សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យអភិបាលរាជធានី ខេត្ត បញ្ឈប់ការប្រមូលប្រជាពលរដ្ឋមកហ្វឹកហាត់រៀនសូត្របណ្ដុះបណ្ដាល សម្រាប់ការបោះឆ្នោតសាកល្បងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១ខាងមុខ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ។
![]() |
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា |
ក្នុងសារជាសំឡេងបន្ទាន់ នាយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជូនឯកឧត្ដម លោកជំទាវ អភិបាលរាជធានី-ខេត្ត សម្ដេចតេជោ ហ៊ុន សែន មានប្រសាន៍ថា ថ្ងៃនេះខ្ញុំទើបបានទទួលព័ត៌មានថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ នឹងមានការបោះឆ្នោតសាកល្បង នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ សម្ដេចតេជោថ្លែងថា “ខ្ញុំពុំបានដឹងនូវហេតុការណ៍នេះទេ តែខ្ញុំទើបបានទទួលព័ត៌មានពីខេត្តសៀមរាប អំពីតម្រូវការនៃការហ្វឹកហ្វឺនប្រជាជនសម្រាប់ការបោះឆ្នោតសាកល្បង នៃការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២១”។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ដោយយោងទៅលើសភាពការណ៍ជាក់ស្ដែងនៅកម្ពុជា ជំងឺកូវីដ-១៩ កំពុងវ៉ៃលុកដែលក្នុងមួយថ្ងៃៗប្រជាជនឆ្លងរាប់រយនាក់ និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះគ្មានការចាំបាច់ណា ដើម្បីនឹងធ្វើការបោះឆ្នោតសាកល្បងនោះទេ ព្រោះពេលវេលានេះ យើងត្រូវផ្ដល់អាទិភាព និងប្រមូលគ្រប់កម្លាំងទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ វាមិនមែនជាពេលវេលា ដើម្បីប្រមូលប្រជាជនមកធ្វើការរៀនសូត្រ ហើយធ្វើការបោះឆ្នោតសាកល្បងនោះឡើយ ហើយពេលវេលានេះ សូម្បីតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវចូលរួមដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩។ដូច្នេះការប្រមូលប្រជាជនណាមួយ ដើម្បីមកជួបជុំដើម្បីហ្វឹកហាត់សម្រាប់ការបោះឆ្នោតសាកល្បង គឺគ្មានការចាំបាច់នោះទេ។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា “ខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលកំពុងធ្វើលិខិត ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឱ្យលុបចោលការបោះឆ្នោតសាកល្បង ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ ប៉ុន្តែដើម្បីចៀសវាងនូវកិច្ចការបន្ទាន់ ដែលថ្ងៃស្អែកនេះគឺមានការហ្វឹកហាត់ សូម្បីតែនៅខេត្តសៀមរាប ស្រុកចំនួនពីរដែលមានការឆ្លងរីករាលដាល ក៏ត្រូវប្រមូលប្រជាជនរាប់រយនាក់ ដើម្បីទៅធ្វើការសាកល្បងរៀនសូត្រក្នុងការបោះឆ្នោត ក្នុងពេលវេលាដែលយើងកំពុងប្រឈមជាមួយនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងការបង្កបង្កើនផលរបស់ប្រជាជនផងនោះ។ ដូច្នេះខ្ញុំសូមចេញបទបញ្ជា ជូនទៅឯកឧត្ដម លោកជំទាវ ដែលជាអភិបាលរាជធានី ខេត្តទាំងអស់ សូមកុំប្រមូលប្រជាជនមកធ្វើការបណ្ដុះបណ្ដាលរៀនសូត្រ សម្រាប់ការបោះឆ្នោតសាកល្បងនេះ ចាប់ពីពេលទទួលបទបញ្ជានេះតទៅ។ព្រោះខ្ញុំបានដឹងថានៅថ្ងៃស្អែកនេះ នឹងមានការហ្វឹកហាត់នៅខេត្តមួយចំនួន ដូច្នេះខ្ញុំត្រូវបង្ខំចិត្តចេញបទបញ្ជានេះ ដើម្បីទប់ស្កាត់ការប្រមូលប្រជាជនដើម្បីមកហ្វឹកហាត់ ប្រើប្រាស់ប៊ិច ឬក៏របៀបណាមួយនោះ ក្នុងការបោះឆ្នោតសាកល្បង ដែលគ្មានការចាំបាច់ទាល់តែសោះ។”
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសូមអភ័យទោស ចំពោះឯកឧត្ដម លោកជំទាវ នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយសម្ដេចបានបញ្ជាក់ថា«ព្រោះខ្ញុំគ្មានជម្រើសណាឱ្យល្អជាងជម្រើស ដែលខ្ញុំត្រូវអំពាវនាវចំពោះប្រជាពលរដ្ឋ ដាក់បទបញ្ជាឱ្យអភិបាលរាជធានី ខេត្ត ដើម្បីបញ្ឈប់ការប្រមូលប្រជាជនមកធ្វើការរៀនសូត្រ តាមការចាត់តាំងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ទាំងថ្នាក់ជាតិ ឬថ្នាក់ខេត្ត ឬក៏ថ្នាក់ណាក៏ដោយចុះ»។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលយកនូវលិខិតស្នើសុំជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងឋានៈជាតំណាងឱ្យជាតិទាំងមូល ក្នុងការគ្រប់គ្រង និងដោះស្រាយការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក៏ដូចជា កិច្ចការទាក់ទងនឹងសកម្មភាពសេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិ ហើយសូមមេត្តាលុបចោលនៅការបោះឆ្នោត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ តាមសំណូមពរនៃលិខិតផ្លូវការ។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា យើងគោរពទៅដល់ឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវតែយល់កិច្ចការដ៏លំបាករបស់អង្គនីតិប្រតិបត្តិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ ក៏ដូចជាយល់ទៅដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងតែរងសម្ពាធនៃការវ៉ៃលុករបស់កូវីដ-១៩ ក៏ដូចជាកំពុងតែខិតខំស្ដារឡើងវិញនូវជីវភាពទាំងសេដ្ឋកិច្ច សង្គម៕
information.kh/ FN
មតិពីមិត្តអ្នកអាន