គិតចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២២ ទេសចរអន្តជាតិប្រមាណ ១៣ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ដោយកើនឡើងរហូតដល់ជាង ២ពាន់ភាគរយ។ គ្រឹះស្ថានអង្គរអាចរកចំណូលរហូតដល់ជាង ៥លានដុល្លារអាម៉េរិកពីចំនួនទេសចរអន្តរជាតិនេះ។
![]() |
![]() |
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ក្នុងខែកញ្ញា គ្រឹះស្ថានអង្គរអាចរកចំណូលបាន ៩១៧ ៦០៩ដុល្លារអាម៉េរិក ក្នុងនោះចំណូលពីការលក់សំបុត្រទូកកំពង់ផែចុងឃ្នៀស ១៦ ៨៩៣ដុល្លារ និងសំបុត្រចូលទស្សនាប្រាសាទកោះកែរចំនួន ៥ ៤៤៥ដុល្លារ។
![]() |
ជាមួយគ្នានេះ ទេសចរអន្តរជាតិ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ចំនួន ១៣៤ ១៥២នាក់ រយៈពេល៩ខែនៃឆ្នាំ២០២២។ ចំនួនភ្ញៀវទេសចរអន្តរជាតិនេះបានធ្វើឱ្យរមណីយដ្ឋានអង្គរទទួលបានចំណូលរហូតដល់ ៥ ៣៦១ ៩២៩ដុល្លារអាម៉េរិក។
ចំណូលជាង ៥លានដុល្លារដែលគ្រឹះស្ថានអង្គរទទួលបានរយៈពេល ៩ខែនេះ ត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ២៦៨ ៣០៤ដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
សូមជម្រាបថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ, ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ប៉ុន្តែក្នុងបរិបទកូវីដ-១៩ គ្រឹះស្ថានអង្គរបានសម្រេចឱ្យភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ១ថ្ងៃ អាចចូលទស្សនាបាន ២ថ្ងៃ។ ទិញសំបុត្រ៣ថ្ងៃ អាចចូលទស្សនាបាន ៥ថ្ងៃ។ ទិញសំបុត្រសម្រាប់៧ថ្ងៃ នឹងអាចចូលទស្សនាបានរហូត១០ថ្ងៃ៕
thmeythmey25.com
មតិពីមិត្តអ្នកអាន