យុគសម័យ - នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅក្រៅប្រទេស – ក្រសួងការបរទេស បានចាត់តាំងសិក្ខាសាលា "កសាង និងអភិវឌ្ឍបណ្តាញអ្នកជំនាញ បញ្ញវន្ត នៅក្នុងបណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ"។ នៅទីនេះ បណ្តាប្រតិភូបានស្នើបន្តសុក្រឹតភាពបណ្តាយន្តការ គោលនយោបាយ សំដៅបង្កើតលក្ខខណ្ឌងាយស្រួលកាន់តែខ្លាំងក្លាថែមទៀត សម្រាប់ការចូលរួមរបស់អ្នកជំនាញ បញ្ញវន្តអាណិកជន ក្នុងការដោះស្រាយបណ្តាបញ្ហាធំៗ និងភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យានៅក្នុងប្រទេស។
ចូលរួមក្នុងសិក្ខាសាលានេះ មានតំណាងថ្នាក់ដឹកនាំបណ្តាគណៈ ក្រសួង ស្ថាប័ន មូលដ្ឋាន បណ្តាស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស បណ្តាវិទ្យាស្ថាន សាកលវិទ្យាល័យ សហគ្រាស ព្រមទាំងអ្នកជំនាញ បញ្ញវន្តជាជនជាតិវៀតណាមនៅក្រៅប្រទេសយ៉ាងច្រើនកុះករ និងបណ្តាសមាគម បណ្តាញអ្នកជំនាញ បញ្ញវន្តជនជាតិវៀតណាមនៅក្រៅប្រទេស ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
ថ្លែងមតិនៅក្នុងសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang បានជម្រាបជូនអំពីការដែលការិយាល័យនយោបាយ ទើបតែបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ 23-NQ/TW ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៦ ស្តីពីការងារជនជាតិវៀតណាមនៅក្រៅប្រទេស។ សេចក្តីសម្រេចចិត្តលេខ ២៣ បានអះអាងថា ជនជាតិវៀតណាមនៅក្រៅប្រទេស មិនត្រឹមតែជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីសហគមន៍បណ្តាជនជាតិវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពធនធានយុទ្ធសាស្ត្រសំខាន់មួយ រួមចំណែកលើកកម្ពស់កម្លាំងសរុបជាតិ ជាស្ពានតភ្ជាប់រវាងវៀតណាមជាមួយពិភពលោក រួមដំណើរ និងចូលរួមដោយផ្ទាល់ទៅក្នុងបុព្វហេតុកសាង អភិវឌ្ឍ និងការពារមាតុភូមិ។ បន្ថែមលើសពីនេះ ការគិតគូរអំពីការងារជនជាតិវៀតណាមនៅក្រៅប្រទេស ត្រូវបានលើកកម្ពស់កម្រិត ចាប់ពី “ការចលនា ប្រមូលផ្តុំ ថែទាំ” ទៅជា “ការរួមដំណើរ បង្កើតយន្តការ” ដើម្បីឱ្យជនជាតិវៀតណាមនៅក្រៅប្រទេស ចូលរួមកាន់តែស៊ីជម្រៅនៅក្នុងដំណើរការសមាហរណកម្ម កសាង និងអភិវឌ្ឍប្រទេសជាតិ។
![]() |
| អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang ថ្លែងមតិនៅក្នុងសិក្ខាសាលា។ |
អនុរដ្ឋមន្ត្រី Le Thi Thu Hang បានអះអាងថា សិក្ខាសាលានេះគឺជាឱកាសដ៏ល្អដើម្បីឱ្យគ្រប់ភាគីរួមគ្នាផ្លាស់ប្តូរយោបល់ ស្វែងរកដំណោះស្រាយលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៃបណ្តាញអ្នកជំនាញ បញ្ញវន្តជនជាតិវៀតណាមនៅក្រៅប្រទេស សំដៅដល់គោលដៅមិនត្រឹមតែតភ្ជាប់ប្រភពធនធានប៉ុណ្ណោះទេ ថែមទាំងបង្កើតចេញនូវគម្រោង ផលិតផល និងលទ្ធផលសហប្រតិបត្តិការជាក់ស្តែង បម្រើដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។
អនុរដ្ឋមន្ត្រីបានសម្តែងនូវជំនឿជាក់ថា ជាមួយនឹងការចូលរួមរបស់បណ្តាស្ថាប័នគ្រប់គ្រងរដ្ឋ - វិទ្យាស្ថាន សាកលវិទ្យាល័យ - សហគ្រាស - អ្នកជំនាញទាំងក្នុង និងក្រៅប្រទេស លទ្ធផលនៃសិក្ខាសាលានឹងក្លាយជាមូលដ្ឋានសំខាន់ ដើម្បីក្រសួងការបរទេស និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចកសាងមូលដ្ឋានទិន្នន័យ និងអភិវឌ្ឍបណ្តាញអ្នកជំនាញ បញ្ញវន្តនៅក្នុងបណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ តាមការចង្អុលបង្ហាញរបស់រដ្ឋាភិបាល។
សិក្ខាសាលាបានកត់ត្រានូវបទអន្តរាគមន៍ និងមតិរួមចំណែកជិត ២០ របស់បណ្តាប្រតិភូទាំងក្នុង និងក្រៅប្រទេស ក្នុងនោះ ប្រតិភូទាំងអស់សុទ្ធតែបានឯកភាពគ្នាថា ជាមួយនឹងមូលធនចំណេះដឹងវិជ្ជាជីវៈស៊ីជម្រៅនិងទូលំទូលាយ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងបទពិសោធការងារយ៉ាងជោកជាំនៅក្នុងមជ្ឈដ្ឋានអន្តរជាតិ ជួរកម្មាភិបាលបញ្ញវន្តជនជាតិវៀតណាមនៅក្រៅប្រទេស ពិតជាប្រភពធនធានសំខាន់មួយ រួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។
បណ្តាប្រតិភូបានស្នើបន្តសុក្រឹតភាពបណ្តាយន្តការ គោលនយោបាយ សំដៅបង្កើតលក្ខខណ្ឌងាយស្រួលកាន់តែខ្លាំងក្លាថែមទៀត សម្រាប់ការចូលរួមរបស់អ្នកជំនាញ បញ្ញវន្តអាណិកជន ក្នុងការដោះស្រាយបណ្តាបញ្ហាធំៗ និងភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យានៅក្នុងប្រទេស។ បន្ថែមលើសពីនេះ បណ្តាស្ថាប័ន សហគ្រាសនៅក្នុងប្រទេស ក៏ត្រូវមានប្រធានបទជាក់ស្តែង មានយន្តការតភ្ជាប់ និងបញ្ជាទិញប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យ “ការផ្គត់ផ្គង់ជួបនឹងតម្រូវការ” ធានាការតភ្ជាប់បាន “ត្រូវមនុស្ស ត្រូវកិច្ចការ”។
![]() |
| ទិដ្ឋភាពទូទៅនៃសិក្ខាសាលា។ |
មតិមួយចំនួនបានសង្កត់ធ្ងន់ថា ប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីច្នៃប្រឌិតដែលដំណើរការប្រកបដោយចីរភាព ជារឿយៗត្រូវបានកសាងឡើងចេញពីមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៣៖ មានសមត្ថភាពវិជ្ជាជីវៈជាក់ស្តែង មានស្មារតីសហប្រតិបត្តិការ និងមានបំណងប្រាថ្នាបង្កើតគុណតម្លៃសម្រាប់សហគមន៍។ ប្រការនេះមានសារៈសំខាន់ជាពិសេសចំពោះជំនាន់បញ្ញវន្តវ័យក្មេង។ អ្នកវិទ្យាសាស្ត្រវ័យក្មេងជាច្រើននាពេលបច្ចុប្បន្ន មិនស្វែងរកអង្គការនានាដោយសារតែមុខតំណែង ឬរចនាសម្ព័ន្ធអង្គការនោះទេ ប៉ុន្តែដោយសារតែពួកគេបានរកឃើញនៅទីនោះនូវសហគមន៍មួយដែលមានប្រព័ន្ធគុណតម្លៃដូចគ្នា ជាមជ្ឈដ្ឋានបើកចំហដើម្បីសិក្សារៀនសូត្រ សហប្រតិបត្តិការ និងបង្កើតផលប៉ះពាល់ជាក់ស្តែង។ គឺភាពស៊ីសង្វាក់គ្នានៃគុណតម្លៃ មិនមែនជារចនាសម្ព័ន្ធរដ្ឋបាលនោះទេ ទើបជាសារធាតុស្អិតរមួតប្រកបដោយចីរភាពបំផុតនៃបណ្តាញចំណេះដឹងមួយ។
អាស្រ័យហេតុនេះ ការកសាងបណ្តាញមួយអាចចាប់ផ្តើមចេញពីក្រុមអ្នកជំនាញឆ្នើមតាមបណ្តាវិស័យជាក់លាក់នីមួយៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យ កង់ទិច បច្ចេកវិទ្យាជីវសាស្ត្រ កុំព្យូទ័រពពក ... ដែលត្រូវបានកំណត់ស្របតាមតម្រូវការជាតិ។ សំខាន់ជាងនេះទៅទៀត បណ្តាញនីមួយៗត្រូវផ្សារភ្ជាប់ជាមួយភារកិច្ចជាក់ស្តែងរបស់ប្រទេសជាតិ។ នៅពេលវៀតណាមមានបញ្ហាមួយដែលត្រូវដោះស្រាយ ពួកយើងត្រូវដឹងថា៖ តើនរណាជាអ្នកជំនាញជនជាតិវៀតណាមពូកែបំផុតនៅលើពិភពលោកអំពីបញ្ហានោះ ហើយពួកគេកំពុងនៅទីណា; ពួកគេអាចរួមចំណែកតាមទម្រង់បែបណា ហើយនរណាទទួលខុសត្រូវក្នុងការតភ្ជាប់ពួកគេទៅកាន់ត្រូវស្ថាប័ន ត្រូវសហគ្រាស និងត្រូវគម្រោងនៅប្រទេសវៀតណាម។
លោក Nguyen Phuc Binh ប្រធានបណ្តាញផ្លាស់ប្តូរថ្មីច្នៃប្រឌិតវៀតណាមនៅប្រទេសអូស្ត្រាលី បានចាត់ទុកថា គុណតម្លៃនៃបណ្តាញអ្នកជំនាញមួយ មិនស្ថិតនៅលើប្រវែងនៃបញ្ជីឈ្មោះសមាជិកនោះទេ។ បណ្តាញមួយដែលមានត្រឹមតែ ១០០ នាក់ ប៉ុន្តែអាចកៀរគរបាន ៣០ នាក់រួមគ្នាដោះស្រាយបណ្តាបញ្ហាជាក់ស្តែង អាចមានគុណតម្លៃលើសលប់ជាងបញ្ជីឈ្មោះរាប់ពាន់នាក់ ប៉ុន្តែមិនបង្កើតបានសកម្មភាពជាក់ស្តែង។ ហេតុដូច្នេះហើយ ការកសាងបណ្តាញអ្នកជំនាញ មិនគួររត់តាមបរិមាណនោះទេ ប៉ុន្តែត្រូវស្វែងរកឱ្យបានត្រូវមនុស្ស។
លោក Binh បានស្នើពង្រីកបណ្តាកម្មវិធីស្រាវជ្រាវរួមគ្នារវាងវៀតណាម និងដៃគូអន្តរជាតិនានា នៅក្នុងបច្ចេកវិទ្យាយុទ្ធសាស្ត្រនានា។ តាមរយៈនោះ បណ្តាអ្នកវិទ្យាសាស្ត្រជនជាតិវៀតណាមនៅក្រៅប្រទេស ក៏អាចរួមចំណែកជាក់ស្តែងសម្រាប់ស្រុកកំណើតផងដែរ។
តាមរយៈសិក្ខាសាលានេះ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅក្រៅប្រទេស – ក្រសួងការបរទេស មានបំណងលើកកម្ពស់ ពង្រឹងកាន់តែខ្លាំងក្លាថែមទៀតនូវតួនាទីនៃបណ្តាញអ្នកជំនាញ បញ្ញវន្តជនជាតិវៀតណាមនៅក្រៅប្រទេស; បង្កើតស្ពានតភ្ជាប់ ចែករំលែកព័ត៌មាន បទពិសោធជាក់ស្តែង រវាងបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ សហគ្រាស ជាមួយជួរអ្នកជំនាញ បញ្ញវន្តជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយដោះដោះបណ្តា “ចំណុចស្ទះ” នាពេលបច្ចុប្បន្ន។ ពីនោះ បង្កើតកម្លាំងចលករថ្មី រួមចំណែកជំរុញការតភ្ជាប់ ទាក់ទាញ លើកកម្ពស់បញ្ញាញាណ ការរួមចំណែករបស់អ្នកជំនាញ បញ្ញវន្តជនជាតិវៀតណាមនៅក្រៅប្រទេស ទៅក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិនៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី៕
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ យុគសម័យ - នាលព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីស្តីការរដ្ឋភិបាល ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានអធិបតីកិច្ចប្រជុំស្តីពីគម្រោងការអភិវឌ្ឍមជ្ឈមណ្ឌលស្រាវជ្រាវ សាកល្បងនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ |
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន