Trending now

បន្ទប់​ស្នាក់​នៅក្នុង​ខេត្តសៀមរាប​ត្រូវបាន​កក់​ជា​បន្តបន្ទាប់ ស្របពេល​ការឈប់​សម្រាក​ច្រើន​ថ្ងៃ​កាន់តែ​កៀក​

14:44 | 14/08/2020

គិត​មកទល់​ថ្ងៃទី​១២ ខែសីហា​នេះ មាន​ភ្ញៀវ​ក្នុងស្រុក​បានចាប់ផ្តើម​ក​ក់​បន្ទប់​ស្នាក់​នៅក្នុង​ខេត្តសៀមរាប​ជា​បន្តបន្ទាប់​ហើយ ស្រប​ពេលដែល​នៅសល់តែ​ប្រាំ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​កម្មវិធី​ឈប់សម្រាក​សៀមរាបនឹង​ចាប់ផ្តើម​។​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា នេះ​។​

ខេត្តសៀមរាបនៅពេលយប់

មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បានឱ្យ​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ដែល​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​នេះ រដ្ឋបាល​ខេត្តសៀមរាប សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បានរៀបចំ​កម្មវិធី​មួយ​ឈ្មោះថា​” សម្រាក​សៀមរាប​” ។​
​កម្មវិធី សម្រាក​សៀមរាប គឺមាន​តាមបែប​ប្រពៃណី សាសនា កីឡា និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត ដោយ​អនុវត្តតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​។ ក្នុងនោះ​មានកម្ម​វិធី​សាសនា ដែល​ជាការ​បួងសួង​សុំ​សេចក្តីសុខ , កម្មវិធី​តាំងពិព័រណ៍ បន្លែ​ផ្លែឈើ កសិផល នៃ​ផលិតផល​របស់​ក្រុង​-​ស្រុក​ទាំង​១២ , កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំងឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប , កម្មវិធី​ផ្សារ​ទឹក , កម្មវិធី​ជិះទូក​កម្សាន្ត , កម្មវិធី​កម្សាន្ត​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត , កម្មវិធី​ជិះ​កង់​កម្សាន្ត , កម្មវិធី​កីឡា​វាយ​កូន​ហ្គោល , កម្មវិធី​ដើរ​ព្រៃនៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ចង្ក្រាន​រយ , តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន និងផ្ទាំងទស្សនីយភាព​សិល្បៈ ព្រមទាំង​មានកម្ម​វិធី​កម្សាន្ត​ផ្សេងៗ​ជាច្រើន​ទៀត ។​

ប្រាសាទអង្គវត្តខេត្តសៀមរាប


​មន្ត្រី​រូបនេះ​បានឱ្យដឹង​ទៀតថា គិត​រហូតមកដល់រ​សៀ​ល​ថ្ងៃទី​១២ ខែសីហា​នេះ ចំនួន​ភ្ញៀវទេសចរ​ជាតិ​បានចាប់ផ្តើម​ធ្វើការ​កក់​បន្ទប់​ស្នាក់​នៅក្នុង​ខេត្តសៀមរាប​មាន​ជា​បន្តបន្ទាប់​ហើយ តែ​មិនទាន់​ច្រើន​នៅឡើយ​ទេ ដោយសារតែ​តាម​ទម្លាប់​ភ្ញៀវទេសចរ​ជាតិ​ភាគច្រើនមិនសូវ​កក់​បន្ទប់​ស្នាក់​មុន​ទេ ច្រើនតែ​មកដល់​ភ្លាម​ចូល​ស្នាក់នៅ​ភ្លាម​។​ជាមួយនេះ​សង្កេតឃើញថា មាន​សណ្ឋាគារ​និង​ផ្ទះសំណាក់​មួយចំនួន​នៅ​ខេត្តសៀមរាប​ក៏បាន​បញ្ចុះតម្លៃ​ស្នាក់នៅ​។ ដូច្នេះ​រំពឹងថា នៅក្នុង​ឱកាស​នេះ នឹងធ្វើ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប​ល្អប្រសើរ​ជាង​បច្ចុប្បន្ន ដោយ​ប្រតិបត្តិ​ករ​ទេសចរណ៍ នឹង​ទទួលបាន​ចំណូល​ខ្លះ​សម្រាប់​ធ្វើឱ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​បន្ត​ដំណើរការ​ទៅមុខទៀត​បាន ហើយ​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប ក៏​អាច​ទទួលបាន​ប្រយោជន៍​ទាំង​ដោយផ្ទាល់​និង​ប្រយោល​៕​

(ប្រភពព័ត៌មាន: rasmeinews.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម