Trending now

សេចក្តីសម្រេចទាំងពីរដែលបើកផ្លូវសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាម

12:09 | 07/06/2026 ឌឹកអាញ់

យុគសម័យ - ជាមួយនឹងការដាក់ចេញនូវសេចក្តីសម្រេចលេខ ២១ ស្តីពីបញ្ជីរាយនាមបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងសេចក្តីសម្រេចលេខ ៨០៨ ស្តីពីបណ្តាភារកិច្ចអភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រ រដ្ឋាភិបាលកំពុងបំពេញបន្ថែមជាបណ្តើរៗនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងក្របខ័ណ្ឌសកម្មភាព សំដៅធ្វើជាម្ចាស់លើបណ្តាបច្ចេកវិទ្យាស្នូល, លើកកម្ពស់សមត្ថភាពស្វ័យភាពជាតិ និងបង្កើតនូវកម្លាំងចលករកំណើនថ្មីសម្រាប់ខឿនសេដ្ឋកិច្ច។

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ ជំរុញការអនុវត្តយុទ្ធសាស្ត្រការងារជនជាតិដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥

បណ្តាសេចក្តីសម្រេចទាំងនេះ រួមចំណែកធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ 57-NQ/TW របស់ការិយាល័យនយោបាយ ដោយនាំយកនូវបណ្តាទិសដៅធំៗស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, នវានុវត្តន៍ ចូលទៅក្នុងការអនុវត្តជាក់ស្តែង តាមរយៈបណ្តាភារកិច្ច និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រជាក់ស្តែង។

តាមលោក Luu Quang Minh អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្របច្ចេកទេស និងបច្ចេកវិទ្យា (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ គឺជាតម្រូវការបន្ទាន់ សំដៅលើកកម្ពស់សមត្ថភាពស្វ័យភាពជាតិ, បង្កើតកម្លាំងចលករកំណើនថ្មី និងធ្វើឱ្យសម្រេចបាននូវគោលដៅនាំយកវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនេះ រដ្ឋាភិបាលបានបំពេញបន្ថែមជាបណ្តើរៗនូវក្របខ័ណ្ឌគោលនយោបាយ ចាប់ពីការកំណត់បណ្តាវិស័យអាទិភាព រហូតដល់ការកសាងយន្តការអនុវត្តជាក់ស្តែង ដោយផ្សារភ្ជាប់បច្ចេកវិទ្យាជាមួយបណ្តាបញ្ហាអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រទេសជាតិ។

របត់ដ៏សំខាន់មួយ គឺការដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានដាក់ចេញនូវសេចក្តីសម្រេចលេខ 21/2026/QĐ-TTg ស្តីពីបញ្ជីរាយនាមបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបញ្ជីរាយនាមផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដោយជំនួសឱ្យសេចក្តីសម្រេចលេខ ១១៣១ នាពេលមុននេះ។

សេចក្តីសម្រេចទាំងពីរដែលបើកផ្លូវសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាម
ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ ត្រូវបានកំណត់ថាជាភារកិច្ចស្នូលមួយ សំដៅលើកកម្ពស់សមត្ថភាពស្វ័យភាពជាតិ។

តាមលោក Luu Quang Minh នេះគឺជាឯកសារដែលមានអត្ថន័យសំខាន់ក្នុងការបង្កើតឡើងនូវក្របខ័ណ្ឌអាទិភាពជាតិស្តីពីបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដោយធ្វើជាមូលដ្ឋានសម្រាប់បណ្តាក្រសួង, វិស័យ, មូលដ្ឋាន, សហគ្រាស, វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យ តម្រង់ទិសដៅសកម្មភាពស្រាវជ្រាវ, ការវិនិយោគ, ការអភិវឌ្ឍផលិតផល និងបង្កើតជារូបរាងបណ្តើរៗនូវសមត្ថភាពប្រកួតប្រជែងបច្ចេកវិទ្យានាពេលអនាគត។

ចំណុចថ្មីដ៏លេចធ្លោនៃសេចក្តីសម្រេចលេខ ២១ គឺរបៀបចូលទៅជិតក្នុងការជ្រើសរើសបច្ចេកវិទ្យា មិនត្រឹមតែផ្អែកលើនិន្នាការអភិវឌ្ឍន៍របស់ពិភពលោកនោះទេ ប៉ុន្តែគឺចេញមកពីបណ្តាបញ្ហាធំៗរបស់ជាតិ, របស់ខឿនសេដ្ឋកិច្ច និងរបស់វិស័យឬតំបន់ជាក់ស្តែងនីមួយៗ។

តាមនោះ បច្ចេកវិទ្យានីមួយៗដែលត្រូវបានជ្រើសរើស សុទ្ធតែត្រូវផ្សារភ្ជាប់ជាមួយផលិតផលបច្គេកវិទ្យាយុទ្ធសាស្ត្រជាក់ស្តែង, ជាមួយបច្ចេកវិទ្យាស្នូលដែលចាំបាច់ត្រូវធ្វើជាម្ចាស់, ជាមួយកម្មវត្ថុដែលមានសមត្ថភាពអនុវត្ត និងមានទីផ្សារលទ្ធផលច្បាស់លាស់។ របៀបចូលទៅជិតបែបនេះ ជួយជៀសវាងនូវសភាពការណ៍ជ្រើសរើសបច្ចេកវិទ្យាតាមចលនា ឬការវិនិយោគរាយប៉ាយ ប៉ុន្តែមិនបង្កើតបានជាផលិតផលដែលមានតម្លៃជាក់ស្តែង និងសមត្ថភាពបច្ចេកវិទ្យាពិតប្រាកដ។

បញ្ជីរាយនាមបច្ចេកវិទ្យាយុទ្ធសាស្ត្រ ត្រូវបានកំណត់ថាផ្តោតការយកចិត្តទុកដាក់លើបណ្តាវិស័យដែលមានសមត្ថភាពបង្កើតជាកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់កំណើនសេដ្ឋកិច្ច, លើកកម្ពស់ទិន្នផលពលកម្ម, សមត្ថភាពប្រកួតប្រជែងជាតិ ទន្ទឹមនឹងនោះបម្រើឱ្យតម្រូវការធានាការពារជាតិ, សន្តិសុខ និងស្វ័យភាពយុទ្ធសាស្ត្រ។

បណ្តាក្រុមបច្ចេកវិទ្យាអាទិភាព រួមមាន បញ្ញាសិប្បនិម្មិត (AI), ទិន្នន័យធំ, គណនាក្នុងប្រព័ន្ធពពក, ពាក់កណ្តាលចម្លង និងឈីបជំនាញ, បណ្តាញទូរគមនាគមន៍ជំនាន់ថ្មី, រូបូតនិងស្វ័យប្រវត្តកម្ម, ឌីជីថលភ្លោះ, សន្តិសុខគរុបណ្តាញ, ជីវវេជ្ជសាស្ត្រកម្រិតខ្ពស់, ថាមពលនិងសម្ភារៈថ្មី, បច្ចេកវិទ្យាដីកម្រ, អាកាសចរណ៍និងអវកាស, បច្ចេកវិទ្យាផ្លូវដែកទំនើប ព្រមទាំងបច្ចេកវិទ្យាគ្រឹះជាច្រើនទៀត។

ទាំងនេះសុទ្ធសឹងតែជាវិស័យដែលមានសក្តានុពលក្នុងការបង្កើតឡើងនូវបណ្តាវិស័យឧស្សាហកម្មថ្មីៗ ទន្ទឹមនឹងនោះរួមចំណែកកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យានាំចូលនៅក្នុងបណ្តាវិស័យគន្លឹះ។

ចាប់ពីការកំណត់អាទិភាព រហូតដល់ការចាត់តាំងអនុវត្ត

ទោះជាយ៉ាងណាក៏ដោយ តាមតំណាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការដាក់ចេញនូវបញ្ជីរាយនាមបច្ចេកវិទ្យាយុទ្ធសាស្ត្រ ទើបតែជាជំហានចាប់ផ្តើមដំបូងប៉ុណ្ណោះ។

ការអនុវត្តជាក់ស្តែងបានបង្ហាញថា ប្រសិនបើមានតែបញ្ជីរាយនាមអាទិភាព ប៉ុន្តែខ្វះខាតនូវបណ្តាភារកិច្ចជាក់ស្តែង, ខ្វះខាតកម្មវត្ថុអនុវត្ត, ខ្វះខាតប្រភពធនធានវិនិយោគ និងយន្តការវាយតម្លៃលទ្ធផលនោះ គឺពិតជាពិបាកក្នុងការបំប្លែងទិសដៅគោលនយោបាយទៅជាសមត្ថភាពបច្ចេកវិទ្យាពិតប្រាកដណាស់។

ចេញពីតម្រូវការនោះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានដាក់ចេញនូវសេចក្តីសម្រេចលេខ 808/QĐ-TTg ស្តីពីបណ្តាភារកិច្ចអភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដោយផ្សារភ្ជាប់ជាមួយបណ្តាបញ្ហាធំៗរបស់ប្រទេសជាតិ។

សេចក្តីសម្រេចទាំងពីរដែលបើកផ្លូវសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាម
លោក Luu Quang Minh អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្របច្ចេកទេស និងបច្ចេកវិទ្យា (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា)។

លោក Luu Quang Minh បានចាត់ទុកថា នេះគឺជាជំហានផ្លាស់ប្តូរដ៏សំខាន់ណាស់ ពីដំណាក់កាលកំណត់អាទិភាព ទៅជាដំណាក់កាលចាត់តាំងអនុវត្ត។

«ប្រសិនបើសេចក្តីសម្រេចលេខ ២១ ឆ្លើយតបនឹងសំណួរថា តើវៀតណាមត្រូវការផ្តល់អាទិភាពលើបច្ចេកវិទ្យា និងផលិតផលណាខ្លះនោះ សេចក្តីសម្រេចលេខ ៨០៨ នឹងឆ្លើយតបនឹងសំណួរថា តើបណ្តាអាទិភាពទាំងនោះនឹងត្រូវដាក់ឱ្យអនុវត្តតាមរយៈភារកិច្ចអ្វី, ផ្សារភ្ជាប់ជាមួយបញ្ហាជាក់ស្តែងណា, មានការចូលរួមពីកម្មវត្ថុណាខ្លះ និងឆ្ពោះទៅរកលទ្ធផលអ្វី» លោក Minh បានសង្កត់ធ្ងន់។

តាមរបៀបមើលបែបនេះ សេចក្តីសម្រេចលេខ ២១ ដើរតួនាទីដូចជាក្របខ័ណ្ឌយុទ្ធសាស្ត្រមួយ ខណៈពេលដែលសេចក្តីសម្រេចលេខ ៨០៨ គឺជាក្របខ័ណ្ឌសកម្មភាពដើម្បីធ្វើឱ្យយុទ្ធសាស្ត្រនោះក្លាយជាការពិត។

ចំណុចថ្មីមួយក្នុងចំណោមចំណុចថ្មីគួរឱ្យកត់សម្គាល់នៃសេចក្តីសម្រេចលេខ ៨០៨ គឺតម្រូវការដាក់ឱ្យអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រតាមខ្សែសង្វាក់ពេញលេញមួយ។ ខ្សែសង្វាក់នេះចាប់ផ្តើមពីការកំណត់បណ្តាបញ្ហាធំៗរបស់ជាតិ, ការជ្រើសរើសផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ, ការបកញែកបច្ចេកវិទ្យាស្នូលដែលចាំបាច់ត្រូវធ្វើជាម្ចាស់, ការកំណត់កម្មវត្ថុអនុវត្ត រហូតដល់ការកសាងទីផ្សារលទ្ធផល និងការកំណត់អង្គភាពប្រើប្រាស់ផលិតផល។

របៀបចូលទៅជិតបែបនេះ ត្រូវបានរំពឹងថានឹងជួយកែលម្អសភាពការណ៍ស្រាវជ្រាវវិទ្យាសាស្ត្រដែលដាច់ចេញពីតម្រូវការជាក់ស្តែង ទន្ទឹមនឹងនោះបង្កើតលក្ខខណ្ឌងាយស្រួលដើម្បីឱ្យសហគ្រាស, វិទ្យាស្ថានស្រាវជ្រាវ, សាកលវិទ្យាល័យ និងស្ថាប័នគ្រប់គ្រង រួមគ្នាចូលរួមនៅក្នុងខ្សែសង្វាក់អភិវឌ្ឍន៍ឯកភាពមួយ។

តាមលោក Luu Quang Minh សមត្ថភាពស្វ័យភាពបច្ចេកវិទ្យា មិនអាចបង្កើតឡើងពីរឿងនវានុវត្តន៍ ឬបណ្តាប្រធានបទស្រាវជ្រាវដាច់ដោយឡែកមួយចំនួននោះឡើយ។

ដើម្បីធ្វើជាម្ចាស់លើបច្ចេកវិទ្យា គឺចាំបាច់ត្រូវមានប្រព័ន្ធអេកូឡូស៊ីស៊ីសង្វាក់គ្នា រួមមាន ហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវទំនើប, ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ, បន្ទប់ពិសោធន៍, មជ្ឈមណ្ឌលសាកល្បង, ប្រព័ន្ធស្តង់ដារបច្ចេកទេស, ប្រភពធនធានមនុស្សគុណភាពខ្ពស់ និងបណ្តាសហគ្រាសដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំទីផ្សារ។

ទាំងនេះហើយគឺជាបណ្តាលក្ខខណ្ឌគ្រឹះ ដើម្បីឱ្យលទ្ធផលស្រាវជ្រាវទាំងឡាយអាចត្រូវបានបំប្លែងទៅជាផលិតផល, ផលិតផលត្រូវបាននាំយកទៅកាន់ទីផ្សារ ហើយសហគ្រាសវៀតណាមដើរចូលកាន់តែជ្រៅទៅៗជាបណ្តើរៗនៅក្នុងខ្សែសង្វាក់តម្លៃតំបន់ និងសកលលោក។

តាមលោក Luu Quang Minh ផលជះដែលរំពឹងទុកនៃសេចក្តីសម្រេចលេខ ២១ និងសេចក្តីសម្រេចលេខ ៨០៨ មិនត្រឹមតែស្ថិតនៅលើការបន្ថែមនូវបញ្ជីរាយនាមបច្ចេកវិទ្យាអាទិភាពមួយទៀតនោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការបង្កើតនូវវិធីសាស្ត្រថ្មីមួយក្នុងការចាត់តាំងអភិវឌ្ឍន៍វិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍។

នោះគឺការផ្លាស់ប្តូរពីការស្រាវជ្រាវបែបបែកខ្ញែក ទៅជាការដាក់ឱ្យអនុវត្តមានចំណុចស្នូលនិងចំណុចធ្ងន់; ពីការជ្រើសរើសបច្ចេកវិទ្យាតាមនិន្នាការ ទៅជាការអភិវឌ្ឍបច្ចេកវិទ្យាតាមបញ្ហាជាក់ស្តែង; ពីការគាំទ្រដាច់ដោយឡែក ទៅជាការគាំទ្រតាមខ្សែសង្វាក់; ពីការផ្តោតលើលទ្ធផលស្រាវជ្រាវ ទៅជាការឆ្ពោះទៅរកផលិតផល ទីផ្សារ និងសមត្ថភាពឧស្សាហកម្ម។

ប្រសិនបើត្រូវបានដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ សេចក្តីសម្រេចទាំងពីរនេះត្រូវបានរំពឹងថានឹងរួមចំណែកបង្កើតនូវសមត្ថភាពបច្ចេកវិទ្យាផុសចេញពីខាងក្នុងរបស់វៀតណាម, ការប្រើប្រាស់វត្ថុធាតុក្នុងស្រុក, កាត់បន្ថយការផ្អែកលើការនាំចូល, បង្កើតបាននូវបណ្តាផលិតផលបច្ចេកវិទ្យាដែលមានតម្លៃបន្ថែមខ្ពស់ និងជម្រុញការអភិវឌ្ឍនៃបណ្តាវិស័យឧស្សាហកម្មថ្មីៗផ្អែកលើចំណេះដឹង ទិន្នន័យ បច្ចេកវិទ្យាស្នូល និងនវានុវត្តន៍៕

រណសិរ្សមាតុភូមិវៀតណាម បំពេញបន្ថែមកម្មវិធីសកម្មភាពថ្មី ស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបំប្លែងឌីជីថល រណសិរ្សមាតុភូមិវៀតណាម បំពេញបន្ថែមកម្មវិធីសកម្មភាពថ្មី ស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបំប្លែងឌីជីថល

យុគសម័យ - កម្មវិធីសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាម អាណត្តិ ២០២៦ - ២០៣១ រួមមានកម្មវិធីចំនួន ៧ ក្នុងនោះមានការបំពេញបន្ថែមនូវកម្មវិធីថ្មី ស្តីពីការចូលរួមអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី និងការកសាងសង្គមឌីជីថល; ជំរុញការបំប្លែងឌីជីថលក្នុងប្រព័ន្ធរណសិរ្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។

វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល

យុគសម័យ - យោងតាមបេសកជនពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា នារសៀលថ្ងៃទី ០៦ ខែឧសភា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានីញូវដេលី ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានសម្របសម្រួលជាមួយក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា រៀបចំ "វេទិកានវានុវត្តន៍វៀតណាម - ឥណ្ឌា" ក្រោមប្រធានបទ៖ “សហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល”។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ...

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចទាំងពីរដែលបើកផ្លូវសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាម
វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ
វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក
នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព
ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង