ការផ្លាស់ប្តូរវប្បធម៌នៃបណ្តាជនជាតិនៅរដ្ឋធានីហាណូយ

15:17 | 19/11/2026 សុវណ្ណា

យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១៤ និងទី ១៥ ខែវិច្ឆិកា នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម (ឃុំ Doai Phuong រដ្ឋធានីហាណូយ) បងប្អូនជនជាតិនានាដែលមកពីមូលដ្ឋានជាច្រើន បានចូលរួមក្នុងការផ្លាស់ប្តូរ និងឧទ្ទេសនាមអំពីតម្លៃវប្បធម៌ប្រពៃណី តាមរយៈការសម្តែងចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ការប្រគំឧបករណ៍តន្ត្រី មុខរបរសិប្បកម្ម និងពិធីសាសនាប្រជាប្រិយ។ សកម្មភាពនេះបានរួមចំណែកថែរក្សាអត្តសញ្ញាណ និងពង្រឹងចំណងសាមគ្គីភាពរវាងសហគមន៍ជនជាតិនានានៅវៀតណាម។

ភរិយាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងភរិយារបស់ប្រធានាធិបតីប៉ាណាម៉ា ស្វែងយល់អំពីវប្បធម៌បណ្តាជនជាតិនៃប្រទេសវៀតណាម សន្និសីទជនជាតិវៀតណាមនៅបរទេសទូទាំងពិភពលោកលើកទី ៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែធ្នូ

នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា កម្មវិធីផ្លាស់ប្តូរ «សម្រស់ពណ៌សម្បុរវប្បធម៌នៃបណ្តាជនជាតិវៀតណាម» បានប្រព្រឹត្តទៅនៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម ក្នុងក្របខ័ណ្ឌនៃសកម្មភាពជាបន្តបន្ទាប់ឆ្ពោះទៅរកការរំលឹកខួបលើកទី ៩៦ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៩៣០ - ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៦) ដើម្បីអបអរសាទរទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងរំលឹកខួបលើកទី ៨០ នៃសន្និសីទវប្បធម៌ទូទាំងប្រទេសលើកទី ១ (ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៦)។

កម្មវិធីនេះមានការចូលរួមពីបងប្អូនជនជាតិចំនួន ១៦ ជនជាតិ ដែលកំពុងរស់នៅ និងធ្វើសកម្មភាពជាប្រចាំនៅក្នុងភូមិ រួមជាមួយនឹងក្រុមសិប្បករជនជាតិ Dao ដែលមកពីខេត្ត Quang Ninh និងជនជាតិ Cham ដែលមកពីខេត្ត Khanh Hoa។

តាមរយៈសកម្មភាពសម្តែង ការតាំងពិព័រណ៍ និងការទទួលយកបទពិសោធន៍ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានឱកាសស្វែងយល់អំពីលក្ខណៈពិសេសនៅក្នុងជីវភាពវប្បធម៌ ទំនៀមទម្លាប់ ជំនឿ និងមុខរបរប្រពៃណីរបស់សហគមន៍ជនជាតិនានា។

លើកតម្កើងអត្តសញ្ញាណ និងបង្កើនការផ្សារភ្ជាប់ទំនាក់ទំនងសហគមន៍

ថ្លែងនៅក្នុងកម្មវិធី លោក Pham Tuan Long ប្រធានមន្ទីរវប្បធម៌ និងកីឡារដ្ឋធានីហាណូយ បានសង្កត់ធ្ងន់ថា សកម្មភាពផ្លាស់ប្តូរនេះគឺជាឱកាសដើម្បីលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិវៀតណាមទាំង ៥៤ ព្រមទាំងបញ្ជាក់ពីកម្លាំងនៃស្មារតីសាមគ្គីភាព ក្តីមេត្តាករុណា និងការផ្សារភ្ជាប់គ្នានៅក្នុងមហាគ្រួសារនៃបណ្តាជនជាតិ។

យោងតាមលោក កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងពេលវេលាដែលប្រទេសទាំងមូលកំពុងឆ្ពោះទៅរកការរំលឹកខួបលើកទី ៩៦ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម ទិវាបុណ្យមហាសាមគ្គីភាពទូទាំងប្រជាជាតិ ទិវាវប្បធម៌វៀតណាម និងខួបលើកទី ៨០ នៃសន្និសីទវប្បធម៌ទូទាំងប្រទេសលើកទី ១។

