រដ្ឋធានីហាណូយ អភិវឌ្ឍវិស័យទេសចរណ៍ចេញពីតម្លៃនៃអាវផាយប្រពៃណី

14:52 | 19/11/2026 ឌឹកអាញ់

យុគសម័យ - ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា មហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅសារមន្ទីរហាណូយ និងទីតាំងមួយចំនួននៅក្នុងទីក្រុង ជាមួយនឹងសកម្មភាពបង្ហាញម៉ូដ ការតាំងពិព័រណ៍ និងការទទួលយកបទពិសោធន៍ជាច្រើន។ តាមរយៈព្រឹត្តិការណ៍នេះ រដ្ឋធានីហាណូយ ឆ្ពោះទៅរកការតភ្ជាប់សិប្បករ ភូមិសិប្បកម្ម អ្នករចនាម៉ូដ និងសហគ្រាស ដើម្បីប្រែក្លាយអាវផាយឱ្យទៅជាផលិតផលវប្បធម៌ និងទេសចរណ៍ដ៏ពិសេស ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យថែរក្សា និងប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ប្រាសាទ Xam - បូជនីយដ្ឋានបុរាណដែលរក្សាទុកស្លាកស្នាមប្រវត្តិសាស្ត្រនៃខេត្ត Ninh Binh សម្រស់សម្លៀកបំពាក់ជនជាតិវៀតណាមនៅទីក្រុង San Francisco

អាវផាយជាយូរមកហើយបានហួសពីអត្ថន័យនៃសម្លៀកបំពាក់មួយប្រភេទ ដើម្បីក្លាយជានិមិត្តរូបវប្បធម៌របស់ប្រជាជាតិវៀតណាម។ ឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ជាច្រើន អាវផាយមានការផ្លាស់ប្តូរខ្លះៗអំពីម៉ូដ សាច់ក្រណាត់ និងរបៀបប្រើប្រាស់ ប៉ុន្តែនៅតែរក្សាបាននូវតម្លៃពិសេសអំពីភាពស៊ីសង្វាក់គ្នា ភាពសុភាពរាបសារ ភាពទន់ភ្លន់ និងភាពល្អិតល្អន់។

នៅរដ្ឋធានីហាណូយ អាវផាយថែមទាំងផ្សារភ្ជាប់ជាមួយនឹងរូបភាពរបស់អ្នកទីក្រុង Trang An ដ៏ថ្លៃថ្នូរ និងសុភាពរាបសារទៀតផង។ រូបភាពនៃជាយអាវផាយនៅក្បែរបឹង Hoan Kiem នៅតាមវិថីបុរាណនានា ឬនៅក្នុងលំហនៃបូជនីយដ្ឋានប្រវត្តិសាស្ត្រ បានក្លាយជារូបភាពដែលធ្លាប់ស្គាល់ ដែលរួមចំណែកបង្កើតនូវអត្តសញ្ញាណវប្បធម៌ដោយឡែករបស់រដ្ឋធានី។

យោងតាមលោក Nguyen Tran Quang អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍រដ្ឋធានីហាណូយ ការអភិរក្ស និងលើកកម្ពស់តម្លៃនៃអាវផាយ មិនត្រឹមតែជាការថែរក្សាសម្លៀកបំពាក់ប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែករក្សាទុកនូវការចងចាំវប្បធម៌ ពូនជ្រំមោទនភាពជាតិ និងផ្សព្វផ្សាយតម្លៃដ៏ល្អប្រសើរនៃវប្បធម៌វៀតណាមនៅក្នុងជីវភាពរស់នៅសម័យទំនើបទៀតផង។

មហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។
មហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។

នាំយកអាវផាយឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងភ្ញៀវទេសចរ

ក្នុងគោលបំណងរួមបញ្ចូលគ្នារវាងការអភិរក្សបេតិកភណ្ឌជាមួយនឹងការអភិវឌ្ឍផលិតផលវប្បធម៌ និងទេសចរណ៍ រដ្ឋធានីហាណូយបន្តរៀបចំមហោស្រពអាវផាយទេសចរណ៍ឆ្នាំ ២០២៦ ដោយបន្តពីលទ្ធផលនៃការរៀបចំចំនួន ៤ លើកកន្លងមក។

មហោស្រពនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា នៅសារមន្ទីរហាណូយ និងទីតាំងមួយចំនួននៅក្នុងទីក្រុង ដោយបង្កើតលំហនៃការផ្លាស់ប្តូរ និងការតភ្ជាប់រវាងសិប្បករ អ្នករចនាម៉ូដ ភូមិសិប្បកម្ម សហគ្រាសម៉ូដ អង្គភាពទេសចរណ៍ និងសហគមន៍ដែលស្រឡាញ់អាវផាយ។

ក្នុងរយៈពេលបីថ្ងៃនៃការប្រារព្ធព្រឹត្តិការណ៍នេះ បរិវេណសារមន្ទីរហាណូយនឹងត្រូវបានរៀបចំជាលំហតាំងពិព័រណ៍ ឧទ្ទេសនាម និងទទួលយកបទពិសោធន៍ចំនួន ៤ ដើម្បីជួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរស្វែងយល់អំពីតម្លៃវប្បធម៌ សិល្បៈ និងមុខរបរសិប្បកម្មដែលផ្សារភ្ជាប់ជាមួយអាវផាយ។

លំហទី ១ ឧទ្ទេសនាមអំពីផលិតផលនៃភូមិសិប្បកម្មប្រពៃណី ដែលជាកន្លែងសិប្បករមកពីភូមិ Trach Xa ភូមិ Van Phuc និងស្រុក My Duc សម្តែងដោយផ្ទាល់នូវដំណាក់កាលនៃការផលិត ដើម្បីជួយភ្ញៀវទេសចរយល់កាន់តែច្បាស់អំពីដំណើរការនៃការបង្កើតអាវផាយមួយ។

លំហទី ២ ដាក់តាំងបង្ហាញឈុតសម្លៀកបំពាក់អាវផាយរបស់អ្នករចនាម៉ូដ និងម៉ាកយីហោល្បីៗ ដោយឧទ្ទេសនាមអំពីភាពចម្រុះនៃសាច់ក្រណាត់ ម៉ូដ និងវិធីសាស្ត្របង្ហាញថ្មីៗនៅលើមូលដ្ឋាននៃសម្លៀកបំពាក់ប្រពៃណី។

លំហទី ៣ ត្រូវបានរៀបចំឡើងសម្រាប់ផលិតផលគ្រឿងតុបតែងខ្លួន គ្រឿងអលង្ការ វត្ថុសិប្បកម្ម និងចំណីអាហារពិសេសៗរបស់រដ្ឋធានីហាណូយ ដែលរួមចំណែកតភ្ជាប់អាវផាយជាមួយនឹងតម្លៃវប្បធម៌ ម្ហូបអាហារ និងមុខរបរប្រពៃណីរបស់រដ្ឋធានី។

ការបង្ហាញម៉ូដអាវផាយនៅក្នុងសន្និសីទសារព័ត៌មានឧទ្ទេសនាមអំពីមហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៦។
ការបង្ហាញម៉ូដអាវផាយនៅក្នុងសន្និសីទសារព័ត៌មានឧទ្ទេសនាមអំពីមហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៦។

លំហទី ៤ ឧទ្ទេសនាមអំពីគំនិតច្នៃប្រឌិតរបស់និស្សិតនៃសាកលវិទ្យាល័យនានា រួមជាមួយនឹងតំបន់តាំងពិព័រណ៍របស់សមាគមវប្បធម៌អាវផាយវៀតណាម។

ក្រៅពីសកម្មភាពតាំងពិព័រណ៍ ភ្ញៀវទេសចរអាចចូលរួមដោយផ្ទាល់នៅក្នុងកម្មវិធីទទួលយកបទពិសោធន៍ ដូចជា ការធ្វើគ្រឿងអលង្ការដោយដៃ ការគូរគំនូរនៅលើអាវផាយ ការប៉ាក់ និងការដេរភ្ជាប់គ្រឿងតុបតែងសម្លៀកបំពាក់។

សកម្មភាពពិសាតែ ការសម្តែងសិល្បៈប្រពៃណី ល្បែងប្រជាប្រិយ និងការថតរូបអនុស្សាវរីយ៍ទទួលបានភ្លាមៗនៅនឹងកន្លែង ក៏ត្រូវបានរៀបចំឡើងផងដែរ ដែលបង្កើតឱកាសបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងការស្វែងយល់អំពីអាវផាយនៅក្នុងលំហវប្បធម៌ដ៏សម្បូរបែប។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានឧទ្ទេសនាមអំពីមហោស្រពនាថ្ងៃទី ១៤ ខែវិច្ឆិកា លោក Nguyen Tran Quang បានឱ្យដឹងថា តាមរយៈសកម្មភាពបង្ហាញម៉ូដ ការតាំងពិព័រណ៍ ការផ្លាស់ប្តូរ និងការទទួលយកបទពិសោធន៍ ព្រឹត្តិការណ៍នេះបានរួមចំណែកឧទ្ទេសនាមអំពីសម្រស់ ប្រវត្តិកកើត និងការអភិវឌ្ឍនៃអាវផាយវៀតណាម។

ទន្ទឹមនឹងនេះ មហោស្រពនេះលើកតម្កើងសិប្បករ អ្នករចនាម៉ូដ និងពលករដែលកំពុងថែរក្សា ច្នៃប្រឌិត និងអភិវឌ្ឍមុខរបរកាត់ដេរ ប៉ាក់ ត្បាញសូត្រ រួមជាមួយនឹងបច្ចេកទេសប្រពៃណីនានាដែលពាក់ព័ន្ធនឹងអាវផាយ។

ខ្លឹមសារមួយដែលរដ្ឋធានីហាណូយយកចិត្តទុកដាក់នៅក្នុងមហោស្រពឆ្នាំនេះ គឺការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យចូលរួមក្នុងការអភិរក្ស និងការច្នៃប្រឌិតនៅលើមូលដ្ឋាននៃបេតិកភណ្ឌ។

ក្នុងនោះ កម្មវិធីបង្ហាញម៉ូដសិល្បៈ «ពន្លកបេតិកភណ្ឌ» បានឧទ្ទេសនាមអំពីឈុតសម្លៀកបំពាក់អាវផាយសម្រាប់យុវវ័យ និងកុមារ។

ការប្រកួតប្រជែងរចនាម៉ូដអាវផាយ «សម្រស់ប្រពៃណី - ដង្ហើមសម័យទំនើប» បានប្រមូលផ្តុំឈុតសម្លៀកបំពាក់ចំនួន ១០ ឈុតរបស់និស្សិតជំនាញរចនាម៉ូដដែលមកពីសាកលវិទ្យាល័យចំនួន ៥ នៅក្នុងទីក្រុង។

តាមរយៈសកម្មភាពទាំងនេះ និស្សិត និងយុវជនមានឱកាសទទួលបានអាវផាយមិនត្រឹមតែក្នុងនាមជាអ្នកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមដោយផ្ទាល់ក្នុងការរចនា និងការច្នៃប្រឌិត ដែលរួមចំណែកពង្រីកលទ្ធភាពនៃការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីនៅក្នុងជីវភាពរស់នៅសម័យទំនើប។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កម្មវិធី «ជូនអាវផាយ - បំពេញក្តីស្រមៃបៃតង» នឹងប្រគល់អាវផាយជូនដល់សិស្សានុសិស្សនារីចំនួន ៥០ នាក់ដែលមានការខិតខំប្រឹងប្រែងច្រើនក្នុងការសិក្សា ដែលតាមរយៈនោះនឹងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យគោរព និងថែរក្សាសម្លៀកបំពាក់ប្រពៃណីជាតិ។

ទន្ទឹមនឹងសកម្មភាពនៅសារមន្ទីរហាណូយ មហោស្រពនេះក៏បានពង្រីកលំហនៃការប្រើប្រាស់អាវផាយទៅកាន់សហគមន៍ផងដែរ។

កម្មវិធីដង្ហែក្បួនអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៦ ត្រូវបានរំពឹងថានឹងទាក់ទាញអ្នកចូលរួមប្រមាណ ១.៣០០ នាក់នៅតំបន់បឹង Hoan Kiem។

លោក Nguyen Tran Quang អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍រដ្ឋធានីហាណូយ ឡើងថ្លែងសុន្ទរកថា។
លោក Nguyen Tran Quang អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍រដ្ឋធានីហាណូយ ឡើងថ្លែងសុន្ទរកថា។

ក្រៅពីនេះ ក៏មានសកម្មភាពសម្តែងរបាំអាវផាយរួមគ្នារបស់ស្ត្រីរដ្ឋធានី និងកម្មវិធីបំបែកឯតទគ្គកម្មស្តីពីចំនួនបុរសស្លៀកអាវផាយច្រើនជាងគេ ដែលមានអ្នកចូលរួមចំនួន ៥០០ នាក់ផងដែរ។

សកម្មភាពទាំងនេះឆ្ពោះទៅរកការពង្រីកមុខសញ្ញាអ្នកប្រើប្រាស់អាវផាយ និងលើកទឹកចិត្តឱ្យសម្លៀកបំពាក់ប្រពៃណីមានវត្តមានកាន់តែញឹកញាប់នៅក្នុងជីវភាពសង្គម ដោយមិនត្រឹមតែកំណត់នៅក្នុងឱកាសពិធីបុណ្យ ឬព្រឹត្តិការណ៍វប្បធម៌ប៉ុណ្ណោះទេ។

ការតភ្ជាប់បេតិកភណ្ឌជាមួយនឹងទេសចរណ៍ និងឧស្សាហកម្មវប្បធម៌

យោងតាមលោក Nguyen Tran Quang មហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៦ ឆ្ពោះទៅរកគោលដៅសំខាន់ៗចំនួន ៣ គឺ ការលើកតម្កើង និងផ្សព្វផ្សាយតម្លៃវប្បធម៌នៃអាវផាយ ការតភ្ជាប់បេតិកភណ្ឌជាមួយនឹងការអភិវឌ្ឍវិស័យទេសចរណ៍ និងឧស្សាហកម្មវប្បធម៌ និងការជំរុញការច្នៃប្រឌិត សមាហរណកម្ម និងការផ្សព្វផ្សាយរូបភាពរបស់រដ្ឋធានី។

ជាដំបូង មហោស្រពនេះបង្កលក្ខណៈងាយស្រួលដល់សហគមន៍ក្នុងការទទួលបាន ស្វែងយល់ និងអនុវត្តតម្លៃវប្បធម៌ដែលផ្សារភ្ជាប់ជាមួយអាវផាយ ព្រមទាំងទទួលស្គាល់ការរួមចំណែករបស់សិប្បករ អ្នករចនាម៉ូដ និងមូលដ្ឋានផលិតកម្មប្រពៃណីនានា។

«យើងខ្ញុំសង្ឃឹមថា អាវផាយនឹងមិនត្រឹមតែមានវត្តមាននៅក្នុងឱកាសពិធីបុណ្យ និងព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តត្រូវបានថែរក្សា ប្រើប្រាស់ និងផ្សព្វផ្សាយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងក្លាយជាមោទនភាព និងជាជម្រើសដោយឯកឯងរបស់ប្រជាជនវៀតណាមគ្រប់ជំនាន់ ជាពិសេសគឺយុវជនជំនាន់ក្រោយ» លោក Nguyen Tran Quang បានសម្តែងនូវចំណាប់អារម្មណ៍។

នៅក្នុងទិដ្ឋភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច រដ្ឋធានីហាណូយបានកំណត់ថា អាវផាយមានសក្តានុពលក្លាយជាផលិតផលវប្បធម៌ និងទេសចរណ៍ដ៏ពិសេស ដោយតភ្ជាប់វិស័យជាច្រើនដូចជា ម៉ូដសម្លៀកបំពាក់ សិប្បកម្មវិចិត្រសិល្បៈ ភូមិសិប្បកម្ម ការថតរូប សិល្បៈសម្តែង ម្ហូបអាហារ និងទេសចរណ៍បែបទទួលយកបទពិសោធន៍។

តាមរយៈមហោស្រពនេះ ទីក្រុងមានបំណងឧទ្ទេសនាមទៅកាន់ភ្ញៀវទេសចរនូវដំណើរកម្សាន្តស្វែងយល់អំពីរដ្ឋធានីហាណូយដែលផ្សារភ្ជាប់ជាមួយអាវផាយ ចាប់ពីលំហវិថីបុរាណ បឹង Hoan Kiem ព្រះបរមរាជវាំងបុរាណ Thang Long វិហារអក្សរសាស្ត្រ Van Mieu - Quoc Tu Giam រហូតដល់ភូមិសិប្បកម្មប្រពៃណី និងលំហវប្បធម៌ ច្នៃប្រឌិតនានា។

បទពិសោធន៍ទាំងនេះមិនត្រឹមតែបញ្ឈប់ត្រឹមការគយគន់សម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសសម្រាប់ភ្ញៀវទេសចរក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់ប្រជាជនរដ្ឋធានីហាណូយទៀតផង។

ការតភ្ជាប់ភូមិសិប្បកម្ម អ្នករចនាម៉ូដ សហគ្រាសម៉ូដ និងអង្គភាពទេសចរណ៍ ក៏បានរួមចំណែកពង្រីកឱកាសឧទ្ទេសនាមផលិតផល និងទាញយកតម្លៃពាណិជ្ជកម្មនៃអាវផាយដែលផ្សារភ្ជាប់ជាមួយនឹងការអភិរក្សមុខរបរប្រពៃណីនានា។

គោលដៅទី ៣ នៃមហោស្រពនេះ គឺការលើកទឹកចិត្តការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការផ្សព្វផ្សាយរូបភាពរបស់រដ្ឋធានីហាណូយទៅកាន់មិត្តភក្តិអន្តរជាតិ។

យោងតាមតំណាងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍រដ្ឋធានីហាណូយ ការអភិរក្សអាវផាយមិនមែនមានន័យថាជាការរក្សាទុកទាំងស្រុងនូវគ្រប់ទម្រង់នៃការបង្ហាញកាលពីអតីតកាលនោះទេ ប៉ុន្តែចាំបាច់ត្រូវបង្កលក្ខណៈងាយស្រួលដើម្បីឱ្យសម្លៀកបំពាក់ប្រពៃណីបន្តត្រូវបានច្នៃប្រឌិត ធ្វើឱ្យថ្មីឡើងវិញ និងសម្របខ្លួនទៅនឹងតម្រូវការនៃជីវភាពរស់នៅនាពេលបច្ចុប្បន្ន។

ការបង្ហាញម៉ូដអាវផាយនៅក្នុងសន្និសីទសារព័ត៌មានឧទ្ទេសនាមអំពីមហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៦។
ការបង្ហាញម៉ូដអាវផាយនៅក្នុងសន្និសីទសារព័ត៌មានឧទ្ទេសនាមអំពីមហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៦។

«យើងខ្ញុំលើកទឹកចិត្តដល់អ្នករចនាម៉ូដ សិប្បករ គ្រឹះស្ថានបណ្តុះបណ្តាលផ្នែកម៉ូដ សហគ្រាស និងយុវជនឱ្យចូលរួមច្នៃប្រឌិតនៅលើមូលដ្ឋាននៃតម្លៃវប្បធម៌ស្នូលរបស់អាវផាយ ដែលតាមរយៈនោះនឹងបង្កើតបានជាផលិតផលដែលមានតម្លៃសោភ័ណភាព មានលក្ខណៈអនុវត្តជាក់ស្តែង និងមានលទ្ធភាពចូលទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ» លោក Nguyen Tran Quang បានឱ្យដឹង។

ក្រៅពីសកម្មភាពនៅក្នុងមហោស្រព រដ្ឋធានីហាណូយក៏កំពុងយកចិត្តទុកដាក់អនុវត្តភារកិច្ចស្រាវជ្រាវ និងកសាងសំណុំឯកសារវិទ្យាសាស្ត្រស្តីពីអាវផាយ ក្នុងនោះមានទិសដៅស្នើសុំអង្គការ UNESCO ចុះបញ្ជីអាវផាយទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិក្នុងដំណាក់កាលឆ្នាំ ២០២៧-២០៣០ ស្របតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមាន។

យោងតាមលោក Nguyen Tran Quang នេះគឺជាភារកិច្ចដ៏សំខាន់ ដែលទាមទារឱ្យមានការចូលរួម និងការរួមចំណែកពីអ្នកវិទ្យាសាស្ត្រ អ្នកជំនាញវប្បធម៌ សិប្បករ អ្នករចនាម៉ូដ អង្គការសង្គម និងជាពិសេសគឺសហគមន៍នៃអ្នកដែលប្រើប្រាស់អាវផាយដោយផ្ទាល់។

ការស្រាវជ្រាវ និងការកសាងសំណុំឯកសារវិទ្យាសាស្ត្រ ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតម្រូវការនៃការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ បច្ចេកទេស និងចំណេះដឹងប្រពៃណីដែលពាក់ព័ន្ធនឹងដំណើរការនៃការច្នៃប្រឌិត ការកាត់ដេរ និងការប្រើប្រាស់អាវផាយ។

ជាមួយនឹងសកម្មភាពជាបន្តបន្ទាប់នៃការបង្ហាញម៉ូដ ការតាំងពិព័រណ៍ ការទទួលយកបទពិសោធន៍ និងការផ្លាស់ប្តូរសហគមន៍ មហោស្រពអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៦ ត្រូវបានរំពឹងថានឹងបង្កើតឱកាសបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងការទទួលបានសម្លៀកបំពាក់ប្រពៃណី ព្រមទាំងបង្កើនការតភ្ជាប់រវាងតួអង្គដែលចូលរួមក្នុងការអភិរក្ស ការច្នៃប្រឌិត និងការអភិវឌ្ឍផលិតផល។

តាមរយៈការរួមបញ្ចូលគ្នារវាងការថែរក្សាបេតិកភណ្ឌជាមួយនឹងវិស័យទេសចរណ៍ និងឧស្សាហកម្មវប្បធម៌ រដ្ឋធានីហាណូយឆ្ពោះទៅរកការនាំយកអាវផាយឱ្យមានវត្តមានកាន់តែទូលំទូលាយនៅក្នុងជីវភាពរស់នៅសម័យទំនើប និងក្លាយជាផលិតផលវប្បធម៌ដ៏ពិសេស ដែលរួមចំណែកផ្សព្វផ្សាយរូបភាពនៃរដ្ឋធានីដែលសម្បូរទៅដោយអត្តសញ្ញាណ ភាពច្នៃប្រឌិត ភាពរួសរាយរាក់ទាក់ និងសមាហរណកម្ម៕

នាំយកទំនាក់ទំនងវៀតណាម - កម្ពុជា ពីមូលដ្ឋានគ្រឹះប្រពៃណី ទៅជាកម្លាំងចលករនៃការអភិវឌ្ឍ នាំយកទំនាក់ទំនងវៀតណាម - កម្ពុជា ពីមូលដ្ឋានគ្រឹះប្រពៃណី ទៅជាកម្លាំងចលករនៃការអភិវឌ្ឍ
យុគសម័យ - យោងតាមវរសេនីយ៍ឯក Tran Van Thong អនុប្រធានគណៈទាក់ទង និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមមិត្តភាពវៀតណាម - កម្ពុជា ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រី Le Minh Hung ត្រូវបានរំពឹងថានឹងបង្កើតកម្លាំងចលករបន្ថែមទៀត ដើម្បីឱ្យប្រទេសទាំងពីរប្រែក្លាយមូលដ្ឋានគ្រឹះនៃមិត្តភាព និងទំនុកចិត្ត ទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែងជាងមុននៅក្នុងវិស័យសេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរប្រជាជន និងការពូនជ្រំទំនាក់ទំនងសម្រាប់យុវជនជំនាន់ក្រោយ។
ឃុំ An Cu បង្កើតលក្ខខណ្ឌឱ្យស្ត្រីខ្មែរបញ្ចេញឱ្យអស់ពីសមត្ថភាពនូវតួនាទីនៅក្នុងសហគមន៍ ឃុំ An Cu បង្កើតលក្ខខណ្ឌឱ្យស្ត្រីខ្មែរបញ្ចេញឱ្យអស់ពីសមត្ថភាពនូវតួនាទីនៅក្នុងសហគមន៍
យុគសម័យ - ដោយមាន ៦៧,៤៥% នៃចំនួនគ្រួសារជាបងប្អូនជនជាតិខ្មែរ ឃុំ An Cu ខេត្ត An Giang បានកំណត់ថា សមភាពយេនឌ័រចាំបាច់ត្រូវតែអនុវត្តតាមរយៈបណ្តាសកម្មភាពជាក់ស្តែង ចាប់តាំងពីការលើកកម្ពស់ការយល់ដឹង ការចែករំលែកការទទួលខុសត្រូវនៅក្នុងគ្រួសារ រហូតដល់ការជួយឧបត្ថម្ភស្ត្រីឱ្យទទួលបាននូវចំណេះដឹង ការងារធ្វើ មុខរបរចិញ្ចឹមជីវិត និងការចូលរួមក្នុងបណ្តាសកម្មភាពសង្គម។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌នៃបណ្តាជនជាតិនៅរដ្ឋធានីហាណូយ
រដ្ឋធានីហាណូយ អភិវឌ្ឍវិស័យទេសចរណ៍ចេញពីតម្លៃនៃអាវផាយប្រពៃណី
សម្រស់សម្លៀកបំពាក់ជនជាតិវៀតណាមនៅទីក្រុង San Francisco
ប្រាសាទ Xam - បូជនីយដ្ឋានបុរាណដែលរក្សាទុកស្លាកស្នាមប្រវត្តិសាស្ត្រនៃខេត្ត Ninh Binh
ខេត្ត Udon Thani ជំរុញការតភ្ជាប់វប្បធម៌ និងទេសចរណ៍ជាមួយវៀតណាម

អានច្រើនបំផុត

ខេត្ត Cao Bang អភិវឌ្ឍទេសចរណ៍សហគមន៍តាមបណ្តោយទន្លេ Bac Vong
ខេត្ត Cao Bang អភិវឌ្ឍទេសចរណ៍តំបន់ព្រំដែនផ្សារភ្ជាប់នឹងអត្តសញ្ញាណវប្បធម៌
ទីក្រុង Ha Noi ស្វែងរកឱកាសពង្រីកទីផ្សារទេសចរណ៍អង់គ្លេស និងអឺរ៉ុប
កម្ពុជាប្រារព្ធខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិនៅរាជធានីភ្នំពេញ
ទេសចរណ៍វៀតណាមស្វែងរកឱកាសពង្រីកទីផ្សារអឺរ៉ុបពីការអភិវឌ្ឍប្រកបដោយចីរភាព