ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលទទួលបន្ទុកការវិនិយោគពីបរទេសបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយបង្ហាញក្ដីសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងពិចារណាឡើងវិញចំពោះការសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុន Union Development Group (UDG) ក្រោយពីមានការចោទប្រកាន់មិនឆ្លុះបញ្ចាំងពីការពិតអំពីការរំលោភសិទ្ធិមនុស្ស ពុករលួយ នឹងអាចប្រើប្រាស់ជាមូលដ្ឋានយោធានៅកម្ពុជា។
ក្រុមហ៊ុន UDG បានទទួលសិទ្ធិជួលដី ៣៦ ០០០ ហិកតា សម្រាប់រយៈពេល ៩៩ ឆ្នាំពីកម្ពុជា ដែលនឹងប្រើប្រាស់សម្រាប់ការវិនិយោគមានទឹកប្រាក់ ៣,៨ ពាន់លានដុល្លារ។ ទំហំនេះរំលោភលើច្បាប់កម្ពុជាដែលអនុញ្ញាតឲ្យផ្ដល់ដីសម្បទានតែ ១ ម៉ឺនហិកតាតែប៉ុណ្ណោះ។ រូបថត សហការី
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា៖ «ដូចនេះកម្ពុជាស្វាគមន៍ចំពោះដំណើរទស្សនកិច្ចស្វែងរកការពិតរបស់សហរដ្ឋអាមេរិក ឬប្រទេសជាមិត្តនានា ដើម្បីបញ្ចប់ការចោទប្រកាន់ និងមន្ទិលសង្ស័យនេះ»។ «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងពិចារណាឡើងវិញចំពោះការសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (UDG) ជាក់ជាមិនខាន»។
សេចក្ដីថ្លែងការណ៍ដដែលបានឲ្យដឹងថា UDG ជាក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជា ដែលកាន់កាប់ដោយក្រុមហ៊ុនឯកជនចិនឈ្មោះ Tiangin Union Investment Development Group Co.,ltd។ ការវិនិយោគរបស់ក្រុមហ៊ុន UDG មិនធ្វើលើដីសម្បទានដែលកំណត់ត្រឹមតែ ១ ម៉ឺនហិកតានោះទេ គឺក្រុមហ៊ុននេះវិនិយោគលើដីជួលដែលមិនមានច្បាប់ណាកំណត់ពីទំហំអតិបរមាឡើយ។ គម្រោងវិនិយោគរបស់ UDG រួមចំណែកទាក់ទាញក្រុមហ៊ុនជាច្រើនមកវិនិយោគនៅទីតាំងនេះតាមរយៈការជួលដីផ្នែកខ្លះបន្ត។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា៖ «ដូច្នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាយល់ឃើញថា ការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកនេះនឹងជះឥទ្ធិពលជាអវិជ្ជមាន ដែលមិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុន UDG ប៉ុណ្ណោះទេ តែក៏អាចប៉ះពាល់ធ្ងន់ធ្ងរផងដែរដល់ការងារប្រជាជនស្លូតត្រង់ជាច្រើន ក៏ដូចជាដល់បរិស្ថានធុរកិច្ច និងវិនិយោគទាំងមូលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ចេញផ្សាយកាលពីទី ១៥ កញ្ញា សប្ដាហ៍មុនបានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុន UDG ដែលមានមូលដ្ឋាននៅខេត្តកោះកុង។ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយប្រើប្រាស់ច្បាប់ The Global Magnitsky Human Rights និងបានអះអាងថា ក្រុមហ៊ុននេះបានរឹបអូស និងបំផ្លាញដីរបស់ពលរដ្ឋមូលដ្ឋាន ដើម្បីយកដីសាងសង់គម្រោងអភិវឌ្ឍន៍តារាសាគរ ហើយក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងដោយរដ្ឋចិន។
សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឲ្យដឹងទៀតថា ក្រុមហ៊ុន UDG បានទទួលសិទ្ធិជួលដី ៣៦ ០០០ ហិកតា សម្រាប់រយៈពេល ៩៩ ឆ្នាំពីកម្ពុជា ដែលនឹងប្រើប្រាស់សម្រាប់ការវិនិយោគមានទឹកប្រាក់ ៣,៨ ពាន់លានដុល្លារ។ ទំហំនេះរំលោភលើច្បាប់កម្ពុជាដែលអនុញ្ញាតឲ្យផ្ដល់ដីសម្បទានតែ ១ ម៉ឺនហិកតាតែប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះក្រុមហ៊ុន Tiangin Union Investment Development Group Co.;ltd និងស្ថានទូតចិនប្រចាំកម្ពុជាក៏ជំទាស់នឹងការដាក់ទណ្ឌកម្មនេះដែរដោយលើកឡើងថា ការសម្រេចបែបនេះធ្វើឡើងដោយគ្មានមូលដ្ឋានពិតប្រាកដ។
ក្រុមហ៊ុន Tiangin Union Investment Development Group Co.;ltd បានបញ្ជាក់ថា UDG គឺជាក្រុមហ៊ុនឯកជនសុទ្ធសាធហើយគ្មានភាគហ៊ុនរដ្ឋចិនចូលរួមឡើយ។ ក្រុមហ៊ុននេះបានជួលដីក្នុងភូមិសាស្ត្រស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខេត្តកោះកុង និងអនុវត្តតាមកិច្ចសន្យាតឹងរ៉ឹងដោយសាងសង់ផ្លូវថ្នល់ ស្ពាន គម្រោងកំពង់ផែ សួនទេសភាព និងអគារនានា។
ក្រុមហ៊ុន Tiangin Union Investment Development Group Co.;ltd បានបន្តថា៖ «ក្រុមហ៊ុនយើងខ្ញុំសូមតវ៉ាយ៉ាងខ្លាំងក្លាចំពោះសហរដ្ឋអាមេរិកប្រើច្បាប់ក្នុងប្រទេសខ្លួនអនុវត្ត «យុត្តាធិការដៃវែង» លើក្រុមហ៊ុនយើងខ្ញុំពីបទចោទប្រកាន់ «គ្មានមូលដ្ឋាន»។ ក្រុមហ៊ុននេះក៏ស្វាគមន៍ដល់ក្រុមហ៊ុននានា រាប់ទាំងសហរដ្ឋអាមេរិកផងដើម្បីមកវិនិយោគនៅតារាសាគរ។
ចំណែកស្ថានទូតចិនបានចេញសេចក្ដីប្រកាសព័ត៌មានថា៖ «ស្ថានទូតចិនប្រចាំកម្ពុជាធ្វើការជំទាស់ និងថ្កោលទោសជាដាច់ខាតចំពោះទង្វើមួយនេះ។ យើងទទូចដល់ភាគីសហរដ្ឋអាមេរិកកែប្រែវិធីសាស្ត្រមួយនេះជាបន្ទាន់ និងដកទណ្ឌកម្មសម្រេចទាំងស្រុងរបស់ខ្លួនផងដែរ»។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានឲ្យដឹងទៀតថា យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គ្មានមូលដ្ឋានកងទ័ពបរទេសណាមួយអាចត្រូវបានបង្កើតនៅកម្ពុជាឡើយ ទោះជាមូលដ្ឋានកងទ័ពចិន អាមេរិក ឬប្រទេសណាមួយក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានបដិសេធជាច្រើនលើកច្រើនសាររួចហើយដែរចំពោះព័ត៌មានដែលថាកម្ពុជាអាចទទួលយកកងទ័ពបរទេសមកឈរជើងនៅក្នុងទឹកដីរបស់ខ្លួន។
ដូចនេះកម្ពុជាស្វាគមន៍ចំពោះដំណើរទស្សនកិច្ចស្វែងរកការពិតរបស់សហរដ្ឋអាមេរិក ឬប្រទេសជាមិត្តនានា ដើម្បីបញ្ចប់ការចោទប្រកាន់ និងមន្ទិលសង្ស័យនេះ។ គួររំឭកផងដែរថា នាពេលកន្លងមកតំណាងស្ថានទូតនៃប្រទេសមួយចំនួនរួមទាំងអនុព័ន្ធយោធាអមស្ថានទូតក៏ធ្លាប់បានទៅទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍តារាសាគរនាថ្ងៃទី ១២ ខែកុម្ភៈ និងថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៩ នេះរួចហើយផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ១៨ កញ្ញា ក៏បានចេញសេចក្ដីថ្លែងការណ៍ផងដែរថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការខកចិត្តចំពោះការចោទប្រកាន់ពីការរំលោភសិទ្ធិក្នុងការបញ្ចេញមតិនៅកម្ពុជាដោយឥស្សរជននយោបាយសហរដ្ឋអាមេរិកលោក Alan Lowenthal សមាជិកសភា និងលោក Robert A. Destro ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសទៅលើវិធានការរបស់អាជ្ញាធរកម្ពុជាក្នុងការធានាសន្ដិភាព សណ្ដាប់ធ្នាប់ និងសុខភាពសាធារណៈនៅក្នុងប្រទេស។
សេចក្ដីថ្លែងការណ៍ថា៖ «ការវាយតម្លៃរបស់ពួកគេមិនត្រឹមត្រូវទាល់តែសោះ និងមិនបានគិតពីទិដ្ឋភាពអង្គហេតុ និងអង្គច្បាប់នៃបញ្ហានេះ»។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យដដែលបានបន្តថា កម្ពុជារក្សាការប្ដេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងល្អប្រសើរជាមួយសហរដ្ឋអាមេរិក និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកដើម្បីស្ថិរភាព សន្ដិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕
(ប្រភពព័ត៌មាន: postkhmer.com)
មតិពីមិត្តអ្នកអាន