KOICA សន្យាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍកម្ពុជា

11:37 2019/09/11

ប្រធានថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជាលោក នោ ហ្យន់ជូន (Rho Hyun-Jun) បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។

KOICA សន្យាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍកម្ពុជា
លោករដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ានិងលោក នោ ហ្យន់ជូន។ (ប្រភព៖ FN)

ការគូសបញ្ជាក់របស់លោក នោ ហ្យន់ជូន បានធ្វើឡើងក្នុងពេលចូលជួបសំដែងការគួរសមជាមួយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងកំលុងពេលនៃការជួបសំដែងការគួរសមនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើរបៀបវារៈរួមមាន៖ ទី១)- ទិវាស្ដីពីកិថ្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិឆ្នាំ២០១៩នៅសាធារណរដ្ឋកូរ៉េ ទី២)- វឌ្ឍនភាពបច្ចុប្បន្ន នៃការជ្រើសរើសគម្រោងថ្មីសម្រាប់ឆ្នាំ២០២១, ទី៣- ពិនិត្យវឌ្ឍនភាពនៃ កិច្ចសហប្រតិបត្តិការ និងទី៤)- កំណត់វិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

ក្នុងជំនួបនេះ លោក នោ ហ្យន់ជូន បានអញ្ជើញលោក ឈៀង យ៉ាណារ៉ា ចូលរួម ទិវាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិឆ្នាំ២០១៩ ដែលគ្រោងរៀបចំនៅចុងខែវិច្ឆិកាឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ លោក នោ ហ្យន់ជូន បានបញ្ជាក់ថា ទិវានេះនឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីសន្តិភាព វិបុលភាព និងប្រជាជន ៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-អាស៊ាន និងលើសពីនេះ។

លោក ឈៀង យ៉ាណារ៉ា បានពិនិត្យលទ្ធភាពចូលរួម និងជឿជាក់ថា ទិវាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិឆ្នាំ២០១៩ នឹងផ្ដល់កាលានុវឌ្ឍភាពដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ជាមួយកម្ពុជា និងជាមួយអាស៊ានក្នុងក្របខ័ណ្ឌនៃការផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA)។

លោករដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។

លោក នោ ហ្យន់ជូន បានបង្ហាញថា «គោលនយោបាយថ្មីភាគខាងត្បូងដល់តំបន់អាស៊ាន» ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាជិកអាស៊ានរួមទាំងប្រទេសកម្ពុជាផងដែរ ដោយនិយាយថា ទីភ្នាក់ងារ KOICA នឹងបង្កើនការបើកផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់អាស៊ានរហូតដល់ ២០ភាគរយនៅឆ្នាំ២០២៣ ដើម្បីឆ្លើយតបគោលនយោបាយថ្មីភាគខាងត្បូងរបស់ប្រទេសកូរ៉េ។

លោកក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសដៃគូសំខាន់មួយ។ បច្ចុប្បន្នប្រទេសកម្ពុជាជាប្រទេសទី៣ ដែលទីភ្នាក់ងារ KOICA បានបើកផ្ដល់ហិរញ្ញប្បទានច្រើនជាងគេ បន្ទាប់ពីវៀតណាម និងហ្វីលីពិន ក្នុងចំណោមប្រទេសចំនួន៤៥ដែលមានទីភ្នាក់ងារ KOICA។ ដូច្នេះ KOICA ជាដៃគូប្រកបដោយមោទនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។

លោកក៏បានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាង KOICA និងកម្ពុជា និងបានជម្រាបជូនលោក ឈៀង យ៉ាណារ៉ា ថា KOICA នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញការអនុវត្តគម្រោងថ្មីៗបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា។

គួរកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េកាន់តែប្រសើរឡើង និងទូលំទូលាយថែមទៀត។ ជាក់ស្តែងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលបានពង្រីក ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់។

KOICA ជាដៃគូជិតស្និទ្ធរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំមកហើយ។ ដោយសារភាពជាដៃគូ មិត្តភាព និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំហំហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយ KOICA ចន្លោះពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០១៩ បានកើនឡើងដល់ ២៧០លានដុល្លារអាមេរិក។ សម្រាប់ឆ្នាំ២០១៩ KOICA គ្រោងបើកផ្ដល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជាប្រមាណ ២០លានដុល្លារអាមេរិក៕

(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll