ការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ រៀបចំឡើងដោយសមាគមបណ្ដាញយុវជនកម្ពុជា អង្គការសមាគមធាងត្នោត និងបណ្ដាញសហគមន៍ព្រៃឡង់ប្រចាំខេត្តកំពង់ធំ រួមទាំងសង្គមស៊ីវិលជាង១០ស្ថាប័នទៀត។
![]() |
យុទ្ធនាការជិះកង់ជុំវិញព្រៃឡង់ នឹងជួយលើកកម្ពស់ការយល់ដឹងពីការអភិរក្សធនធានធម្មជាតិ |
ព្រឹត្តិការណ៍នេះ មានអ្នកចូលរួម២៥នាក់ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ឧសភា។ ក្នុងយុទ្ធនាការនេះ គឺមានការជិះកង់ចម្ងាយ៦០០គីឡូម៉ែត្រ នៅជុំវិញព្រៃឡង់ ដោយចាប់ចេញដំណើរពីទីរួមខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងបញ្ចប់នៅខេត្តកំពង់ធំវិញ។ លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា(CYN)ប្រាប់សារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី ១០ឧសភានេះ ដោយបន្តទៀតថា ការជិះកង់នៅជុំវិញបឹងតាមោក គឺធ្វើនឹងនៅថ្ងៃទី១៩ឧសភា តែមួយថ្ងៃប៉ុណ្ណោះ ខណៈថ្ងៃបន្តបន្ទាប់ទៀត គឺជាយុទ្ធនាការផ្សព្វផ្សាយលើបណ្ដាញសង្គម និងកម្មវិធីសិក្ខាសាលា។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃCYN រូបនេះ បានឲ្យដឹងថា គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ស្វែងយល់ពីបម្រែបម្រួលអាកាសធាតុ ជំរុញការថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងរួមចំណែកកាត់បន្ថយការប្រើប្លាស្ទិក ការប្រើឥន្ធនៈផងដែរ។ សម្រាប់ លោក គឹមហុង ការជិះកង់ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងការការពារបរិស្ថាន ព្រោះសកម្មភាពនេះ មិនមានការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស។ ការជិះកង់ ក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាបរិស្ថានផងដែរ។ លោក ហេង គឹមហុង បញ្ជាក់ដូច្នេះ រួចបន្តថា៖ «អ្វីដែលយើងចង់ផ្សព្វផ្សាយ គឺទាក់ទងនឹងការការពារធនធានធម្មជាតិ និងការពារបឹងធម្មជាតិ ព្រោះបឹងធម្មជាតិជាផ្នែកមួយរបស់បរិស្ថានជាពិសេស បឹងតាមោក អាចជួយស្តុកទឹកកខ្វក់ ជួយការពារមិនឱ្យមានទឹកកខ្វក់ហៀរចេញក្រៅ»។
ជុំវិញយុទ្ធនាការនេះ សមាគមបណ្តាញយុវជនកម្ពុជា(CYN) ក៏បានចុះផ្សាយនៅលើហ្វេសប៊ុកដែរថា គឺធ្វើឡើងដើម្បីស្នើដល់ក្រសួងបរិស្ថាន ផ្តល់ការអនុញ្ញាតឱ្យសហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច សាធារណជន និងអង្គការសង្គមស៊ីវិល បានចូលរួមការពារធនធានធម្មជាតិ តាមរយៈការចុះល្បាតផងដែរ៕
Thmeythmey/Freshnews
មតិពីមិត្តអ្នកអាន