ចេញពីការចងចាំរបស់សាក្សី តាមរកដានស្នាមយុទ្ធជនពលី

20:46 | 07/09/2026 សុវណ្ណា

យុគសម័យ - បន្ទាប់ពីប៉ុន្មានសិបឆ្នាំ សមរភូមិចាស់បានផ្លាស់ប្តូរ ស្លាកស្នាមជាច្រើនលែងនៅដដែលទៀតហើយ ប៉ុន្តែការចងចាំរបស់អ្នកដែលធ្លាប់បានឃើញសមរភូមិដោយផ្ទាល់ ចូលរួមបញ្ចុះសព ឬដឹងពីទីតាំងដែលយុទ្ធជនពលីបានពលីជីវិត នៅតែប្រែក្លាយជាតម្រុយដ៏មានតម្លៃពិសេស។ ចេញពីប្រភពព័ត៌មានទាំងនោះ កងកម្លាំងមានសមត្ថកិច្ចខេត្ត Quang Ngai បានផ្ទៀងផ្ទាត់ កំណត់តំបន់ជាជំហានៗ កាត់បន្ថយដំណើរការស្វែងរក និងនាំយកយុទ្ធជនពលីជាច្រើនរូបវិលត្រឡប់មកសម្រាកដោយស្ងប់ស្ងៀមនៅលើស្រុកកំណើតវិញ។

ក្រុម K52 ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ៣ រូប នៅកម្ពុជា ខេត្ត An Giang ចេញដំណើរស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា

ការចងចាំទាំងឡាយដែលនាំផ្លូវ

ក្នុងវ័យ ៩០ ឆ្នាំ សុខភាពបានទ្រុឌទ្រោមច្រើន ប៉ុន្តែរាល់ពេលរំលឹកដល់សមរភូមិនៅ Go Tram លោក Le Huu Phuoc ភូមិ An Son ឃុំ Nghia Giang នៅតែចងចាំបានយ៉ាងច្បាស់នូវអ្វីៗដែលបានកើតឡើង។

លោក Phuoc ឱ្យដឹងថា ធ្លាប់ធ្វើជាលេខា ប្រធានសមាគមកសិករឃុំ Tu Thuan ចាស់។ ក្នុងឆ្នាំ ១៩៦៩ នៅពេលដែលសង្គ្រាមបានប្រព្រឹត្តទៅយ៉ាងស្រួចស្រាល់ កងកម្លាំងរបស់យើងបានចាត់តាំងការវាយរថក្រោះរបស់សត្រូវនៅតំបន់ Go Tram។ កម្មាភិបាល យុទ្ធជនមួយចំនួនបានពលីជីវិតនៅក្នុងសមរភូមិនេះ។

នាពេលនោះ លោក Phuoc គឺជាអ្នកដឹកនាំបញ្ជា និងបានចូលរួមបញ្ចុះសពបណ្តាយុទ្ធជនពលីដោយផ្ទាល់។ ហេតុដូច្នេះហើយ ទោះបីជាពេលវេលាជាច្រើនឆ្នាំបានកន្លងផុតទៅក្តី នៅក្នុងការចងចាំរបស់លោកនៅតែដក់ជាប់នូវទីតាំងមួយចំនួនដែលយោធមិត្តបានដួលចុះ។

«នៅពេលដែលយុទ្ធនាការ ៥០០ ថ្ងៃយប់ត្រូវបានបំផុសឡើង កងទ័ព និងអាជ្ញាធរបានស្វែងរកអដ្ឋិធាតុយុទ្ធជនពលីយ៉ាងសស្រាក់សស្រាំ ចិត្តរបស់ខ្ញុំស្រាប់តែដូចមានភ្លើងឆេះ អង្គុយក៏មិនស្ងប់ ឈរក៏មិនសុខ។ ខ្ញុំបានដើរតាមកងកម្លាំងមានសមត្ថកិច្ចទៅដល់ទីតាំងជាក់ស្តែង ចង្អុលដីនីមួយៗ កូអរដោនេនីមួយៗដែលយោធមិត្តទាំងឡាយធ្លាប់បានដួលចុះ។ ទុក្ខកង្វល់ជាច្រើនទសវត្សរ៍កន្លងមករបស់ខ្ញុំត្រូវបានធូរស្រាល នៅពេលដែលកងកម្លាំងមានសមត្ថកិច្ចបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីនៅកន្លែងដែលខ្ញុំបានចង្អុលបង្ហាញ។ ខ្ញុំមានបំណងប្រាថ្នាចង់ឱ្យពួកគាត់ឆាប់បានសងឈ្មោះត្រឡប់មកវិញ វិលត្រឡប់មកក្នុងរង្វង់ដៃប្រកបដោយក្តីស្រឡាញ់របស់ក្រុមគ្រួសារ» លោក Phuoc បានចែករំលែកបែបនេះ។

លោកអនុសេនីយ៍ឯក Ngo Nhu Vu អនុស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាឃុំ Nghia Giang ស្វែងរកស្លាកស្នាមផ្នូរយុទ្ធជនពលីនៅ Go Tram ពីប្រភពព័ត៌មានរបស់លោក Le Huu Phuoc ភូមិ An Son។
លោកអនុសេនីយ៍ឯក Ngo Nhu Vu អនុស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាឃុំ Nghia Giang ស្វែងរកស្លាកស្នាមផ្នូរយុទ្ធជនពលីនៅ Go Tram ពីប្រភពព័ត៌មានរបស់លោក Le Huu Phuoc ភូមិ An Son។

ចេញពីព័ត៌មានដែលផ្តល់ដោយលោក Phuoc និងបណ្តាសាក្សី នៅថ្ងៃទី ២០ ខែសីហា បញ្ជាការដ្ឋានយោធាឃុំ Nghia Giang បានចាត់តាំងកម្លាំងស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅតំបន់ Go Tram។

ទីតាំងដំបូងត្រូវបានកំណត់ថាជាតំបន់ដែលធ្លាប់មានលេណដ្ឋានជ្រកកោនចំនួនពីរ។ ក្រោមអាកាសធាតុក្តៅហួតហែង កម្មាភិបាល យុទ្ធជនបានបែងចែកគ្នារុករកតាមទីតាំងនីមួយៗ ជីកស្រទាប់ដីម្តងមួយៗ ដោយព្យាយាមតាមរកដានស្នាមដែលនៅសេសសល់។

បន្ទាប់ពីស្វែងរកអស់រយៈពេលពីរថ្ងៃ កងកម្លាំងមានសមត្ថកិច្ចបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ១ រួមជាមួយវត្ថុអនុស្សាវរីយ៍ជាច្រើន ដូចជា ឡេវអាវ ប៊ិច ស្លាបព្រា និងស្បែកជើងកៅស៊ូ។

វិសាលភាពស្វែងរកបន្ទាប់មកត្រូវបានបន្តពង្រីកបន្ថែម។ នៅថ្ងៃទី ២៤ ខែសីហា នៅត្រង់ទីតាំងដែលមានចម្ងាយប្រមាណ ៣០០ ម៉ែត្រពីកន្លែងរកឃើញដំបូង កងកម្លាំងមានសមត្ថកិច្ចបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣ បន្ថែមទៀត។ ត្រឹមតែរយៈពេល ៧ ថ្ងៃនៃការស្វែងរក អដ្ឋិធាតុយុទ្ធជនពលីទី ៥ ក៏ត្រូវបានរកឃើញនៅតំបន់ Go Tram ផងដែរ។

យោងតាមលោកអនុសេនីយ៍ឯក Ngo Nhu Vu អនុស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាឃុំ Nghia Giang ដើម្បីទទួល និងទាញយកផលប្រកបដោយប្រសិទ្ធភាពនូវប្រភពព័ត៌មាននានាបម្រើការស្វែងរកអដ្ឋិធាតុយុទ្ធជនពលី អង្គភាពបានកសាងបណ្តាញឃោសនាជាច្រើននៅលើមធ្យោបាយព័ត៌មានមហាជន និងបណ្តាញសង្គម ដូចជា Zalo, Facebook។

កម្មាភិបាលអង្គភាពទន្ទឹមនឹងនេះបានចុះទៅដល់ក្រុមគ្រួសារនីមួយៗដោយផ្ទាល់ ជួបសន្ទនា និងស្តាប់សាក្សីទាំងឡាយរៀបរាប់ឡើងវិញនូវព្រឹត្តិការណ៍ដែលពួកគេធ្លាប់បានឃើញផ្ទាល់ភ្នែកក្នុងសម័យសង្គ្រាម។

ឆ្លងកាត់ដំណើរការស្រាវជ្រាវត្រួតពិនិត្យ បញ្ជាការដ្ឋានយោធាឃុំបានទាក់ទងប្រភពព័ត៌មានចំនួន ១២។ ក្នុងនោះ មានប្រភពព័ត៌មានចំនួន ៣ ទទួលបានពីកម្មាភិបាល យុទ្ធជនដែលបានចូលរួមប្រយុទ្ធ និងបំពេញភារកិច្ចដោយផ្ទាល់ និងប្រភពព័ត៌មានចំនួន ៩ ត្រូវបានផ្តល់ដោយសាច់ញាតិ មនុស្សចាស់ជរាដែលធ្លាប់បានឃើញសមរភូមិនានានៅតំបន់ Go Tram។

ព័ត៌មានដែលទទួលបានទាំងឡាយ មិនមែនក្លាយជាទីតាំងធ្វើកំណាយភ្លាមៗនោះឡើយ។ អង្គភាពបានបន្តផ្ទៀងផ្ទាត់ ពិនិត្យបញ្ជាក់ជាមួយឯកសារ និងប្រភពព័ត៌មានពាក់ព័ន្ធនានា ដើម្បីកំណត់តំបន់ជាជំហានៗ កំណត់ជាក់ស្តែងនូវបណ្តាតំបន់ដែលមានលទ្ធភាពនៅសេសសល់អដ្ឋិធាតុយុទ្ធជនពលី។

នៅលើមូលដ្ឋាននោះ បញ្ជាការដ្ឋានយោធាឃុំបានកសាងផែនការ ផ្តល់ប្រឹក្សាជូនគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងបញ្ជាការដ្ឋានយោធាខេត្ត ដើម្បីចាត់តាំងកម្លាំងស្វែងរក។

«បច្ចុប្បន្ន អដ្ឋិធាតុយុទ្ធជនពលីទាំង ៥ ត្រូវបានចាត់តាំងបញ្ចុះនៅឈាបនដ្ឋានយុទ្ធជនពលីភូមិ An Hoi Bac 1។ ឆ្លងតាមបណ្តាវត្ថុអនុស្សាវរីយ៍ដែលបានរកឃើញរួមជាមួយអដ្ឋិធាតុ ដូចជា អាវភ្លៀង អង្រឹង ឡេវអាវ ប៊ិច ស្លាបព្រា ដង្កៀបកៀបសក់... ជំហានដំបូងអាចសន្និដ្ឋានបានថា នៅក្នុងចំណោមអដ្ឋិធាតុទាំង ៥ ដែលរកឃើញ មានទាំងកងទ័ពស្នូល និងកងជីវពល ឈ្លបមូលដ្ឋាន» លោកអនុសេនីយ៍ឯក Ngo Nhu Vu បានឱ្យដឹងដូច្នេះ។

ប្រភពព័ត៌មាននីមួយៗបើកចេញនូវទិសដៅស្វែងរកបន្ថែមមួយ

មិនត្រឹមតែនៅ Nghia Giang ប៉ុណ្ណោះទេ ព័ត៌មានទាំងឡាយដែលត្រូវបានរក្សាទុកនៅក្នុងការចងចាំរបស់ប្រជាជន ក៏កំពុងគាំទ្រដល់ដំណើរការស្វែងរកយុទ្ធជនពលីនៅតាមតំបន់ជាច្រើនផ្សេងទៀតផងដែរ។

ចេញពីប្រភពព័ត៌មានរបស់លោក Nguyen Dinh Nhe នៅថ្ងៃទី ២០ ខែសីហា កម្មាភិបាល យុទ្ធជនចំនួន ៣៧ នាក់ ចំណុះកងកម្លាំងប្រដាប់អាវុធខេត្ត បានចាត់តាំងការជីកកកាយ ស្វែងរកនៅ ៣ តំបន់ដែលសង្ស័យថាជាកន្លែងបញ្ចុះសពយុទ្ធជនពលី Nguyen Dinh Nu និងយុទ្ធជនពលី Nguyen Van Hung នៅក្រុមលំនៅឋាន An Thach សង្កាត់ Tra Cau។

ភ្លាមៗនៅក្នុងថ្ងៃដំបូងនៃការអនុវត្ត កងកម្លាំងមានសមត្ថកិច្ចបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ១។

អត្តសញ្ញាណ ស្រុកកំណើត និងអង្គភាពរបស់យុទ្ធជនពលី មិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែទីតាំងដែលបានរកឃើញ រួមជាមួយបណ្តាវត្ថុអនុស្សាវរីយ៍ដែលប្រមូលបាន គឺជាមូលដ្ឋានដ៏មានសារៈសំខាន់ដើម្បីបន្តផ្ទៀងផ្ទាត់ព័ត៌មានអំពីអ្នកដែលបានពលីជីវិត ព្រមទាំងបើកចេញនូវក្តីសង្ឃឹមបន្ថែមសម្រាប់ក្រុមគ្រួសារយុទ្ធជនពលី បន្ទាប់ពីការរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ។

ស្ថានភាពជាក់ស្តែងពី Nghia Giang, Tra Cau និងមូលដ្ឋានជាច្រើនផ្សេងទៀត បង្ហាញឱ្យឃើញថា ការលំបាកដ៏ធំមួយនៅក្នុងការងារស្វែងរកនាពេលបច្ចុប្បន្ន គឺទិដ្ឋភាពនៃសមរភូមិចាស់បានផ្លាស់ប្តូរ បន្ទាប់ពីប៉ុន្មានសិបឆ្នាំកន្លងផុតទៅ។

ភូមិឋាន ផ្លូវថ្នល់ ភូមិសាស្ត្រ ប្រហែលជាលែងដូចពីមុនទៀតហើយ។ នៅក្នុងបរិបទនោះ ការចងចាំមួយដែលស្មានតែតូចតាចរបស់សាក្សី អាចក្លាយជាតម្រុយដ៏មានសារៈសំខាន់៖ ផ្លូវចាស់មួយខ្សែ ទីតាំងដែលធ្លាប់កើតមានសមរភូមិ កន្លែងដែលធ្លាប់មានលេណដ្ឋានជ្រកកោន តំបន់បញ្ចុះសព ឬសម្ភារប្រើប្រាស់មួយដែលនៅសេសសល់។

យោងតាមបញ្ជាការដ្ឋានយោធាខេត្ត Quang Ngai អនុវត្ត «យុទ្ធនាការ ៥០០ ថ្ងៃយប់» ទន្ទឹមនឹងការជំរុញខ្លាំងការធ្វើកំណាយបណ្តាផ្នូរយុទ្ធជនពលីដែលមិនទាន់កំណត់បានអត្តសញ្ញាណ នៅតាមឈាបនដ្ឋានយុទ្ធជនពលីនៅលើភូមិសាស្ត្រ ដើម្បីយកសំណាកជីវសាស្ត្រ ADN បណ្តាអង្គភាពកងទ័ពក៏បានជួបប្រាស្រ័យជាបន្តបន្ទាប់ជាមួយអតីតយុទ្ធជន វេជ្ជបណ្ឌិត គ្រូពេទ្យ ដែលធ្លាប់បំពេញភារកិច្ចក្នុងសម័យសង្គ្រាម។

បញ្ជាការដ្ឋានយោធាបណ្តាឃុំ សង្កាត់ ទន្ទឹមនឹងនេះបានបង្កើតបណ្តាញទទួលព័ត៌មានពីប្រជាជនដែលបានរស់នៅជាយូរយារណាស់មកហើយនៅលើភូមិសាស្ត្រ ដោយកត់ត្រានូវរាល់ព័ត៌មានពាក់ព័ន្ធនឹងកន្លែងដែលយុទ្ធជនពលីបានពលីជីវិត ឬត្រូវបានបញ្ចុះសព។

បញ្ជាការដ្ឋានយោធាឃុំ Nghia Giang ស្វែងរកយុទ្ធជនពលីនៅតំបន់ភូមិ An Son។
បញ្ជាការដ្ឋានយោធាឃុំ Nghia Giang ស្វែងរកយុទ្ធជនពលីនៅតំបន់ភូមិ An Son។

រហូតមកដល់បច្ចុប្បន្ន កងកម្លាំងមានសមត្ថកិច្ចបានទទួលប្រភពព័ត៌មានដែលមានតម្លៃជិត ៨០០ ប្រភព។

បណ្តាប្រភពព័ត៌មានបន្ទាប់ពីទទួលបាន សុទ្ធតែត្រូវបានត្រង ពិនិត្យឡើងវិញ និងផ្ទៀងផ្ទាត់ មុនពេលកំណត់នូវទីតាំងទាំងឡាយណាដែលមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីដំណើរការចុះអង្កេត ចាត់តាំងការស្វែងរក។

លោកវរសេនីយ៍ឯក Trinh Cong Son អនុស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Quang Ngai បានឱ្យដឹងថា ចេញពីព័ត៌មានដែលផ្តល់ដោយសាក្សី គណៈកម្មាធិការដឹកនាំការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីខេត្ត បានបន្តផ្ទៀងផ្ទាត់ជាមួយផែនទីជាក់ស្តែង និងឯកសារប្រវត្តិសាស្ត្រសង្គ្រាម ដើម្បីកំណត់បណ្តាតំបន់ដែលមានមូលដ្ឋានចុះអង្កេត។

«ប្រភពព័ត៌មានជាច្រើនបានជួយកងកម្លាំងមានសមត្ថកិច្ចកំណត់តំបន់ ចាត់តាំងការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីយ៉ាងឆាប់រហ័ស។ ហេតុដូច្នេះហើយ ប្រភពព័ត៌មាននីមួយៗ ដានស្នាមថ្មីនីមួយៗ សុទ្ធតែមានតម្លៃយ៉ាងក្រៃលែង រួមចំណែកពង្រីក និងជំរុញឱ្យកាន់តែលឿននូវការងារស្វែងរកយុទ្ធជនពលី» លោកវរសេនីយ៍ឯក Trinh Cong Son បានអះអាងដូច្នេះ។

រហូតដល់ថ្ងៃទី ២៧ ខែសីហា កងកម្លាំងមានសមត្ថកិច្ចខេត្ត Quang Ngai បានប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ២១ អដ្ឋិធាតុ នៅតាមបណ្តាមូលដ្ឋាន។

ក្នុងនោះ សង្កាត់ Dak Cam ប្រមូលផ្តុំបាន ៤ អដ្ឋិធាតុ ឃុំ Dak Pek ចំនួន ១០ អដ្ឋិធាតុ ឃុំ Dak To Kan ចំនួន ១ អដ្ឋិធាតុ សង្កាត់ Tra Cau ចំនួន ១ អដ្ឋិធាតុ និងឃុំ Nghia Giang ចំនួន ៥ អដ្ឋិធាតុ។

ការងារស្វែងរកនៅតែបន្តត្រូវបានអនុវត្តនៅ ២ តំបន់ក្នុងភូមិ Dak Tuk ឃុំ Dak Mon យោងតាមព័ត៌មានដែលផ្តល់ដោយសាច់ញាតិយុទ្ធជនពលី និងនៅរដ្ឋបាលព្រៃឈើ Dak Ba ចេញពីប្រភពព័ត៌មានរបស់ប្រជាជនដែលដើរព្រៃ។

ទន្ទឹមនឹងការស្វែងរក ប្រមូលផ្តុំ ខេត្ត Quang Ngai ក៏បានជំរុញខ្លាំងការងារកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី តាមរយៈវិធីសាស្ត្រកោសល្យវិច័យ ADN។

រហូតមកដល់បច្ចុប្បន្ន ខេត្តបានធ្វើកំណាយយកសំណាកអដ្ឋិធាតុយុទ្ធជនពលីនៅ ៩.៥៣៤ ផ្នូរ ក្នុងចំណោមផ្នូរសរុបចំនួន ១៣.០០០ ដោយយកបានសំណាកជីវសាស្ត្រនៅ ៦.៥៨២ ផ្នូរ។

បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai បានប្រគល់សំណាកជីវសាស្ត្រចំនួន ៣.៣៤៨ ជូនវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យកងទ័ព ចំណុះក្រសួងការពារប្រទេស ដើម្បីបម្រើការងារកោសល្យវិច័យ។

សង្គ្រាមបានកន្លងផុតទៅយូរ មនុស្សជាច្រើនដែលធ្លាប់បានចូលរួម ឬឃើញព្រឹត្តិការណ៍នានាកាលពីសម័យនោះដោយផ្ទាល់ ក៏ឈានចូលវ័យជរាផងដែរ។ ហេតុដូច្នេះហើយ រាល់ពាក្យរៀបរាប់ រាល់ទីតាំងដែលនៅចងចាំបាន រាល់ដានស្នាមថ្មីដែលត្រូវបានរកឃើញ សុទ្ធតែប្រែក្លាយជាមានតម្លៃពិសេសចំពោះដំណើរស្វែងរកបណ្តាយុទ្ធជនពលីដែលមិនទាន់អាចវិលត្រឡប់មកវិញ។

ការចងចាំទាំងឡាយដែលស្មានតែបានដេកស្ងប់នៅក្នុងអតីតកាល នៅតែបន្តផ្តល់តម្រុយសម្រាប់បច្ចុប្បន្នភាព។ ប្រភពព័ត៌មាននីមួយៗដែលត្រូវបានផ្ទៀងផ្ទាត់ អាចបើកចេញនូវទិសដៅស្វែងរកបន្ថែមមួយ បន្ថែមឱកាសកំណត់អត្តសញ្ញាណមួយ និងបន្ថែមសេចក្តីសង្ឃឹមមួយក្នុងការនាំយកអ្នកដែលបានពលីជីវិតវិលត្រឡប់មកកាន់ស្រុកកំណើត ក្រុមគ្រួសារ ក្រោយពីការបែកគ្នារយៈពេលប៉ុន្មានសិបឆ្នាំ៕

អាណិកជនវៀតណាមនៅ កម្ពុជា និង អាល្លឺម៉ង់ ដឹងគុណបណ្តាយុទ្ធជនពលី អាណិកជនវៀតណាមនៅ កម្ពុជា និង អាល្លឺម៉ង់ ដឹងគុណបណ្តាយុទ្ធជនពលី
យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ៧៩ ទិវាយុទ្ធជនពិការ - ពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦) សហគមន៍ជនជាតិវៀតណាមនៅ កម្ពុជា និង អាល្លឺម៉ង់ បានរៀបចំពិធីអុជធូប បួងសួងសុំសេចក្តីសុខ សួរសុខទុក្ខញាតិសន្តានយុទ្ធជនពលី បន្តប្រពៃណី «ផឹកទឹកនឹកដល់ប្រភព» នៅឆ្ងាយពីមាតុភូមិ។
បន្តជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ បន្តជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ
យុគសម័យ - រដូវប្រាំង ២០២៥ - ២០២៦ បណ្តាក្រុមប្រមូលផ្តុំរបស់ វៀតណាម បានស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧៣ អដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅ ឡាវ នាបណ្តាសម័យកាលសង្គ្រាម។

សុវណ្ណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ចេញពីការចងចាំរបស់សាក្សី តាមរកដានស្នាមយុទ្ធជនពលី
ខេត្ត An Giang ចេញដំណើរស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា
ការបង្រួមគម្លាតអប់រំ៖ គោលនយោបាយត្រូវតែចំចំណុចកកស្ទះ
ការធ្វើបរិវត្តកម្មឌីជីថលឈានចូលការសាកល្បងនៃប្រសិទ្ធភាពជាក់ស្តែង
ការពិនិត្យព្យាបាលជំងឺ និងជូនអំណោយដល់បងប្អូនដើមកំណើតវៀតណាម និងប្រជាជនក្រីក្រចំនួន ៥០០ នាក់ នៅខេត្ត Siem Reap

អានច្រើនបំផុត

ខេត្ត Lam Dong បន្តយកចិត្តទុកដាក់ថែទាំយ៉ាងល្អចំពោះអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍
ក្រុម K52 ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ៣ រូប នៅកម្ពុជា
ខេត្ត An Giang ចេញដំណើរស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា
ចេញពីការចងចាំរបស់សាក្សី តាមរកដានស្នាមយុទ្ធជនពលី