យុគសម័យ - ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាអំពីទិសដៅធំៗ សំដៅជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវៀតណាម-កម្ពុជានាពេលខាងមុខ ព្រមទាំងបានឯកភាពគ្នាបន្តពង្រឹងឥតឈប់ឈរនូវគ្រឹះស្ថាននៃទំនុកចិត្តនយោបាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យសន្តិសុខ និងការពារជាតិ។
| កម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា ឱ្យឈានចូលទៅក្នុងភាពស៊ីជម្រៅ និងមានប្រសិទ្ធភាព បង្កើតកម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម - កម្ពុជា |
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក Le Minh Hung នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ (AFF-3) នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ៨-៩ ខែមិថុនា ឆ្នាំ ២០២៦។
![]() |
| នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត។ |
នាព្រឹកថ្ងៃទី ៨ មិថុនា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបន្តធ្វើកិច្ចពិភាក្សាទ្វេភាគីនៅទីស្តីការរដ្ឋាភិបាល។
នៅក្នុងការសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រី លោក Le Minh Hung បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ព្រមទាំងការអញ្ជើញចូលរួមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកា AFF-3 ដែលរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី វៀតណាម-កម្ពុជា ទន្ទឹមនឹងនោះជំរុញសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ទំនាក់ទំនងនៅក្នុងអាស៊ាន ដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងនៅលើពិភពលោក។
នាយករដ្ឋមន្ត្រី លោក Le Minh Hung ក៏បានពាំនាំនូវបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ថ្វាយចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី, សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ, ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀតរបស់កម្ពុជាផងដែរ។
ដោយបានគូសបញ្ជាក់អំពីគោលនយោបាយដ៏ឥតប្រែប្រួលរបស់វៀតណាម ដែលតែងតែចាត់ទុកជាសំខាន់ និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនង «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរចីរកាលយូរអង្វែង» វៀតណាម-កម្ពុជា នាយករដ្ឋមន្ត្រី លោក Le Minh Hung បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាដ៏ល្អប្រពៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកម្ពុជា ដែលបានផ្តល់ជូនបក្ស រដ្ឋ និងប្រជាជនវៀតណាម។ លោកក៏បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស CPP ការគ្រប់គ្រងដឹកនាំប្រកបដោយភាពដាច់ណាត់របស់រដ្ឋាភិបាល និងការរួមចិត្តគំនិតតែមួយរបស់ប្រជាពលរដ្ឋ ប្រទេសកម្ពុជានឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លានៅលើគ្រប់វិស័យ សំដៅឈានទៅរកការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ធ្វើឱ្យជាក់ស្តែងកម្មនូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
![]() |
| នាយករដ្ឋមន្ត្រី Le Minh Hung ថ្លែងមតិក្នុងកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត។ |
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងខ្លាំងក្លារបស់វៀតណាម ដោយសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចជាង ៨% ក្នុងឆ្នាំ ២០២៥ ដែលជាកម្រិតកំណើនខ្ពស់បំផុតនៅក្នុងតំបន់ ព្រមទាំងសម្តែងនូវជំនឿចិត្តថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម និងការគ្រប់គ្រងរបស់រដ្ឋាភិបាល ប្រទេសវៀតណាមនឹងសម្រេចបាននូវស្នាដៃសំខាន់ៗជាច្រើនទៀត ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ ១០០ ឆ្នាំទាំងពីរដែលបានដាក់ចេញ ហើយតួនាទីនិងឋានៈរបស់វៀតណាមនឹងកាន់តែត្រូវបានលើកកម្ពស់នៅលើឆាកតំបន់និងអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការសហការជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃជំនួបថ្នាក់ជាន់ខ្ពស់រវាងការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្ស CPP ព្រមទាំងជំនួបរវាងប្រមុខបក្សទាំងបី វៀតណាម-កម្ពុជា-ឡាវ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជារបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក To Lam កាលពីខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅនេះ និងបណ្តាការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងថ្នាក់ជាន់ខ្ពស់រវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងនូវការពេញចិត្តចំពោះជំហានរីកចម្រើនជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម-កម្ពុជានាពេលកន្លងមក។ ទំនុកចិត្តនយោបាយត្រូវបានបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខបន្តដើរតួជាសសរស្តម្ភ ចំណែកឯកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម-ការវិនិយោគ និងទេសចរណ៍ គឺជាចំណុចលេចធ្លោ ដោយទំហំពាណិជ្ជកម្មសរុបក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ សម្រេចបានជិត ៥ ប៊ីលីយូនដុល្លារអាមេរិក (កើនឡើង ៩,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥)។ ទន្ទឹមនឹងនោះ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរកម្ពុជាជិត ៤០០.០០០ វេននាក់ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ដែលកើនឡើង ៤១,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ ការងារព្រំដែនក៏សម្រេចបាននូវវឌ្ឍនភាពជាច្រើន ចំណែកឯកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌-សង្គម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនត្រូវបានជំរុញយ៉ាងខ្លាំងក្លា ដោយភាគីទាំងពីរបានម្ចាស់ការដាក់ឱ្យអនុវត្តបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការ រៀបចំកម្មវិធីផ្លាស់ប្តូរយោបល់ គាំទ្រ និងប្រាស្រ័យទាក់ទងមិត្តភាពជាច្រើន ដែលរួមចំណែកបង្កើនការយល់ដឹងនិងភាពស្និទ្ធស្នាលរវាងស្រទាប់ប្រជាជននៃប្រទេសទាំងពីរ។
ក្រោមស្មារតីនៃការផ្លាស់ប្តូរជាជាក់ស្តែងពី «មនោសញ្ចេតនាប្រពៃណី» ទៅជា «កម្លាំងចលករអភិវឌ្ឍន៍» និងការធ្វើឱ្យ «ភាពជិតស្និទ្ធខាងប្រវត្តិសាស្ត្រ» ក្លាយជា «ភាពជិតស្និទ្ធខាងយុទ្ធសាស្ត្រ» ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាអំពីទិសដៅធំៗ សំដៅជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវៀតណាម-កម្ពុជានាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងឥតឈប់ឈរនូវគ្រឹះស្ថាននៃទំនុកចិត្តនយោបាយ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យសន្តិសុខ និងការពារជាតិ ព្រមទាំងបានបញ្ជាក់ឡើងវិញនូវការអនុវត្តប្រកបដោយភាពឥតប្រែប្រួលនូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីនៃប្រទេសខ្លួន ដើម្បីប្រឆាំងបំផ្លិចបំផ្លាញ ឬគំរាមកំហែងដល់សន្តិសុខនិងផលប្រយោជន៍របស់ប្រទេសមួយទៀតឡើយ ព្រមទាំងបង្កើនការភ្ជាប់ទំនាក់ទំនងរវាងខឿនសេដ្ឋកិច្ចទាំងពីរ និងជំរុញការតភ្ជាប់លើវិស័យវប្បធម៌ អប់រំ និងទេសចរណ៍។
ភាគីទាំងពីរក៏បានឯកភាពគ្នាលើខ្លឹមសារជាច្រើនទាក់ទងនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ព្រំដែន និងច្រកទ្វារព្រំដែន ដោយបានព្រមព្រៀងគ្នាជំរុញការតភ្ជាប់ផ្លូវល្បឿនលឿន ទីក្រុងហូជីមិញ/ម៉ុកបៃ - បាវិត/ភ្នំពេញ សិក្សាស្រាវជ្រាវពង្រីកបណ្តាជើងហោះហើរតភ្ជាប់វៀតណាម-កម្ពុជា និងវៀតណាម-ឡាវ-កម្ពុជា ព្រមទាំងសិក្សាស្រាវជ្រាវកសាងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់សេដ្ឋកិច្ចឆ្លងដែន ព្រមទាំងបានឯកភាពគ្នាក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើគយទំនិញរវាងប្រទេសទាំងពីរផងដែរ។
![]() |
| នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងមតិក្នុងកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី Le Minh Hung។ |
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពទាំងស្រុងចំពោះបណ្តាសំណើរបស់នាយករដ្ឋមន្ត្រី លោក Le Minh Hung អំពីការបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ក្នុងការវិនិយោគលើបណ្តាវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងនិងមានតម្រូវការ ដូចជា៖ ការកែច្នៃកសិផល ការចិញ្ចឹមវារីវប្បកម្ម ថាមពលស្អាត វត្ថុធាតុដើមសំណង់ និងឡូជីស្ទីក (logistics), ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល ដើម្បីលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស, បង្កើនការងារឃោសនាផ្សព្វផ្សាយនិងអប់រំដល់ស្រទាប់ប្រជាជន ជាពិសេសគឺជំនាន់យុវជននៃប្រទេសទាំងពីរ អំពីប្រពៃណីនៃទំនាក់ទំនងអ្នកជិតខាងដ៏ជិតស្និទ្ធនិងល្អប្រពៃរវាងប្រទេសទាំងពីរ, សម្របសម្រួលរៀបចំដោយជោគជ័យនូវពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ២០២៧ (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៧) ជាមួយនឹងសកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើន, ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនដែលមានដើមកំណើតវៀតណាមនៅកម្ពុជា ឱ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាព។
នាយករដ្ឋមន្ត្រីទាំងពីររូប បានឯកភាពគ្នាប្រគល់ភារកិច្ចជូនដល់បណ្តាក្រសួង ស្ថាប័ន និងទីភ្នាក់ងារពាក់ព័ន្ធនៃប្រទេសទាំងពីរ ក្នុងការកសាងផែនការ វិធានការ រួមជាមួយនិងលិខិតស្នាមបង្ហាញផ្លូវជាក់ស្តែង ដើម្បីធ្វើឱ្យជាក់ស្តែងកម្មនូវបណ្តាខ្លឹមសារដែលភាគីទាំងពីរបានព្រមព្រៀងគ្នានៅក្នុងកិច្ចពិភាក្សាទ្វេភាគី។
![]() |
| នាយករដ្ឋមន្ត្រី Le Minh Hung និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ផែនការសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ជាមួយក្រសួងព័ត៌មានកម្ពុជា ស្តីពីផែនការសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន ដំណាក់កាល ២០២៦-២០៣០។ |
នៅក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់ បន្តមានការវិវត្តន៍យ៉ាងស្មុគស្មាញនិងពិបាកប៉ាន់ស្មាន ភាគីទាំងពីរបានប្តេជ្ញាចិត្តបង្កើនការសម្របសម្រួលគ្នានៅលើឆាកវេទិកាតំបន់និងអន្តរជាតិ ជាពិសេសគឺនៅក្នុងក្របខ័ណ្ឌនៃយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ អាស៊ាន និងអង្គការសហប្រជាជាតិ, រក្សាការផ្លាស់ប្តូរយោបល់និងពិគ្រោះយោបល់លើបណ្តាបញ្ហាយុទ្ធសាស្ត្រដែលជាការយកចិត្តទុកដាក់រួម, ទន្ទឹមនឹងនោះ សម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ានដើម្បីពង្រឹងសាមគ្គីភាពនិងភាពស្វ័យក្របខ័ណ្ឌ ជំរុញការដោះស្រាយដោយសន្តិវិធីនូវបណ្តាបញ្ហាដែលមានភាពខុសប្លែកគ្នា និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាដៃគូនៅលើមូលដ្ឋាននៃការធានាតួនាទីមជ្ឈភាពរបស់អាស៊ាន ដែលរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីររូប បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារផែនការសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន ដំណាក់កាល ២០២៦-២០៣០ រវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងក្រសួងព័ត៌មានកម្ពុជា៕
យុគសម័យ - នារសៀលថ្ងៃទី ១ ខែមិថុនា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា សមាគមខ្មែរ-វៀតណាម នៅកម្ពុជា បានចាត់តាំងពិធីប្រកាសសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃកម្ពុជា ស្តីពីការប្តូរឈ្មោះ "សមាគមខ្មែរ-វៀតណាម នៅកម្ពុជា" ទៅជា "សមាគមរួមខ្មែរ-វៀតណាម នៅកម្ពុជា" (KVFCA)។ |
យុគសម័យ - នាថ្ងៃទី ៣០ ខែឧសភា ក្រុមការងារ K90 នៃតំបន់នយោបាយ ភូមិភាគទី ៩ បានចាត់តាំងការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋបានចំនួនជាង ២០០ នាក់ នៅក្នុងឃុំឈូកស និងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៃព្រះរាជាណាចក្រកម្ពុជា។ |
thoidai.com.vn




មតិពីមិត្តអ្នកអាន