Trending now

អភិបាលខេត្តមណ្ឌលគិរី៖ ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ខេត្តមណ្ឌលគិរី ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ឱ្យច្បាស់លាស់ និងរឹងមាំ

14:18 | 17/02/2020

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅចំណុចព្រំដែនខេត្តមណ្ឌលគិរី គឺដើម្បីការពារបូរណភាពទឹកដីកម្ពុជា ជាពិសេសភូមិសាស្រ្តខេត្តនេះ ឱ្យមានភាពច្បាស់លាស់ និងរឹងមាំ។

លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន

ការលើកឡើងរបស់ លោកអភិបាលខេត្តមណ្ឌលគិរិ បានធ្វើឡើង បន្ទាប់ពីលោក រួមជាមួយ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម និង លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែន និងការស្ថាបនា ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម នៅបង្គោលលេខ៦១ និង ៦៥ ក្នុងស្រុកកែវសីមា និង ច្រកទ្វារទ្វេភាគីដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការបោះបង្គោលព្រំដែនគោករវាង កម្ពុជា វៀតណាម ដើម្បីការពារនូវបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី មានភាពច្បាស់លាស់ និងរឹងមាំ។

ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ខេត្តមណ្ឌលគិរី ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ឱ្យច្បាស់លាស់ និងរឹងមាំ

លោកបន្តថា បន្ទាប់ពីបោះបង្គោលព្រំដែន រាជរដ្ឋាភិបាលក៏បានកសាងផ្លូវខ្សែក្រវ៉ាត់បន្ទាត់ព្រំដែនបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើចរាចររបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ក្នុងការដឹកជញ្ជួន ផ្លាស់ប្តូរកសិផល និង ងាយស្រួលដល់កម្លាំងការពារព្រំដែន ដែលកន្លងមកតែងតែជួបការលំបាកក្នុងការចុះល្បាតការពារ ពីការបំពានណាមួយ មកលើបូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានថ្លែងកោតសរសើរដល់កងកម្លាំងវិស្វកម្ម ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចអោយបាននូវយុទ្ធសាស្ត្រក្នុងគោលការណ៍របស់រដ្ឋាភិបាល ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ក៏បានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមា និងការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ត្រង់ចំណុចបង្គោលព្រំដែនលេខ៤០ លើ២០ និង៤០លើ ២១ ក្នុងភូមិសាស្រ្ត ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានព្រំប្រទល់ជាប់ខេត្តដាក់ឡាក់ ដាក់ណុង និង ខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក