យុគសម័យ - នាថ្ងៃទី ៨ មិថុនា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបន្តធ្វើកិច្ចពិភាក្សាទ្វេភាគី។
| នាយករដ្ឋមន្ត្រី Le Minh Hung ដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Le Minh Hung ទទួលជួបជញ្ជូនរដ្ឋមន្ត្រីការបរទេសអេស្តូនី |
![]() |
| នាយករដ្ឋមន្ត្រី Le Minh Hung (ខាងស្តាំ) និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Anutin Charnvirakul។ |
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក Le Minh Hung នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Anutin Charnvirakul បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ ចាប់ពីថ្ងៃទី ៨ - ៩ ខែមិថុនា ឆ្នាំ ២០២៦។
នៅក្នុងកិច្ចពិភាក្សាទ្វេភាគី នាយករដ្ឋមន្ត្រី លោក Le Minh Hung បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះនាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូរដ្ឋាភិបាលព្រះរាជាណាចក្រថៃ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ព្រមទាំងបានសម្តែងនូវការរីករាយដែលបានជួបនាយករដ្ឋមន្ត្រីថៃសាជាថ្មី ម្តងទៀត បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅទីក្រុង Cebu ប្រទេសហ្វីលីពីន។
![]() |
| នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Anutin Charnvirakul។ |
នាយករដ្ឋមន្ត្រីវៀតណាម ក៏បានថ្លែងអំណរគុណចំពោះព្រះរាជវង្សានុវង្ស រដ្ឋាភិបាល ប្រជាជនថៃ ព្រមទាំងរូបលោកនាយករដ្ឋមន្ត្រីថៃ និងលោកជំទាវផ្ទាល់ ដែលបានផ្តល់ជូនអគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក To Lam, លោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នូវការបដិសណ្ឋារកិច្ចយ៉ាងសមរម្យ ហ្មត់ចត់ និងស្និទ្ធស្នាលបំផុត នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃនាពេលកន្លងទៅថ្មីៗនេះ។ លោកបានវាយតម្លៃថា ដំណើរទស្សនកិច្ចនោះសម្រេចបានលទ្ធផលសំខាន់ៗនិងជាក់ស្តែងជាច្រើន ដែលបង្កើតបានជាកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីថៃ បានសម្តែងនូវការរីករាយចំពោះការមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមជាលើកដំបូង ជាពិសេសគឺចំឱកាសនៃការប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងបានអះអាងថា ប្រទេសថៃតែងតែចាត់ទុកជាសំខាន់ និងមានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងជាក់ស្តែងជាមួយវៀតណាមនៅលើគ្រប់វិស័យទាំងអស់។
នាយករដ្ឋមន្ត្រីថៃ ក៏មានបំណងចង់ឱ្យភាគីទាំងពីររួមគ្នាដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសថៃរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក To Lam ដែលក្នុងនោះរួមមានទាំងកម្មវិធីសកម្មភាពសម្រាប់ដាក់ឱ្យអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដំណាក់កាល ២០២៦ - ២០៣១ ផងដែរ។
![]() |
| នាយករដ្ឋមន្ត្រី Le Minh Hung ថ្លែងមតិក្នុងកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Anutin Charnvirakul។ |
នាយករដ្ឋមន្ត្រីទាំងពីររូប បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម - ថៃ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត (១៩៧៦ - ២០២៦) ព្រមទាំងបានវាយតម្លៃថា ទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើនល្អប្រសើរបំផុតមិនធ្លាប់មាន ដោយមានគ្រឹះស្ថាននៃទំនុកចិត្តនយោបាយយ៉ាងរឹងមាំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយភាពរស់រវើក និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកាន់តែមានភាពស្និទ្ធស្នាល។
ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនទំនុកចិត្តនយោបាយ តាមរយៈការរក្សាឱ្យបានទៀងទាត់នូវសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យទាក់ទងថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់នៅលើគ្រប់ច្រកថ្នាក់ដឹកនាំ ព្រមទាំងពង្រីកប្រសិទ្ធភាពនៃបណ្តាយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ជាពិសេសគឺយន្តការប្រជុំគណៈរដ្ឋមន្ត្រីរួមថ្នាក់នាយករដ្ឋមន្ត្រី និងបណ្តាយន្តការសហប្រតិបត្តិការថ្នាក់ក្រសួង ព្រមទាំងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ សំដៅដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។
![]() |
| នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Anutin Charnvirakul ថ្លែងមតិ។ |
ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រក្សាការធ្វើល្បាតរួមគ្នានៅលើផ្ទៃសមុទ្រ សម្របសម្រួលគ្នាក្នុងការតស៊ូបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសគឺការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាខ្ពស់ ព្រមទាំងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តមិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីនៃប្រទេសខ្លួនដើម្បីប្រឆាំងនឹងប្រទេសមួយទៀតឡើយ។
នៅក្នុងវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រ «ការតភ្ជាប់បី» ជំរុញការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ឡូជីស្ទីក ផ្លូវអាកាស និងទេសចរណ៍ សិក្សាស្រាវជ្រាវអភិវឌ្ឍន៍បណ្តាខ្សែផ្លូវដឹកជញ្ជូនតាមផ្លូវគោកនិងផ្លូវទឹកតាមឆ្នេរសមុទ្រតភ្ជាប់ប្រទេសទាំងពីរនិងតំបន់អនុតំបន់មេគង្គ ពង្រីកប្រសិទ្ធភាពនៃយន្តការគណៈកម្មាធិការចម្រុះពាណិជ្ជកម្ម វៀតណាម - ថៃ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញក្នុងការឈានចូលទីផ្សារទៅវិញទៅមក ព្រមទាំងខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបានឆាប់នូវគោលដៅទំហំពាណិជ្ជកម្មចំនួន ២៥ ប៊ីលីយូនដុល្លារអាមេរិក និងឆ្ពោះទៅរក ៥០ ប៊ីលីយូនដុល្លារអាមេរិក តាមទិសដៅមានតុល្យភាព និងប្រកបដោយនិរន្តរភាព។
ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ធានាសន្តិសុខស្បៀង និងបណ្តាវិស័យថ្មីៗ ដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ និងការច្នៃប្រឌិតបង្កើតថ្មី។ នាយករដ្ឋមន្ត្រី លោក Le Minh Hung បានអះអាងថា វៀតណាមតែងតែស្វាគមន៍ លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់បណ្តាវិនិយោគិនបរទេស ដែលក្នុងនោះរួមមានទាំងវិនិយោគិនថៃ ក្នុងការមកវិនិយោគ និងធ្វើអាជីវកម្មនៅប្រទេសវៀតណាម។
នាយករដ្ឋមន្ត្រីថៃ បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគ និងអាជីវកម្មរបស់វៀតណាម ព្រមទាំងបានថ្លែងអំណរគុណ និងសង្ឃឹមថារដ្ឋាភិបាលវៀតណាមនឹងបន្តយកចិត្តទុកដាក់ ជួយជ្រោមជ្រែងដោះស្រាយរាល់ការលំបាកនានាសម្រាប់បណ្តាសហគ្រាសថៃដែលកំពុងដំណើរការអាជីវកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា នឹងលើកទឹកចិត្តដល់សហគ្រាសថៃឱ្យពង្រីកការវិនិយោគលើបណ្តាវិស័យដែលខ្លួនមានប្រៀបខ្លាំង និងស្របទៅតាមទិសដៅអភិវឌ្ឍន៍របស់វៀតណាម ព្រមទាំងមានបំណងចង់ឱ្យបណ្តាសហគ្រាសវៀតណាមបង្កើនការវិនិយោគទៅកាន់ប្រទេសថៃផងដែរ ដើម្បីជំរុញការតភ្ជាប់រវាងសហគ្រាស ខ្សែច្រវាក់ផ្គត់ផ្គង់ និងបណ្តាគម្រោងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ និងការចងសម្ព័ន្ធមេត្រីភាពរវាងមូលដ្ឋាននិងមូលដ្ឋាន។ នាយករដ្ឋមន្ត្រី លោក Le Minh Hung បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃដែលបានយកចិត្តទុកដាក់គាំទ្រដល់សហគមន៍ជនជាតិវៀតណាមនៅប្រទេសថៃ បង្កលក្ខណៈងាយស្រួលសម្រាប់ការអភិរក្ស និងពង្រីកតម្លៃនៃបណ្តាតំបន់កេរដំណែលប្រវត្តិសាស្ត្រប្រធានហូជីមិញ ក៏ដូចជាប្រព័ន្ធវត្តអារាមវៀតណាមនៅប្រទេសថៃ ព្រមទាំងបានស្នើឱ្យភាគីថៃបន្តបង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់សហគមន៍ជនជាតិវៀតណាមក្នុងការរស់នៅ សិក្សារៀនសូត្រ និងធ្វើការងារប្រកបដោយស្ថិរភាពនៅប្រទេសថៃ។
នាយករដ្ឋមន្ត្រីថៃ ក៏បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងគម្រោងអភិរក្សសត្វក្រៀលក្បាលក្រហមនៅឧទ្យានជាតិ Tram Chim ដោយបានអះអាងថា ប្រទេសថៃត្រៀមខ្លួនជាស្រេចក្នុងការផ្ទេរហ្វូងសត្វក្រៀលក្បាលក្រហមពីប្រទេសថៃជូនមកកាន់ប្រទេសវៀតណាម សំដៅអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ចំពោះបញ្ហាតំបន់ និងអន្តរជាតិ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ាន និងបណ្តាយន្តការកម្រិតពហុភាគី ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសាមគ្គីភាព ឯកភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន ព្រមទាំងជំរុញជំហររួមរបស់អាស៊ានស្តីពីសមុទ្រចិនខាងត្បូង (សមុទ្រខាងកើត) លើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។
នាយករដ្ឋមន្ត្រី លោក Le Minh Hung បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសថៃក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ACMECS និងបណ្តាយន្តការសហប្រតិបត្តិការអនុតំបន់ ព្រមទាំងបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលគ្នាក្នុងការកៀរគរប្រភពធនធាន បង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ការវិនិយោគ ការគ្រប់គ្រងធនធានទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការច្នៃប្រឌិតបង្កើតថ្មី។
នាយករដ្ឋមន្ត្រីថៃ បានឯកភាពខ្ពស់ចំពោះបណ្តាសំណើរបស់ភាគីវៀតណាម ព្រមទាំងបានអះអាងថានឹងបន្តសហការយ៉ាងជិតស្និទ្ធ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃបណ្តាយន្តការសហប្រតិបត្តិការអនុតំបន់ ដែលរួមចំណែកជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមនៃតំបន់មេគង្គ។
នាយករដ្ឋមន្ត្រីទាំងពីររូប បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាកិច្ចព្រមព្រៀងដែលសម្រេចបាន ដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - ថៃ កាន់តែរីកចម្រើនស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ដែលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់។
នៅក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីថៃ បានគោរពអញ្ជើញនាយករដ្ឋមន្ត្រី លោក Le Minh Hung ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ នាយករដ្ឋមន្ត្រី លោក Le Minh Hung បានថ្លែងអំណរគុណ និងបានបញ្ជាក់ថានឹងរៀបចំពេលវេលាសមស្របដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ៕
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមករាតប តាមការអញ្ជើញរបស់លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។ ក្នុងឱកាសនេះ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានស្តីពីលទ្ធផលនៃដំណើទស្សនកិច្ចនេះ។ |
តបតាមការអញ្ជើញរបស់ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Nikkei Group លោក Tsuyoshi Hasebe ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាសំខាន់នៅសន្និសីទអនាគតអាស៊ីលើកទី ២៩ ក្រោមប្រធានបទ “តួនាទីភាពជាអ្នកដឹកនាំរបស់អាស៊ីក្នុងពិភពលោកមួយមិនប្រាកដប្រជា” នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ |
thoidai.com.vn




មតិពីមិត្តអ្នកអាន