យុគសម័យ - នារសៀលថ្ងៃទី ១១ ខែសីហា នៅទីក្រុងកង់បេរ៉ា (អូស្ត្រាលី) ប្រធានគណៈឃោសនាអប់រំមជ្ឈិម លោក Trinh Van Quyet បានជួបធ្វើការជាមួយសហរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក Matt Thistlethwaite ដោយបានផ្លាស់ប្តូរយោបល់អំពីវិធានការនានា សំដៅពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ពាណិជ្ជកម្មឌីជីថល សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការអប់រំ និងការផ្លាស់ប្តូរប្រជាជន។
ជំនួបធ្វើការនេះបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្ត្រាលី របស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam។ អញ្ជើញចូលរួមក្នុងជំនួបនេះ មានវត្តមានលោក Trinh Van Quyet ក្នុងតួនាទីជាសមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិម។
![]() |
| ជំនួបធ្វើការរវាងប្រធានគណៈឃោសនាអប់រំមជ្ឈិម លោក Trinh Van Quyet និងសហរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក Matt Thistlethwaite។ |
ភាគីទាំងពីរបានវាយតម្លៃចំពោះការបោះជំហានអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម – អូស្ត្រាលី ព្រមទាំងបានពិភាក្សាអំពីទិសដៅទាញយកផលប្រយោជន៍ពីបណ្តាវិស័យសហប្រតិបត្តិការដែលនៅមានសក្តានុពលជាច្រើន។
សម្តែងការស្វាគមន៍ចំពោះប្រធានគណៈឃោសនាអប់រំមជ្ឈិម លោក Trinh Van Quyet ដែលបានមកកាន់ទីក្រុងកង់បេរ៉ា សហរដ្ឋមន្ត្រី Matt Thistlethwaite បានអះអាងថា វៀតណាមគឺជាដៃគូដ៏សំខាន់មួយរបស់អូស្ត្រាលីនៅក្នុងតំបន់។ ការលើកកម្ពស់កម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់របស់អូស្ត្រាលីចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់ផងដែរ។
តាមរយៈបណ្តាដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម លោក Matt Thistlethwaite បានវាយតម្លៃខ្ពស់ចំពោះល្បឿននៃការអភិវឌ្ឍ ក៏ដូចជាតួនាទីកាន់តែសកម្មរបស់វៀតណាមនៅក្នុងសកម្មភាពអន្តរជាតិនានា។
លើកឡើងអំពីវេទិកាវិទ្យាសាស្ត្រ – បច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ ការអប់រំ – បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស វៀតណាម – អូស្ត្រាលី (Tech Connect) ដែលត្រូវបានរៀបចំឡើងនៅទីក្រុងស៊ីដនី នាថ្ងៃទី ១០ ខែសីហា ដោយមានការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam លោកបានចាត់ទុកថា ព្រឹត្តិការណ៍នេះបានបង្ហាញឱ្យឃើញនូវសក្តានុពលនៃការតភ្ជាប់សហគ្រាស គ្រឹះស្ថានអប់រំ និងការពង្រីកឱកាសសហប្រតិបត្តិការបច្ចេកវិទ្យា និងនវានុវត្តន៍រវាងប្រទេសទាំងពីរ។
តាមសហរដ្ឋមន្ត្រីអូស្ត្រាលី ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល កំពុងបង្កើតឡើងនូវគំរូអាជីវកម្ម និងកិច្ចសហប្រតិបត្តិការថ្មីៗ ប៉ុន្តែក៏បាននាំមកនូវបញ្ហាប្រឈមកាន់តែធំឡើងអំពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ អូស្ត្រាលីមានបំណងឱ្យប្រទេសទាំងពីរបង្កើនការសម្របសម្រួល ដើម្បីទាញយកផលប្រយោជន៍ពីកាលានុវត្តភាពនៃសេដ្ឋកិច្ចឌីជីថល ព្រមទាំងធានានូវបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងសហគ្រាស កាត់បន្ថយហានិភ័យនៃការរាំងស្ទះសកម្មភាពអាជីវកម្ម និងប្រតិបត្តិការឆ្លងដែន ដោយសារការគំរាមកំហែងនៅលើលំហអ៊ីនធឺណិត។
លោក Matt Thistlethwaite ក៏មានបំណងចង់ឱ្យភាគីទាំងពីរជំរុញការជួបប្រាស្រ័យ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្ត្រី រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការ និងរួមគ្នាចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ប្រធានគណៈឃោសនាអប់រំមជ្ឈិម លោក Trinh Van Quyet បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍយ៉ាងល្អប្រសើរនៃទំនាក់ទំនងវៀតណាម – អូស្ត្រាលី ជាពិសេសគឺចាប់តាំងពីពេលដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកបានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានបង្ហាញយ៉ាងរស់រវើកនូវភាពស្អិតរមួតរវាងប្រទេសទាំងពីរ និងបង្កើតបន្ថែមនូវកម្លាំងចលករដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ។
![]() |
| សមមិត្ត Trinh Van Quyet សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិម ថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយសហរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក Matt Thistlethwaite។ |
ឯកភាពជាមួយភាគីអូស្ត្រាលីអំពីសារៈសំខាន់នៃសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងបរិបទដែលពាណិជ្ជកម្មឌីជីថលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបានចាត់ទុកថា ប្រទេសទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈនោះ ជួយឧបត្ថម្ភសហគ្រាស ជាពិសេសគឺវិស័យសេដ្ឋកិច្ចឯកជន ឱ្យមានភាពកក់ក្តៅក្នុងការពង្រីកការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
លោកបានជម្រាបជូនថា វៀតណាមបានកំណត់គោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ដើម្បីអនុវត្តគោលដៅនេះ វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះវិទ្យាសាស្ត្រ – បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
តាមលោក Trinh Van Quyet កិច្ចសហប្រតិបត្តិការវៀតណាម – អូស្ត្រាលី កំពុងកត់ត្រានូវលទ្ធផលវិជ្ជមានជាច្រើនលើបណ្តាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ – សន្តិសុខ ការអប់រំ វិទ្យាសាស្ត្រ – បច្ចេកវិទ្យា និងទេសចរណ៍។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែមានសក្តានុពលសហប្រតិបត្តិការជាច្រើនទៀតលើវិស័យវប្បធម៌ សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងការផ្លាស់ប្តូរប្រជាជន។
ប្រធានគណៈឃោសនាអប់រំមជ្ឈិមបានសង្កត់ធ្ងន់ថា ដើម្បីឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអភិវឌ្ឍប្រកបដោយចីរភាព និងយូរអង្វែង បន្ថែមលើទំនាក់ទំនងដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ប្រជាជនវៀតណាម និងអូស្ត្រាលីត្រូវតែយល់ដឹងកាន់តែច្បាស់ កាន់តែកៀកជិត និងស្អិតរមួតជាមួយគ្នាកាន់តែខ្លាំងឡើង។ វប្បធម៌ ការអប់រំ និងសារព័ត៌មាន អាចក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់នៅក្នុងដំណើរការនេះ។
ក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមក សហគមន៍ជនជាតិវៀតណាមនៅប្រទេសអូស្ត្រាលី បានរួមចំណែកយ៉ាងច្រើនសម្រាប់សង្គមនៃប្រទេសសាមី។ បណ្តាអ្នកវិទ្យាសាស្ត្រ លោកគ្រូអ្នកគ្រូ សហគ្រាស និងគ្រឹះស្ថានបណ្តុះបណ្តាលនៃប្រទេសទាំងពីរ ក៏បានបង្កើតនូវទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាច្រើនផងដែរ។ ដោយលើកឡើងនូវករណីសាកលវិទ្យាល័យ RMIT ដែលបានធ្វើសកម្មភាពនៅប្រទេសវៀតណាមអស់រយៈពេលជាងពីរទសវត្សរ៍ និងបន្តពង្រីកការវិនិយោគ លោក Trinh Van Quyet បានចាត់ទុកថា គំរូទាំងឡាយបែបនេះ ទាំងរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ទាំងកសាងស្ពានតភ្ជាប់ដ៏យូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរ។
ដើម្បីនាំទំនាក់ទំនងទ្វេភាគីឈានចូលកាន់តែស៊ីជម្រៅ ប្រធានគណៈឃោសនាអប់រំមជ្ឈិម បានស្នើឱ្យអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើវិស័យសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានកិច្ចការបរទេស; សិក្សាស្រាវជ្រាវបង្កើតយន្តការផ្លាស់ប្តូរគណៈប្រតិភូអ្នកសារព័ត៌មានប្រចាំឆ្នាំ និងជំរុញទំនាក់ទំនងដោយផ្ទាល់រវាងបណ្តាស្ថាប័នសារព័ត៌មានស្នូលនៃប្រទេសទាំងពីរ។
លោកក៏បានស្នើឱ្យភាគីអូស្ត្រាលី បង្កលក្ខខណ្ឌអំណោយផលបន្ថែមទៀត ដើម្បីឱ្យអ្នកយកព័ត៌មានវៀតណាមប្រចាំការនៅប្រទេសនេះ អាចសហការ ផ្លាស់ប្តូរបទពិសោធ និងផ្តល់ព័ត៌មានទាន់ពេលវេលា ច្បាស់លាស់ អំពីស្ថានភាពនៃប្រទេសទាំងពីរ; បង្កើនការសម្របសម្រួលផ្នែកសារព័ត៌មាន គាំទ្រដល់គោលដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក។
ភាគីទាំងពីរអាចបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មឌីជីថល និងអភិបាលកិច្ចលំហព័ត៌មាន ព្រមទាំងយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះសហគមន៍ជនជាតិវៀតណាម និងជំនាន់យុវជន។ លោក Trinh Van Quyet បានស្នើឱ្យអូស្ត្រាលី ជួយឧបត្ថម្ភការបង្រៀននិងរៀនភាសាវៀតណាម អភិវឌ្ឍបណ្តាញប្រព័ន្ធផ្សព្វផ្សាយសហគមន៍ និងបង្កលក្ខខណ្ឌកាន់តែងាយស្រួលអំពីទិដ្ឋាការ (Visa) សម្រាប់ពលរដ្ឋវៀតណាម។
សហរដ្ឋមន្ត្រី Matt Thistlethwaite បានវាយតម្លៃថានេះជាបណ្តាសំណើដ៏ជាក់ស្តែង សំដៅបង្កើនភាពស្អិតរមួតរវាងប្រទេសទាំងពីរ និងបានជម្រាបជូនថានឹងពិភាក្សាជាមួយបណ្តារដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធរបស់អូស្ត្រាលី។ តាមលោក វត្តមានរបស់បណ្តាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកយកព័ត៌មានប្រចាំការនៅប្រទេសនីមួយៗ ជួយឱ្យសាធារណជនយល់កាន់តែច្បាស់អំពីសហគមន៍អាណិកជន ក៏ដូចជាការផ្លាស់ប្តូរនានានៅវៀតណាម និងអូស្ត្រាលី។
អំពីពាណិជ្ជកម្មឌីជីថល លោក Matt Thistlethwaite បានយល់ឃើញថា វិស័យនេះកំពុងក្លាយជាផ្នែកមួយកាន់តែសំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ហេតុដូច្នេះ ការធានាសុវត្ថិភាព ការសម្ងាត់សម្រាប់ប្រតិបត្តិការឌីជីថល ទន្ទឹមនឹងការរក្សាបរិយាកាសពាណិជ្ជកម្មបើកចំហ និងកាត់បន្ថយរបាំង មានអត្ថន័យដ៏សំខាន់សម្រាប់សហគ្រាស និងអ្នកប្រើប្រាស់។
ដោយវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនជាតិវៀតណាមចំពោះសង្គមអូស្ត្រាលី លោកបានសម្តែងការស្វាគមន៍ចំពោះវត្តមានកាន់តែច្រើននៃនិស្សិតវៀតណាមដែលមកសិក្សានៅប្រទេសអូស្ត្រាលី។ សាលារៀនមួយចំនួន ជាពិសេសគឺនៅតំបន់ភាគខាងលិចទីក្រុងស៊ីដនី បានបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីបង្រៀន ដែលបង្ហាញឱ្យឃើញនូវលក្ខណៈពហុវប្បធម៌នៃសង្គមអូស្ត្រាលី។
លោក Matt Thistlethwaite បានអះអាងថា វៀតណាម និងអូស្ត្រាលី នៅតែមានសក្តានុពលជាច្រើនទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងទូលំទូលាយ។
នៅចុងបញ្ចប់នៃជំនួបធ្វើការ ប្រធានគណៈឃោសនាអប់រំមជ្ឈិម លោក Trinh Van Quyet បានអះអាងថា វៀតណាមនឹងបន្តសិក្សាស្រាវជ្រាវបណ្តាសំណើអំពីពាណិជ្ជកម្មឌីជីថល និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអូស្ត្រាលី សំដៅអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព៕
យុគសម័យ - នាថ្ងៃទី ២៦ ខែមិថុនា នៅទីក្រុងហាណូយ សម្ព័ន្ធភាពច្នៃប្រឌិតក្នុងការចិញ្ចឹមជ្រូកជីវសុវត្ថិភាពត្រូវបានបង្កើតឡើងដើម្បីការពារឧស្សាហកម្មចិញ្ចឹមជ្រូកនៅវៀតណាម។ |
“ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ១៩៤៤ កងទ័ពប្រជាជនវៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងការពារប្រទេសក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍរបស់វៀតណាម។ លោកប្រធានហូជីមិញគឺជាគំរូដ៏ភ្លឺស្វាងសម្រាប់ប្រជាជនវៀតណាម និងដែលបានប្រជាជនវៀតណាមគោរពរាប់អានហៅថា អ៊ំ ហូ ។ ដូច្នេះហើយ ការដែលកងទ័ពប្រជាជនវៀតណាមបានប្រសិទ្ធនាមកងទ័ពអ៊ំ ហូ ក្នុងន័យថា កងទ័ពប្រជាជនវៀតណាមធ្វើតាមគំរូរបស់លោកប្រធានហូជីមិញគឺលះបង់ដើម្បីការពារប្រទេសវៀតណាម។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន