យុគសម័យ - វៀតណាម និងកម្ពុជា បង្កើនការសម្របសម្រួលលើវិស័យជាច្រើន ចាប់ពីសន្តិសុខរហូតដល់សេដ្ឋកិច្ច ដើម្បីពង្រឹងជំនឿទុកចិត្តនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព។
| វៀតណាម និងកម្ពុជា ពង្រឹងទំនុកចិត្តលើទស្សនវិស័យនៃទំនាក់ទំនងទ្វេភាគី វៀតណាម និងកម្ពុជា មានទំនុកចិត្តថា នឹងសម្រេចបាននូវសមិទ្ធផលដ៏ទូលំទូលាយមួយ ក្នុងទំនាក់ទំនងទ្វេភាគី |
យោងតាមព័ត៌មានពីក្រសួងការបរទេស បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការយ៉ាងសមរម្យនៅរាជធានីភ្នំពេញ (កម្ពុជា) នាថ្ងៃទី១០ ខែមេសា លោក Tran Cam Tu លេខាធិការប្រចាំការនៃគណៈកម្មាធិការមជ្ឈិមបក្ស និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស CPP បានអញ្ជើញធ្វើកិច្ចពិភាក្សាការងារ។
ក្នុងជំនួបនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងពីរដែលធ្លាប់បានឆ្លងកាត់ការលំបាកសព្វបែបយ៉ាង រួមសុខរួមទុក្ខជាមួយគ្នា និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យ និងរំដោះជាតិ។ ទំនាក់ទំនងដ៏ស្អិតរមួតនេះ ត្រូវបានថ្នាក់ដឹកនាំជំនាន់មុនៗពូនជ្រំ រហូតមកដល់ថ្នាក់ដឹកនាំជំនាន់បច្ចុប្បន្ន និងបន្តទៅអនាគត។
ភាគីទាំងពីរបានសម្តែងនូវភាពរីករាយដោយឃើញថា កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក មានការរីកចម្រើនយ៉ាងខ្លាំងក្លា ឈានចូលដល់ជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងលើគ្រប់វិស័យដូចជា នយោបាយ សន្តិសុខ-ការពារជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្ម អប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូររវាងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងមូលដ្ឋាន។
ភាគីទាំងពីរបានឯកភាពរក្សាឱ្យបានជាប្រចាំនូវបណ្តាជំនួបជាន់ខ្ពស់ និងការផ្លាស់ប្តូរគ្រប់កម្រិត។ ទន្ទឹមនឹងនោះ បង្កើនការចែករំលែកព័ត៌មាន ផ្លាស់ប្តូរសភាពការណ៍ ពិគ្រោះយោបល់ឱ្យបានទាន់ពេលវេលាអំពីបញ្ហានានាដែលកើតឡើង និងបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា តាមរយៈនោះបន្តពង្រឹងជំនឿទុកចិត្តនយោបាយ និងការយល់ដឹងពីគ្នាទៅវិញទៅមកឱ្យកាន់តែរឹងមាំ។
ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី; ដោយបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ និងអនុវត្តឱ្យបានល្អនូវរាល់កិច្ចព្រមព្រៀងដែលសម្រេចបាន។
ភាគីទាំងពីរមានភាពប្តេជ្ញាចិត្តខ្ពស់មិនអនុញ្ញាតឱ្យកម្លាំងអរិភាពណាមួយ ឆ្លៀតឱកាសប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងប្រទេសម្ខាងទៀតឡើយ។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងបង្ក្រាបបទល្មើស ក្នុងនោះមានបទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យាខ្ពស់ ដើម្បីរួមចំណែករក្សាសន្តិសុខ និងស្ថិរភាព បម្រើឱ្យការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងក្នុងតំបន់ទាំងមូល។
ក្រៅពីនេះ ចាំបាច់ត្រូវបង្កើនកិច្ចសម្របសម្រួលឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការងារឃោសនាអប់រំអំពីប្រពៃណីនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ ត្រូវម្ចាស់ការក្នុងការតស៊ូ បដិសេធរាល់រាល់ល្បិចកលបំភ្លៃការពិត បំភ្លៃប្រវត្តិសាស្ត្រ និងការញុះញង់ឱ្យមានស្មារតីជាតិនិយមជ្រុល ដែលបង្កការបែកបាក់សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។
![]() |
| បណ្តាតំណាងចូលរួមក្នុងជំនួប |
អំពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ។ ក្នុងនោះរួមមានការបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស និងប្រជាជនក្នុងការសហការសេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសគឺការតភ្ជាប់ចរាចរណ៍ ឡូជីស្ទីក (Logistics) ច្រកទ្វារព្រំដែន ពាណិជ្ជកម្មព្រំដែន បង្កលក្ខណៈងាយស្រួលសម្រាប់ចរាចរណ៍ទំនិញ សេវាកម្ម និងការវិនិយោគរវាងខឿនសេដ្ឋកិច្ចទាំងពីរ។
បន្ថែមលើនេះ ចាំបាច់ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួលលើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ ថាមពល ទូរគមនាគមន៍ ការផ្លាស់ប្តូរឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស និងបណ្តាវិស័យកិច្ចសហប្រតិបត្តិការថ្មីៗដែលមានសក្តានុពល។
ភាគីទាំងពីរបានឯកភាពសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីឆាប់ដោះស្រាយបណ្តាផ្នែកព្រំដែនដែលមិនទាន់សម្រេចបាននូវការខណ្ឌសីមា និងបោះបង្គោលព្រំដែន តាមស្មារតីនៃជំនួបជាន់ខ្ពស់រវាងបក្សទាំងពីរ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ដើម្បីរួមគ្នាឆ្ពោះទៅរកការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកលេខាធិការប្រចាំការនៃគណៈកម្មាធិការមជ្ឈិមបក្ស បានស្នើឱ្យកម្ពុជាបន្តយកចិត្តទុកដាក់ដោះស្រាយឱ្យបានសមស្របនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងអ្នកដើមកំណើតវៀតណាម និងពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងស្មារតីមិត្តភាព គោរពច្បាប់ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក។
| ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាពហុភាគីនានា ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន (ASEAN) កិច្ចសហប្រតិបត្តិការមេគង្គ និងបណ្តាវេទិកាតំបន់ និងអន្តរជាតិ ដែលប្រទេសទាំងពីរជាសមាជិក។ ភាគីទាំងពីរក៏បានឯកភាពសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៧ ខាងមុខ។ ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការដំណាក់កាល ២០២៦ - ២០៣០ ដែលត្រូវបានចុះហត្ថលេខារវាងខេត្ត Gia Lai (វៀតណាម) និងខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ (កម្ពុជា)៕ |
នៅព្រឹកថ្ងៃទី ២១ សីហា នៅក្រុង Long Xuyen (ខេត្ត An Giang) សិក្ខាសាលអន្តរជាតិ “ចែករំលែកព័ត៌មាន និងកសាងផែនការសហប្រតិបត្តិការក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺឆ្លងដែលរីករាលដាលឆ្លងព្រំដែនក្នុងខេត្តជាប់ព្រំដែនវៀតណាម និងកម្ពុជា” ដែលរៀបចំឡើងដោយនាយកដ្ឋានបង្ការជំងឺ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម) សម្របសម្រួលជាមួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (ក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) នៅប្រទេសវៀតណាម។ |
ប្រធានរដ្ឋវៀតណាម លោក To Lam នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងកម្ពុជា |

មតិពីមិត្តអ្នកអាន