ភូមិពូតាំង ជាតំបន់ទេសចរណ៍បែបធម្មជាតិមួយនៃខេត្តមណ្ឌលគិរី មានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ តំបន់នេះ មិនត្រឹមតែសំបូរទៅដោយជនជាតិពូនងរស់នៅប៉ុណ្ណោះទេ តែក៏ជាជម្រកដ៏សំខាន់របស់ហ្វូងសត្វដំរីស្រុកនៃខេត្តមណ្ឌលគិរីផងដែរ។
![]() |
ទៅលេងភូមិពូតាំង |
សព្វថ្ងៃនេះ នៅភូមិពូតាំង មានសត្វដំរីស្រុករស់នៅចំនួន ៦ក្បាល ក្រោមគម្រោងអភិរក្សផ្សេងៗគ្នា។ គម្រោងអភិរក្សទាំងនេះ ចិញ្ចឹម និងថែរក្សាសត្វដំរីតាមរបៀបជីវិតក្នុងធម្មជាតិ ដោយដាក់ឲ្យដំរីរ់សនៅក្នុងព្រៃ រកចំណី និងដើរលេងតាមការចូលចិត្ត។ ភ្ញៀវទេសចរដែលចាប់អារម្មណ៍ អាចទៅស្វែងយល់ពីជីវិតឥតកង្វល់របស់សត្វដំរីតាំងនេះបាន ដោយធ្វើដំណើរថ្មើរជើងចេញពីភូមិពូតាំង ឆ្ពោះទៅកាន់ព្រៃដែលសត្វដំរីរស់នៅ។
![]() |
ចង់ទស្សនាដំរីក្នុងព្រៃធម្មជាតិ កុំភ្លេចចូលលេងភូមិពូតាំង ក្បែរក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី |
របៀបរៀបចំក្នុងការធ្វើដំណើរទៅលេងកំសាន្តភូមិពូតាំង៖ដំណើរកាត់តាមភូមិស្ថាន និងចម្ការរបស់អ្នកភូមិដែលប្រើរយៈពេលប្រមាណ ៣០នាទី នឹងនាំភ្ញៀវទេសចរទៅដល់អូរទេ ដែលមានទឹកហូរត្រជាក់ល្ហឹម ក្រោមម្លប់ឈើត្រឈឹងត្រឈៃ។ ទីនេះជាកន្លែងដែលពពួកសត្វដំរីនិយមចូលចិត្តសម្រាកលម្ហែជារៀងរាល់ថ្ងៃ ខ្លះបេះស្លឹកឈើឆី ខ្លាចទារចំណីពីដៃអ្នកទេសចរ ហើយខ្លះទៀតចុះលេងទឹកអូរបំបាត់ភាពក្ដៅ។ ចំណែកអ្នកទេសចរដែលស្អុះស្អាប់ ក៏អាចចុះហែលទឹកលេងជាមួយដំរីដ៏រួសរាយទាំងនេះបានផងដែរ។ ការស្វែងយល់ពីជីវិតរបស់សត្វដំរីក្នុងធម្មជាតិ ដោយកាយវិការបបោសអង្អែលដោយក្ដីមេត្តា ជំនួសឲ្យការជិះកម្សាន្ត គឺជាការផ្ដល់ក្ដីសង្ឃឹមឲ្យសត្វប្រភេទកម្រនេះ មានឱកាសរស់នៅតាមដំណើរនៃធម្មជាតិ បង្កើតជាកូនពូនជាចៅ ហើយរស់នៅជាមួយមនុស្សបានជានិរន្តតទៅ។
ភូមិពូតាំង ជាភូមិស្នាក់នៅរបស់ជនជាតិភាគតិច ព្នង នៅក្នុងខេត្តមណ្ឌលគិរី ។ ភូមិនេះនៅរក្សាលក្ខណៈជនជាតិបានច្រើន ជាកន្លែងមួយគួរចូលទស្សនា សម្រាប់អ្នកដែលចង់ស្គាល់អំពីរបៀបរស់នៅ ជីវភាពប្រចាំថ្ងៃ ទំនៀមទំលាប់របស់ជនជាតិភាគតិច។ ភូមិនេះ មានទីតាំងស្ថិតនៅក្បែរជ្រលងភ្នំ សំបូរដោយដីវាល ដែលមានទេសភាពស្រស់ស្អាត អំណោយផលសម្រាប់អ្នកចូលចិត្តមើលទេសភាពពេលថ្ងៃរះ និងលិច។
![]() |
ទីតាំង
ភូមិពូតាំង មានចំងាយជិត១០គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ នៃក្រុងសែនមនោរម្យ ដែលជាទីរួមខេត្តមណ្ឌលគិរី។ អ្នកដំណើរត្រូវជិះតាមផ្លូវជាតិលេខ៧៦ ដែលជាទូទៅត្រូវចំណាយពេលធ្វើដំណើរតែ១៥នាទី ប៉ុណ្ណោះ។
តម្លៃ
ការចូលទស្សនាភូមិនេះ គឺមិនអស់លុយនោះទេ។ ប៉ុន្តែតម្លៃសម្រាប់ការស្នាក់នៅផ្ទះជាមួយគ្រួសារជនជាតិមួយយប់គឺ ១០,០០០០រៀល/ម្នាក់ (២៥ដុល្លារ) បូកបញ្ចូលជាមួយការញ៉ាំអាហារជនជាតិ ជាមួយពួកគាត់ផងដែរ។
លក្ខណៈពិសេស
សម្រាប់ការរៀបចំនានា យើងណែនាំអ្នកទស្សនាឲ្យទាក់ទងខាងតំណាងសហគមន៍ជនជាតិ ឬធួរ សម្រាប់សកម្មភាពខាងក្រោម៖
- ស្វែងយល់ជីវភាពរស់នៅជនជាតិភូមិពូតាំង
- ភ្លក់រសជាតិស្រាឪទិន
- បោះតង់
- ញ៉ាំអាហារជនជាតិ
![]() |
អ្ហូ! គួរដឹង!
សម្រាប់អ្នកដែលមានបំណងស្នាក់នៅមួយយប់៖
- យកភួយទៅខ្លួនឯងថែម បើអ្នកជាមនុស្សចាញ់ត្រជាក់
- អាវដៃវែងនិងខោជើងវែង
- ស្បែកជើងឡើងភ្នំ បើសិនចង់ដើរឡើងភ្នំមើលដំរី ឬចម្ការជនជាតិ
- ស្បែកជើងជំពាម ៖ ស្រួលដើរក្នុងផ្ទះនិងទៅបន្ទប់ទឹក។
- ពិល ៖ នៅផ្ទះនោះមានភ្លើងអគ្គិសនី ប៉ុន្តែដាក់ពិលទៅដែរទៅព្រោះវាអាចនឹងដាច់ភ្លើង និងទុកដើរពេលយប់។
- ស្ព្រៃយ៍បាញ់សត្វល្អិត
- សម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក
![]() |
សម្រាប់អ្នកដែលគ្រាន់តែចង់ចូលទស្សនា៖
- ភូមិនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិដែលចូលទៅកាន់ក្រុងសែនមនោរម្យ ដូច្នេះអ្នកអាចជ្រើសរើសជាកន្លែងចូលទស្សនាចុងក្រោយ មុនពេលត្រលប់ចេញមកភ្នំពេញវិញក៏បាន៕
social.sabay.com.kh/ ohhcambodia.com
មតិពីមិត្តអ្នកអាន