Trending now

ដំណើរ​កម្សាន្ត​ជិះ​ទូក​កៃយ៉ាក់​លេង​នៅ​ព្រៃ​កោងកាង​បឹង​ទន្លេសាប​ឯ​សៀមរាប

14:29 | 17/08/2020

ទឹក​ដី​សៀមរាម​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ខាង​សម្បូរ​ប្រាង្គ​ប្រាសាទ​បុរាណ ប៉ុន្តែ​មិន​ដែល​មាន​អ្នក​ណា​ចាប់​អារម្មណ៍​វិស័យ​លម្ហែ​កាយ​តាម​ផ្លូវ​ទឹក​នៅ​ទី​នោះ​ឡើយ។ ទើប​តែ​ពេល​នេះ ក្រុមហ៊ុន​ក្រុង​ស្រុក​មួយ​បាន​បង្កើត​សកម្មភាព​ទេសចរណ៍​ដោយ​ការ​ជិះ​ទូក​កៃយ៉ាក់​លេង​ក្នុង​តំបន់​ដ៏​ស្ងប់​ស្ងាត់​លន្លង់​លន្លោច​នៅ​បឹង​ទន្លេ​សាប។

ដំណើរ​កម្សាន្ត​ជិះ​ទូក​កៃយ៉ាក់​លេង​នៅ​ព្រៃ​កោងកាង​បឹង​ទន្លេសាប​ឯ​សៀមរាប

ក្រុមហ៊ុន Unique Kayak Cambodia ដែល​សម្ពោធ​បើក​ទ្វារ​កាលពី​ខែ​មករា​ដើម​ឆ្នាំ​នេះ បាន​ផ្ដល់​ការងារ​ដល់​សហគមន៍​ខ្មែរ​តាម​រយៈ​អាជីវកម្ម​សេវា​ទេសចរណ៍​ដ៏​វិជ្ជមាន​មួយ។

មុន​ដំណើរ​ការ​សេវា​កម្សាន្ត​ជិះ​ទូក​លេង​នេះ ម្ចាស់​ក្រុមហ៊ុន ជិន មានគង់ បាន​រុក​រក​តំបន់​ទន្លេ​សាប​ណា​ដែល​មិន​សូវ​មាន​ទេសចរ​ទៅ​ដល់ នឹង​នៅ​ឆ្ងាយ​ពី​ភូមិ​បណ្ដែត​ទឹក​កំពង់​ភ្លុក និង​ចុង​ឃ្នាស។

ខណៈ​ដែល​ភូមិ​លិច​ទឹក​ដទៃ​ទៀត​តែង​មាន​វត្តមាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ជាប់​រដឹក ម្ចាស់​ក្រុមហ៊ុន​រូប​នេះ​បែរ​ជា​ព្យាយាម​ជ្រើស​រើស​យក​ភូមិ​ណា​ដែល​ដាច់​ស្រយាល​ស្ងាត់​ជ្រងំ មិន​ធ្លាប់​មាន​ទេសចរ​ទៅ​ដល់ ដោយ​លោក​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ស្រាវ​ជ្រាវ​រក​ភូមិ​ណា​ដែល​នៅ​ឆ្ងាយ ដូច​ជា​ភូមិ​មេ​ជ្រៃ ដែល​យើង​កំពុង​តាំង​ទី​បច្ចុប្បន្ន។ យើង​បាន​ជួប​សហគមន៍​តូច​មួយ​ដែល​មិន​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវ​ទេសចរ​ទាល់​តែ​សោះ បើ​ទោះ​បី​ជា​អ្នក​ភូមិ​នៅ​ទីនោះ​ជា​មនុស្ស​រវាស​រវៃ»។

ដំណើរ​កម្សាន្ត​ជិះ​ទូក​កៃយ៉ាក់​លេង​នៅ​ព្រៃ​កោងកាង​បឹង​ទន្លេសាប​ឯ​សៀមរាប

សព្វ​ថ្ងៃ​កញ្ចប់​សេវា​ជិះ​ទូក​មាន​២​បែប គឺ​ការ​ជិះ​ពេញ​១ថ្ងៃ និង​កន្លះ​ថ្ងៃ។ សម្រាប់​ដំណើរ​កម្សាន្ត​កន្លះ​ថ្ងៃ ភ្ញៀវ​នឹង​រីករាយ​ស្វែង​យល់​ពី​សហគមន៍​ភូមិ​បណ្ដែត​ទឹក​មេ​ជ្រៃ។ រីឯ​កញ្ចប់​សេវា​ពេញ​១​ថ្ងៃ រួម​មាន​ការ​ទៅ​ទស្សនា​វត្ត​បណ្ដែត​ទឹក កន្លែង​ផលិត​សូត្រ ផ្សារ​ពួក​ដែល​ល្បី​ថា​មាន​មាន់​អាំង​ឆ្ងាញ់ មុន​នឹង​បន្ត​ទៅ​ស្រស់​ស្រូប​អាហារ​ថ្ងៃ​ត្រង់​នៅ​ផ្ទះ​អ្នក​ភូមិ​។

លោក ជិន មានគង់ បាន​ឲ្យ​ដឹង​ថា៖ «ការ​ទស្សនា​ភូមិ​ធ្វើ​សូត្រ ដែល​មាន​វាល​ស្រែ​ស្រស់​ស្អាត និង​មាន​ប្រជាជន​រួស​រាយ​រាក់​ទាក់​រង់​ចាំ​ស្វាគមន៍​នោះ​ពិត​ជា​អស្ចារ្យ​ណាស់។ ការ​ជិះ​ទូក​កៃយ៉ាក់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រៃ​លិច​ទឹក ជា​សកម្មភាព​ដ៏​លន្លោង​លន្លោច​បែប​ធម្មជាតិ»។

ដំណើរ​កម្សាន្ត​ជិះ​ទូក​កៃយ៉ាក់​លេង​នៅ​ព្រៃ​កោងកាង​បឹង​ទន្លេសាប​ឯ​សៀមរាប

ដំណើរ​កម្សាន្ត​នេះ​ក៏​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​ឆ្លៀត​ឱកាស​គយ​គន់​បក្សា​បក្សី​ដូច​ជា ក្រសា កុក និង​ត្រយ៉ង នា​ពេល​ចែវ​ទូក​កៃយ៉ាក់​ឆ្លង​ព្រៃ​កោង​កាង។ ម្ចាស់​ក្រុមហ៊ុន Unique Kayak Cambodia ដែល​ធ្លាប់​បាន​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​អស់​ជាង​១០​ឆ្នាំ បាន​ផ្ដោត​សំខាន់​លើ​កត្តា​សុខភាព សុវត្ថិភាព និង​វិជ្ជាជីវ​និយម​ក្នុង​ការ​រៀបចំ​ដំណើរ​កម្សាន្ត​នេះ​ផង​ដែរ។

លោក​បាន​ពន្យល់​ថា៖ «អ្វីៗ​គឺ​សំខាន់​ទៅ​លើ​សុវត្ថិភាព​ជា​ចម្បង»។ លោក​អះអាង​ថា ក្រុម​ទេសចរ​របស់​លោក​មាន​អាវ​ពោង​សុវត្ថិភាព ឧបករណ៍​សង្គ្រោះ​បឋម ក្រុម​សង្គ្រោះ​បន្ទាន់ និង​ឧទ្ធម្ភាគ​ចក្រ​ក្នុង​ករណី​មាន​ហេតុ​ការណ៍​ចៃដន្យ​ណា​មួយ​កើត​ឡើង​ផង​ដែរ។ ម៉្យាង​វិញ​ទៀត ក្រុមហ៊ុន​របស់​លោក​ក៏ បាន​ជ្រើស​រើស​បុគ្គលិក​ពី​សហគមន៍​មក​បម្រើ​ការ​ដែល​ពួកគេ​ភាគ​ច្រើន​ជា​អ្នក​មក​ពី​ភូមិ​មេជ្រៃ​ផ្ទាល់​តែ​ម្ដង។

ដំណើរ​កម្សាន្ត​ជិះ​ទូក​កៃយ៉ាក់​លេង​នៅ​ព្រៃ​កោងកាង​បឹង​ទន្លេសាប​ឯ​សៀមរាប

លោក​បាន​ពន្យល់​ទៀត​ថា៖ «យើង​បាន​ជួល​ទូក​អ្នក​ភូមិ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​ពួកគេ។ ជា​ទូទៅ ដំណើរ​កម្សាន្ត​ជិះ​ទូក​កៃយ៉ាក់​នេះ​តែង​មាន​ក្រុម​សង្គ្រោះ​យ៉ាង​ហោច​២​នាក់​រង់​ចាំ​ជួយ​ភ្ញៀវ​ជាប់​ជានិច្ច»។ ក្រៅ​ពី​ស្វែង​រក​ប្រាក់​ចំណូល ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍​រូប​នេះ​ក៏​បាន​គិត​គូរ​ជួយ​សហគមន៍​តាម​រយៈ​ការ​ឧបត្ថម្ភ​ថវិកា និង​ស្វែង​រក​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ឲ្យ​ប្រជាជន​រស់​នៅ​សហគមន៍​។ នេះ​ហើយ​គឺ​ជា «វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ទំនួស​ខុស​ត្រូវ» របស់​លោក។

កញ្ចប់​សេវា​ជិះ​ទូក កៃយ៉ាក់​នៅ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​នេះ ដំណើរ​ការ​គ្រប់​រដូវ​កាល​ពេញ​មួយ​ឆ្នាំ​តែ​ម្ដង ដោយ​មួយ​លើកៗ​តម្រូវ​ឲ្យ​មាន​ភ្ញៀវ​ច្រើន​បំផុត​១៥​នាក់។ កុមារ​ក៏​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​រួម​ដំណើរ​ផង​ដែរ។ តម្លៃ​កញ្ចប់​សេវា​គឺ​ពី​៤០ ទៅ​១១០​ដុល្លារ​អាស្រ័យ​លើ​ចំនួន​ភ្ញៀវ និង​ប្រភេទ​កញ្ចប់​សេវា៕

(ប្រភពព័ត៌មាន: postkhmer.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស