យុគសម័យ - នៅមុនដំណើរការអញ្ជើញទៅបំពេញការងារដើម្បីចូលរួមមហាសន្និបាតជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី របស់នាយករដ្ឋមន្ត្រី លោក Le Minh Hung (ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមិថុនា) អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang បានចែករំលែកជាមួយបណ្តាសារព័ត៌មានអំពីចំណុចសំខាន់ៗ និងអត្ថន័យនៃមហាសន្និបាត ព្រមទាំងការចូលរួមរបស់វៀតណាមផងដែរ។
សុំសួរលោកអនុរដ្ឋមន្ត្រី ថាតើការដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអញ្ជើញចូលរួមមហាសន្និបាតជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ីលើកនេះ មានអត្ថន័យយ៉ាងដូចម្តេច ព្រមទាំងឆ្លុះបញ្ចាំងពីបណ្តាគោលដៅ និងអាទិភាពណាខ្លះរបស់វៀតណាមក្នុងទំនាក់ទំនងជាមួយអាស៊ាន និងសហព័ន្ធរុស្ស៊ី?
ដោយទទួលការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Le Minh Hung នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមមហាសន្និបាតជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែមិថុនា នៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី។ នេះគឺជាដំណើរការបំពេញការងារដែលមានអត្ថន័យពិសេសណាស់ ដែលជាដំណើរការបំពេញការងារលើកដំបូងរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលក្នុងតួនាទីថ្មីទៅកាន់សហព័ន្ធរុស្ស៊ី ដែលជាដៃគូមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។
បន្ទាប់ពីការចូលរួមចំណែកយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ានលើកទី៣ (AFF 2026) ប្រកបដោយជោគជ័យ ការចូលរួមរបស់នាយករដ្ឋមន្ត្រី លេ មិញហ៊ុង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីនេះ បន្តបង្ហាញពីគោលនយោបាយការបរទេសដ៏ស៊ីសង្វាក់គ្នា គឺឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង កម្លាំងខ្លួនឯង សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងពហុភាគីនីយកម្ម និងការធ្វើពិពិធកម្មនៃទំនាក់ទំនងការបរទេស ក្នុងស្មារតីនៃសមាជបក្សលើកទី១៤។ នេះក៏ផ្ញើសារច្បាស់លាស់អំពីការកោតសរសើររបស់វៀតណាមចំពោះភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ក៏ដូចជាចំពោះមិត្តភាពប្រពៃណី ការជឿទុកចិត្តជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
![]() |
| ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហព័ន្ធរុស្ស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ និងត្រូវបានលើកកម្ពស់ទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៨។ |
គោលដៅកៀកកិតជានិច្ច នៃដំណើរការបំពេញការងារនេះ គឺការពង្រីកតួនាទីជា "ស្ពានចម្លង" របស់វៀតណាម ជំរុញការឯកភាពគ្នា និងចូលរួមចំណែកនូវទិសដៅជាក់ស្តែងនានា បង្កើតបន្ថែមនូវកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងអាស៊ាន-រុស្ស៊ី។ នេះកាន់តែមានអត្ថន័យខ្លាំងណាស់ ខណៈពេលដែលនាពេលកន្លងទៅ វៀតណាមបានបំពេញតួនាទីស្នូលក្នុងការបង្កើតការឯកភាពគ្នានៅក្នុងអាស៊ាន អំពីការរៀបចំមហាសន្និបាតជាន់ខ្ពស់លើកនេះ ព្រមទាំងនឹងទទួលរ៉ាប់រងតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដំណាក់កាល ២០២៧ - ២០៣០។ និយាយមួយបែបទៀត នេះមិនត្រឹមតែជាការអញ្ជើញចូលរួមមហាសន្និបាតជាន់ខ្ពស់មួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានរៀបចំដ៏សំខាន់មួយ ដើម្បីឱ្យវៀតណាមចូលរួមចំណែកកាន់តែជ្រាលជ្រៅក្នុងការកំណត់ទម្រង់កិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ីក្នុងបណ្តាឆ្នាំខាងមុខផងដែរ។ តាមស្មារតីនោះ វៀតណាមនឹងផ្តោតលើបណ្តាអាទិភាពធំៗដូចតទៅ៖
ជាបឋម វៀតណាមនឹងរួមជាមួយបណ្តាប្រទេសជំរុញវិធីសាស្ត្រចូលទៅជិតបែបជាក់ស្តែង មានតុល្យភាព និងឆ្ពោះទៅរកលទ្ធផលជាក់ស្តែងនៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី។ ចំណុចសំខាន់គឺការបើកច្រកបណ្តាវិស័យដែលមានសក្តានុពលជាច្រើន ប៉ុន្តែមិនទាន់ត្រូវបានធ្វើអាជីវកម្មពេញលេញនៅឡើយ ដូចជា៖ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល សន្តិសុខបែបមិនប្រពៃណី អប់រំ បណ្តុះបណ្តាល ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងជាពិសេសគឺថាមពល។ វៀតណាមក៏នឹងជំរុញបណ្តាគំនិតផ្តួចផ្តើមដែលមានលទ្ធភាពអាចទៅរួចខ្ពស់ សមស្របនឹងតម្រូវការរបស់អាស៊ាន ចំណុចខ្លាំងរបស់រុស្ស៊ី និងឆ្លើយតបទៅនឹងតម្រូវការនៃសភាពការណ៍នាពេលបច្ចុប្បន្ន។
ទីពីរ វៀតណាមមានបំណងចង់រួមចំណែកពង្រីកលំហកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយតំបន់អាស៊ី-អឺរ៉ុប។ ក្នុងនាមជាប្រទេសអាស៊ានដែលនាំមុខគេក្នុងកិច្ចសហប្រតិបត្តិការជាមួយសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA វៀតណាម-EAEU ក្នុងឆ្នាំ ២០១៥ វៀតណាមមានបទពិសោធន៍ជាក់ស្តែងដើម្បីចែករំលែកក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ ឡូជីស្ទីក ខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់សហគ្រាស។ នេះគឺជាទិសដៅកិច្ចសហប្រតិបត្តិការដែលមានអត្ថន័យជាក់ស្តែង ជួយឱ្យទំនាក់ទំនងអាស៊ាន-រុស្ស៊ី មិនត្រឹមតែបញ្ឈប់ត្រឹមការផ្លាស់ប្តូរនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតបន្ថែមនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់សហគ្រាស មូលដ្ឋាន និងប្រជាជននៃភាគីទាំងពីរផងដែរ។
ទីបី វៀតណាមនឹងរួមជាមួយបណ្តាប្រទេសធ្វើការផ្លាស់ប្តូរមតិអំពីសភាពការណ៍តំបន់ និងអន្តរជាតិ ជាពិសេសគឺបណ្តាបញ្ហាដែលកំពុងជះឥទ្ធិពលផ្ទាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខថាមពល ខ្សែសង្វាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍ។ តាមស្មារតីសន្ទនា ស្ថាបនា និងគោរពច្បាប់អន្តរជាតិ វៀតណាមមានបំណងចង់រួមចំណែកបង្កើនការយល់ដឹងគ្នា កាត់បន្ថយភាពខុសប្លែកគ្នា និងពង្រឹងទំនុកចិត្តរវាងអាស៊ានជាមួយរុស្ស៊ី ក៏ដូចជារវាងបណ្តាដៃគូននៅក្នុងតំបន់ផងដែរ។
ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាត នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Le Minh Hung ត្រូវបានរំពឹងថានឹងមានជំនួបសម្តែងការគួរសមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងបំពេញការងារជាមួយប្រមុខដឹកនាំសាធារណរដ្ឋ Tatarstan។ ជំនួបសម្តែងការគួរសមនេះ នឹងជាឱកាសដ៏សំខាន់មួយដើម្បីបញ្ជូនសាររបស់រដ្ឋាភិបាលអាណត្តិថ្មី អំពីការបន្តផ្តល់តម្លៃ និងជំរុញទំនាក់ទំនងវៀតណាម-រុស្ស៊ី; ព្រមទាំងផ្លាស់ប្តូរនូវបណ្តាទិសដៅធំៗដែលមានលក្ខណៈរបកគំហើញ ចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការ និងបណ្តាវិធានការដោះស្រាយការលំបាក វាយបកបណ្តាបញ្ហាកកស្ទះ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាកិច្ចព្រមព្រៀងជាន់ខ្ពស់ដែលសម្រេចបាន ក្នុងនោះមានបណ្តាលទ្ធផលសំខាន់ៗពីដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam នាខែឧសភា ឆ្នាំ ២០២៥ និងដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Pham Minh Chinh នាខែមីនា ឆ្នាំ ២០២៦។
សុំសួរលោកអនុរដ្ឋមន្ត្រី ថាតើមហាសន្និបាតជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នឹងពិភាក្សាអំពីបណ្តាបញ្ហាសំខាន់ៗណាខ្លះ ព្រមទាំងអត្ថន័យ និងកម្រិតទំហំនៃព្រឹត្តិការណ៍ពិសេសនោះចំពោះទំនាក់ទំនងអាស៊ាន-រុស្ស៊ីយ៉ាងដូចម្តេច?
មហាសន្និបាតជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោក និងតំបន់កំពុងសាក្សីនូវបណ្តាការប្រែប្រួលដ៏ធំធេងដែលមិនធ្លាប់មានចាប់តាំងពីក្រោយសង្គ្រាមត្រជាក់មក តាមរយៈ “វិបត្តិជាមូលដ្ឋានគ្រឹះចំនួនបី៖ វិបត្តិអំពីសណ្តាប់ធ្នាប់អន្តរជាតិ វិបត្តិអំពីគំរូអភិវឌ្ឍន៍ និងវិបត្តិអំពីទំនុកចិត្តជាយុទ្ធសាស្ត្រ” ដូចដែលអគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានវាយតម្លៃនៅក្នុងប្រសាសន៍ថ្លែងនៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២៣ នាពេលកន្លងទៅ។
![]() |
| អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang ឆ្លើយការសម្ភាសន៍របស់បណ្តាសារព័ត៌មាន។ |
ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហព័ន្ធរុស្ស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ និងត្រូវបានលើកកម្ពស់ទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៨។ ត្រូវបានរៀបចំឡើងបន្ទាប់ពីរយៈពេលជិត ៥ ឆ្នាំ គិតចាប់តាំងពីមហាសន្និបាតជាន់ខ្ពស់អាស៊ាន-រុស្ស៊ីតាមប្រព័ន្ធអនឡាញនាខែតុលា ឆ្នាំ ២០២១ មក មហាសន្និបាតជាន់ខ្ពស់លើកនេះមានអត្ថន័យពិសេស ដោយឈានហួសពីក្របខ័ណ្ឌនៃព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍ធម្មតា និងមានកម្រិតទំហំប្រវត្តិសាស្ត្រ។ មហាសន្និបាតបានបង្ហាញពីការប្តេជ្ញាចិត្តនយោបាយក្នុងកម្រិតខ្ពស់បំផុតនៃភាគីទាំងពីរ ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី បង្ហាញពីការផ្តល់តម្លៃរបស់រុស្ស៊ីចំពោះតួនាទីមជ្ឈភាពរបស់អាស៊ាន នៅក្នុងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាការផ្តល់តម្លៃរបស់អាស៊ានចំពោះតួនាទី និងឋានៈរបស់រុស្ស៊ីនៅក្នុងតំបន់ និងនៅលើពិភពលោក។ ទន្ទឹមនឹងនោះ មហាសន្និបាតគឺជាទិដ្ឋភាពជានិមិត្តរូបសាក្សីឱ្យឃើញថា ការសន្ទនា និងកិច្ចសហប្រតិបត្តិការ តែងតែជាវិធីសាស្ត្រមានប្រសិទ្ធភាពបំផុត រួមចំណែកក្នុងការកសាងបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាព បម្រើឱ្យការអភិវឌ្ឍ។
នៅលើមូលដ្ឋាននោះ មហាសន្និបាតជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នឹងផ្តោតលើចំណុចសំខាន់ៗធំៗចំនួន បី ដូចតទៅ៖
ទីមួយគឺ តាមរយៈការពិនិត្យឡើងវិញគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី នាពេលកន្លងទៅ វាយតម្លៃបណ្តាលទ្ធផលដែលសម្រេចបាន ទទួលស្គាល់បណ្តាភាពកម្រិតកំណត់ ឧបសគ្គនៃកិច្ចសហប្រតិបត្តិការ ស្នើឡើងនូវបណ្តាទិសដៅថ្មីៗ វិស័យសំខាន់ៗ និងវិធានការរបកគំហើញ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបែបជាក់ស្តែង ផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យជាច្រើន ជាពិសេសគឺសន្តិសុខថាមពល ព្រមទាំងធ្វើអាជីវកម្មបណ្តាឱកាសបង្កើនការផ្សារភ្ជាប់ សមាហរណកម្ម បង្កើតលំហអភិវឌ្ឍន៍ថ្មីរវាងតំបន់ទាំងពីរអាស៊ី-អឺរ៉ុប។
ទីពីរគឺ ថ្នាក់ដឹកនាំអាស៊ាន-រុស្ស៊ី នឹងធ្វើការផ្លាស់ប្តូរមតិយ៉ាងទូលំទូលាយ និងស៊ីជម្រៅអំពីបណ្តាបញ្ហាតំបន់ និងអន្តរជាតិដែលជួបការយកចិត្តទុកដាក់ដូចគ្នា ដើម្បីបង្កើនការយល់ដឹងគ្នា ពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ និងរួមគ្នាឆ្លើយតបទៅនឹងបណ្តាការប្រឈមរួមនៅលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។
ទីបីគឺ មហាសន្និបាតត្រូវបានរំពឹងថានឹងអនុម័តលើបណ្តាឯកសារគន្លឹះតម្រង់ទិសដៅកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ីក្នុងដំណាក់កាលខាងមុខ ឆ្លើយតបបានកាន់តែល្អប្រសើរនូវតម្រូវការអភិវឌ្ឍន៍របស់ទាំងអាស៊ាន និងរុស្ស៊ីនៅក្នុងសភាពការណ៍ថ្មី។
ខ្ញុំជឿជាក់ថា ជាមួយនឹងអត្ថន័យពិសេស កម្មវិធីការងារដ៏សំបូរបែប និងការរៀបចំយ៉ាងហ្មត់ចត់របស់វៀតណាម ដំណើរការបំពេញការងារអញ្ជើញចូលរួមមហាសន្និបាតជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Le Minh Hung នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បន្តបញ្ជាក់ពីទិដ្ឋភាពនៃប្រទេសវៀតណាមមួយដ៏ម្ចាស់ការ មានការទទួលខុសត្រូវ ជាស្ពានចម្លងដ៏គួរឱ្យទុកចិត្តនៅក្នុងអាស៊ាន និងជាដៃគូដ៏ស្មោះស្ម័គ្រ ស្មោះត្រង់របស់សហព័ន្ធរុស្ស៊ី៕
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមករាតប តាមការអញ្ជើញរបស់លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។ ក្នុងឱកាសនេះ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានស្តីពីលទ្ធផលនៃដំណើទស្សនកិច្ចនេះ។ |
តបតាមការអញ្ជើញរបស់ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Nikkei Group លោក Tsuyoshi Hasebe ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាសំខាន់នៅសន្និសីទអនាគតអាស៊ីលើកទី ២៩ ក្រោមប្រធានបទ “តួនាទីភាពជាអ្នកដឹកនាំរបស់អាស៊ីក្នុងពិភពលោកមួយមិនប្រាកដប្រជា” នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ |


មតិពីមិត្តអ្នកអាន