យុគសម័យ - សម្ពាធពីបណ្តាស្តង់ដារ ESG ការតាមដានកាបូន ឬតម្រូវការកាត់បន្ថយការបំភាយឧស្ម័នពីបណ្តាដៃគូអន្តរជាតិ កំពុងបង្ខំឱ្យសហគ្រាសឡូជីស្ទីកវៀតណាមជាច្រើន ឈានចូលក្នុងដំណើរការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក។ ចាប់ពីការផ្លាស់ប្តូរការប្រើប្រាស់ប្រេងម៉ាស៊ូត មកជាឧស្ម័នធម្មជាតិរាវ ការវិនិយោគលើរថយន្តអគ្គិសនី ឃ្លាំងស្តុកទំនិញបៃតង រហូតដល់ការអនុវត្តបញ្ញាសិប្បនិម្មិត ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ឡូជីស្ទីកបៃតងកំពុងក្លាយជាលក្ខខណ្ឌកាតព្វកិច្ចបណ្តើរៗ ប្រសិនបើសហគ្រាសចង់បន្តចូលរួមក្នុងទីលានប្រកួតប្រជែងសកល។
| ការតភ្ជាប់និស្សិតវៀតណាមនៅកូរ៉េខាងត្បូងជាមួយបណ្តាសហគ្រាស លើកកម្ពស់តួនាទីរបស់សហគ្រាស ក្នុងទំនាក់ទំនងមិត្តភាព វៀតណាម - កម្ពុជា |
![]() |
| ឡូជីស្ទីកបៃតង៖ ការផ្លាស់ប្តូរដែលមិនអាចយឺតយ៉ាវបាន |
ក្នុងបរិបទនោះ ឡូជីស្ទីកមិនមែនត្រឹមតែជាសកម្មភាពបញ្ជូនទំនិញ ឬដឹកជញ្ជូនធម្មតានោះទេ ប៉ុន្តែវាកំពុងក្លាយជាកត្តាសម្រេចនូវសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស ហើយបើនិយាយឱ្យទូលំទូលាយជាងនេះ គឺសម្រាប់ខឿនសេដ្ឋកិច្ចទាំងមូលតែម្តង។
សហគ្រាសមិនអាចនៅក្រៅ "ការប្រណាំងប្រជែងបៃតង" បានឡើយ
"ការផ្លាស់ប្តូរបៃតង នាពេលនេះគឺជាតម្រូវការកាតព្វកិច្ច មិនមែនត្រឹមតែជាកម្រិតនៃការផ្តល់អនុសាសន៍ទៀតនោះទេ" នេះគឺជាការចែករំលែករបស់លោក Tran Ngoc Khanh អគ្គនាយកក្រុមហ៊ុនភាគហ៊ុន OPL Logistics នៅពេលនិយាយអំពីសម្ពាធនៃការផ្លាស់ប្តូរដែលសហគ្រាសឡូជីស្ទីកកំពុងប្រឈមមុខ។
ក្រុមហ៊ុនរបស់លោក Khanh កំពុងអនុវត្តផែនទីបង្ហាញផ្លូវនៃការផ្លាស់ប្តូរបៃតង ទោះជាយ៉ាងនេះក្តី ដំណើរការអនុវត្តជាក់ស្តែងបានជួបប្រទះនូវរបាំងមួយចំនួន។
លោក Khanh បានឱ្យដឹងថា ចំណុចរាំងស្ទះទីមួយ គឺស្ថិតនៅលើដំណាក់កាលហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការ។ ទោះបីជាមានយុទ្ធសាស្ត្ររៀបចំផែនការបណ្តាមជ្ឈមណ្ឌលឡូជីស្ទីក ផ្សារភ្ជាប់នឹងកំពង់ផែសមុទ្រ កំពង់ផែស្ងួត និងប្រព័ន្ធផ្លូវរថភ្លើងអន្តរជាតិក៏ដោយ ប៉ុន្តែផែនទីបង្ហាញផ្លូវ និងផែនការលម្អិតដើម្បីគាំទ្រដល់សហគ្រាសដែលចុះឈ្មោះក្លាយជាអង្គភាពឈានមុខគេ គឺមិនទាន់ត្រូវបានធ្វើស្ថាប័នូបនីយកម្មឱ្យបានជាក់លាក់នៅឡើយទេ។
លោក Tran Ngoc Khanh បានមានប្រសាសន៍ថា៖ "ដូច្នេះ ដើម្បីចូលរួមក្នុងបណ្តាមជ្ឈមណ្ឌលឡូជីស្ទីក សហគ្រាសពិតជាត្រូវការយន្តការរៀបចំផែនការដែលពេញលេញ មានតម្លាភាពខាងព័ត៌មាន រួមជាមួយបណ្តាលក្ខវិនិច្ឆ័យអាទិភាពសម្រាប់សហគ្រាសវៀតណាម។ នេះគឺជាកម្លាំងចលករដ៏សំខាន់ ដើម្បីឱ្យអង្គភាពក្នុងស្រុកមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយបណ្តាសហគ្រាសអន្តរជាតិ ដែលកំពុងវិនិយោគយ៉ាងខ្លាំងក្លាលើហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម"។
បញ្ហាទីពីរ គឺបញ្ហាប្រឈមនៃប្រភពទុនសម្រាប់ការផ្លាស់ប្តូរបៃតង។ ការឈានទៅរកប្រភពទុនបៃតងនាពេលបច្ចុប្បន្ន ជួបការលំបាកជាច្រើន ដោយសារនីតិវិធីរដ្ឋបាលនៅតែមានភាពស្មុគស្មាញ។ ហេតុដូច្នេះ សហគ្រាសសង្ឃឹមថានឹងមានសំណុំស្តង់ដារ និងលក្ខវិនិច្ឆ័យជាក់លាក់ ដើម្បីឱ្យសហគ្រាសដែលបំពេញតាមលក្ខខណ្ឌ អាចឈានទៅរកប្រភពទុនជួយឧបត្ថម្ភបានយ៉ាងងាយស្រួល សំដៅជំរុញដំណើរការផ្លាស់ប្តូរឱ្យបានឆាប់រហ័ស។
ទន្ទឹមនឹងនោះ តម្រូវការអំពីឡូជីស្ទីកឆ្លាតវៃ ក៏កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ។ យោងតាមសហគ្រាស ឡូជីស្ទីកនាពេលបច្ចុប្បន្នមិនមែនត្រឹមតែឈប់ត្រឹមកម្រិតនៃការផ្លាស់ប្តូរព័ត៌មានធម្មតានោះទេ ប៉ុន្តែត្រូវឈានទៅដល់ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ដើម្បីគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់តាមពេលវេលាជាក់ស្តែង។
ដើម្បីធ្វើបែបនោះបាន ចាំបាច់ត្រូវមានមូលដ្ឋានទិន្នន័យប្រើប្រាស់រួម និងស្តង់ដារបច្ចេកវិទ្យាឌីជីថលដែលឯកភាពគ្នា ដើម្បីឱ្យសហគ្រាសអាចតភ្ជាប់គ្នាបានប្រកបដោយប្រសិទ្ធភាព កាត់បន្ថយនីតិវិធីរដ្ឋបាល និងជួយឱ្យមជ្ឈមណ្ឌលឡូជីស្ទីកនានា ដំណើរការដូចជា "ច្រកទ្វារព្រំដែនឌីជីថល" ដូច្នោះដែរ។
“អក្សរ T ទាំង ៣” សម្រេចនូវសមត្ថភាពប្រកួតប្រជែងថ្មី
មិនត្រឹមតែជារឿងរ៉ាវនៃការកាត់បន្ថយការបំភាយឧស្ម័នប៉ុណ្ណោះទេ ប៉ុន្តែឡូជីស្ទីកបៃតងកំពុងបង្កើតនូវប្រៀបខ្លាំងប្រកួតប្រជែងថ្មីដោយផ្ទាល់សម្រាប់សហគ្រាស។
ចេញពីបទពិសោធន៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីកបៃតងនៅវៀតណាមក្នុងរយៈពេលច្រើនឆ្នាំកន្លងមក លោកស្រី Nguyen Le Hang ប្រធានផ្នែក និងជាចាងហ្វាងកិច្ចការបរទេសនៃ SLP Vietnam យល់ឃើញថា ស្តង់ដារបៃតងកំពុងជួយសហគ្រាសលើកកម្ពស់សមត្ថភាពប្រកួតប្រជែងតាមរយៈ “អក្សរ T ទាំង ៣”៖ សន្សំសំចៃ, ល្បឿន និង ការបន្សុាំ។
តាមលោកស្រី ក្នុងបរិបទដែលចំណាយលើឡូជីស្ទីកនៅវៀតណាមនាពេលបច្ចុប្បន្ននៅតែស្ថិតក្នុងកម្រិតខ្ពស់ ពោលគឺប្រហែល ១៣-១៥% នៃ GDP នោះ រាជរដ្ឋាភិបាលក៏កំពុងដាក់ចេញនូវគោលដៅកាត់បន្ថយចំណាយនេះ ដែលជាតម្រូវការបន្ទាន់ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ។
ហេតុដូច្នេះហើយ ការផ្ដោតលើការអភិវឌ្ឍ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីកបៃតង ទំនើប ផ្សារភ្ជាប់នឹងបច្ចេកវិទ្យា នឹងជួយធ្វើឱ្យប្រសើរឡើងបំផុត នូវរាល់ដំណើរការដឹកជញ្ជូន និងការទាញយកទិន្នន័យ។ លោកស្រី Hang បានមានប្រសាសន៍ថា៖ “ដំណោះស្រាយនេះ ថែមទាំងជួយសហគ្រាសធ្វើឱ្យប្រសើរឡើងបំផុតនូវប្រភពធនធានមនុស្ស ដែលតាមរយៈនោះជួយសន្សំសំចៃចំណាយបានយ៉ាងទូលំទូលាយ និងបង្កើនផលិតភាពការងារ”។
ទីពីរ កត្តាដែលដើរតួជាស្នូលក្នុងមជ្ឈដ្ឋានអាជីវកម្មទំនើប គឺ “ល្បឿន”។ តាមលោកស្រី Nguyen Le Hang ចំពោះមុខរាល់អថេរសកលដែលមិនអាចស្មានទុកជាមុនបាន ដូចជាវិបត្តិថាមពល ឬរបាំងបច្ចេកទេសពាណិជ្ជកម្ម សហគ្រាសណាដែលមានល្បឿន នឹងក្លាយជាអង្គភាពទទួលបានជ័យជម្នះ។ បណ្តាសហគ្រាសដែលឈានមុខគេក្នុងការអនុវត្តបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទំនើប នឹងមានសមត្ថភាពព្យាករណ៍អំពីការប្រែប្រួលទីផ្សារបានយ៉ាងត្រឹមត្រូវជាងមុន ដែលតាមរយៈនោះទទួលបានប្រៀបខ្លាំងដាច់ខាតក្នុងការប្រណាំងប្រជែងនឹងពេលវេលា។
ចុងក្រោយ ហើយក៏ជាកត្តារស់រានមានជីវិតនាពេលបច្ចុប្បន្ន គឺការ “បន្សុាំ” ជាពិសេសគឺការបន្សុាំទៅនឹងការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថល។ ការផ្លាស់ប្តូរនេះ មិនមែនមានលក្ខណៈត្រឹមតែជាការផ្សព្វផ្សាយរូបភាពធម្មតានោះទេ ប៉ុន្តែបានក្លាយជាតម្រូវការជាក់ស្តែងពីសំណាក់បណ្តាអ្នកវិនិយោគធំៗ នៅពេលមកកាន់វៀតណាម។
លោកស្រី Nguyen Le Hang បានបកស្រាយបន្ថែមថា នាពេលបច្ចុប្បន្ន បណ្តាដៃគូអន្តរជាតិតែងតែដាក់ចេញនូវសំណួរជាក់លាក់អំពីវិញ្ញាបនបត្របៃតង ការប្រើប្រាស់ថាមពលសន្សំសំចៃ អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យលើដំបូល ក៏ដូចជាតម្លាភាពក្នុងការគ្រប់គ្រងកាកសំណល់ និងទិន្នន័យនៃការបំភាយឧស្ម័ន។ ហេតុដូច្នេះ នៅពេលសហគ្រាសបំពេញបានតាមបណ្តាស្តង់ដារទាំងនេះ ពួកគេនឹងងាយស្រួលឈានទៅរកអតិថិជនអន្តរជាតិធំៗ ទាក់ទាញទុនវិនិយោគ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអះអាងនូវតួនាទីរបស់វៀតណាម នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
ការគាំទ្រសហគ្រាសឡូជីស្ទីកតាមទិសដៅទាំង ៣
ការផ្លាស់ប្តូរនៃទីផ្សារសកល ក៏កំពុងដាក់ចេញនូវតម្រូវការថ្មីសម្រាប់គោលនយោបាយអភិវឌ្ឍន៍ឡូជីស្ទីករបស់វៀតណាមផងដែរ។
បណ្ឌិត Bui Ba Nghiem - ជំនាញការជាន់ខ្ពស់នៃនាយកដ្ឋាននាំចេញនាំចូល (ក្រសួងឧស្សាហពាណិជ្ជកម្ម) បានឱ្យដឹងថា យុទ្ធសាស្ត្រអភិវឌ្ឍន៍សេវាកម្មឡូជីស្ទីកវៀតណាម ដំណាក់កាល ២០២៥ - ២០៣៥ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ដែលក្នុងនោះឡូជីស្ទីកមិនត្រឹមតែជាវិស័យសេវាកម្មគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាសមាសភាគយុទ្ធសាស្ត្រនៃសមត្ថភាពប្រកួតប្រជែងជាតិ។
ចំណុចសំខាន់បំផុតនៃយុទ្ធសាស្ត្រ គឺការដាក់ចេញនូវគោលដៅជាក់លាក់បំផុត៖ ល្បឿនកំណើនវិស័យឡូជីស្ទីកដំណាក់កាល ២០២៥ - ២០៣៥ សម្រេចបានប្រហែល ១២-១៥%/ឆ្នាំ, ចំណាយលើឡូជីស្ទីកកាត់បន្ថយមកនៅត្រឹមប្រហែល ១២-១៥% នៃ GDP, អត្រាជួលសេវាកម្មឡូជីស្ទីកពីខាងក្រៅសម្រេចបាន ៧០-៨០%, យ៉ាងហោចណាស់ ៨០% នៃសហគ្រាសឡូជីស្ទីកអនុវត្តការផ្លាស់ប្តូរឌីជីថល និងកសាងមជ្ឈមណ្ឌលសេវាកម្មឡូជីស្ទីកទំនើបកម្រិតអន្តរជាតិយ៉ាងតិចចំនួន ៥ កន្លែង។
ជាមួយនឹងទីតាំងភូមិសាស្ត្រសេដ្ឋកិច្ចស្ថិតនៅលើបណ្តាខ្សែផ្លូវសមុទ្រ ផ្លូវអាកាស ច្រករបៀងសេដ្ឋកិច្ចតំបន់ រួមនឹងទំហំនាំចេញនាំចូលដ៏ធំ (លើសពី ៩៣០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥) និងបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រីកសុះសាយទូទាំងពិភពលោក វៀតណាមមានកាលានុវត្តភាពក្នុងការផ្លាស់ប្តូរពី "ចំណុចផ្ទេរទំនិញ" ទៅជា "ចំណុចរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់"។
ប្រសិនបើអនុវត្តបានព្រមៗគ្នាទាំងផ្នែកស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែសមុទ្រ កំពង់ផែស្ងួត មជ្ឈមណ្ឌលឡូជីស្ទីក ឡូជីស្ទីកបៃតង ឡូជីស្ទីកឌីជីថល និងការកែទម្រង់នីតិវិធីរដ្ឋបាល វៀតណាមអាចក្លាយជាតំណភ្ជាប់ឡូជីស្ទីកដ៏សំខាន់របស់អាស៊ាន និងឈានចូលកាន់តែជ្រៅក្នុងបណ្តាញឡូជីស្ទីកសកល។
ក្នុងបរិបទដែលការធ្វើឱ្យបៃតង និងឌីជីថលូបនីយកម្មខ្សែសង្វាក់ផ្គត់ផ្គង់សកលកំពុងក្លាយជាតម្រូវការកាតព្វកិច្ច តាមបណ្ឌិត Bui Ba Nghiem ទិសដៅគាំទ្រសហគ្រាសឡូជីស្ទីកវៀតណាមចាំបាច់ត្រូវដើរតាមទិសដៅធំៗចំនួន ៣៖
១. គាំទ្រសហគ្រាសផ្លាស់ប្តូរឌីជីថលជាក់ស្តែង តាមរយៈការជំរុញការអនុវត្តបច្ចេកវិទ្យាដូចជា៖ IoT, AI, ទិន្នន័យធំ, ក្លោដ, ប្លុកឆេន , ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន គ្រប់គ្រងឃ្លាំង តាមដានប្រភពដើម និងវេទិកាតភ្ជាប់ទិន្នន័យ។
២. គាំទ្រសហគ្រាសផ្លាស់ប្តូរបៃតង ផ្តោតលើការដឹកជញ្ជូនសន្សំសំចៃថាមពល ធ្វើឱ្យប្រសើរឡើងបំផុតនូវខ្សែផ្លូវ បង្កើនអត្រាដឹកជញ្ជូនពហុ មធ្យោបាយ អភិវឌ្ឍឃ្លាំងបៃតង ការវេចខ្ចប់បៃតង វាស់វែងការបំភាយឧស្ម័ន និងឈានទៅបំពេញតាមតម្រូវការ ESG, CBAM និងការតាមដានកាបូនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ។
៣. លើកកម្ពស់សមត្ថភាពតភ្ជាប់អន្តរជាតិរបស់សហគ្រាសឡូជីស្ទីកវៀតណាម។ នេះរួមបញ្ចូលទាំងការគាំទ្រស្តង់ដារូបនីយកម្មសេវាកម្ម អភិវឌ្ឍធនធានមនុស្ស ជំរុញការផ្សារភ្ជាប់ជាមួយក្រុមហ៊ុនកប៉ាល់ កំពង់ផែសមុទ្រ សហគ្រាស FDI សហគ្រាសនាំចេញ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងបណ្តាញឡូជីស្ទីកតំបន់។ សារផ្ញើទៅកាន់សហគ្រាសគឺ៖ ការផ្លាស់ប្តូរឌីជីថល និងបៃតង មិនត្រឹមតែជាចំណាយសម្រាប់ការអនុវត្តតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជា "លិខិតឆ្លងដែន" ដើម្បីចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលមានតម្លៃកាន់តែខ្ពស់។
មជ្ឈមណ្ឌលឡូជីស្ទីកត្រូវតែក្លាយជា "ចំណុចរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់"
លោក Bui Nguyen Anh Tuan - អនុប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក (ក្រសួងឧស្សាហពាណិជ្ជកម្ម) យល់ឃើញថា ដើម្បីជំរុញឡូជីស្ទីកបៃតង ឡូជីស្ទីកឆ្លាតវៃ ក៏ដូចជាបង្កើនការតភ្ជាប់តំបន់ ចាំបាច់ត្រូវដោះស្រាយចំណុចរាំងស្ទះធំៗចំនួន ៣ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។
តាមលោក Tuan អំពីហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ត្រូវផ្លាស់ប្តូរពីផ្នត់គំនិតនៃការអភិវឌ្ឍសំណង់ឡូជីស្ទីកដាច់ដោយឡែក មកជាការកសាងបណ្តាញឡូជីស្ទីកសមាហរណកម្មដែលមានការតភ្ជាប់ខ្ពស់។ មជ្ឈមណ្ឌលឡូជីស្ទីកត្រូវតែរៀបចំផែនការឱ្យមានសង្គតិភាពជាមួយលំហអភិវឌ្ឍន៍ឧស្សាហកម្ម ពាណិជ្ជកម្ម នាំចេញនាំចូល កំពង់ផែសមុទ្រ ច្រកទ្វារព្រំដែន ផ្លូវរថភ្លើង ផ្លូវល្បឿនលឿន និងទីក្រុង។
ជាពិសេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមិនត្រឹមតែឈប់ត្រឹម "ផ្នែករឹង" ដូចជាឃ្លាំងស្តុក ឬដឹកជញ្ជូនតភ្ជាប់នោះទេ ប៉ុន្តែចាំបាច់ត្រូវដើរទន្ទឹមគ្នានឹង "ផ្នែកទន់" រួមមានស្តង់ដារប្រតិបត្តិការ វេទិកាទិន្នន័យ ប្រព័ន្ធគ្រប់គ្រងឃ្លាំង គ្រប់គ្រងការដឹកជញ្ជូន ការតាមដានទំនិញ ការទូទាត់អេឡិចត្រូនិក និងការតភ្ជាប់រវាងគយ កំពង់ផែសមុទ្រ ជាមួយសហគ្រាស។
អំពីស្ថាប័ន ក្រសួងឧស្សាហពាណិជ្ជកម្មកំពុងពិនិត្យ និងកែលម្អក្របខ័ណ្ឌគតិយុត្តិសម្រាប់វិស័យឡូជីស្ទីក ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ថ្មី។ ជាមួយគ្នានោះ នាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក កំពុងកសាងប្រកាស កំណត់លក្ខវិនិច្ឆ័យចំណាត់ថ្នាក់ និងកម្រិតមជ្ឈមណ្ឌលឡូជីស្ទីក។ តាមលោក Tuan នេះគឺជាបញ្ហាសំខាន់ណាស់ ព្រោះប្រសិនបើស្ថាប័នមិនទាន់សម័យតាមការវិវឌ្ឍជាក់ស្តែង សហគ្រាសនឹងពិបាកក្នុងការវិនិយោគរយៈពេលវែង ពិបាកកៀរគរទុន និងពិបាកអនុវត្តបណ្តាម៉ូដែលឡូជីស្ទីកថ្មីៗ។
ចំពោះការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ក្រសួងឧស្សាហពាណិជ្ជកម្មផ្តល់អាទិភាពដល់ការជំរុញយន្តការសម្របសម្រួលរវាងមូលដ្ឋាន សមាគម និងសហគ្រាស ដើម្បីកំណត់ឱ្យច្បាស់នូវប្រភពទំនិញ លំហូរទំនិញ ក៏ដូចជាតម្រូវការអភិវឌ្ឍន៍ឡូជីស្ទីកកសិផល ឡូជីស្ទីកឧស្សាហកម្ម ឡូជីស្ទីកពាណិជ្ជកម្មអេឡិចត្រូនិក ឬឡូជីស្ទីកនាំចេញនាំចូល។
លោក Tuan បានសង្កត់ធ្ងន់ថា៖ “មជ្ឈមណ្ឌលឡូជីស្ទីកនឹងបញ្ចេញប្រសិទ្ធភាពពិតប្រាកដ លុះត្រាតែមានទំនិញ មានសហគ្រាសប្រើប្រាស់ មានសេវាកម្មតម្លៃបន្ថែម និងមានសមត្ថភាពតភ្ជាប់ទីផ្សារ”។
ចំពោះការផ្លាស់ប្តូរឌីជីថល នឹងផ្តោតលើការកសាងមូលដ្ឋានទិន្នន័យឡូជីស្ទីក ជំរុញការចែករំលែកទិន្នន័យរវាងតួអង្គក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងគាំទ្រសហគ្រាសអនុវត្តវេទិកាឌីជីថលក្នុងការគ្រប់គ្រងការដឹកជញ្ជូន ឃ្លាំងស្តុក ការបញ្ជាទិញ និងតាមដានប្រភពដើម។
ចំពោះការផ្លាស់ប្តូរបៃតង អាទិភាពដែលដាក់ចេញគឺការដាក់ស្តង់ដារឃ្លាំងស្តុកបៃតង ការប្រើប្រាស់ថាមពលសន្សំសំចៃ អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យលើដំបូល មធ្យោបាយបំភាយឧស្ម័នតិច ធ្វើឱ្យប្រសើរឡើងបំផុតនូវខ្សែផ្លូវដឹកជញ្ជូន បង្កើនសមាមាត្រដឹកជញ្ជូនពហុមធ្យោបាយ និងឈានទៅវាស់វែងការបំភាយឧស្ម័នក្នុងសកម្មភាពឡូជីស្ទីក។
លោក Tuan ក៏យល់ឃើញដែរថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពតភ្ជាប់តំបន់ ចាំបាច់ត្រូវមានយន្តការសម្របសម្រួលជាក់ស្តែងជាងមុនរវាងបណ្តាមូលដ្ឋាន។ “មិនចាំបាច់ខេត្តនីមួយៗត្រូវតែមានមជ្ឈមណ្ឌលឡូជីស្ទីកធំមួយនោះទេ។ អ្វីដែលសំខាន់គឺតំបន់ទាំងមូលបង្កើតបានជាបណ្តាញឡូជីស្ទីកប្រកបដោយប្រសិទ្ធភាព ដែលក្នុងនោះមូលដ្ឋាននីមួយៗទទួលរ៉ាប់រងតួនាទីសមស្របនឹងប្រៀបខ្លាំងរបស់ខ្លួន”៕
យុគសម័យ - មិនត្រឹមតែជំរុញការនាំចេញទំនិញប៉ុណ្ណោះទេ EVFTA ក៏បង្កើតការទាក់ទាញយ៉ាងរឹងមាំសម្រាប់លំហូរទុនវិនិយោគពីអឺរ៉ុប ទន្ទឹមនឹងការលើកកំពស់ជំហររបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ |
ពិធីបើកកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) ក្រោមប្រធានបទ “ការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព ប្រកាន់យកមនុស្សធ្វើជាស្នូល” បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន