សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ បានផ្ដល់ទស្សនៈ៤ចំណុចក្នុងជំរុញការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចអាស៊ី។
![]() |
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា |
ការផ្ដល់ទស្សនៈនេះ ប្រារព្ធឡើងនៅក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពី “អនាគតរបស់អាស៊ី” ក្រោមប្រធានបទ “ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវិដ៖ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ” តាមរយៈប្រព័ន្ធវីដេអូ សម្រាប់ថ្នាក់ដឹកនាំ និងដៃគូពាក់ព័ន្ធទាំងអស់។
ដើម្បីជំរុញការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចប្រកបដោយសមធម៌ ចីរភាព និងបរិយាបន្ន សម្ដេចគូសរំលេចនូវទស្សនៈ៤ចំណុច លើកិច្ចការអាទិភាព និងទិសដៅកិច្ចសហប្រតិបត្តិការ ត្រូវចាំបាច់គិតគូរ៖
ទី១. ចំពោះមុខ ការទប់ស្កាត់ការឆ្លងរីករាលដាល និងការគ្រប់គ្រងផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ-១៩ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីឱ្យប្រទេសទាំងអស់អាចចាប់ផ្ដើមដំណើរការស្ដារ និងងើបឡើងវិញបានប្រកបដោយប្រសិទ្ធភាព។
ទី២. អាស៊ីចាំបាច់ត្រូវដឹកមុខក្នុងការបើកចំហរនូវទីផ្សារពាណិជ្ជកម្មលើឧបករណ៍វេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ស្បៀងអាហារ ដោយមិនត្រូវបានដាក់កម្រិតណាមួយទេ ពិសេសត្រូវកាត់បន្ថយ ឬលុបបំបាត់ពន្ធគយ និងកែសម្រួលវិធានមិនមែនពន្ធនានា លើទំនិញ និងសេវាកម្មវេជ្ជសាស្ត្រ និងលុបបំបាត់ការរឹតត្បិតការនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិ។
ទី៣. អាស៊ីត្រូវពង្រឹងយន្តការក្នុងតំបន់ក្នុងការសម្របសម្រួលការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់។
៤. ការពង្រឹងគោការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ នៅតែជាកិច្ចការចាំបាច់ តាមរយៈការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ស៊ីជម្រៅ និងពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ឧស្សាហកម្ម ទិន្នន័យព័ត៌មាន ធនធានមនុសុ្ស និងកិច្ចសម្រួលពាណិជ្ជកម្ម៕
FN/Kampucheathmey
មតិពីមិត្តអ្នកអាន