យុគសម័យ - ថវិកាជាតិសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលក្នុងឆ្នាំ ២០២៦ សម្រេចបានប្រមាណ ៩៥.០០០ ពាន់លានដុង ស្មើនឹង ៣% នៃការចំណាយសរុបនៃថវិការដ្ឋ។ នៅពេលដែលធនធានត្រូវបានពង្រីក ការផ្តោតសំខាន់ត្រូវបានបង្វែរទៅរកការលើកកម្ពស់សមត្ថភាពស្រូបយកទុន ការរឹតបន្តឹងការទទួលខុសត្រូវក្នុងការអនុវត្ត និងការផ្តោតលើការវិនិយោគសម្រាប់ភារកិច្ចទាំងឡាយណាដែលមានផលិតផលចេញជាផ្លែផ្កា និងមានឥទ្ធិពលជាក់ស្តែង។
| ខេ្តត Ca Mau ដោះស្រាយបញ្ហាចោទប្រភពធនធានមនុស្សបច្ចេកទេសខ្ពស់ សម្រាប់គោលដៅកំណើនពីរខ្ទង់ អ្នកជំនាញ បញ្ញវន្តអាណិកជនដោះស្រាយបញ្ហាធំៗអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជាតិ |
![]() |
| ៩៥.០០០ ពាន់លានដុង សម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ ពីធនធានដ៏ធំធេង ទៅកាន់លទ្ធផលដែលអាចវាស់វែងបាន |
យោងតាមនាយកដ្ឋានផែនការ - ហិរញ្ញវត្ថុ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រោយរយៈពេល ១ ឆ្នាំ ៨ ខែ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ឧបសគ្គជាច្រើនអំពីយន្តការ និងធនធានត្រូវបានដោះស្រាយយ៉ាងច្រើន។
ប្រព័ន្ធច្បាប់ថ្មីត្រូវបានប្រកាសឱ្យប្រើប្រាស់ជាមូលដ្ឋាន បង្កើតច្រករបៀងជំរុញបណ្តាវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។ សញ្ញាណច្បាស់ក្រឡែតមួយអំពីធនធាន គឺថវិកាជាតិឆ្នាំ ២០២៦ សម្រាប់បណ្តាវិស័យទាំងនេះ សម្រេចបានប្រមាណ ៩៥.០០០ ពាន់លានដុង ស្មើនឹង ៣% នៃការចំណាយសរុបនៃថវិការដ្ឋ។
យោងតាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តួលេខនេះបានបង្ហាញថា ការប្តេជ្ញាចិត្តខាងនយោបាយត្រូវបានធ្វើឱ្យជាក់ស្តែងដោយធនធានជាក់ស្តែង។ ទោះជាយ៉ាងណាក៏ដោយ ទំហំវិនិយោគដ៏ធំ មិនទាន់មានន័យថាទទួលបានប្រសិទ្ធភាពសមស្របគ្នានោះឡើយ។
ឧបសគ្គផ្លាស់ប្តូរពីយន្តការទៅជាដំណាក់កាលអនុវត្ត
តាមរយៈការតាមដានដំណើរការរៀបចំផែនការ និងការបើកផ្តល់ថវិកា នាយកដ្ឋានផែនការ - ហិរញ្ញវត្ថុ បានវាយតម្លៃថា ការជាប់គាំងនាពេលបច្ចុប្បន្នភាគច្រើនផ្តោតលើការចាត់តាំងអនុវត្ត។
នៅកន្លែងមួយចំនួន នៅតែមានផ្នត់គំនិតព្រួយបារម្ភ ខ្លាចខុស គេចវេះពីការទទួលខុសត្រូវ នៅពេលអនុវត្តយន្តការថ្មីៗ។
គុណភាពនៃការរៀបចំភារកិច្ចក៏មិនទាន់មានភាពស៊ីសង្វាក់គ្នាដែរ។ សំណើមួយចំនួនមិនទាន់កំណត់បានច្បាស់លាស់នូវគោលដៅ ផលិតផលចេញជាផ្លែផ្កា ប្រសិទ្ធភាពសេដ្ឋកិច្ច - សង្គម និងតម្រូវការថវិកានៅឡើយ ដែលនាំឱ្យត្រូវកែសម្រួលជាច្រើនលើកច្រើនសារក្នុងដំណើរការវាយតម្លៃ ធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពនៃការបែងចែកការប៉ាន់ប្រមាណ និងការបើកផ្តល់ថវិកា។
ទន្ទឹមនឹងនោះ សមត្ថភាពចាត់តាំងអនុវត្តនៅតាមបណ្តាក្រសួង ស្ថាប័ន មូលដ្ឋានមួយចំនួន មិនទាន់ឆ្លើយតបបានតាមតម្រូវការនៃកម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថលខ្នាតធំនៅឡើយទេ។ ហេតុដូច្នេះហើយ មានកន្លែងខ្លះត្រូវបានបែងចែកធនធានរួចហើយ ប៉ុន្តែសមត្ថភាពស្រូបយកទុននៅមានកម្រិត។
ដើម្បីដោះស្រាយឧបសគ្គទាំងនេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីចេញសារាចរណែនាំលេខ ២៩/CT-TTg ស្តីពីការពន្លឿនវឌ្ឍនភាពនៃការអនុវត្តភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលឆ្នាំ ២០២៦។
យោងតាមនាយកដ្ឋានផែនការ - ហិរញ្ញវត្ថុ ការផ្តោតសំខាន់នៃសារាចរណែនាំ មិនស្ថិតនៅលើការបំពេញបន្ថែមយន្តការទៀតនោះទេ ប៉ុន្តែគឺការពង្រឹងវិន័យនៃការអនុវត្ត។
សារាចរណែនាំបានតម្រូវឱ្យត្រួតពិនិត្យឡើងវិញនូវរាល់បញ្ជីភារកិច្ចទាំងមូល ពន្លឿនការបែងចែក និងការបើកផ្តល់ថវិកា ដោះស្រាយឱ្យដាច់ស្រេចនូវភារកិច្ចទាំងឡាយណាដែលយឺតយ៉ាវក្នុងការអនុវត្ត ព្រមទាំងភ្ជាប់ការទទួលខុសត្រូវរបស់ប្រធានអង្គភាពជាមួយលទ្ធផលនៃការអនុវត្ត ដោយជំនះលើស្ថានភាពគេចវេះ និងរុញរានការទទួលខុសត្រូវ។
យកផលិតផល និងឥទ្ធិពលធ្វើជាបន្ទាត់រង្វាស់
យោងតាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW មិនត្រូវបានវាស់វែងដោយចំនួនថវិកាដែលបានបែងចែកនោះទេ ប៉ុន្តែត្រូវបង្ហាញចេញតាមរយៈចំនួនបច្ចេកវិទ្យាថ្មីៗដែលត្រូវបានបង្កើតឡើង ចំនួនសហគ្រាសដែលទទួលបានការគាំទ្រនវានុវត្តន៍ ចំនួនថ្នាលឌីជីថលដែលត្រូវបានដាក់ឱ្យដំណើរការ និងកម្រិតនៃការរួមចំណែកដល់កំណើនសេដ្ឋកិច្ច។
តម្រូវការនេះបានចោទឡើងនូវការផ្លាស់ប្តូរពីផ្នត់គំនិត «ត្រឹមត្រូវតាមនីតិវិធី» ទៅជា «ទទួលខុសត្រូវចំពោះលទ្ធផល» ព្រមទាំងទាមទារឱ្យជំនះលើផ្នត់គំនិតព្រួយបារម្ភ និងគេចវេះពីការទទួលខុសត្រូវនៅក្នុងការចាត់តាំងអនុវត្ត។
ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៦ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានកំណត់ការផ្តោតសំខាន់គឺការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ ដោយនាំយកយន្តការនានានៃសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ចូលទៅក្នុងការអនុវត្តជាក់ស្តែង និងបង្កើតចេញនូវលទ្ធផលដែលអាចវាស់វែងបាន។
ជាបឋម ក្រសួងនឹងផ្តោតលើការដោះស្រាយស្ថានភាពយឺតយ៉ាវក្នុងការស្នើភារកិច្ច យឺតយ៉ាវក្នុងការបែងចែកធនធាន និងយឺតយ៉ាវក្នុងការចាត់តាំងអនុវត្ត ដោយសារផ្នត់គំនិតព្រួយបារម្ភ ខ្លាចខុស និងគេចវេះពីការទទួលខុសត្រូវ។
ក្រសួងក៏នឹងសហការជាមួយបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារាចរណែនាំលេខ ២៩/CT-TTg របស់នាយករដ្ឋមន្ត្រី ពង្រឹងការត្រួតពិនិត្យ ជំរុញការអនុវត្ត ភ្ជាប់ការទទួលខុសត្រូវរបស់ប្រធានអង្គភាពជាមួយវឌ្ឍនភាពនៃការអនុវត្ត និងលទ្ធផលនៃការបើកផ្តល់ថវិកា ព្រមទាំងប្តេជ្ញាចិត្តជំនះលើការរុញរានការទទួលខុសត្រូវ។
មិនបែងចែកធនធានឱ្យរាយប៉ាយ
ទន្ទឹមនឹងការរឹតបន្តឹងវិន័យនៃការអនុវត្ត ធនធាននឹងត្រូវបានផ្តល់អាទិភាពសម្រាប់កម្មវិធី និងគម្រោងសំខាន់ៗដែលមានសមត្ថភាពបង្កើតឥទ្ធិពលសាយភាយធំធេង។
វិស័យនានាដែលត្រូវបានផ្តោតសំខាន់រួមមាន បច្ចេកវិទ្យាយុទ្ធសាស្ត្រ មន្ទីរពិសោធន៍សំខាន់ៗ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល មូលដ្ឋានទិន្នន័យ ថ្នាលឌីជីថលប្រើប្រាស់រួម និងបណ្តាផលិតផលបម្រើដោយផ្ទាល់ដល់ប្រជាពលរដ្ឋ និងសហគ្រាស។
ទស្សនៈរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺមិនបែងចែកធនធានឱ្យរាយប៉ាយនោះឡើយ ប៉ុន្តែជ្រើសរើសយកភារកិច្ចទាំងឡាយណាដែលពិតជាបន្ទាន់ មានផលិតផលចេញជាផ្លែផ្កាច្បាស់លាស់ និងមានសមត្ថភាពបង្កើតកម្លាំងចលករនៃកំណើន។
ការងារគ្រប់គ្រងការវិនិយោគ និងថវិកាក៏បន្តត្រូវបានផ្លាស់ប្តូរថ្មី ក្នុងទិសដៅយកលទ្ធផលធ្វើជាបន្ទាត់រង្វាស់។
ក្រសួងនឹងសហការជាមួយក្រសួងហិរញ្ញវត្ថុ បណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាន ត្រួតពិនិត្យឡើងវិញនូវរាល់បញ្ជីភារកិច្ចទាំងមូល ពង្រឹងការតាមដានវឌ្ឍនភាព និងផ្ទេរធនធានឱ្យបានទាន់ពេលវេលាពីភារកិច្ចដែលអនុវត្តយឺតយ៉ាវ ទៅកាន់ភារកិច្ចទាំងឡាយណាដែលមានសមត្ថភាពស្រូបយកទុនបានល្អជាង។
ទន្ទឹមនឹងនោះ គុណភាពនៃការរៀបចំផែនការនឹងបន្តត្រូវបានលើកកម្ពស់ សំដៅធានាឱ្យធនធានវិនិយោគត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
ក្រោយដំណាក់កាលផ្តោតលើការកែលម្អស្ថាប័នឱ្យកាន់តែពេញលេញ និងការបង្កើតធនធាន សេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW កំពុងឈានចូលដំណាក់កាលដែលទាមទារនូវលទ្ធផលជាក់ស្តែងជាងមុន។ យោងតាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ភារកិច្ចចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៦ គឺការប្រែក្លាយយ៉ាងឆាប់រហ័សនូវរាល់យន្តការ គោលនយោបាយ និងធនធានដែលត្រូវបានរដ្ឋសភា និងរដ្ឋាភិបាលសម្រេច ឱ្យទៅជាផលិតផល បច្ចេកវិទ្យា ថ្នាល និងគំរូដែលអាចវាស់វែងបាន បង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ សហគ្រាស និងរួមចំណែកដល់កំណើននៃប្រទេសជាតិ៕
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។ |
យុគសម័យ - រដ្ឋាភិបាលបានប្រកាសឱ្យប្រើប្រាស់នូវសេចក្តីសម្រេចចិត្តលេខ 66.24/2026/NQ-CP ចុះថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ អំពីការដោះស្រាយបណ្តាការលំបាក និងបញ្ហាចោទឡើង នៅក្នុងបទបញ្ជាស្តីពីការរៀបចំ ការបែងចែក និងការប្រគល់រ៉ាប់រងប្រាក់ការប៉ាន់ប្រមាណចំណាយថវិកាអាជីព សម្រាប់សកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត។ |

មតិពីមិត្តអ្នកអាន