សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានរៀបចំដាក់តាំងពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីរួចរាល់ហើយ ដើម្បីត្រៀមទទួលទេសចរជាថ្មីទៀត ក្រោយបញ្ចប់វិបត្ដិជំងឺកូវីដ-១៩ នាពេលឆាប់ៗខាងមុខនេះ។ សារមន្ទីរនេះ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា គឺមានប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅវិថីសម្ដេចវិបុលបញ្ញា សុខ អាន ឬផ្លូវ៦០ម៉ែត្រសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។
![]() |
| ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ី នៃទន្លេមេគង្គ បានត្រៀមរៀបចំរួចជាស្រេចហើយ |
បើតាមលោកស្រី មឿន សូលីដា នាយិកាស្តីទី នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឲ្យដឹងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះថា បច្ចុប្បន្នសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើការតាំងបង្ហាញនូវសមុច្ច័យសំខាន់ៗជាច្រើន មកពីប្រទេសជាសមាជិកចំនួន៦ប្រទេស រួមមាន: កម្ពុជា, ថៃ , វៀតណាម, ឡាវ, ឥណ្ឌា និងមីយ៉ាន់ម៉ា នៅក្នុងសាលពិព័រណ៍ទាំង៤ របស់សារមន្ទីរដែលមានមានដូចជា សាលព័ត៌មានពិព័រណ៍ ,សាលពិព័រណ៍វត្ថុធាតុដើម ,សាលពិព័រណ៍វាយនភណ្ឌបុរាណ និងសាលពិព័រណ៍វាយនភណ្ឌសហសម័យ។ ក្នុងនោះក្រុមការងារមានគម្រោងបង្កើតដៃគូរអភិវឌ្ឍន៍លើវិស័យឯកជនដែលកំពុងធ្វើការលើតម្បាញសូត្រ ដើម្បីយកស្នាដៃសូត្រខ្មែរ ទៅដាក់តាំងនៅសារមន្ទីរនោះបន្ថែមទៀត។
![]() |
| ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ី នៃទន្លេមេគង្គ បានត្រៀមរៀបចំរួចជាស្រេចហើយ |
លោកស្រី មឿន សូលីដា បានបញ្ជាក់បន្ថែមថា ការបង្កើនកម្លាំងមនុស្សធ្វើតម្បាញវត្ថុធាតុដើម និងបង្កើតកន្លែងដើមរុក្ខជាតិជ្រលក់សូត្រដែរនោះ ក្នុងគោលបំណង ដើម្បីថែរក្សាប្រពៃណី នៃការផលិតវាយនភណ្ឌប្រពៃណីអាស៊ី និងដើម្បីត្រៀមលក្ខណ:ក្នុងការទទួលអ្នកទេសចរជាតិ និងអន្ដរជាតិទៅទស្សនា ក្រោយបញ្ចប់ជំងឺកូវីដ-១៩ នាពេលខាងមុខនេះ ជាពិសេសធ្វើយ៉ាងណា អោយមានការចាប់ពីអារម្មណ៍ពីអ្នកទេសចរ។ អ្វីដែលសំខាន់ជាងនេះទៅទៀតភ្ញៀវទេសចរក្រៅទស្សនាអង្គរវត្ដ ពួកគាត់នឹងទៅទស្សនាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ព្រោះនៅក្នុងតំបន់អង្គរខេត្ដសៀមរាប មានតែសារមន្ទីរនេះមួយប៉ុណ្ណោះ ហើយទោះបីបច្ចុប្បន្ននេះ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មិនទាន់បានបើកអោយភ្ញៀវចូលទស្សនាក៏ពិតមែន ប៉ុន្ដែសារមន្ទីរបានត្រៀមរួចជាស្រេចសម្រាប់ទទួលភ្ញៀវចូលទស្សនា ក្រោយបញ្ចប់វិបត្ដិជំងឺកូវីដ-១៩។
គួរជម្រាបថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានកសាងឡើងនៅឆ្នាំ២០១០ ដល់ឆ្នាំ២០១១ និងបើកឱ្យដំណើរការក្នុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហ ប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា ដោយមានប្រទេសចំនួន៦ ចូលរួមដូចជា៖ ប្រទេសកម្ពុជា, ឥណ្ឌា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងប្រទេសវៀតណាម គោលបំណងនៃការកសាងសារមន្ទីរនេះគឺដើម្បីថែរក្សាប្រពៃណី នៃការផលិតវាយនភណ្ឌ ក៏ដូចជាបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មប្រទេសជាសមាជិកជុំវិញដងទន្លេមេគង្គ ដែលមានរយ:ពេលជាច្រើនសតវត្សរ៍មកហើយ ដោយសារមន្ទីរនេះបើកអោយទស្សនាពីថ្ងៃពុធដល់ថ្ងៃចន្ទ នៃសប្តាហ៍៕
information.kh/ FN


មតិពីមិត្តអ្នកអាន