មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ក៏បានជំរុញឱ្យពលរដ្ឋមានភាពអត់ធ្មត់ ហើយពលករដែលបាត់បង់ការងារគួរតែចាប់ផ្តើមរកវិធីទ្រទ្រង់ខ្លួនឯង រួមទាំងការដាំបន្លែ បណ្តើរៗទៅ។
ពលករដែលបាត់បង់ការងារថ្មីៗនេះដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ពុំគួរ“ពុះកញ្រ្ជោល ឬមួយក៏ ជ្រួលច្រាល់” វិលត្រលប់ទៅក្រៅប្រទេសដើម្បីស្វែងរកការងារនោះទេ ប៉ុន្តែ គួរតែចាប់ផ្តើមបង្កបង្កើនផលដើម្បីឧបត្ថម្ភខ្លួនឯងជាបណ្តើរៗ។ នេះជាប្រសាសន៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
លោកជំទាវ ជូ ប៊ុនអេង បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “សូមមេត្តាកុំអាលទាន់ គេហៅថា ពុះកញ្រ្ជោល ឬមួយ ក៏ជ្រួលច្រាល់នៅក្នុងការវិលត្រលប់ទៅរកប្រទេសគោលដៅវិញ ដោយសារតែប្រទេសគោលដៅបច្ចុប្បន្ននេះ គឺមានអត្រាឆ្លងខ្ពស់ជាងយើងទៀត អ៊ីចឹងបើសិនជាគាត់ត្រលប់ទៅវិញពេលនេះ គឺជួបនឹងហានិភ័យខ្ពស់ណាស់។”
លោកជំទាវ ជូ ប៊ុនអេង បានបន្តថា ខាងប្រទេសគេនោះក៏គេរឹតបន្តឹងពីការបិទព្រំដែនដែរ ដូច្នេះយើងត្រូវគិតថា ការស្នាក់នៅក្នុងប្រទេសនេះគឺអាចមានរយៈពេលយូរ ដែល“មិនតិចជាង៣ខែ ៦ខែ ១ឆ្នាំ ឬលើសពី២ឆ្នាំទេ។”
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ក៏បានជំរុញឱ្យពលរដ្ឋមានភាពអត់ធ្មត់ ហើយពលករដែលបាត់បង់ការងារគួរតែចាប់ផ្តើមរកវិធីទ្រទ្រង់ខ្លួនឯង រួមទាំងការដាំបន្លែ បណ្តើរៗទៅ។
លោកជំទាវ ជូ ប៊ុនអេង បានអះអាងថា “អ៊ីចឹង ក្នុងរយៈពេលនេះ យើងអាចបង្កបង្កើនផលសម្រាប់ឧបត្ថម្ភបានជាបណ្តើរៗហើយ ក្នុងដំណាក់កាលណាមួយនោះ គឺគាត់នឹងសប្បាយរីករាយដោយសារតែគាត់អាចមានឱកាសធ្វើការងារនិងការចិញ្ចឹមជីវិតនៅទីនេះ។”
យោងតាមលោកជំទាវ ជូ ប៊ុនអេង ពលករខ្មែរចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញ នាពេលកន្លងទៅនេះ មានប្រមាណជាង ៨ម៉ឺននាក់ រួមមាន ស្រ្តីជាង ៤៣ភាគរយ ផងដែរ។
បច្ចុប្បន្នភាពនៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបានព្យាបាលជាសះស្បើយ ចំនួន ១១០នាក់ ហើយអ្នកដែលកំពុងសម្រាកព្យាបាលកូវីដ១៩ សរុបចំនួន១២នាក់ នៅតាមមន្ទីរពេទ្យរដ្ឋ នៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា៕
(សរុបដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន