមពីសំណាក់ឧបនាយករដ្ឋមន្ត្រីទីមួយ Neth Savoeun តំណាងរាជរដ្ឋាភិបាលកម្ពុជា ប្រធានរដ្ឋសភា Khuon Sudary រួមជាមួយប្រតិភូជាច្រើនរូបទៀត។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី Neth Savoeun បានផ្ញើសារអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះជំហានអភិវឌ្ឍន៍ប្រកបដោយភាពរស់រវើករបស់វៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។ លោកបានសម្តែងនូវជំនឿជាក់ថា ប្រទេសវៀតណាមនឹងបន្តសម្រេចបានសមិទ្ធផលជាច្រើនទៀត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម។

បរិយាកាសអបអរសាទរបុណ្យជាតិក៏បានផ្សព្វផ្សាយនៅសិង្ហបុរីផងដែរ។ នាយប់ថ្ងៃទី ២៤ សីហា ស្ថានទូតវៀតណាមបានរៀបចំពិធីរំលឹកខួបក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសិង្ហបុរី របស់សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការនៃគណៈលេខា Tran Cam Tu និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្តវៀតណាម។

អនុអគ្គលេខាបក្សសកម្មភាពប្រជាជនសិង្ហបុរី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងជារដ្ឋមន្ត្រីសម្របសម្រួលសេវាសាធារណៈសិង្ហបុរី Chan Chun Sing បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

តំណាងបណ្តាស្ថាប័ន អង្គការចាត់តាំង និងសហគមន៍ជនជាតិវៀតណាមបានរួមគ្នាចូលរួមព្រឹត្តិការណ៍នេះក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព។
តំណាងបណ្តាស្ថាប័ន អង្គការចាត់តាំង និងសហគមន៍ជនជាតិវៀតណាមបានរួមគ្នាចូលរួមព្រឹត្តិការណ៍នេះក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព។

ក្នុងថ្ងៃដដែល នៅ Colombo ស្ថានទូតវៀតណាមប្រចាំនៅស្រីលង្កា បានរៀបចំពិធីរំលឹកខួបនៅសណ្ឋាគារ Hilton Colombo។ សកម្មភាពនេះជាឱកាសឧទ្ទេសនាមអំពីដំណើរផ្លូវនៃការកសាង និងអភិវឌ្ឍន៍របស់វៀតណាម ជូនចំពោះតំណាងអាជ្ញាធរនៃប្រទេសសាមី ទីភ្នាក់ងារការទូត អង្គការអន្តរជាតិ និងមិត្តភក្តិស្រីលង្កា។

នៅអាមេរិកខាងត្បូង នាយប់ថ្ងៃទី ២៧ សីហា ស្ថានទូតវៀតណាមប្រចាំនៅប្រេស៊ីល បានរៀបចំពិធីរំលឹកខួប ៨១ ឆ្នាំនៃបដិវត្តន៍ខែសីហា និងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា នៅក្លឹបកងទ័ពជើងទឹក Brasilia។

អញ្ជើញចូលរួមមានវត្តមានលោកស្រីឯកអគ្គរដ្ឋទូត Susan Kleebank អនុរដ្ឋមន្ត្រីការបរទេសប្រេស៊ីល តំណាងរដ្ឋសភា រដ្ឋាភិបាល បណ្តាក្រសួង ស្ថាប័នប្រេស៊ីល រួមជាមួយប្រធានទីភ្នាក់ងារតំណាងការទូត អង្គការអន្តរជាតិ និងអនុព័ន្ធយោធាជាច្រើនរូប។

ចំណុចលេចធ្លោមួយនៃកម្មវិធី គឺលំហតាំងពិព័រណ៍រូបថតអំពីលោកប្រធាន Ho Chi Minh និងដំណើរផ្លូវបដិវត្តន៍វៀតណាម។

លោកស្រីឯកអគ្គរដ្ឋទូត Susan Kleebank បានវាយតម្លៃថា ការចាប់ផ្តើមដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះរវាងប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) និងវៀតណាម អាចបើកបន្ថែមនូវស្ពានតភ្ជាប់ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរប្រជាជនរវាងអាមេរិកខាងត្បូង និងអាស៊ីអាគ្នេយ៍។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ Nguyen Minh Tam រួមជាមួយបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ លើកកែវស្រាអបអរសាទរខួប ៨១ ឆ្នាំនៃជោគជ័យបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦) និងបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ដល់ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦)។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ Nguyen Minh Tam រួមជាមួយបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ លើកកែវស្រាអបអរសាទរខួប ៨១ ឆ្នាំនៃជោគជ័យបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦) និងបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ដល់ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦)។

ផ្សារភ្ជាប់សហគមន៍ ផ្សព្វផ្សាយរូបភាពប្រទេសជាតិ

នៅឡាវ ពិធីលៀងសាយភោជន៍រំលឹកខួបបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ដែលរៀបចំឡើងដោយស្ថានទូតវៀតណាម នាថ្ងៃទី ២៩ សីហា បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព និងភាពស្និទ្ធស្នាល។

ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមបានអះអាងថា ក្នុងរយៈពេល ៨១ ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ប្រជាជនវៀតណាមបានរួបរួមសាមគ្គីគ្នា ជំនះពុះពារលើការលំបាកយ៉ាងរឹងមាំ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី អនុវត្តបុព្វហេតុផ្លាស់ប្តូរថ្មី និងសម្រេចបានសមិទ្ធផលជាច្រើនដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ។

បរិយាកាសនៃការរំលឹកខួបក៏បានប្រព្រឹត្តទៅនៅ Pakse ជាទីកន្លែងដែលស្ថានអគ្គកុងស៊ុលវៀតណាមបានរៀបចំពិធីរំលឹកខួប ៨១ ឆ្នាំនៃបដិវត្តន៍ខែសីហា និងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី មានពិព័រណ៍រូបថតឧទ្ទេសនាមអំពីរមណីយដ្ឋានធម្មជាតិ សមិទ្ធផលនៃការផ្លាស់ប្តូរថ្មីរបស់បណ្តាមូលដ្ឋានវៀតណាមដែលចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តចំនួន ៤ នៅភាគខាងត្បូងប្រទេសឡាវ និងមូលដ្ឋានមួយចំនួននៅភាគខាងជើង។ ស្តង់ទំនិញឧទ្ទេសនាមអំពីប្រទេសជាតិ មនុស្សជាតិ វប្បធម៌ និងផលិតផល OCOP របស់វៀតណាម ក៏ត្រូវបានរៀបចំឡើងផងដែរ។

នៅប៉េកាំង នាថ្ងៃទី ២៨ សីហា ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅចិន Somphone Sichaleune បានដឹកនាំគណៈប្រតិភូកម្មាភិបាលស្ថានទូតឡាវ អញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរស្ថានទូតវៀតណាម ក្នុងឱកាសរំលឹកខួប ៨១ ឆ្នាំនៃបុណ្យជាតិ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន Pham Thanh Binh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពាក្យជូនពរដ៏ល្អប្រសើរ ព្រមទាំងឱ្យដឹងថា ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចំឱកាសរំលឹកខួប ៨១ ឆ្នាំនៃទិវាប្រពៃណីផ្នែកការទូតវៀតណាម ដែលនាំមកនូវសេចក្តីសោមនស្សរីករាយយ៉ាងពិសេសសម្រាប់កម្មាភិបាល និងបុគ្គលិកនៃស្ថានទូត។

នៅប្រ៊ុយណេដារូស្សាឡាម នាព្រឹកថ្ងៃទី ៣០ សីហា ស្ថានទូតវៀតណាមបានរៀបចំពិធីរំលឹកខួប ដោយមានការចូលរួមពីសំណាក់ឯកអគ្គរាជទូតកម្ពុជា ភារធារីស្ថានទូតឡាវ មិត្តភក្តិអន្តរជាតិ និងជនជាតិវៀតណាមយ៉ាងច្រើនកុះករដែលកំពុងរស់នៅប្រ៊ុយណេ។

លោកស្រីឯកអគ្គរដ្ឋទូត Do Thuy Duong បានសង្កត់ធ្ងន់លើតួនាទីនៃការផ្លាស់ប្តូរប្រជាជន និងសហគមន៍ជនជាតិវៀតណាម ក្នុងការថែរក្សាពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងសម្តែងនូវបំណងចង់ឱ្យសហគមន៍បន្តរួមដំណើរជាមួយស្ថានទូត ក្នុងបណ្តាសកម្មភាពឆ្ពោះទៅកាន់ការរំលឹកខួប ៣៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ប្រ៊ុយណេ ក្នុងឆ្នាំ ២០២៧។

ចាប់ពីអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង រហូតដល់អាមេរិកខាងត្បូង បណ្តាសកម្មភាពរំលឹកខួបបុណ្យជាតិត្រូវបានរៀបចំឡើងតាមទម្រង់ដ៏សមស្របជាច្រើន ទាំងរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រជាជាតិ ទាំងឧទ្ទេសនាមអំពីវប្បធម៌ ប្រទេសជាតិ និងមនុស្សជាតិវៀតណាម ជូនចំពោះមិត្តភក្តិអន្តរជាតិ។

តាមរយៈនោះ បណ្តាទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស បានបន្តលើកកម្ពស់តួនាទីតភ្ជាប់សហគមន៍ ផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយបណ្តាប្រទេស ដៃគូ និងមិត្តភក្តិអន្តរជាតិ៕

បណ្តាគោលដៅដ៏ស័ក្តិសមសម្រាប់ដំណើរកម្សាន្តក្នុងឱកាសបុណ្យជាតិ ២ កញ្ញា បណ្តាគោលដៅដ៏ស័ក្តិសមសម្រាប់ដំណើរកម្សាន្តក្នុងឱកាសបុណ្យជាតិ ២ កញ្ញា
យុគសម័យ - ចុងរដូវក្តៅ និងថ្ងៃឈប់សម្រាកដ៏វែងក្នុងឱកាសបុណ្យជាតិ ២ កញ្ញា គឺជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារក្នុងការចំណាយពេលវេលាជាមួយគ្នា មុនពេលឈានចូលឆ្នាំសិក្សាថ្មី សម្រាប់ក្រុមមិត្តភក្តិធ្វើដំណើរកម្សាន្តតាមឆ្នេរសមុទ្រ និងសម្រាប់គូស្នេហ៍ស្វែងរកទីកន្លែងលម្ហែកាយដើម្បីទទួលយកភាពឯកជន។
ទីក្រុង Ha Noi បាញ់កាំជ្រួចនៅទីតាំងចំនួន ៥ អបអរសាទរទិវាបុណ្យជាតិ ២ កញ្ញា ទីក្រុង Ha Noi បាញ់កាំជ្រួចនៅទីតាំងចំនួន ៥ អបអរសាទរទិវាបុណ្យជាតិ ២ កញ្ញា
យុគសម័យ - នាយប់ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦ Ha Noi នឹងរៀបចំការបាញ់កាំជ្រួចកម្រិតខ្ពស់រួមផ្សំជាមួយកម្រិតទាប នៅទីតាំងចំនួន ៥ លើភូមិសាស្ត្ររដ្ឋធានី ចាប់ពីម៉ោង ២១:០០ ដល់ ២១:១៥ នាទី ក្នុងឱកាសអបអរសាទរខួបលើកទី ៨១ នៃបដិវត្តន៍ខែសីហាទទួលបានជោគជ័យ និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen

អានច្រើនបំផុត

ការតភ្ជាប់បញ្ញវន្តអាណិកជនវៀតណាម ជាមួយបញ្ហាប្រឈមនៃកសិកម្មបៃតង
ការតភ្ជាប់បញ្ញវន្តវៀតណាមនៅ Kansai ជាមួយបណ្តាគ្រឹះស្ថានស្រាវជ្រាវក្នុងប្រទេស
សហគមន៍ជនជាតិវៀតណាមនៅឥណ្ឌា បង្កើនការតភ្ជាប់សហគមន៍ និងការថែរក្សាភាសាវៀតណាម
ពាណិជ្ជករវៀតណាមនៅតំបន់ Kyushu បង្កើនការតភ្ជាប់ ពង្រីកកិច្ចសហប្រតិបត្តិការ វៀតណាម - ជប៉ុន
សន្និសីទជនជាតិវៀតណាមនៅបរទេសទូទាំងពិភពលោកលើកទី ៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែធ្នូ