Trending now

វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល

08:27 | 09/05/2026 ឌឹកអាញ់

យុគសម័យ - យោងតាមបេសកជនពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា នារសៀលថ្ងៃទី ០៦ ខែឧសភា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានីញូវដេលី ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានសម្របសម្រួលជាមួយក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា រៀបចំ "វេទិកានវានុវត្តន៍វៀតណាម - ឥណ្ឌា" ក្រោមប្រធានបទ៖ “សហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល”។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានអញ្ជើញចូលរួម និងមានប្រសាសន៍ដឹកនាំនៅក្នុងវេទិកានេះ។

ការកំណត់ទម្រង់ក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់ទំនាក់ទំនងវៀតណាម - ឥណ្ឌា ឈានដល់កម្រិតកម្ពស់ថ្មី វៀតណាម ទាក់ទាញភ្ញៀវទេសចរ ឥណ្ឌា ខ្លាំងបំផុតចំពេលមានការប្រែប្រួលនៅមជ្ឈិមបូព៌ា

ថ្លែងមតិនៅក្នុងវេទិកា សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានវាយតម្លៃខ្ពស់ចំពោះស្ថាប័ននៃប្រទេសទាំងពីរដែលបានសម្របសម្រួលរៀបចំវេទិកាដែលមានប្រធានបទដ៏ត្រឹមត្រូវ និងចំគោលដៅ ដែលឆ្លុះបញ្ចាំងពីនិន្នាការអភិវឌ្ឍន៍នៃសម័យកាល និងតម្រូវការសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងវៀតណាម និងឥណ្ឌា។

សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានបញ្ជាក់ច្បាស់ថា ការទម្លាយភាពទាល់ច្រកយ៉ាងឆាប់រហ័សនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI), ឧបករណ៍ពាក់កណ្តាលចម្លង, ទិន្នន័យធំ , បច្ចេកវិទ្យាជីវសាស្ត្រ, បច្ចេកវិទ្យាកង់ទិច និងថាមពលស្អាត កំពុងផ្លាស់ប្តូរជាមូលដ្ឋាននូវមធ្យោបាយផលិតកម្ម គំរូកំណើន និងរចនាសម្ព័ន្ធសេដ្ឋកិច្ចសកល។ បណ្តានិន្នាការសេដ្ឋកិច្ចឌីជីថល, សេដ្ឋកិច្ចបៃតង, សេដ្ឋកិច្ចវិលជុំ រួមជាមួយតម្រូវការធានាសន្តិសុខបច្ចេកវិទ្យា សន្តិសុខទិន្នន័យ និងស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ កំពុងកំណត់នូវយុគសម័យអភិវឌ្ឍន៍ថ្មី៖ យុគសម័យនៃនវានុវត្តន៍។ ក្នុងបរិបទនោះ ប្រទេសណាដែលម្ចាស់ការលើចំណេះដឹង វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ នឹងមានការឈានលោតផ្លោះ ដើម្បីបង្កើតទៅជាកម្លាំងសម្រាប់ការអភិវឌ្ឍ។

ដោយជ្រាបច្បាស់នូវនិន្នាការនោះ វៀតណាមបានដាក់ចេញនូវសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល រួមជាមួយយុទ្ធសាស្ត្រជាតិស្តីពីធុរកិច្ចថ្មីច្នៃប្រឌិត។ ក្នុងនោះ កំណត់ថាវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល គឺជាកម្លាំងរុញច្រានកណ្តាលដើម្បីអភិវឌ្ឍកម្លាំងផលិតកម្មទំនើប ផ្លាស់ប្តូរថ្មីគំរូកំណើន និងលើកកម្ពស់សមត្ថភាពម្ចាស់ការលើផ្នែកយុទ្ធសាស្ត្រ; ផ្តោតលើការបំពេញឱ្យពេញលេញនូវស្ថាប័នតាមទិសដៅបើកចំហ និងបត់បែន ដើម្បីរំដោះរាល់ប្រភពធនធាន លើកទឹកចិត្តដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ អភិវឌ្ឍប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់; អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍បើកចំហ ដោយយកសហគ្រាសជាមជ្ឈមណ្ឌល; ទន្ទឹមនឹងនោះ ផ្តល់អាទិភាពដល់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រនានា ដូចជា AI, ឧបករណ៍ពាក់កណ្តាលចម្លង, បច្ចេកវិទ្យាជីវសាស្ត្រ, បច្ចេកវិទ្យាឌីជីថល និងថាមពលស្អាត សំដៅទៅរកការកសាងខឿនសេដ្ឋកិច្ចផ្អែកលើទិន្នន័យ។

ដោយសម្តែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធផលដ៏ធំធេងរបស់ឥណ្ឌាក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន, កម្មវិធីកុំព្យូទ័រ, ការបណ្តុះបណ្តាលវិស្វករ, ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ, ការទូទាត់ឌីជីថល, ឧស្សាហកម្មឱសថ, បច្ចេកវិទ្យាអវកាស, AI និងឧបករណ៍ពាក់កណ្តាលចម្លង សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ យល់ឃើញថា ឥណ្ឌាមិនត្រឹមតែជាអារ្យធម៌ដ៏ធំធេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាមជ្ឈមណ្ឌលចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍ដែលមានតួនាទីកាន់តែសំខាន់នៅលើពិភពលោក ពោលគឺ "ជ្រលងស៊ីលីខន" នៃអាស៊ី។

វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam មានប្រសាសន៍នៅក្នុងវេទិកានវានុវត្តន៍វៀតណាម - ឥណ្ឌា។

វៀតណាម និងឥណ្ឌា គឺជាប្រជាជាតិពីរដែលមានទំនាក់ទំនងមិត្តភាពប្រពៃណីយូរលង់ណាស់មកហើយ ដែលត្រូវបានពូនជ្រំដោយជម្រៅនៃប្រវត្តិសាស្ត្រ វប្បធម៌ ស្មារតីឯករាជ្យ ភាពម្ចាស់ការលើខ្លួនឯង និងសេចក្តីប្រាថ្នាចង់បានការអភិវឌ្ឍ។ មូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយដ៏រឹងមាំ គឺជាមូលដ្ឋានដ៏សំខាន់ដើម្បីឱ្យប្រទេសទាំងពីរឈានទៅមុខកាន់តែឆ្ងាយក្នុងសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ។

សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានចំណុចស្រដៀងគ្នាជាច្រើនអំពីចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង។ វៀតណាមឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥; ចំណែកឥណ្ឌាកំពុងអនុវត្តចក្ខុវិស័យ Viksit Bharat 2047 ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍។ បណ្តាទិសដៅទាំងនេះ បង្កើតឱ្យមានកម្លាំងរុញច្រានយ៉ាងខ្លាំងក្លា ដើម្បីឱ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី។

ខឿនសេដ្ឋកិច្ចទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកយ៉ាងខ្ពស់។ ឥណ្ឌាគឺជាខឿនសេដ្ឋកិច្ចដ៏ធំមួយក្នុងចំណោមខឿនសេដ្ឋកិច្ចធំៗបំផុតនៅលើពិភពលោក ដែលមានចំណុចខ្លាំងលេចធ្លោខាងបច្ចេកវិទ្យា កម្មវិធីកុំព្យូទ័រ បញ្ញាសិប្បនិម្មិត និងសេវាកម្មឌីជីថល។ ចំណែកវៀតណាមគឺជាខឿនសេដ្ឋកិច្ចប្រកបដោយថាមវន្ត មានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រសំខាន់ មានល្បឿនបរិវត្តកម្មឌីជីថលរហ័ស និងមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា។

ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ដែលក្នុងនោះ ចំណេះដឹង ទិន្នន័យ បច្ចេកវិទ្យា និងប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ ត្រូវតែស្វែងរកឱ្យឃើញដើម្បីក្លាយជា "វត្ថុធាតុ" ថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។

សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានស្នើឱ្យវេទិកាផ្តោតលើការផ្លាស់ប្តូរមតិ ដើម្បីកំណត់ឱ្យបានច្បាស់នូវបណ្តាវិស័យអាទិភាពនៃសហប្រតិបត្តិការ ដោយផ្តោតលើបច្ចេកវិទ្យាយុទ្ធសាស្ត្រដែលនឹងកំណត់រូបរាងសតវត្សរ៍ទី ២១ រួមមាន៖ បញ្ញាសិប្បនិម្មិត, បន្ទះឈីបពាក់កណ្តាលចម្លង, បច្ចេកវិទ្យាឌីជីថល, បច្ចេកវិទ្យាជីវសាស្ត្រ, ថាមពលស្អាត និងការផលិតកម្មឆ្លាតវៃ។

កសាងលំហសហប្រតិបត្តិការថ្មីៗអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈបណ្តាគម្រោងដែលមានទ្រង់ទ្រាយធំ និងយន្តការសហប្រតិបត្តិការរយៈពេលវែង ដែលក្នុងនោះត្រូវជំរុញការបង្កើត "ដៃគូឌីជីថលវៀតណាម - ឥណ្ឌា"; ជំរុញគំរូ "រួមគ្នាស្រាវជ្រាវ រួមគ្នាអភិវឌ្ឍ រួមគ្នាផលិត" សំដៅបង្កើតឱ្យបាននូវផលិតផលបច្ចេកវិទ្យាដែលមានម៉ាកយីហោរួមគ្នា និងមានសមត្ថភាពចូលរួមយ៉ាងជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃសកល។

បំពេញឱ្យពេញលេញនូវយន្តការសម្របសម្រួលរវាងអង្គភាពនានាក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ជាពិសេសគឺគំរូ "ផ្ទះទាំងបី"៖ រដ្ឋ - អ្នកវិទ្យាសាស្ត្រ - សហគ្រាស; ទន្ទឹមនឹងនោះ ជំរុញសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន កសាងយន្តការចែករំលែកហានិភ័យ លើកទឹកចិត្តសហគ្រាសឱ្យបង្កើនការវិនិយោគសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍ សំដៅបង្កើតឱ្យបាននូវមូលនិធិវិនិយោគរួមគ្នានវានុវត្តន៍ទ្វេភាគី។

វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់បណ្តាឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សហគ្រាសនៃប្រទេសទាំងពីរ ចាំបាច់ត្រូវដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ ហ៊ានវិនិយោគលើវិស័យបច្ចេកវិទ្យាថ្មីៗ ជំរុញសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងចូលរួមកសាងបណ្តាគម្រោងសហប្រតិបត្តិការដែលមានលក្ខណៈជានិមិត្តរូប តាមរយៈនោះនាំឱ្យទំនាក់ទំនងវៀតណាម - ឥណ្ឌា ឈានចូលក្នុងភាពស៊ីជម្រៅ តាមរយៈការផ្សារភ្ជាប់ផលិតកម្ម ការផ្ទេរបច្ចេកវិទ្យា និងការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល។ ការប្រសព្វគ្នារវាងកម្លាំងបច្ចេកវិទ្យាដ៏លេចធ្លោរបស់ឥណ្ឌា និងជំនាន់យុវជនវៀតណាមដែលស្រេកឃ្លានក្នុងការដណ្ដើមយកបច្ចេកវិទ្យា នឹងបង្កើតឱ្យមានកម្លាំងពលកម្មដ៏ខ្លាំងក្លា។

សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានស្នើឱ្យជំរុញការតភ្ជាប់ជាក់ស្តែងរវាងបណ្តាវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងសហគ្រាសនៃប្រទេសទាំងពីរ សំដៅបង្កើតឱ្យបាននូវរបៀងធនធានមនុស្សបច្ចេកវិទ្យាវៀតណាម - ឥណ្ឌា។ ចំណុចសំខាន់គឺការកសាងមជ្ឈមណ្ឌល R&D រួមគ្នា, បន្ទប់ពិសោធន៍រួម ក៏ដូចជាការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ ក្នុងវិស័យនានាដូចជា៖ បញ្ញាសិប្បនិម្មិត, ឧបករណ៍ពាក់កណ្តាលចម្លង, វិទ្យាសាស្ត្រទិន្នន័យ និងសន្តិសុខបណ្តាញ។

សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានសង្កត់ធ្ងន់លើការផ្សារភ្ជាប់សហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យា ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព បរិយាប័ន្ន និងយកមនុស្សជាមជ្ឈមណ្ឌល ធានាឱ្យបណ្តាសមិទ្ធផលនៃនវានុវត្តន៍ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ រួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន កាត់បន្ថយគម្លាតនៃការអភិវឌ្ឍ និងបង្កើនសមត្ថភាពឆ្លើយតបនឹងបញ្ហាប្រឈមសកល។

សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានអះអាងថា ជាមួយនឹងមូលដ្ឋានគ្រឹះនយោបាយដែលគួរឱ្យជឿទុកចិត្ត ភាពបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងខឿនសេដ្ឋកិច្ចទាំងពីរ និងសក្តានុពលដ៏ធំធេងនៃប្រភពធនធានមនុស្ស នោះសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល នឹងក្លាយជាសសរស្តម្ភដ៏សំខាន់មួយ រួមចំណែកដោយផ្ទាល់ដល់កំណើនសេដ្ឋកិច្ច លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងពង្រឹងភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ។

ក្នុងឱកាសនេះ សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam រួមជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងរដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់បណ្តាឯកសារសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវ, សាកលវិទ្យាល័យ, សមាគម និងសហគ្រាស ក្នុងការអភិវឌ្ឍប្រភពធនធានមនុស្ស វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលនៃប្រទេសទាំងពីរ។

នេះគឺជាជំហានចាប់ផ្តើមដើម្បីបង្កើតឱ្យបាននូវកម្មវិធីសហប្រតិបត្តិការជាក់ស្តែង ស្តីពីការបណ្តុះបណ្តាលធនធានមនុស្ស, ការរួមគ្នាស្រាវជ្រាវ, ការផ្ទេរបច្ចេកវិទ្យា, ការអភិវឌ្ឍផលិតផល, ការពង្រីកទីផ្សារ និងការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍វៀតណាម - ឥណ្ឌា៕

ស្តង់ដារជាតិចំនួន ៥៣ បន្ថែមទៀតសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលនឹងត្រូវចេញផ្សាយ ស្តង់ដារជាតិចំនួន ៥៣ បន្ថែមទៀតសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលនឹងត្រូវចេញផ្សាយ

យុគសម័យ - នៅក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើង ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងពន្លឿនការកែលម្អស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

រដ្ឋមន្ត្រី Nguyen Manh Hung៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ នឹងលើកកម្ពស់ឋានៈរបស់វៀតណាមក្នុងយុគសម័យថ្មី រដ្ឋមន្ត្រី Nguyen Manh Hung៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ នឹងលើកកម្ពស់ឋានៈរបស់វៀតណាមក្នុងយុគសម័យថ្មី

យុគសម័យ - ក្នុងឱកាសនៃសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលជាព្រឹត្តិការណ៍សំខាន់មួយបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ លោក ង្វៀន ម៉ាញ ហ៊ុង រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចែករំលែកទស្សនៈរបស់លោកលើតួនាទីរបស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ក្នុងការក្លាយជាកម្លាំងចលករកណ្តាលសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសវៀតណាម។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាស៊ែបៃហ្សង់ ក្នុងវិស័យកិច្ចការអាណិកជន
វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល
វៀតណាមចូលរួមវេទិកាអន្តរជាតិ "ការសន្ទនាយេរេវ៉ាន់ ២០២៦" នៅប្រទេសអាមេនី
ជនជាតិវៀតណាមមកពី ១១ ប្រទេស និង ៥ តំបន់ដែនដី ចូលរួមប្រកួតកីឡាវាយកូនឃ្លីលើតុ មិត្តភាពអឺរ៉ុប
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កា