ទីក្រុង Ha Noi ស្វែងរកឱកាសពង្រីកទីផ្សារទេសចរណ៍អង់គ្លេស និងអឺរ៉ុប

10:17 | 11/11/2026 ឌឿងង្វៀន

យុគសម័យ - កាលពីថ្ងៃទី ៣ ខែវិច្ឆិកា លំហទេសចរណ៍ Ha Noi បានសម្ពោធដំណើរការនៅឯពិព័រណ៍ទេសចរណ៍ពិភពលោក WTM London 2026 (ចក្រភពអង់គ្លេស) ដោយឧទ្ទេសនាមផលិតផលវប្បធម៌ បេតិកភណ្ឌ និងការពិសោធជាក់ស្តែងពិសេសដោយឡែកនៃរដ្ឋធានី។ ទីក្រុងក៏បានតភ្ជាប់ជាមួយសហគ្រាសអន្តរជាតិ ស្វែងរកឱកាសអភិវឌ្ឍផលិតផល ទាក់ទាញភ្ញៀវទេសចរ និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគផងដែរ។

វៀតណាម - អឺរ៉ុប និងបញ្ហាចោទស្តីពីស្វ័យភាពយុទ្ធសាស្ត្រ ទេសចរណ៍វៀតណាមស្វែងរកឱកាសពង្រីកទីផ្សារអឺរ៉ុបពីការអភិវឌ្ឍប្រកបដោយចីរភាព
បណ្តាការសម្តែងឧបករណ៍តន្ត្រីប្រពៃណីនៅក្នុងពិធីបើកសម្ពោធ បានឧទ្ទេសនាមនូវលក្ខណៈពិសេសដោយឡែកនៃសិល្បៈប្រពៃណី វៀតណាម ជូនដល់ភ្ញៀវដែលបានចូលរួម។
បណ្តាការសម្តែងឧបករណ៍តន្ត្រីប្រពៃណីនៅក្នុងពិធីបើកសម្ពោធ បានឧទ្ទេសនាមនូវលក្ខណៈពិសេសដោយឡែកនៃសិល្បៈប្រពៃណី វៀតណាម ជូនដល់ភ្ញៀវដែលបានចូលរួម។

ការទាញយកផលពីទីផ្សារភ្ញៀវទេសចរអង់គ្លេសផ្អែកលើប្រៀបខ្លាំងនៃវប្បធម៌ និងបេតិកភណ្ឌ

នៅក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍ពិភពលោក WTM London 2026 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ ExCeL London ទីក្រុង Ha Noi បានរៀបចំពិធីសម្ពោធបើកដំណើរការលំហទេសចរណ៍ Ha Noi នៅក្នុងស្តង់ទេសចរណ៍ វៀតណាម។

អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ មានលោក Nguyen Van Phong អនុលេខាគណៈកម្មាធិការបក្សទីក្រុង Ha Noi ប្រធានគណៈប្រតិភូការងារទីក្រុង Ha Noi ព្រមទាំងតំណាងបណ្តាស្ថាប័នការទូត អង្គការជំរុញទេសចរណ៍ សមាគម និងសហគ្រាសក្នុងស្រុក និងអន្តរជាតិ។

ក្នុងនាមជាពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍អន្តរជាតិដ៏ធំមួយ WTM London ប្រមូលផ្តុំនូវបណ្តាស្ថាប័នគ្រប់គ្រង សហគ្រាសទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ និងអង្គការជំរុញទេសចរណ៍។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះបានបង្កលក្ខខណ្ឌឱ្យ Ha Noi ឧទ្ទេសនាមផលិតផលដោយផ្ទាល់ ស្វែងយល់ពីតម្រូវការរបស់ដៃគូ និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការនៅក្នុងទីផ្សារអង់គ្លេស និងអឺរ៉ុប។

ថ្លែងនៅក្នុងពិធីសម្ពោធ លោក Nguyen Van Phong អនុលេខាគណៈកម្មាធិការបក្សទីក្រុង Ha Noi បានអះអាងថា ចក្រភពអង់គ្លេសគឺជាទីផ្សារភ្ញៀវទេសចរដ៏សំខាន់មួយរបស់រដ្ឋធានីនៅអឺរ៉ុប។

ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦ ចំនួនភ្ញៀវទេសចរអង់គ្លេសមកកាន់ វៀតណាម បានកើនឡើង ៩,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក Ha Noi ទទួលបានភ្ញៀវទេសចរជាង ២២១.០០០ នាក់ដែលមកពីទីផ្សារនេះ។

យោងតាមលោក Nguyen Van Phong គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋអង់គ្លេសដែលមានរយៈពេលស្នាក់នៅបណ្តោះអាសន្ន ៤៥ ថ្ងៃ រួមជាមួយជើងហោះហើរត្រង់ Ha Noi - London បានបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពទេសចរណ៍រវាងភាគីទាំងពីរ។ ទាំងនេះគឺជាលក្ខខណ្ឌនានាដើម្បីឱ្យសហគ្រាសបន្តទាញយកផលពីតម្រូវការទស្សនាបេតិកភណ្ឌ រុករកស្វែងយល់វប្បធម៌ និងពិសោធជាក់ស្តែងនូវជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ពីសំណាក់ភ្ញៀវទេសចរអង់គ្លេស។

ឧទ្ទេសនាមជូនចំពោះដៃគូអន្តរជាតិ អនុលេខាគណៈកម្មាធិការបក្សទីក្រុង Ha Noi បានសង្កត់ធ្ងន់ថារដ្ឋធានីមានប្រវត្តិសាស្ត្រជាងមួយពាន់ឆ្នាំ ដោយកាន់កាប់នូវតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រជាច្រើនដែលត្រូវបានថែរក្សាកាត់តាមបណ្តាដំណាក់កាល។

ក្នុងនោះ តំបន់កណ្តាលនៃ Hoang thanh Thang Long និងផ្ទាំងសិលាចារឹកបណ្ឌិតចំនួន ៨២ ផ្ទាំងនៅ Van Mieu - Quoc Tu Giam គឺជាបេតិកភណ្ឌដែលត្រូវបាន UNESCO ចុះបញ្ជី។ Ha Noi ក៏ត្រូវបាន UNESCO លើកតម្កើងជាទីក្រុងដើម្បីសន្តិភាព និងបានចូលរួមក្នុងបណ្តាញបណ្តាទីក្រុងច្នៃប្រឌិតក្នុងវិស័យរចនាផងដែរ។

ទន្ទឹមនឹងប្រព័ន្ធរមណីយដ្ឋាន លក្ខណៈពិសេសដោយឡែកនៃជីវភាពទីក្រុង Ha Noi ត្រូវបានបង្ហាញតាមរយៈតំបន់វិថីបុរាណ បណ្តាភូមិរបរប្រពៃណីដូចជាគ្រឿងស្មូន Bat Trang សូត្រ Van Phuc រួមជាមួយវប្បធម៌ម្ហូបអាហារ និងប្រភេទសិល្បៈប្រជាប្រិយនានា។

តម្លៃទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ Ha Noi ក្នុងការកសាងផលិតផលទេសចរណ៍ដែលមានអត្តសញ្ញាណដោយឡែក ដោយរួមផ្សំសកម្មភាពទស្សនាកម្សាន្តជាមួយការពិសោធជាក់ស្តែងនូវវប្បធម៌ របរសិប្បកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

យោងតាមទិសដៅអភិវឌ្ឍន៍ Ha Noi បានកំណត់ថាទេសចរណ៍ជាវិស័យសេដ្ឋកិច្ចស្នូល ក្នុងនោះទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌដើរតួនាទីជាគ្រឹះ។ ទីក្រុងក៏យកចិត្តទុកដាក់លើការអភិវឌ្ឍទេសចរណ៍ច្នៃប្រឌិត ទេសចរណ៍ពេលរាត្រី ទេសចរណ៍ព្រឹត្តិការណ៍ និងទេសចរណ៍ធម្មជាតិផងដែរ។

ទន្ទឹមនឹងការពហុបែបកម្មផលិតផល Ha Noi ផ្តោតលើការកែលម្អគុណភាពសេវាកម្ម បំពេញបន្ថែមនូវបទពិសោធជាក់ស្តែងថ្មីៗ និងលើកកម្ពស់លទ្ធភាពឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារភ្ញៀវទេសចរអន្តរជាតិ។

ដោយលើកឡើងពីអនាគតនៃកិច្ចសហប្រតិបត្តិការ លោក Nguyen Van Phong បានសម្តែងនូវបំណងប្រាថ្នាចង់រួមជាមួយសហគ្រាសអង់គ្លេស និងអឺរ៉ុប អភិវឌ្ឍដំណើរកម្សាន្តនានាដែលផ្សារភ្ជាប់នឹងបេតិកភណ្ឌ ភូមិរបរ ម្ហូបអាហារ និងរដូវស្លឹកឈើជ្រុះ Ha Noi។

ទីក្រុងក៏យកចិត្តទុកដាក់លើការពង្រីកការតភ្ជាប់ផ្លូវអាកាស ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការឧទ្ទេសនាម និងគ្រប់គ្រងគោលដៅទេសចរណ៍ ជួយឱ្យភ្ញៀវទេសចរមានភាពងាយស្រួលជាងមុនក្នុងការស្វែងរកព័ត៌មាន ជ្រើសរើសសេវាកម្ម និងរៀបចំដំណើរកម្សាន្ត។

ចំពោះសកម្មភាពវិនិយោគ អនុលេខាគណៈកម្មាធិការបក្សទីក្រុង Ha Noi បានឱ្យដឹងថា ទីក្រុងត្រៀមខ្លួនជាស្រេចដើម្បីបង្កលក្ខខណ្ឌងាយស្រួលសម្រាប់សហគ្រាស វិនិយោគិន និងដៃគូអន្តរជាតិក្នុងការសិក្សាស្វែងយល់ឱកាសសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ស្របតាមយន្តការជាក់លាក់នៃច្បាប់ស្តីពីរដ្ឋធានី។

លោកបានអញ្ជើញដៃគូនានាមកចុះអង្កេតជាក់ស្តែង ស្វែងយល់ពីសក្តានុពលអភិវឌ្ឍន៍ទេសចរណ៍នៅ Ha Noi ព្រមទាំងអះអាងថាទីក្រុងនឹងរួមដំណើរក្នុងដំណើរការកសាងផលិតផល ការតភ្ជាប់ទីផ្សារ និងការរៀបចំទទួលស្វាគមន៍ភ្ញៀវ។

តភ្ជាប់សហគ្រាស នាំយកផលិតផល Ha Noi ទៅកាន់ដៃគូអន្តរជាតិ

នៅ WTM London 2026 លំហទេសចរណ៍ Ha Noi ត្រូវបានរៀបចំឡើងនៅក្នុងស្តង់ទេសចរណ៍ វៀតណាម ដោយឧទ្ទេសនាមគោលដៅ និងផលិតផលពិសេសដោយឡែកនៃរដ្ឋធានី តាមរយៈវីដេអូ ផែនទី សៀវភៅបោះពុម្ព និងឯកសារផ្សព្វផ្សាយជាភាសាអង់គ្លេស។

យោងតាមកម្មវិធីជំរុញទេសចរណ៍ មានអង្គភាព និងសហគ្រាសទេសចរណ៍ Ha Noi ចំនួន ១០ បានចូលរួមឧទ្ទេសនាមផលិតផល ផ្លាស់ប្តូរ និងស្វែងរកដៃគូនានានៅក្នុងលំហនេះ។

ខ្លឹមសារនៃការផ្សព្វផ្សាយផ្តោតសំខាន់លើប្រៀបខ្លាំងនៃទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ម្ហូបអាហារ ទេសចរណ៍ពេលរាត្រី និងទេសចរណ៍បៃតង។ ទាំងនេះក៏ជាក្រុមផលិតផលដែលទីក្រុងបានកំណត់ទិសដៅអភិវឌ្ឍ សំដៅឆ្លើយតបទៅនឹងតម្រូវការពិសោធជាក់ស្តែងកាន់តែសម្បូរបែបរបស់ភ្ញៀវទេសចរអន្តរជាតិ។

នៅក្នុងពិធីសម្ពោធ បណ្តាការសម្តែងឧបករណ៍តន្ត្រីប្រពៃណីត្រូវបានរៀបចំឡើង ដោយបង្កើតឱកាសឱ្យភ្ញៀវដែលបានចូលរួមស្វែងយល់មួយផ្នែកអំពីជីវភាពសិល្បៈប្រពៃណី វៀតណាម។

ទន្ទឹមនឹងសកម្មភាពឧទ្ទេសនាមគោលដៅទេសចរណ៍ គណៈប្រតិភូការងារ និងបណ្តាសហគ្រាស Ha Noi បានចំណាយពេលវេលាជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយក្រុមហ៊ុនទេសចរណ៍ អង្គភាពស្នាក់នៅ ដឹកជញ្ជូន និងអង្គការជំរុញទេសចរណ៍អន្តរជាតិនានា។

តាមរយៈជំនួបនានា សហគ្រាសមានលក្ខខណ្ឌផ្លាស់ប្តូរព័ត៌មានអំពីតម្រូវការទីផ្សារ ឧទ្ទេសនាមកម្មវិធីទស្សនាកម្សាន្ត និងស្វែងយល់ពីតម្រូវការរបស់ដៃគូចំពោះផលិតផល និងគុណភាពសេវាកម្ម។

សកម្មភាពតភ្ជាប់ក៏សំដៅលើការនាំយកផលិតផលទេសចរណ៍ Ha Noi ឱ្យចូលទៅកាន់បណ្តាញចែកចាយអន្តរជាតិបន្ថែមទៀត បង្កើតឱកាសពង្រីកប្រភពភ្ញៀវមកពីចក្រភពអង់គ្លេស និងបណ្តាប្រទេសនៅអឺរ៉ុប។

នៅក្នុងក្របខ័ណ្ឌនៃពិធីសម្ពោធ កម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងបណ្តាសមាគម សហគ្រាសទេសចរណ៍ និងដៃគូអន្តរជាតិត្រូវបានរៀបចំឡើង។

យោងតាមកម្មវិធី បណ្តាអង្គភាពដែលបានចូលរួមបានតភ្ជាប់ជាមួយដៃគូនានាដែលមកពីប្រទេសបារាំង និងអឺរ៉ុប អូស្ត្រាលី ឥណ្ឌា និងបង់ក្លាដែស។

ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសំដៅលើការពង្រីកបណ្តាញដៃគូ ការផ្លាស់ប្តូរព័ត៌មានទីផ្សារ ការសម្របសម្រួលអភិវឌ្ឍផលិតផល និងការដាក់ពង្រាយសកម្មភាពជំរុញទេសចរណ៍។

ទាំងនេះគឺជាវិស័យដែលមានអត្ថន័យផ្ទាល់ចំពោះការឧទ្ទេសនាមគោលដៅទេសចរណ៍ ការកសាងកម្មវិធីបម្រើភ្ញៀវអន្តរជាតិ និងការអភិវឌ្ឍទំនាក់ទំនងធុរកិច្ចរវាងសហគ្រាស Ha Noi ជាមួយដៃគូបរទេស។

ក្រៅពីសកម្មភាពនៅពិព័រណ៍ គណៈប្រតិភូការងារ Ha Noi នៅបានស្វែងយល់ពីលក្ខណៈពិសេសនៃទីផ្សារភ្ញៀវអង់គ្លេស ផ្លាស់ប្តូរបទពិសោធន៍នៃការរៀបចំការជំរុញទេសចរណ៍អន្តរជាតិ និងសិក្សាស្រាវជ្រាវវិធីសាស្ត្រផ្សព្វផ្សាយនានាដែលសមស្របទៅនឹងនិន្នាការអភិវឌ្ឍន៍នៃវិស័យនេះ។

តាមរយៈកម្មវិធីការងារ Ha Noi សំដៅលើការលើកកម្ពស់ប្រសិទ្ធភាពនៃការចូលទៅកាន់ទីផ្សារ ជំនួសឱ្យការគ្រាន់តែឈប់ត្រឹមការផ្សព្វផ្សាយរូបភាពគោលដៅទេសចរណ៍ប៉ុណ្ណោះ។

ការតភ្ជាប់ដោយផ្ទាល់រវាងស្ថាប័នគ្រប់គ្រង សហគ្រាសទេសចរណ៍ និងដៃគូចែកចាយ ក៏បានបង្កលក្ខខណ្ឌឱ្យផលិតផលនានាដែលបង្កប់នូវអត្តសញ្ញាណវប្បធម៌នៃរដ្ឋធានី ត្រូវបានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍស្របតាមតម្រូវការនៃទីផ្សារនីមួយៗ។

ក្នុងនោះ ការពិសោធជាក់ស្តែងដែលផ្សារភ្ជាប់នឹងបេតិកភណ្ឌ ភូមិរបរ ជីវភាពសហគមន៍ និងទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ នៅតែបន្តទទួលបានការយកចិត្តទុកដាក់ទុកជាទិសដៅអភិវឌ្ឍន៍ដ៏សមស្របសម្រាប់ក្រុមភ្ញៀវអន្តរជាតិដែលចូលចិត្តការស្វែងយល់វប្បធម៌ក្នុងស្រុក។

ការចូលរួមរបស់ Ha Noi នៅ WTM London 2026 ស្ថិតនៅក្នុងទិសដៅពង្រីកទីផ្សារភ្ញៀវអន្តរជាតិ លើកកម្ពស់គុណភាពនៃសកម្មភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសបរទេស។

តាមរយៈកម្មវិធីផ្សព្វផ្សាយ ជំនួប និងការតភ្ជាប់នៅឯពិព័រណ៍ ទីក្រុងរំពឹងថានឹងបើកចេញនូវឱកាសបន្ថែមទៀតក្នុងការអភិវឌ្ឍផលិតផល កិច្ចសហប្រតិបត្តិការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរមកពីចក្រភពអង់គ្លេស អឺរ៉ុប ព្រមទាំងបោះជំហានម្តងមួយៗលើកកម្ពស់ឋានៈនៃវិស័យទេសចរណ៍ Ha Noi នៅលើទីផ្សារអន្តរជាតិ៕

ទីក្រុង Hue ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ជាមួយកម្ពុជា ទីក្រុង Hue ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ជាមួយកម្ពុជា
យុគសម័យ - កាលពីថ្ងៃទី ២៨ ខែតុលា នៅក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំទីក្រុង Hue បានសម្តែងនូវបំណងពង្រឹងការតភ្ជាប់ជាមួយបណ្តាមូលដ្ឋានកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ទេសចរណ៍ អប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ការកសាងម៉ាកយីហោពិធីបុណ្យចេញពីអត្តសញ្ញាណមូលដ្ឋាន ការកសាងម៉ាកយីហោពិធីបុណ្យចេញពីអត្តសញ្ញាណមូលដ្ឋាន
យុគសម័យ - ចាប់ពីបណ្តាពិធីបុណ្យប្រពៃណី រហូតដល់ព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈទំនើប មូលដ្ឋានជាច្រើនកំពុងទាញយកផលពីប្រៀបខ្លាំងដោយឡែក ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ពិសេស។ ការផ្លាស់ប្តូរថ្មីនូវវិធីសាស្ត្ររៀបចំ ការពង្រីកការចូលរួមរបស់សហគមន៍ បានរួមចំណែកប្រែក្លាយវប្បធម៌ឱ្យទៅជាប្រភពធនធានជំរុញសេដ្ឋកិច្ច និងទេសចរណ៍។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កង K92 ប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៩ អដ្ឋិធាតុក្នុងរដូវប្រាំង ២០២៦-២០២៧
ទីក្រុង Ha Noi ស្វែងរកឱកាសពង្រីកទីផ្សារទេសចរណ៍អង់គ្លេស និងអឺរ៉ុប
អាណិកជននៅអេស្ប៉ាញមានបំណងចង់ពង្រឹងការតភ្ជាប់ជាមួយមាតុភូមិ
ពណ៌សម្បុរវប្បធម៌វៀតណាមនៅចំកណ្តាលបេះដូងអូស្ត្រាលី
នាំយកបេតិកភណ្ឌវប្បធម៌ឱ្យកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ

អានច្រើនបំផុត

ភូមិ Bom Bo អភិវឌ្ឍទេសចរណ៍ចេញពីអត្តសញ្ញាណវប្បធម៌ Xtieng
ភ្ញៀវវៀតណាមឈរលំដាប់ថ្នាក់លេខមួយលើចំនួនភ្ញៀវទេសចរមកកាន់កម្ពុជា
កម្ពុជាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិរក្សបេតិកភណ្ឌខ្មែរ ដំណាក់កាល ២០២៦ - ២០៣០
លើកកម្ពស់កម្លាំងវប្បធម៌វៀតណាមនៅលើឆាកអន្តរជាតិ
វៀតណាមឈានមុខគេលើទីផ្សារភ្ញៀវអន្តរជាតិមកកាន់កម្ពុជា