យុគសម័យ - អតិថិជនប្រើប្រាស់សេវាទូរស័ព្ទចល័តកំពុងដំណើរការជាង ១១៥ លាននាក់ត្រូវបានត្រួតពិនិត្យឡើងវិញ ក្នុងនោះប្រមាណ ១០២ លានលេខត្រូវបានធ្វើស្តង់ដារភាវូបនីយកម្ម បញ្ជាក់ពីភាពជាម្ចាស់កម្មសិទ្ធិពិតប្រាកដ និងធ្វើសមាហរណកម្មទៅក្នុងកាបូបឯកសាររបស់ពលរដ្ឋនៅលើ VNeID។ ប្រភពទិន្នន័យនេះកំពុងបង្កើតស្រទាប់គាំទ្របន្ថែមមួយ ដើម្បីឱ្យបណ្តាធនាគារផ្ទៀងផ្ទាត់ព័ត៌មានអតិថិជន លើកកម្ពស់ប្រសិទ្ធភាពនៃការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងបង្ការ ទប់ស្កាត់ការក្លែងបន្លំឌីជីថល។
| «ដំណើរមួយ ទិសដៅបី» កម្ពុជា-វៀតណាម-ឡាវ៖ ផ្សព្វផ្សាយដើម្បីទាក់ទាញអតិថិជន Sacombank ផ្តល់ការផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលធ្វើប្រតិបត្តិការរវាង វៀតណាម-ឡាវ-កម្ពុជា |
នាព្រឹកថ្ងៃទី ១៨ ខែសីហា នៅក្នុងព្រឹត្តិការណ៍បរិវត្តកម្មឌីជីថលនៃវិស័យធនាគារឆ្នាំ ២០២៦ ក្រោមប្រធានបទ «ធនាគារវៃឆ្លាតក្នុងយុគសម័យទិន្នន័យ និង AI» តំណាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានផ្តល់ព័ត៌មានអំពីលទ្ធផលនៃការសម្អាតលេខអតិថិជនប្រើប្រាស់សេវាទូរស័ព្ទចល័ត ក៏ដូចជាយន្តការសម្របសម្រួលជាមួយវិស័យធនាគារក្នុងការផ្ទៀងផ្ទាត់ព័ត៌មានម្ចាស់គណនី។
យោងតាមលោក Nguyen Anh Cuong អនុប្រធាននាយកដ្ឋានទូរគមនាគមន៍ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅពេលដែលសេវាកម្មធនាគារកាន់តែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទូរស័ព្ទចល័ត ការធ្វើស្តង់ដារភាវូបនីយកម្ម និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មានអតិថិជន បានក្លាយជាមូលដ្ឋានដ៏សំខាន់ដើម្បីឱ្យបណ្តាស្ថាប័នហិរញ្ញវត្ថុ ធនាគារ ត្រួតពិនិត្យភាពជាម្ចាស់កម្មសិទ្ធិពិតប្រាកដនៃលេខទូរស័ព្ទរបស់អតិថិជន នៅពេលបើកគណនី ឬអនុវត្តប្រតិបត្តិការ។
លេខអតិថិជនចំនួន ១០២ លានលេខ ត្រូវបានបញ្ជាក់ពីភាពជាម្ចាស់កម្មសិទ្ធិពិតប្រាកដ
នាពេលកន្លងមក ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានសហការជាមួយក្រសួងនគរបាល និងបណ្តាអង្គភាពពាក់ព័ន្ធ អនុវត្តដំណោះស្រាយជាច្រើនក្នុងការធ្វើស្តង់ដារភាវូបនីយកម្មទិន្នន័យអតិថិជន។
ក្នុងដំណាក់កាល ២០២២-២០២៣ អតិថិជនប្រមាណ ១២៥ លាននាក់ត្រូវបានត្រួតពិនិត្យឡើងវិញ ក្នុងនោះ ១៧ លានលេខដែលមានព័ត៌មានមិនស្របច្បាប់ត្រូវបានចាត់វិធានការដោះស្រាយ។ ឆ្លងកាត់ដំណើរការនេះ ទិន្នន័យរបស់អតិថិជនកំពុងដំណើរការ ត្រូវបានធ្វើស្តង់ដារភាវូបនីយកម្មជាបណ្តើរៗ និងផ្ទៀងផ្ទាត់ជាមួយមូលដ្ឋានទិន្នន័យជាតិស្តីពីប្រជាជន។
![]() |
| អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Bui Hoang Phuong រួមជាមួយបណ្តាប្រតិភូ អញ្ជើញទស្សនាស្តង់តាំងពិព័រណ៍នានានៅក្នុងព្រឹត្តិការណ៍បរិវត្តកម្មឌីជីថលនៃវិស័យធនាគារឆ្នាំ ២០២៦។ |
ទន្ទឹមនឹងនោះ ច្បាប់ស្តីពីទូរគមនាគមន៍ឆ្នាំ ២០២៣ និងអនុក្រឹត្យលេខ ១៦៣/២០២៤/NĐ-CP បានបំពេញបន្ថែមនូវតម្រូវការកាន់តែតឹងរ៉ឹងជាងមុន មុនពេលដំណើរការស៊ីមកាត (SIM)។
យោងតាមបទប្បញ្ញត្តិ លេខអត្តសញ្ញាណផ្ទាល់ខ្លួន នាមត្រកូល និងនាមខ្លួន ព្រមទាំងថ្ងៃខែឆ្នាំកំណើតរបស់ម្ចាស់អតិថិជន ត្រូវតែបានផ្ទៀងផ្ទាត់ជាមួយមូលដ្ឋានទិន្នន័យជាតិស្តីពីប្រជាជន។ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់អតិថិជន ក៏ត្រូវបានអនុវត្តតាមរយៈការហៅទូរស័ព្ទថតជាវីដេអូ និងការអនុវត្តលេខកូដ OTP ចំពោះស៊ីមកាតចាប់ពីលេខទីពីរឡើងទៅ។
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានបន្តចេញសារាចរលេខ ០៨/២០២៦/TT-BKHCN សំដៅដោះស្រាយស្ថានភាពស៊ីមកាតដែលគ្មានម្ចាស់កម្មសិទ្ធិពិតប្រាកដ។ បទប្បញ្ញត្តិថ្មីនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋស្វែងរកព័ត៌មាននៅលើ VNeID នូវរាល់លេខអតិថិជនទាំងអស់ដែលឈរឈ្មោះរបស់ខ្លួននៅតាមបណ្តាញទូរស័ព្ទចល័ត បញ្ជាក់ពីលេខដែលកំពុងប្រើប្រាស់ និងបដិសេធលេខដែលមិនស្ថិតនៅក្រោមសិទ្ធិប្រើប្រាស់របស់ខ្លួន។
ក្រោយរយៈពេល ៤ ខែនៃការអនុវត្ត ដោយមានការសម្របសម្រួលពីនាយកដ្ឋាននគរបាលគ្រប់គ្រងរដ្ឋបាលស្តីពីសណ្តាប់ធ្នាប់សង្គម ក្រសួងនគរបាល និងបណ្តាសហគ្រាសទូរគមនាគមន៍ អតិថិជនកំពុងដំណើរការជាង ១១៥ លាននាក់ត្រូវបានត្រួតពិនិត្យឡើងវិញ។
ក្នុងនោះ ប្រមាណ ១០២ លានលេខត្រូវបានធ្វើស្តង់ដារភាវូបនីយកម្ម បញ្ជាក់ពីភាពជាម្ចាស់កម្មសិទ្ធិពិតប្រាកដ និងធ្វើសមាហរណកម្មទៅក្នុងកាបូបឯកសាររបស់ពលរដ្ឋនៅលើ VNeID។ ប្រមាណ ១៣ លានលេខត្រូវបានផ្អាកសេវាកម្ម ដោយសារមិនទាន់បានបំពេញតាមតម្រូវការស្របតាមបទប្បញ្ញត្តិ។
ការផ្ទៀងផ្ទាត់លេខទូរស័ព្ទជាមួយម្ចាស់គណនី
ចំណុចគួរឱ្យកត់សម្គាល់មួយទៀតនៃសារាចរលេខ ០៨/២០២៦/TT-BKHCN គឺតម្រូវការផ្ទៀងផ្ទាត់ជីវមាត្រឡើងវិញ នៅពេលអ្នកប្រើប្រាស់ផ្លាស់ប្តូរឧបករណ៍ចុងក្រោយ។
បទប្បញ្ញត្តិនេះគឺសំដៅរក្សាភាពជាម្ចាស់កម្មសិទ្ធិពិតប្រាកដនៃអតិថិជនប្រើប្រាស់សេវាក្នុងដំណើរការប្រើប្រាស់ទាំងស្រុង ស្រដៀងគ្នាទៅនឹងយន្តការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៅពេលអ្នកប្រើប្រាស់ផ្លាស់ប្តូរឧបករណ៍ដំឡើងកម្មវិធីធនាគារ ឬ VNeID។
តាមរយៈ VNeID បណ្តាធនាគារអាចត្រួតពិនិត្យភាពជាម្ចាស់កម្មសិទ្ធិពិតប្រាកដនៃលេខទូរស័ព្ទ នៅពេលអតិថិជនចុះឈ្មោះបើកគណនី ឬអនុវត្តប្រតិបត្តិការ។ ការផ្ទៀងផ្ទាត់ជួយកំណត់ទំនាក់ទំនងរវាងលេខទូរស័ព្ទ និងម្ចាស់គណនី ដែលតាមរយៈនោះជួយលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់អតិថិជន និងបង្ការ ទប់ស្កាត់ការក្លែងបន្លំនៅលើបរិស្ថានឌីជីថល។
ការធ្វើស្តង់ដារភាវូបនីយកម្មទិន្នន័យទូរគមនាគមន៍ ក៏ត្រូវបានចាត់ទុកថាជាកងចាក់ច្រវាក់មួយនៅក្នុងដំណើរការបង្កើតប្រព័ន្ធអេកូឡូស៊ីទិន្នន័យឌីជីថល នៅពេលដែលប្រភពទិន្នន័យនេះអាចគាំទ្រដល់បណ្តាវិស័យដែលទាមទារកម្រិតផ្ទៀងផ្ទាត់អត្តសញ្ញាណខ្ពស់ ដូចជាធនាគារ និងហិរញ្ញវត្ថុ។
ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យ «ស្អាត» គ្រាន់តែជាលក្ខខណ្ឌចាំបាច់ប៉ុណ្ណោះ។ ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ការក្លែងបន្លំ នៅតែអាស្រ័យលើរបៀបដែលបណ្តាធនាគារទាញយក ផ្ទៀងផ្ទាត់ព័ត៌មាន និងការរួមបញ្ចូលជាមួយស្រទាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវផ្សេងៗទៀត។ អតិថិជនប្រើប្រាស់សេវាដែលត្រូវបានបញ្ជាក់ពីភាពជាម្ចាស់កម្មសិទ្ធិពិតប្រាកដ មិនមានន័យថារាល់ប្រតិបត្តិការដែលកើតចេញពីលេខទូរស័ព្ទនោះសុទ្ធតែមានសុវត្ថិភាពនោះឡើយ។
បង្កើនទណ្ឌកម្មចំពោះស៊ីមកាតដែលគ្មានម្ចាស់កម្មសិទ្ធិពិតប្រាកដ
ទន្ទឹមនឹងដំណោះស្រាយបច្ចេកទេស ទណ្ឌកម្មដោះស្រាយការបំពានក៏ត្រូវបានពង្រឹងបន្ថែមផងដែរ។
យោងតាមអនុក្រឹត្យលេខ ១៧៤/២០២៦/NĐ-CP សហគ្រាសដែលបំពានអាចនឹងត្រូវពិន័យរហូតដល់ ២០០ លានដុង និងផ្អាកការអភិវឌ្ឍអតិថិជនថ្មីរហូតដល់ ៧ ខែ។ បុគ្គលដែលប្រើប្រាស់ស៊ីមកាតគ្មានម្ចាស់កម្មសិទ្ធិពិតប្រាកដ អាចនឹងត្រូវពិន័យរហូតដល់ ៥០០.០០០ ដុង ចំពោះលេខអតិថិជននីមួយៗដែលបំពាន។
នាពេលខាងមុខ នាយកដ្ឋានទូរគមនាគមន៍ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងបន្តសហការជាមួយក្រសួងនគរបាល ធនាគាររដ្ឋវៀតណាម និងស្ថាប័នពាក់ព័ន្ធ ត្រួតពិនិត្យ និងតាមដានការអនុវត្តនៅតាមបណ្តាសហគ្រាសទូរគមនាគមន៍ កែតម្រូវ និងដោះស្រាយការបំពានឱ្យបានទាន់ពេលវេលា និងរក្សាទិន្នន័យអតិថិជន «ត្រឹមត្រូវ គ្រប់គ្រាន់ ស្អាត រស់» ធានាភាពជាម្ចាស់កម្មសិទ្ធិពិតប្រាកដ៕
យុគសម័យ - នាថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក បានប្រព្រឹត្តទៅពិធីប្រកាសបង្កើត “ក្រុមមិត្តភក្តិនៅអង្គការសហប្រជាជាតិ ស្តីពីការបង្ការនិងប្រឆាំងការជួញដូរមនុស្សដោយប្រើប្រាស់បច្ចេកវិទ្យា”។ |
យុគសម័យ - នាថ្ងៃទី ១៩ ខែមិថុនា នៅទីក្រុងហូជីមិញ មជ្ឈមណ្ឌលអ៊ីនធឺណិតវៀតណាម (VNNIC - ស្ថិតក្រោមក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) បានរៀបចំសន្និសីទ VNNIC Internet Conference 2026 ក្រោមប្រធានបទ “ការដាក់ឱ្យប្រើប្រាស់ IPv6-Only – កម្លាំងចលករអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ”។ |

មតិពីមិត្តអ្នកអាន