យុគសម័យ - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Le Minh Hung នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ មិថុនា ឆ្នាំ ២០២៦។
| កម្ពុជាផ្តល់អាទិភាពដល់ការបង្រួបបង្រួមជំនឿចិត្តយុទ្ធសាស្ត្រជាមួយវៀតណាម នាយករដ្ឋមន្ត្រី Le Minh Hung ដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីកម្ពុជា |
ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី មិនឈប់ឈរត្រូវបានពង្រឹងយ៉ាងគ្រប់ជ្រុងជ្រោយ ចាប់ពីជំនឿចិត្តនយោបាយយ៉ាងជ្រាលជ្រៅ រហូតដល់បណ្តាការទម្លុះទម្លាយដ៏គួរឱ្យចាប់អារម្មណ៍អំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយនឹងគោលដៅឆ្ពោះទៅរក ២០ ប៊ីលានដុល្លារអាមេរិក។
ក្នុងឱកាសនេះ អ្នកយកព័ត៌មាននៃទីភ្នាក់ងារប្រចាំការនៃវិទ្យុសំឡេងវៀតណាម ប្រចាំនៅកម្ពុជា បានមានកិច្ចសម្ភាសន៍ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Nguyen Minh Vu។
![]() |
| ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Nguyen Minh Vu |
អ្នកយកព័ត៌មាន៖ ជម្រាបសួរលោកឯកអគ្គរដ្ឋទូត ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមលើកទី ២ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រព្រឹត្តទៅក្នុងខណៈពេលដែលទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងមានចលនាយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ ចាប់តាំងពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ ជាមួយនឹងសកម្មភាពទំនាក់ទំនងថ្នាក់ជាន់ខ្ពស់យ៉ាងរស់រវើកជាបន្តបន្ទាប់ ព្រមទាំងបណ្តាតួលេខទម្លុះទម្លាយអំពីសេដ្ឋកិច្ច - ពាណិជ្ជកម្ម តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងណាចំពោះបរិបទ និងសារៈសំខាន់យុទ្ធសាស្ត្រនៃដំណើរទស្សនកិច្ចលើកនេះ ចំពោះសភាពការណ៍រួមនៃទំនាក់ទំនងនៃប្រទេសទាំងពីរ?
ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មកកាន់ប្រទេសវៀតណាម ប្រព្រឹត្តទៅក្នុងបរិបទដែលសភាពការណ៍ពិភពលោក និងតំបន់មានការវិវត្តន៍យ៉ាងស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ជាមួយនឹងហានិភ័យ និងភាពមិនច្បាស់លាស់ជាច្រើន។
នៅក្នុងបរិបទនោះ ទំនាក់ទំនងនៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា បន្តត្រូវបានពង្រឹងនិងបង្កើននៅលើគ្រប់វិស័យ។ ភាគីទាំងពីរជម្រុញខ្លាំងក្លានូវការដាក់ឱ្យអនុវត្ត និងអនុវត្តបណ្តាទិសដៅយុទ្ធសាស្ត្រ ដែលត្រូវបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ នៅក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋ និងការអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់បក្សទាំង ២ បក្សទាំង ៣ នៅរដ្ឋធានីភ្នំពេញ របស់អគ្គលេខាធិការ លោក To Lâm នាថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ២០២៦។ សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងថ្នាក់ជាន់ខ្ពស់បានប្រព្រឹត្តទៅយ៉ាងរស់រវើកបំផុត។
លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈលេខា និងលោក Trinh Van Quyet សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា (នាខែមីនា-មេសា ឆ្នាំ ២០២៦)។ នាយករដ្ឋមន្ត្រី Le Minh Hung បានមានជំនួប និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្រៅក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន (នាខែឧសភា ឆ្នាំ ២០២៦)។
សម្តេច ម៉ែន សំអន អនុប្រធានបក្ស និងបណ្តាលោក លោកស្រីជារដ្ឋមន្ត្រីជាច្រើនរូបរបស់កម្ពុជា ក៏បានអញ្ជើញមកបំពេញទស្សនកិច្ច និងផ្លាស់ប្តូរយោបល់ជាមួយដៃគូវៀតណាមផងដែរ។ ការណ៍នេះបន្តរួមចំណែកពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវជំនឿចិត្តនយោបាយ ដែលជាកត្តាស្នូលដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។
ចំពោះសេដ្ឋកិច្ច ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ បន្តជាចំណុចលេចធ្លោ។ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ៥,០៣ ប៊ីលានដុល្លារអាមេរិក កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី ៣ របស់កម្ពុជា និងជាទីផ្សារនាំចេញធំជាងគេលំដាប់ទី ២ របស់កម្ពុជា។
វៀតណាមក៏ជាវិនិយោគិនឈានមុខគេមួយនៅកម្ពុជាផងដែរ ដោយមានគម្រោងចំនួន ២២៣ កំពុងមានសុពលភាព ជាមួយនឹងទុនចុះបញ្ជីសរុបជិត ៣ ប៊ីលានដុល្លារអាមេរិក ឈរនៅលំដាប់ទី ៥ ក្នុងចំណោមបណ្តាប្រទេស និងតំបន់ដែនដីដែលមានការវិនិយោគនៅកម្ពុជា។ សហគ្រាសវៀតណាមជាច្រើនដូចជា៖ Metfone, Thagrico, Angkor Milk... បន្តធ្វើអាជីវកម្ម និងមានប្រសិទ្ធភាពនៅកម្ពុជា រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
យើងអាចមានមោទនភាពនៅពេលដែល Metfone (Viettel Cambodia) គឺជាសហគ្រាសបង់ពន្ធលេខ ១ នៅកម្ពុជា ក្នុងឆ្នាំ ២០២៥ (មកទល់ពេលនេះ បានរួមចំណែកជាង ១,២ ប៊ីលានដុល្លារអាមេរិក ចូលទៅក្នុងថវិការដ្ឋកម្ពុជា)។
កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរក៏មានការអភិវឌ្ឍយ៉ាងខ្លាំងក្លាផងដែរ។ វៀតណាមគឺជាប្រភពភ្ញៀវទេសចរអន្តរជាតិឈានមុខគេរបស់កម្ពុជា ខណៈពេលដែលចំនួនភ្ញៀវទេសចរកម្ពុជាមកកាន់វៀតណាម តែងតែស្ថិតនៅក្នុងក្រុមទីផ្សារសំខាន់នៃវិស័យទេសចរណ៍វៀតណាម។ ទាំងនេះគឺជាគ្រឹះស្ថានដ៏មានចំណេញ ដើម្បីឱ្យប្រទេសទាំងពីរបន្តបើកទូលាយនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។
វិស័យការពារជាតិ-សន្តិសុខ បន្តជាសសរទ្រូងដ៏សំខាន់នៅក្នុងទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលក្នុងនោះភាគីទាំងពីរបានដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសគឺនៅក្នុងវិស័យសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើសឆ្លងដែន បទល្មើសបច្ចេកវិទ្យ គ្រឿងញៀន ការជួញដូរមនុស្ស និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ តាមរយៈនោះរួមចំណែករក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាពនៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់។
ក្រៅពីនោះ ភាគីទាំងពីរបានជំរុញខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ការឃោសនា វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ កាលពី ២ សប្តាហ៍មុន វៀតណាមបានសម្របសម្រួលជាមួយកម្ពុជារៀបចំឡើងដោយជោគជ័យនូវសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា តាមរយៈនោះបង្កើតជាគ្រឹះស្ថាននៃការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីវប្បធម៌ ប្រទេសជាតិ និងមនុស្សនៃប្រទេសទាំងពីរ។
តាមកម្មវិធីដែលបានរំពឹងទុកនៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមលើកនេះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅវេទិកាអនាគតអាស៊ានលើកទី ៣ ដែលរៀបចំឡើងដោយវៀតណាម ចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាធិការនិងជាប្រធានរដ្ឋ លោក To Lam ប្រធានសភាជាតិ លោក Tran Thanh Man សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu ព្រមទាំងធ្វើកិច្ចពិភាក្សាទ្វេភាគី និងអញ្ជើញធ្វើជាសាក្សីជាមួយនាយករដ្ឋមន្ត្រី លោក Le Minh Hung ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន។
ហេតុដូច្នេះហើយ ខ្ញុំមានជំនឿចិត្តថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបញ្ជាក់ពីការគាំទ្រយ៉ាងសកម្មរបស់កម្ពុជាចំពោះព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំឡើង គាំទ្រដល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញការកសាងសហគមន៍អាស៊ានឱ្យមានការផ្សារភ្ជាប់គ្នានិងស្វ័យបំរុងនោះទេ ប៉ុន្តែថែមទាំងជំរុញទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ពិសេសគឺនៅក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៀតផង។
លទ្ធផលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងបង្កើតជាកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យបន្តឈានចូលទៅក្នុងភាពស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកបង្កើតបរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងរួមចំណែកយ៉ាងជាក់ស្តែងទៅក្នុងកិច្ចការកសាងសហគមន៍អាស៊ាន។
អ្នកយកព័ត៌មាន៖ ជម្រាបសួរលោកឯកអគ្គរដ្ឋទូត ចំណុចលេចធ្លោដ៏ពិសេសមួយនៅក្នុងដំណើរទស្សនកិច្ចលើកនេះ គឺការដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមជាលើកដំបូងនៅក្នុងវេទិកាអនាគតអាស៊ានលើកទី ៣ នៅទីក្រុងហាណូយ។ នៅក្នុងបរិបទដែលវេទិកាឆ្នាំនេះផ្តោតសំខាន់លើបណ្តាបញ្ហាបច្ចុប្បន្នភាព ដូចជាការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) ឬការបំប្លែងឌីជីថល តើវត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងរួមចំណែកយ៉ាងណាដល់ការរឹតបន្តឹងចំណងសាមគ្គីភាពទ្វេភាគី ក៏ដូចជាការបង្កើតជារូបរាងនូវអនាគតរួមរបស់ប្លុកទាំងមូល?
ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu៖ វេទិកាអនាគតអាស៊ាន គឺជាគំនិតផ្តួចផ្តើមនៃកិច្ចសន្ទនាដ៏សំខាន់មួយដែលស្នើឡើងដោយវៀតណាម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែកញ្ញា ឆ្នាំ ២០២៣។ នៅក្នុងឆ្នាំ ២០២៤ និង ២០២៥ វៀតណាមបានរៀបចំវេទិកានេះជាលើកទី ១ និងលើកទី ២ ជាបន្តបន្ទាប់។
វេទិកានេះកាន់តែទទួលបានការយកចិត្តទុកដាក់ពីបណ្តាប្រទេសទាំងក្នុងនិងក្រៅតំបន់ ដោយបង្កើតបានជាលំហសន្ទនាមួយដ៏បើកចំហ វិសាលភាពច្រើនជ្រុងជ្រោយ និងបរិយាបន្ន ព្រមទាំងរួមចំណែកនូវគំនិតនានាសម្រាប់ចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែងរបស់អាស៊ាន ស្វែងរកដំណោះស្រាយឆ្លើយតបនឹងរាល់បញ្ហាប្រឈមជាសកលនិងតំបន់ និងជំរុញបាវចនាយកប្រជាជនជាមជ្ឈមណ្ឌល។
នៅក្នុងឆ្នាំ ២០២៦ នេះ វៀតណាមបន្តរៀបចំវេទិកាអនាគតអាស៊ានលើកទី ៣ ក្រោមប្រធានបទ «រួមគ្នាបង្កើតជារូបរាងនូវអនាគតរួម៖ សន្តិភាព វិបុលភាព យកប្រជាជនជាមជ្ឈមណ្ឌល» ដែលក្នុងនោះផ្តោតសំខាន់លើការពិភាក្សាអំពីបណ្តាបញ្ហាប្រឈមថ្មីៗ ដូចជាការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) សន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព។
ខ្ញុំយល់ឃើញថា ប្រធានបទនេះមិនត្រឹមតែជាការយកចិត្តទុកដាក់របស់វៀតណាមនិងកម្ពុជានោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីនិន្នាការ និងការយកចិត្តទុកដាក់រួមរបស់បណ្តាប្រទេសទាំងអស់ទាំងក្នុងនិងក្រៅតំបន់នាពេលបច្ចុប្បន្នផងដែរ។ ហេតុដូច្នេះហើយ វេទិកានឹងជំរុញការផ្លាស់ប្តូរកិច្ចសន្ទនា បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍ កសាងសហគមន៍អាស៊ានមួយប្រកបដោយសន្តិភាព ការផ្សារភ្ជាប់គ្នា វិបុលភាព ស្វ័យបំរុង នវានុវត្តន៍ និងយកប្រជាជនជាមជ្ឈមណ្ឌល។
វៀតណាមមានសេចក្តីត្រេកអរ និងវាយតម្លៃខ្ពស់បំផុតចំពោះការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថារបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាអនាគតអាស៊ានលើកនេះ តាមរយៈនោះរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឡើងនូវភាពជោគជ័យរបស់វេទិកា ព្រមទាំងបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមកនៃប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌសហប្រតិបត្តិការពហុភាគី។
ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា សុន្ទរកថារបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងនាំមកនូវទស្សនៈជាក់ស្តែងរបស់កម្ពុជាអំពីបណ្តាបញ្ហាក្តៅគគុកនាពេលបច្ចុប្បន្នដែលត្រូវដោះស្រាយ ដូចជាការលើកកម្ពស់ភាពស្វ័យបំរុងក្នុងតំបន់ ការតភ្ជាប់សេដ្ឋកិច្ច និងសន្តិសុខថាមពល ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) ការបំប្លែងឌីជីថល និងនវានុវត្តន៍ ក៏ដូចជារួមចំណែកនូវអនុសាសន៍នានាសម្រាប់ដំណើរការដាក់ឱ្យអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។
ភាពជោគជ័យនៃដំណើរទស្សនកិច្ច និងការរួមចំណែករបស់កម្ពុជានៅក្នុងវេទិកានឹងលើកកម្ពស់កិត្យានុភាព ឋានៈរបស់ប្រទេសទាំងពីរ ទន្ទឹមនឹងនោះបញ្ជាក់ពីតួនាទីម្ចាស់ការ និងការទទួលខុសត្រូវរបស់វៀតណាមនិងកម្ពុជា ក្នុងការកសាងសហគមន៍អាស៊ាន ក៏ដូចជាការបង្កើតឡើងនូវសន្តិភាព និងវិបុលភាពរួមសម្រាប់តំបន់។
អ្នកយកព័ត៌មាន៖ ជម្រាបសួរលោកឯកអគ្គរដ្ឋទូត យើងកំពុងឆ្ពោះទៅរកពិធីអបអរសាទរខួបលើកទី ៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត (១៩៦៧ - ២០២៧) ប្រទេសទាំងពីរកំពុងឈរនៅចំពោះមុខកាលានុវត្តភាពដ៏ធំធេង ប៉ុន្តែក៏ត្រូវប្រឈមមុខនឹងការប្រែប្រួលថ្មីៗជាច្រើនផងដែរ។ នៅក្នុងបរិបទនោះ តើអ្វីទៅជាបណ្តាទិសដៅដែលមានលក្ខណៈ «រស់រវើកនិងសំខាន់បំផុត» ដើម្បីជំរុញសហប្រតិបត្តិការទ្វេភាគីឱ្យឈានចូលទៅក្នុងភាពស៊ីជម្រៅក្នុងដំណាក់កាលខាងមុខ?
ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu៖ ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបង្កើតជាកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យបន្តឈានចូលទៅក្នុងភាពស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាពិសេសគឺក្នុងខណៈពេលដែលប្រទេសទាំងពីរកំពុងត្រៀមលក្ខណៈរៀបចំខួបលើកទី ៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា ដែលជាដំណើរផ្លូវមួយមានអត្ថន័យដ៏ពិសេសនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី។ ឆ្លងកាត់ដំណាក់កាលឡើងចុះជាច្រើននៃប្រវត្តិសាស្ត្រ ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានកសាង និងពូនជ្រំនៅលើគ្រឹះស្ថាននៃចំណងមិត្តភាព សាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក និងបណ្តាផលប្រយោជន៍យុទ្ធសាស្ត្ររួម ដោយក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។
បច្ចុប្បន្ននេះ ទំនាក់ទំនងវៀតណាម - កម្ពុជា កំពុងឈរនៅចំពោះមុខកាលានុវត្តភាពថ្មីៗ ទន្ទឹមនឹងនោះក៏រងឥទ្ធិពលពីការប្រែប្រួលយ៉ាងធំធេងនៃសភាពការណ៍អន្តរជាតិនិងតំបន់ផងដែរ។ ការអភិវឌ្ឍយ៉ាងផ្ទុះឡើងនៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និន្នាការនៃការបំប្លែងឌីជីថល ការបំប្លែងបៃតង ការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ រួមជាមួយបណ្តាបញ្ហាប្រឈមអំពីសន្តិសុខថាមពល សន្តិសុខមិនមែនប្រពៃណី ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងប្រកបដោយចីរភាពនូវប្រភពទឹកទន្លេមេគង្គ កំពុងដាក់ចេញនូវតម្រូវការកាន់តែខ្ពស់ឡើងៗចំពោះការសម្របសម្រួលគ្នារវាងប្រទេសទាំងពីរ។
នៅក្នុងបរិបទនោះ ខ្ញុំយល់ឃើញថា មានទិសដៅធំៗមួយចំនួនដែលភាគីទាំងពីរចាំបាច់ត្រូវបន្តផ្តល់អាទិភាពជំរុញ៖ ជាដំបូង គឺបន្តពង្រឹងជំនឿចិត្តនយោបាយ និងរក្សាបណ្តាយន្តការទំនាក់ទំនងថ្នាក់ជាន់ខ្ពស់ជាប្រចាំ តាមរយៈនោះបង្កើតជាគ្រឹះស្ថានដ៏រឹងមាំសម្រាប់ការបើកទូលាយនូវកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យផ្សេងៗទៀត។
ទីពីរ គឺបង្កើនការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ តាមទម្រង់ទិសដៅជាក់ស្តែង មានប្រសិទ្ធភាព និងប្រកបដោយចីរភាព ជម្រុញខ្លាំងក្លានូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឡូជីស្ទីក ច្រកទ្វារព្រំដែន សេដ្ឋកិច្ចព្រំដែន និងខ្សែសង្វាក់ផ្គត់ផ្គង់រវាងខឿនសេដ្ឋកិច្ចទាំងពីរ។
ទីបី គឺបន្តជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យថ្មីៗ ដូចជាការបំប្លែងឌីជីថល នវានុវត្តន៍ សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍នៅក្នុងដំណាក់កាលថ្មី។
ទីបួន គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ការគ្រប់គ្រងព្រំដែន ការបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែន ព្រមទាំងបណ្តាបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ចុងក្រោយបង្អស់ ខ្ញុំយល់ឃើញថា ប្រទេសទាំងពីរចាំបាច់ត្រូវយកចិត្តទុកដាក់ជាពិសេសដល់សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសគឺរវាងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ។ នេះគឺជាកត្តាមានអត្ថន័យរស់រវើកនិងសំខាន់បំផុត សំដៅថែរក្សានិងពង្រីកនូវបណ្តាតម្លៃដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - កម្ពុជា បង្កើតជាគ្រឹះស្ថានដ៏រឹងមាំ ធានាឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងបណ្តាទសវត្សរ៍ខាងមុខ។
ខ្ញុំមានជំនឿចិត្តថា ជាមួយនឹងគ្រឹះស្ថានដែលត្រូវបានយករចិត្តទុកដាក់ពូនជ្រំដោយជំនាន់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ រួមជាមួយការប្តេជ្ញាចិត្តនយោបាយយ៉ាងខ្លាំងក្លារបស់បណ្តាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន ទំនាក់ទំនងវៀតណាម - កម្ពុជា នឹងបន្តអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ធំទូលាយ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត រួមចំណែកយ៉ាងសកម្មទៅក្នុងសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។
អ្នកយកព័ត៌មាន៖ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឯកអគ្គរដ្ឋទូត!
យុគសម័យ - នាថ្ងៃទី ២៥ ខែឧសភា នៅទីក្រុង Ho Chi Minh សមាគមមិត្តភាព វៀតណាម - កម្ពុជា និងសមាគមមិត្តភាព កម្ពុជា - វៀតណាម បានរៀបចំសន្និសីទរួមគ្នាលើកទី IV។ ការតភ្ជាប់យុវជន ការគាំទ្រនិស្សិតកំពុងសិក្សានៅបរទេស កិច្ចសហប្រតិបត្តិការសហគ្រាស និងការដោះដូររវាងមូលដ្ឋាននិងមូលដ្ឋាន គឺជាបណ្ដាខ្លឹមសារដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់តំណាងជាច្រើនរូប។ |
យុគសម័យ - នៅក្នុងអត្ថបទសរសេរដែលបានបោះពុម្ពផ្សាយចំឱកាសពិសេសនេះ CEN បានចូលជ្រៅណែនាំអំពីជីវប្រវត្តិ, ស្នាដៃ, ជីវិតសកម្មភាពបដិវត្តន៍របស់ «វីរបុរសជាតិ ប្រធាន Ho Chi Minh»; ទន្ទឹមនឹងនោះ បានសង្កត់ធ្ងន់លើបណ្ដាសមិទ្ធផល និងបេតិកភណ្ឌដែលលោកប្រធានបានបន្សល់ទុកសម្រាប់មាតុភូមិ និងប្រជាជនវៀតណាម។ |

មតិពីមិត្តអ្នកអាន