យុគសម័យ - កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ វៀតណាម - អារ៉ាប់រួម (CEPA) ដែលចូលជាធរមានចាប់ពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ បានបើកកាលានុវត្តភាពបន្ថែមទៀតដើម្បីឱ្យកសិផលវៀតណាមបង្កើនវត្តមាននៅ UAE តាមរយៈការអនុគ្រោះពន្ធគយ ព្រមទាំងបានដាក់ចេញនូវតម្រូវការលើកកម្ពស់សមាមាត្រកែច្នៃស៊ីជម្រៅ ការឆ្លើយតបតាមស្តង់ដារ Halal និងក្បួនច្បាប់ស្តីពីប្រភពដើមទំនិញ។
| កសិផលវៀតណាមបានរីកចម្រើនគួរឲ្យចាប់អារម្មណ៍នៅប្រទេសអូស្ត្រាលី ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា |
![]() |
| រូបភាពឧទាហរណ៍។ |
CEPA ត្រូវបានវៀតណាម និងអារ៉ាប់រួម ចុះហត្ថលេខានៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងគេបង្អស់រវាងវៀតណាម និងប្រទេសមួយដែលស្ថិតក្នុងតំបន់ឈូងសមុទ្រពែរ្ស។
កិច្ចព្រមព្រៀងនេះបង្កើតលក្ខខណ្ឌបន្ថែមដើម្បីឱ្យទំនិញ សេវាកម្ម និងសហគ្រាសវៀតណាម អាចចូលទៅកាន់ទីផ្សារ UAE ព្រមទាំងពង្រីកឱកាសតភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងបណ្តាទីផ្សារសក្តានុពលផ្សេងទៀត។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម UAE បានប្តេជ្ញាលុបចោលពន្ធគយស្របតាមផែនទីបង្ហាញផ្លូវចំពោះ ៩៩% នៃទំហំទឹកប្រាក់នាំចេញរបស់វៀតណាមទៅកាន់ទីផ្សារនេះ។
ប្រសិនបើគិតតាមបន្ទាត់ពន្ធគយ UAE បានបើកចំហ ៩៤,៩% នៃបន្ទាត់ពន្ធគយចំពោះទំនិញវៀតណាម ក្នុងនោះ ៧៤,២% ត្រូវបានលុបចោលភ្លាមៗនៅពេលដែលកិច្ចព្រមព្រៀងចូលជាធរមាន ហើយអត្រានេះនឹងកើនឡើងដល់ ៨៩,២% បន្ទាប់ពីការអនុវត្តរយៈពេល ៥ ឆ្នាំ។
ការទាញយកផលប្រយោជន៍ពីភាពអនុគ្រោះពន្ធគយ និងទីផ្សារនាំចេញបន្ត
ចំពោះក្រុមផលិតផលកសិកម្ម និងជលផល ការប្តេជ្ញាកាត់បន្ថយពន្ធគយត្រូវបានរំពឹងថានឹងបង្កើតប្រៀបខ្លាំងបន្ថែមទៀតអំពីតម្លៃ ដែលតាមរយៈនោះ បានលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃទំនិញវៀតណាមនៅ UAE។
មុខទំនិញដែលវៀតណាមមានលទ្ធភាពផ្គត់ផ្គង់ រួមមាន គ្រាប់ស្វាយចន្ទី ម្រេច អង្ករ តែ បន្លែផ្លែឈើ ទឹកឃ្មុំ ព្រមទាំងផលិតផលជលផល ដូចជា បង្គាខ្លា ត្រីធូណា និងត្រីប្រា។
លោក Truong Xuan Trung តំណាងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅ UAE បានឱ្យដឹងថា វិស័យកសិកម្មមានត្រឹមតែប្រមាណ ០,៨% ប៉ុណ្ណោះ នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ UAE ខណៈដែលប្រទេសនេះត្រូវនាំចូលប្រមាណ ៨០% នៃតម្រូវការស្បៀងអាហារ និងចំណីអាហារ ដើម្បីបម្រើការប្រើប្រាស់ក្នុងស្រុក។
ក្រៅពីតម្រូវការនាំចូលយ៉ាងច្រើន UAE នៅតែដើរតួនាទីជាមជ្ឈមណ្ឌលនាំចេញបន្ត បង្កើតលក្ខខណ្ឌឱ្យទំនិញវៀតណាមអាចចូលទៅកាន់ទីផ្សារដទៃទៀតបានបន្ថែម។
លោក Truong Xuan Trung បានឱ្យដឹងថា «UAE គឺជាទីផ្សារមួយដែលទោះបីជាមានចំនួនប្រជាជនតិចក៏ដោយ ប៉ុន្តែជាទីផ្សារធំមួយ។ ហើយតាមពិតទៅ ទីនេះជាទ្វារចំហ ជាទីផ្សារនាំចេញបន្ត ដើម្បីឱ្យផលិតផលរបស់វៀតណាមមិនត្រឹមតែនាំចេញទៅកាន់ទីផ្សារ UAE ប៉ុណ្ណោះទេ ថែមទាំងពីទីនោះ អាចនាំចេញទៅកាន់បណ្តាប្រទេស GCC និងបណ្តាប្រទេសមជ្ឈិមបូព៌ាដទៃទៀត ព្រមទាំងទ្វីបអាហ្វ្រិកផងដែរ»។
យោងតាមលោក លំហឱកាសពី CEPA មិនគួរត្រូវបានសម្លឹងមើលត្រឹមតែសមត្ថភាពបង្កើនបរិមាណនាំចេញប៉ុណ្ណោះទេ។ ចំពោះកសិផលវៀតណាម តម្រូវការដែលសំខាន់ជាងនេះ គឺការលើកកម្ពស់តម្លៃនៅលើផលិតផលនីមួយៗ បង្កើនសមាមាត្រទំនិញកែច្នៃ និងឈានទៅកសាងជំហររឹងមាំជាបណ្តើរៗនៅក្នុងប្រព័ន្ធចែកចាយ។
បង្កើនការកែច្នៃស៊ីជម្រៅ ឆ្លើយតបតាមតម្រូវការ Halal
តាមទស្សនវិស័យរបស់សហគ្រាស លោកស្រី Ba Thi Nguyet Thu នាយិកាមជ្ឈមណ្ឌលជំរុញ និងបទពិសោធន៍ HalalViet បានយល់ឃើញថា តម្រូវការចំពោះផលិតផលកែច្នៃស៊ីជម្រៅនៅលើទីផ្សារ Halal នៅតែមានទំហំធំ ប៉ុន្តែសហគ្រាសវៀតណាមចាំបាច់ត្រូវបន្តបំពេញបន្ថែមនូវលទ្ធភាពឆ្លើយតបតាមស្តង់ដារជាក់លាក់នៃទីផ្សារនីមួយៗ ក្នុងនោះមាន UAE។
ចំពោះកសិផលឆៅមួយចំនួន ការឆ្លើយតបតាមតម្រូវការ Halal អាចនឹងមានភាពងាយស្រួលជាង។ ទន្ទឹមនឹងនោះ ផលិតផលដែលឆ្លងកាត់ដំណាក់កាលកែច្នៃជាច្រើន ត្រូវតែឆ្លើយតបតាមតម្រូវការដ៏ស្មុគស្មាញជាង អំពីវត្ថុធាតុដើម សារធាតុបន្ថែម នីតិវិធីផលិតកម្ម និងការបញ្ជាក់ទទួលស្គាល់គុណភាព។
បច្ចុប្បន្ន ប្រភពវត្ថុធាតុដើមដែលឆ្លើយតបតាមតម្រូវការ Halal នៅវៀតណាមនៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យសហគ្រាសមួយចំនួនត្រូវស្វែងរកប្រភពពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដើម្បីបម្រើឱ្យផលិតកម្ម។
យោងតាមលោកស្រី Ba Thi Nguyet Thu នេះក៏ជាចន្លោះទីផ្សារដែលអាចបន្តអភិវឌ្ឍនៅក្នុងស្រុកផងដែរ។ នៅពេលដែលតម្រូវការនាំចេញផលិតផលកែច្នៃទៅកាន់ UAE និងបណ្តាទីផ្សារឥស្លាមកើនឡើង ការកសាងប្រភពវត្ថុធាតុដើមសមស្រប ការអភិវឌ្ឍឧស្សាហកម្មកែច្នៃ និងសេវាកម្មគាំទ្រនានា នឹងជួយឱ្យសហគ្រាសកាន់តែមានភាពម្ចាស់ការ និងបង្កើនតម្លៃបន្ថែមដែលបង្កើតឡើងនៅវៀតណាម។
ក្រៅពីស្តង់ដារ និងវិញ្ញាបនបត្របញ្ជាក់ សហគ្រាសចាំបាច់ត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើក្បួនច្បាប់ស្តីពីប្រភពដើមទំនិញ ដើម្បីទទួលបានការអនុគ្រោះពន្ធគយពី CEPA។
ប្រកាសលេខ ២៤/២០២៦/TT-BCT របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានកំណត់អំពីលក្ខណៈវិនិច្ឆ័យក្នុងការកំណត់ប្រភពដើម ក្បួនច្បាប់ជាក់លាក់សម្រាប់មុខទំនិញនីមួយៗ ការបូកសរុប កម្រិតកំណត់នៃភាពបត់បែន ការបញ្ជាក់ និងការត្រួតពិនិត្យប្រភពដើមទំនិញ។
ការក្តាប់ជាប់នូវបទប្បញ្ញត្តិទាំងនេះមានអត្ថន័យពិសេសចំពោះផលិតផលកែច្នៃដែលប្រើប្រាស់វត្ថុធាតុដើមច្រើនប្រភេទ ពីព្រោះរចនាសម្ព័ន្ធធាតុចូលអាចជះឥទ្ធិពលផ្ទាល់ដល់លទ្ធភាពឆ្លើយតបតាមក្បួនច្បាប់ស្តីពីប្រភពដើមទំនិញនៃកិច្ចព្រមព្រៀង។
ហេតុដូច្នេះហើយ ការលើកកម្ពស់សមាមាត្រទំនិញកែច្នៃស៊ីជម្រៅ មិនត្រឹមតែជាការបន្ថែមដំណាក់កាលផលិតកម្មប៉ុណ្ណោះទេ។ សហគ្រាសចាំបាច់ត្រូវគិតគូរក្នុងពេលដំណាលគ្នាអំពីប្រភពវត្ថុធាតុដើម ប្រភពដើមទំនិញ ស្តង់ដារ វិញ្ញាបនបត្របញ្ជាក់ ការវេចខ្ចប់ និងតម្រូវការទីផ្សារ តាំងពីដំណាក់កាលអភិវឌ្ឍផលិតផលមកម្ល៉េះ។
លំហឱកាសពី CEPA នឹងត្រូវបានទាញយកផលប្រយោជន៍កាន់តែមានប្រសិទ្ធភាព នៅពេលដែលការអនុគ្រោះពន្ធគយដើរទន្ទឹមគ្នាជាមួយនឹងសមត្ថភាពកែច្នៃ ការត្រួតពិនិត្យគុណភាព និងលទ្ធភាពនៃការសម្របខ្លួនទៅនឹងតម្រូវការនានានៃទីផ្សារ UAE៕
នាបច្ចុប្បន្ន ថ្វីត្បិតតែបរិមាណនៃការជួញដូរពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) នៅតែមិនទាន់បានខ្ពស់ក៏ដោយ ប៉ុន្តែនារយៈពេលកន្លងទៅ បណ្ដាសហគ្រាសវៀតណាមទទួលបានជោគជ័យនៅពេលចាប់ផ្តើមបង្កើតគំរូធ្វើអាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិកឆ្លង ដែនរបស់ខ្លួននៅលើទីផ្សារនេះ។ |
នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung បានទទួលជួបលោក Renzo Piraccini ប្រធានក្រុមហ៊ុន CESENA FIERA ដែលជាអង្គភាពរៀបចំការតាំងពិព័រណ៍ Macfrut ដើម្បីត្រៀមរៀបចំផែនការសម្រាប់វៀតណាម ចូលរួមក្នុងការតាំងពិព័រណ៍ Macfrut ២០២៣។ |

មតិពីមិត្តអ្នកអាន