Trending now

ថៃ៖ ចុងចោទដកកាំភ្លើងបាញ់សម្លាប់ដើមចោទនិងមេធាវី ក្នុងបន្ទប់សវនាការនៅខេត្តចន្ទបុរី

19:05 | 13/11/2019

ចុងចោទម្នាក់ដែលជាអតីតមន្រ្តីប៉ូលិស បានបាញ់សម្លាប់បុគ្គលជាដើមចោទព្រមទាំងមេធាវីរបស់បុគ្គលម្នាក់នោះ ក្នុងបន្ទប់សវនាការ​នៅខេត្តចន្ទបុរីភាគអាគ្នេយ៍ប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ថៃ៖ ចុងចោទដកកាំភ្លើងបាញ់សម្លាប់ដើមចោទនិងមេធាវី ក្នុងបន្ទប់សវនាការនៅខេត្តចន្ទបុរី។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ នៅពេលចុងចោទឈ្មោះ Thanin Chantratip អាយុ៦៧ឆ្នាំ បានឈ្លោះ​ប្រកែកគ្នានៅក្នុងបន្ទប់សវនាការ ពាក់ព័ន្ធនឹងសំណុំរឿងបញ្ហាដីធ្លីដែលអូសបន្លាយយូរឆ្នាំមកហើយ ជាមួយដើមចោទឈ្មោះ Bancha Porameesanaporn អាយុ៦១ឆ្នាំ។ កំឡុងពេលនោះ លោក Thanin បានដកកាំភ្លើងបាញ់លើលោក Bancha និងគ្នីគ្នា។ ភ្លាមៗលោក Thanin ក៏ត្រូវបានមន្រ្តីប៉ូលិសដែលកំពុងប្រចាំការបាញ់សម្លាប់។ ចំណែកឯ លោក Bancha និងមេធាវីលោកឈ្មោះ Wijai Sukharom អាយុ៥១ឆ្នាំ ដែលត្រូវគេអះអាងថាធ្លាប់ជាមេធាវីរបស់អតីតនាយករដ្ឋមន្រ្តីថៃគឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នោះ បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ខណៈមនុស្សពីរនាក់ទៀតក៏បានរងរបួសផងដែរ។

គួរជម្រាបថា ប៉ុន្មានខែចុងក្រោយនេះ ករណីបាញ់ប្រហារជាច្រើនបានកើតមានឡើង ក្នុងបន្ទប់សវនាការនៃតុលាការនៅប្រទេសថៃ។ កាលពីសប្តាហ៍មុន ជនសង្ស័យគ្រឿងញៀន៣នាក់ ក្នុងនោះមានជនជាតិអាមេរិកម្នាក់ បានរត់គេចខ្លួនចេញពីតុលាការនៅក្រុង Pattaya ប្រទេសថៃ ដោយប្រើកាំភ្លើងនិងកាំបិត មុនពេលត្រូវចាប់ខ្លួនបានមកវិញដោយប៉ូលិសថៃ។ រីឯកាលពីខែតុលាកន្លងទៅនេះ ចៅក្រមថៃម្នាក់​បានទាញកាំភ្លើងបាញ់ចំដើមទ្រូងខ្លួនឯងតែមិនស្លាប់ បន្ទាប់ពីបានសម្រេចលើកលែងទោសឲ្យជនសង្ស័យប៉ុន្មាននាក់ ហើយថ្កោលទោសប្រព័ន្ធយុត្តិធម៌នៅ​ប្រទេសថៃ៕

(ប្រភពព័ត៌មាន: FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