យុគសម័យ - AI និងបច្ចេកវិទ្យាជាន់ខ្ពស់កំពុងផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវតម្រូវការចំពោះប្រភពធនធានមនុស្ស។ សម្រាប់វៀតណាម បញ្ហាមិនត្រឹមតែជាការបណ្តុះបណ្តាលបន្ថែមវិស្វករ និងអ្នកជំនាញបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវផ្លាស់ប្តូរថ្មីវិស័យអប់រំ បំពាក់បំប៉នជំនាញថ្មីៗសម្រាប់កម្លាំងពលកម្មដែលមានស្រាប់ និងត្រៀមរៀបចំសម្រាប់ដំណើរការផ្លាស់ប្តូរមុខរបរនៅក្នុងខឿនសេដ្ឋកិច្ច។
| សិស្សចំណេះទូទៅទូទាំងប្រទេសនឹងរៀនខ្លឹមសារ AI ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧ ទីក្រុង Hai Phong បង្កើនការគាំទ្រការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ |
![]() |
| ការអភិវឌ្ឍធនធានមនុស្សក្នុងយុគសម័យ AI៖ ពីបទពិសោធន៍របស់សិង្ហបុរី ដល់តម្រូវការបំប្លែងខ្លួនរបស់វៀតណាម |
ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាជាន់ខ្ពស់ កំពុងដាក់ចេញនូវតម្រូវការថ្មីៗចំពោះប្រភពធនធានមនុស្ស ចាប់ពីវិធីសាស្ត្របណ្តុះបណ្តាល ជំនាញរបស់ពលករ រហូតដល់រចនាសម្ព័ន្ធការងារ។
នៅក្នុងបរិបទនោះ វៀតណាមទាំងត្រូវជំរុញការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ឱ្យបានឆាប់រហ័ស ទាំងត្រូវត្រៀមរៀបចំសម្រាប់ដំណើរការផ្លាស់ប្តូរពលកម្មនៅក្នុងបណ្តាវិស័យដែលប្រើប្រាស់កម្លាំងពលកម្មច្រើន។
សមត្ថភាពស្នូលទាំងបីនៅក្នុងយុគសម័យ AI
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅសិង្ហបុរី សាស្ត្រាចារ្យ Vu Minh Khuong មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី NUS បានចាត់ទុកថា បទពិសោធន៍របស់សិង្ហបុរីបង្ហាញឱ្យឃើញថា ការអប់រំ និងការអភិវឌ្ឍប្រភពធនធានមនុស្ស ត្រូវតែដាក់នៅក្នុងទីតាំងសំខាន់ពិសេស ពីព្រោះនេះជាកត្តាដែលមានអត្ថន័យសម្រេចចំពោះសមត្ថភាពប្រកួតប្រជែង និងអនាគតរបស់ប្រទេសជាតិមួយ។
យោងតាមសាស្ត្រាចារ្យ Vu Minh Khuong នៅក្នុងយុគសម័យ AI ការអប់រំត្រូវផ្តោតលើសមត្ថភាពស្នូលចំនួនបី។
ជាបឋម គឺសមត្ថភាពចម្រាញ់ និងដំណើរការចំណេះដឹង នៅក្នុងបរិបទដែលមនុស្សកាន់តែប្រឈមនឹងបរិមាណព័ត៌មានដ៏ច្រើនលើសលប់។ សំណូមពរលែងគ្រាន់តែជាការចងចាំចំណេះដឹងបានប៉ុន្មាននោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការចេះស្វែងរក វាយតម្លៃ និងប្រើប្រាស់ព័ត៌មានដើម្បីដោះស្រាយបញ្ហា។
វិធីសាស្ត្រនៃការលើកយកមកដោះស្រាយបែបនេះ ក៏នាំឱ្យមានការផ្លាស់ប្តូរក្នុងវិធីសាស្ត្របង្រៀន រៀនសូត្រ និងការវាយតម្លៃផងដែរ។ ជំនួសឱ្យការស្វែងរកវិធីហាមឃាត់អ្នកសិក្សាមិនឱ្យប្រើប្រាស់ AI ឬអ៊ីនធឺណិត ត្រូវសំដៅទៅរកការអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍ទាំងនេះ ព្រមទាំងវាយតម្លៃសមត្ថភាពទាញយកផលពីបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនានា។
នៅពេលដែល AI អាចផ្តល់បរិមាណព័ត៌មានដ៏ច្រើននៅក្នុងរយៈពេលដ៏ខ្លី តម្លៃរបស់មនុស្សកាន់តែស្ថិតនៅលើសមត្ថភាពជ្រើសរើសព័ត៌មានដែលសមស្រប វិភាគ និងបំប្លែងព័ត៌មានឱ្យទៅជាចំណេះដឹងដែលមានប្រយោជន៍។
សមត្ថភាពទីពីរ គឺសមត្ថភាពស្តាប់ ទទួលយកមតិយោបល់ និងសហការ។ យោងតាមសាស្ត្រាចារ្យ Vu Minh Khuong ប្រភពធនធានមនុស្សនាពេលអនាគត មិនត្រឹមតែត្រូវការចំណេះដឹងជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវចេះទទួលយកទស្សនៈខុសៗគ្នា បូកសរុបមតិយោបល់ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយអ្នកដទៃ។
សមត្ថភាពទីបី គឺការច្នៃប្រឌិត។ នៅពេលដែលបរិមាណព័ត៌មាន និងឧបករណ៍ដែលអាចទទួលបានកាន់តែធំ ពលករត្រូវតែមានសមត្ថភាពបង្កើតគំនិត ដំណោះស្រាយ និងតម្លៃថ្មីៗ។ នេះក៏ជាកត្តាសំខាន់មួយក្នុងចំណោមកត្តាទាំងឡាយដែលកំណត់ភាពខុសគ្នានៃប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ក្នុងយុគសម័យ AI។
សហគ្រាសបច្ចេកវិទ្យាចូលរួមលើកកម្ពស់ជំនាញ AI
បណ្តាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាកំពុងចូលរួមកាន់តែស៊ីជម្រៅ ទៅក្នុងដំណើរការបំពាក់បំប៉នជំនាញថ្មីៗសម្រាប់កម្លាំងពលកម្ម។
លោកស្រី Shanti Alexander នាយិកាយុទ្ធនាការ និងកម្មវិធីគោលនយោបាយប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសម្ព័ន្ធក្រុមហ៊ុន Meta បានឱ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនប្តេជ្ញាចិត្តយូរអង្វែងក្នុងការគាំទ្រការអភិវឌ្ឍ និងការអនុវត្ត AI តាមទិសដៅគ្រប់ជ្រុងជ្រោយ មានប្រយោជន៍ និងងាយស្រួលទទួលបាននៅវៀតណាម។
ចំណុចស្នូលមួយក្នុងចំណោមចំណុចស្នូលទាំងឡាយ គឺការលើកកម្ពស់សមត្ថភាពប្រើប្រាស់ AI សម្រាប់សហគ្រាស អ្នកអភិវឌ្ឍន៍ និងក្រុមគ្រូបង្រៀននៅវៀតណាម។
Meta កំពុងសហការជាមួយ Steam for Viet Nam, HocMai, មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន - គមនាគមន៍ Vietnet ដើម្បីជួយគាំទ្រដល់សហគ្រាសក្នុងការអនុវត្ត AI ទៅក្នុងផលិតកម្ម និងអាជីវកម្ម ព្រមទាំងសម្របសម្រួលជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ NIC ដើម្បីគាំទ្រសហគមន៍អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា។
យោងតាមលោកស្រី Shanti Alexander កាលពីពេលថ្មីៗនេះ Meta និង NIC បានរៀបចំការប្រកួត AI hackathon ដោយទាក់ទាញអ្នកអភិវឌ្ឍន៍ជាង ១.០០០ នាក់ចូលរួមក្នុងការកសាងដំណោះស្រាយ AI ក្នុងរយៈពេល ៤៨ ម៉ោង សំដៅដោះស្រាយបញ្ហាជាក់ស្តែងនានា។
ភាគីទាំងពីរក៏កំពុងសម្របសម្រួលអនុវត្តគម្រោង ViGen ដើម្បីកសាងបណ្តាសំណុំទិន្នន័យបើកទូលាយប្រកបដោយគុណភាពខ្ពស់របស់វៀតណាម។ នេះត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះចាំបាច់មួយ ដើម្បីអភិវឌ្ឍគំរូ និងដំណោះស្រាយ AI ឱ្យកាន់តែសមស្របជាមួយភាសា តម្រូវការ និងលក្ខខណ្ឌជាក់ស្តែងរបស់វៀតណាម។
ការអប់រំក៏ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការមួយផងដែរ។ តំណាងក្រុមហ៊ុន Meta បានឱ្យដឹងថា សម្ព័ន្ធក្រុមកំពុងសម្របសម្រួលជាមួយដៃគូនានានៅវៀតណាម អនុវត្តកម្មវិធីលើកកម្ពស់ជំនាញ AI សម្រាប់គ្រូបង្រៀន ដោយមានគោលដៅបណ្តុះបណ្តាលគ្រូបង្រៀនជិត ១.០០០ នាក់ក្នុងឆ្នាំនេះ។
តាមរយៈនោះ AI មិនត្រឹមតែត្រូវបានគេមើលឃើញថាជាវិស័យមួយដែលត្រូវការបណ្តុះបណ្តាលធនធានមនុស្សស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាឧបករណ៍ជួយគាំទ្រដល់ការផ្លាស់ប្តូរថ្មីវិធីសាស្ត្របង្រៀន និងរៀនសូត្រទៀតផង។
ត្រៀមរៀបចំសម្រាប់ការផ្លាស់ប្តូរនៃទីផ្សារពលកម្ម
ខណៈពេលដែលតម្រូវការធនធានមនុស្សបច្ចេកវិទ្យាជាន់ខ្ពស់កើនឡើង ដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក៏បានដាក់ចេញនូវបញ្ហាចំពោះបណ្តាវិស័យដែលប្រើប្រាស់កម្លាំងពលកម្មច្រើនផងដែរ។
លោក Ernie Koh អនុប្រធានក្រុមសហគ្រាសអាស៊ីអាគ្នេយ៍ ចំណុះសហព័ន្ធធុរកិច្ចសិង្ហបុរី SBF បានវាយតម្លៃថា ទីផ្សារពលកម្មវៀតណាមកំពុងមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ នៅពេលដែលល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋានជាច្រើនក្រៅពី Ha Noi និង Ho Chi Minh កាន់តែមានភាពឆាប់រហ័ស។
ឱកាសការងារនៅនឹងកន្លែងកើនឡើង ធ្វើឱ្យផ្នែកមួយនៃកម្លាំងពលកម្មលែងមានតម្រូវការផ្លាស់ទីលំនៅទៅកាន់មជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗដូចពីមុនទៀតហើយ តាមរយៈនោះធ្វើឱ្យការជ្រើសរើសពលករក្នុងវិស័យមួយចំនួនកាន់តែមានការលំបាកជាងមុន។
ពីបទពិសោធន៍ក្នុងវិស័យផលិតគ្រឿងសង្ហារិម ដែលជាវិស័យមួយប្រើប្រាស់កម្លាំងពលកម្មច្រើន លោក Ernie Koh បានចាត់ទុកថា ក្នុងរយៈពេលវែង បណ្តាវិស័យប្រមូលផ្តុំកម្លាំងពលកម្មច្រើននៅវៀតណាម នឹងរងសម្ពាធនៃការបំប្លែងខ្លួនកាន់តែខ្លាំង នៅពេលដែលខឿនសេដ្ឋកិច្ចងាកទៅរកបច្ចេកវិទ្យាជាន់ខ្ពស់កាន់តែខ្លាំងក្លា ហើយពលករវ័យក្មេងដែលមានកម្រិតវិជ្ជាកាន់តែកើនឡើងបានប្តូរទៅកាន់វិស័យទាំងឡាយណាដែលមានតម្លៃបន្ថែមខ្ពស់ជាង។
យោងតាមលោក ដំណើរការនេះក៏បានដាក់ចេញនូវបញ្ហាអំពីលទ្ធភាពនៃការផ្លាស់ប្តូរទីកន្លែងធ្វើការរបស់ពលករនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន ផងដែរ។
នៅក្នុងដំណាក់កាលជាក់លាក់មួយចំនួន ការបង្កលក្ខខណ្ឌឱ្យពលករបណ្តាប្រទេសជាសមាជិកអាស៊ាន ធ្វើការនៅតាមទីផ្សារទាំងឡាយណាដែលកំពុងខ្វះខាតកម្លាំងពលកម្ម អាចរួមចំណែកឆ្លើយតបទៅនឹងតម្រូវការចំពោះមុខរបស់សហគ្រាស ព្រមទាំងជួយគាំទ្រដល់ដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធពលកម្មនៅក្នុងតំបន់។
ការវាយតម្លៃទាំងឡាយខាងលើបង្ហាញឱ្យឃើញថា បញ្ហាប្រភពធនធានមនុស្សរបស់វៀតណាមក្នុងយុគសម័យ AI មិនត្រឹមតែឈប់ត្រឹមការបណ្តុះបណ្តាលបន្ថែមវិស្វករ ឬអ្នកជំនាញបច្ចេកវិទ្យាប៉ុណ្ណោះទេ។
ដំណើរការបំប្លែងខ្លួនទាមទារឱ្យមានវិធីសាស្ត្រនៃការលើកយកមកដោះស្រាយឱ្យកាន់តែទូលំទូលាយ ចាប់ពីការផ្លាស់ប្តូរថ្មីវិស័យអប់រំ ការបំពាក់បំប៉នជំនាញ AI សម្រាប់កម្លាំងពលកម្មដែលមានស្រាប់ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋ គ្រឹះស្ថានបណ្តុះបណ្តាល និងសហគ្រាសបច្ចេកវិទ្យា រហូតដល់ការត្រៀមរៀបចំគោលនយោបាយសម្រាប់ការផ្លាស់ប្តូរមុខរបររបស់ពលកររវាងបណ្តាផ្នែក និងមុខរបរនានា។
នៅក្នុងបរិបទដែលវៀតណាមកំពុងជំរុញយ៉ាងខ្លាំងក្លានូវការបំប្លែងឌីជីថល និងអភិវឌ្ឍបណ្តាវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ បទពិសោធន៍របស់សិង្ហបុរី ព្រមទាំងការចូលរួមរបស់បណ្តាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ បង្ហាញឱ្យឃើញថា ការត្រៀមរៀបចំប្រភពធនធានមនុស្សត្រូវតែដើរមុនមួយជំហាន។
សមត្ថភាពចម្រាញ់ចំណេះដឹង កិច្ចសហការ ការច្នៃប្រឌិត និងការប្រើប្រាស់ AI យ៉ាងស្ទាត់ជំនាញ នឹងកាន់តែក្លាយជាសមត្ថភាពដ៏សំខាន់ៗ ដើម្បីឱ្យពលករអាចសម្របខ្លួនទៅនឹងទីផ្សារការងារដែលកំពុងផ្លាស់ប្តូរ ព្រមទាំងលើកកម្ពស់កម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចនៅក្នុងដំណាក់កាលថ្មី៕
យុគសម័យ - ដំណើរទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦។ |
យុគសម័យ - ទទួលតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី លោក Tharman Shanmugaratnam ព្រមទាំងលោកជំទាវ អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam ព្រមទាំងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦។ |

មតិពីមិត្តអ្នកអាន