នេះគឺជាឱកាសសម្រាប់សហគមន៍នានាបានជួបជុំ ផ្លាស់ប្តូរ និងរួមគ្នាឧទ្ទេសនាម ក៏ដូចជាស្វែងយល់អំពីតម្លៃវប្បធម៌ដែលត្រូវបានថែរក្សា និងផ្ទេរបន្តឆ្លងកាត់ច្រើនជំនាន់មកហើយ។

កម្មវិធី «សម្រស់ពណ៌សម្បុរវប្បធម៌នៃបណ្តាជនជាតិវៀតណាម» គឺជាសកម្មភាពដើម្បីអបអរសាទរទិវាវប្បធម៌វៀតណាម នាថ្ងៃទី ២៤ ខែវិច្ឆិកា។
កម្មវិធី «សម្រស់ពណ៌សម្បុរវប្បធម៌នៃបណ្តាជនជាតិវៀតណាម» គឺជាសកម្មភាពដើម្បីអបអរសាទរទិវាវប្បធម៌វៀតណាម នាថ្ងៃទី ២៤ ខែវិច្ឆិកា។

លោក Pham Tuan Long បានបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែង បងប្អូនជនជាតិទាំង ៥៤ បានរួមគ្នាកសាងវប្បធម៌វៀតណាមដែលមានឯកភាពក្នុងភាពចម្រុះ។ ភាពសម្បូរបែបនេះត្រូវបានបង្ហាញតាមរយៈភាសា សម្លៀកបំពាក់ ទំនៀមទម្លាប់ ពិធីបុណ្យ សិល្បៈប្រជាប្រិយ មុខរបរសិប្បកម្ម និងម្ហូបអាហាររបស់សហគមន៍នីមួយៗ។

ជនជាតិនីមួយៗមានអត្តសញ្ញាណដោយឡែករៀងៗខ្លួន ប៉ុន្តែតម្លៃវប្បធម៌ទាំងនោះសុទ្ធតែបានរួមចំណែកបង្កើតបានជាទ្រព្យសម្បត្តិរួមរបស់ជាតិ។

តាមរយៈរបាំ បទចម្រៀងប្រជាប្រិយ សម្លៀកបំពាក់ប្រពៃណី និងផលិតផលសិប្បកម្ម កម្មវិធីនេះបានបង្កើតលំហសម្រាប់បងប្អូនជនជាតិឧទ្ទេសនាមអំពីតម្លៃវប្បធម៌នៃសហគមន៍របស់ខ្លួន ព្រមទាំងស្វែងយល់ និងគោរពអត្តសញ្ញាណរបស់ជនជាតិដទៃទៀត។

យោងតាមប្រធានមន្ទីរវប្បធម៌ និងកីឡារដ្ឋធានីហាណូយ ស្មារតីមហាសាមគ្គីភាពចាប់ផ្តើមចេញពីការយល់ចិត្ត និងការគោរពវប្បធម៌របស់គ្នាទៅវិញទៅមក។

នោះអាចជាក្តីរំភើបរីករាយរបស់ប្រជាជននៅតំបន់ទំនាប នៅពេលបានទស្សនារបាំ Xoang នៅតំបន់ខ្ពង់រាប Tay Nguyen ឬមោទនភាពរបស់បងប្អូនជនជាតិនៅតំបន់ភ្នំ នៅពេលបាននាំយកមុខរបរប្រពៃណីមកឧទ្ទេសនាមជូនសាធារណជននៅរដ្ឋធានី។

ការផ្លាស់ប្តូរ ការចែករំលែក និងការយល់ចិត្តគ្នា បានរួមចំណែកពង្រឹងមនោសញ្ចេតនាផ្សារភ្ជាប់រវាងសហគមន៍នានា ព្រមទាំងលើកកម្ពស់ប្រពៃណីស្នេហាជាតិ គុណធម៌ និងការស្រឡាញ់រាប់អានគ្នារបស់ប្រជាជាតិវៀតណាម។

លោក Pham Tuan Long ក៏បានសង្កត់ធ្ងន់ផងដែរថា សាមគ្គីភាពគឺជាកម្លាំងដែលជួយឱ្យប្រជាពលរដ្ឋជម្នះរាល់ការលំបាក និងរួមគ្នាកសាង និងការពារមាតុភូមិ។ ភាពចម្រុះនៃភាសា ទំនៀមទម្លាប់ និងជំនឿ បានធ្វើឱ្យវប្បធម៌ជាតិកាន់តែសម្បូរបែប ខណៈដែលស្មារតីនៃការគោរព និងការចែករំលែក បានបង្កើតនូវចំណងសាមគ្គីភាពដ៏រឹងមាំរវាងសហគមន៍នានា។

ក្នុងតួនាទីជារដ្ឋធានីដែលមានអរិយធម៌រាប់ពាន់ឆ្នាំ ជាទីក្រុងដើម្បីសន្តិភាព និងជាទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO រដ្ឋធានីហាណូយ គឺជាកន្លែងប្រមូលផ្តុំ ផ្លាស់ប្តូរ និងផ្សព្វផ្សាយតម្លៃវប្បធម៌ដ៏លេចធ្លោរបស់ប្រទេសទាំងមូល។

ក្រៅពីការថែរក្សាបេតិកភណ្ឌ Thang Long - ហាណូយ ទីក្រុងយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល ដើម្បីឱ្យសម្រស់វប្បធម៌នៃតំបន់នានាត្រូវបានឧទ្ទេសនាមទៅកាន់សាធារណជន។

ប្រធានមន្ទីរវប្បធម៌ និងកីឡារដ្ឋធានីហាណូយ លោក Pham Tuan Long ឡើងថ្លែងសុន្ទរកថា។
ប្រធានមន្ទីរវប្បធម៌ និងកីឡារដ្ឋធានីហាណូយ លោក Pham Tuan Long ឡើងថ្លែងសុន្ទរកថា។

រដ្ឋធានីហាណូយបានកំណត់ថា វប្បធម៌គឺជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងជាស្ពានតភ្ជាប់សហគមន៍ ផ្សព្វផ្សាយតម្លៃមនុស្សធម៌ និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗចំពោះការការពារបេតិកភណ្ឌ។

ការរៀបចំកម្មវិធីនៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម បានរួមចំណែកពង្រីកឱកាសទទួលបាន និងទទួលយកបទពិសោធន៍វប្បធម៌សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងលើកទឹកចិត្តសហគមន៍ឱ្យចូលរួមដោយផ្ទាល់ក្នុងការថែរក្សា អនុវត្ត និងផ្សព្វផ្សាយតម្លៃប្រពៃណីនានា។

ទទួលយកបទពិសោធន៍វប្បធម៌ជនជាតិ Dao ជនជាតិ Cham និងបណ្តាជនជាតិវៀតណាម

ក្នុងរយៈពេលពីរថ្ងៃនៃការប្រារព្ធកម្មវិធី សកម្មភាពតាំងពិព័រណ៍ ការផ្លាស់ប្តូរ និងការសម្តែងសិល្បៈប្រពៃណីជាច្រើនត្រូវបានរៀបចំឡើងនៅតាមលំហវប្បធម៌នានាក្នុងភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម។

ចំណុចលេចធ្លោមួយក្នុងចំណោមចំណុចលេចធ្លោនានា គឺលំហឧទ្ទេសនាមអំពីវប្បធម៌របស់បងប្អូនជនជាតិ Dao ខេត្ត Quang Ninh ជាមួយនឹងលក្ខណៈពិសេសអំពីសម្លៀកបំពាក់ ទំនៀមទម្លាប់ ជំនឿ ម្ហូបអាហារ និងសិល្បៈសម្តែងប្រជាប្រិយ។

បងប្អូនជនជាតិ Dao Thanh Phan បានសម្តែងរបាំកណ្តឹង និងផ្លុំស្នែងដែលផ្សារភ្ជាប់ជាមួយពិធីប្រគល់ស័ក្តិ និងបទចម្រៀងឆ្លើយឆ្លងស្នេហា។

បងប្អូនជនជាតិ Dao Thanh Y បានឧទ្ទេសនាមអំពីការសម្តែងរបាំ ការច្រៀងឆ្លើយឆ្លងស្នេហា និងបច្ចេកទេសប៉ាក់ក្បាច់នៅលើសម្លៀកបំពាក់ប្រពៃណី ដែលជួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរស្វែងយល់បន្ថែមអំពីតម្លៃវប្បធម៌ដែលត្រូវបានថែរក្សានៅក្នុងជីវភាពសហគមន៍។

ជាពិសេស កម្មវិធីបានសម្តែងឡើងវិញនូវពិធីបុណ្យ Song Mun ដែលជាពិធីបួងសួងសុំសេចក្តីសុខរបស់បងប្អូនជនជាតិ Dao Thanh Y ដោយបង្ហាញពីជីវភាពខាងជំនឿ រួមជាមួយនឹងសេចក្តីប្រាថ្នាចង់បានសេចក្តីសុខសាន្ត និងសំណាងល្អរបស់ប្រជាពលរដ្ឋ។

ក្រៅពីនេះ សិប្បករជនជាតិ Dao ខេត្ត Quang Ninh បានចូលរួមផ្លាស់ប្តូរជាមួយបងប្អូនជនជាតិ H'Mong ជនជាតិ Dao និងជនជាតិភាគខាងជើងមួយចំនួនទៀត ដោយឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ដោយឡែកតាមរយៈចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ឧបករណ៍តន្ត្រី មុខរបរសិប្បកម្ម ម្ហូបអាហារ និងល្បែងប្រជាប្រិយ។

នៅតាមលំហភូមិជនជាតិ Tay ភូមិជនជាតិ E De ប្រាសាទ Cham និងទីលាន Hung Vuong កម្មវិធីផ្លាស់ប្តូរ និងសម្តែងវប្បធម៌ សិល្បៈជាច្រើនបានប្រព្រឹត្តទៅ ដោយមានការចូលរួមពីសិប្បករ និងបងប្អូនជនជាតិដែលមកពីមូលដ្ឋាននានា។

ក្រុមសិប្បករជនជាតិ Dao ខេត្ត Quang Ninh បានសហការសម្តែងរួមជាមួយបងប្អូនជនជាតិ Tay និងជនជាតិ Nung ដែលមកពីខេត្ត Thai Nguyen ជនជាតិ Dao មកពីរដ្ឋធានីហាណូយ និងជនជាតិ H'Mong មកពីខេត្ត Tuyen Quang។

ក្រុមសិប្បករប្រជាប្រិយជនជាតិ Cham ខេត្ត Khanh Hoa បានផ្លាស់ប្តូរ និងសម្តែងរួមជាមួយបងប្អូនជនជាតិខ្មែរដែលមកពីទីក្រុង Can Tho។

ស្វែងយល់អំពីសម្រស់ពណ៌សម្បុរនៃបណ្តាជនជាតិវៀតណាម នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម។
ស្វែងយល់អំពីសម្រស់ពណ៌សម្បុរនៃបណ្តាជនជាតិវៀតណាម នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម។

សហគមន៍ជនជាតិ Muong ជនជាតិ Kho Mu ជនជាតិ Lao ជនជាតិ Thai និងបងប្អូនជនជាតិភាគតិចនៅតំបន់ខ្ពង់រាប Tay Nguyen ចំនួន ៧ ក្រុម ក៏បានចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរ និងសម្តែងផងដែរ ដែលបង្កើតបានជាលំហវប្បធម៌ដ៏សម្បូរបែប និងចម្រុះពណ៌។

នៅលំហវប្បធម៌ជនជាតិ Cham ភ្ញៀវទេសចរមានឱកាសទស្សនាការប្រគំឧបករណ៍តន្ត្រីប្រជាប្រិយ របាំផ្លិតបុរាណ និងស្វែងយល់អំពីសិល្បៈធ្វើក្អមឆ្នាំង Bau Truc។

សិប្បករបានបង្ហាញដោយផ្ទាល់នូវបច្ចេកទេសផលិតក្អមឆ្នាំង ព្រមទាំងឧទ្ទេសនាមអំពីផលិតផលក្អមឆ្នាំងប្រពៃណីដែលមានលក្ខណៈពិសេសនៃវប្បធម៌ជនជាតិ Cham។

តាមរយៈសកម្មភាពសម្តែង និងការអនុវត្តមុខរបរសិប្បកម្ម ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមិនត្រឹមតែបានទស្សនាសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសស្វែងយល់អំពីចំណេះដឹង ជំនាញ និងទំនៀមទម្លាប់ដែលសហគមន៍ជនជាតិនានាបានថែរក្សាឆ្លងកាត់ច្រើនជំនាន់មកហើយ។

ការចូលរួមរបស់បងប្អូនជនជាតិមកពីតំបន់ជាច្រើន បានរួមចំណែកបង្កើតនូវលំហនៃការផ្លាស់ប្តូរ ដែលជាកន្លែងសហគមន៍នីមួយៗឧទ្ទេសនាមអំពីអត្តសញ្ញាណដោយឡែករបស់ខ្លួន និងរួមគ្នាស្វែងយល់អំពីតម្លៃវប្បធម៌របស់ជនជាតិដទៃទៀត។

តាមរយៈនេះ កម្មវិធី «សម្រស់ពណ៌សម្បុរវប្បធម៌នៃបណ្តាជនជាតិវៀតណាម» បានរួមចំណែកអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ប្រពៃណី បង្កើនការយល់ដឹង និងការផ្សារភ្ជាប់រវាងសហគមន៍នានា ព្រមទាំងផ្សព្វផ្សាយស្មារតីមហាសាមគ្គីភាពទូទាំងប្រជាជាតិនៅក្នុងជីវភាពរស់នៅនាពេលបច្ចុប្បន្ន៕

ពណ៌សម្បុរវប្បធម៌វៀតណាមនៅចំកណ្តាលបេះដូងអូស្ត្រាលី ពណ៌សម្បុរវប្បធម៌វៀតណាមនៅចំកណ្តាលបេះដូងអូស្ត្រាលី
យុគសម័យ - កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ទិវាវប្បធម៌វៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ «ពណ៌សម្បុរស្រុកកំណើត» បានប្រព្រឹត្តទៅនៅទីលាន Forrest Place ទីក្រុង Perth (អូស្ត្រាលី) ដោយទាក់ទាញអ្នកចូលរួមជិត ៤.០០០ នាក់។ ជាមួយនឹងកម្មវិធីសិល្បៈនានាដែលបង្កប់នូវអត្តសញ្ញាណជាតិយ៉ាងជ្រាលជ្រៅ ព្រឹត្តិការណ៍នេះបានរួមចំណែកផ្សព្វផ្សាយវប្បធម៌ វៀតណាម ចងភ្ជាប់សហគមន៍ជនជាតិវៀតណាម និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ទីក្រុង Ha Noi ស្វែងរកឱកាសពង្រីកទីផ្សារទេសចរណ៍អង់គ្លេស និងអឺរ៉ុប ទីក្រុង Ha Noi ស្វែងរកឱកាសពង្រីកទីផ្សារទេសចរណ៍អង់គ្លេស និងអឺរ៉ុប
យុគសម័យ - កាលពីថ្ងៃទី ៣ ខែវិច្ឆិកា លំហទេសចរណ៍ Ha Noi បានសម្ពោធដំណើរការនៅឯពិព័រណ៍ទេសចរណ៍ពិភពលោក WTM London 2026 (ចក្រភពអង់គ្លេស) ដោយឧទ្ទេសនាមផលិតផលវប្បធម៌ បេតិកភណ្ឌ និងការពិសោធជាក់ស្តែងពិសេសដោយឡែកនៃរដ្ឋធានី។ ទីក្រុងក៏បានតភ្ជាប់ជាមួយសហគ្រាសអន្តរជាតិ ស្វែងរកឱកាសអភិវឌ្ឍផលិតផល ទាក់ទាញភ្ញៀវទេសចរ និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគផងដែរ។

សុវណ្ណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌នៃបណ្តាជនជាតិនៅរដ្ឋធានីហាណូយ
រដ្ឋធានីហាណូយ អភិវឌ្ឍវិស័យទេសចរណ៍ចេញពីតម្លៃនៃអាវផាយប្រពៃណី
សម្រស់សម្លៀកបំពាក់ជនជាតិវៀតណាមនៅទីក្រុង San Francisco
ប្រាសាទ Xam - បូជនីយដ្ឋានបុរាណដែលរក្សាទុកស្លាកស្នាមប្រវត្តិសាស្ត្រនៃខេត្ត Ninh Binh
ខេត្ត Udon Thani ជំរុញការតភ្ជាប់វប្បធម៌ និងទេសចរណ៍ជាមួយវៀតណាម

អានច្រើនបំផុត

ខេត្ត Cao Bang អភិវឌ្ឍទេសចរណ៍សហគមន៍តាមបណ្តោយទន្លេ Bac Vong
ខេត្ត Cao Bang អភិវឌ្ឍទេសចរណ៍តំបន់ព្រំដែនផ្សារភ្ជាប់នឹងអត្តសញ្ញាណវប្បធម៌
ទីក្រុង Ha Noi ស្វែងរកឱកាសពង្រីកទីផ្សារទេសចរណ៍អង់គ្លេស និងអឺរ៉ុប
កម្ពុជាប្រារព្ធខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិនៅរាជធានីភ្នំពេញ
ទេសចរណ៍វៀតណាមស្វែងរកឱកាសពង្រីកទីផ្សារអឺរ៉ុបពីការអភិវឌ្ឍប្រកបដោយចីរភាព